ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី “កម្ចីឌីជីថល” ដើម្បីផ្តល់កម្ចីរហ័ស

ធនាគារ វីង បានប្រកាសដាក់ឱ្យដំណើរការយុទ្ធនាការ “កម្ចីឌីជីថល” របស់ខ្លួនជាផ្លូវការនៅថ្ងៃនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេក្នុងនាមជាធនាគារឈានមុខចំពោះនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការរស់នៅរបស់អតិថិជន។

ចេញផ្សាយនៅ: Sep 17, 2025

ធនាគារ វីង បានប្រកាសដាក់ឱ្យដំណើរការយុទ្ធនាការ “កម្ចីឌីជីថល” របស់ខ្លួនជាផ្លូវការនៅថ្ងៃនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេក្នុងនាមជាធនាគារឈានមុខចំពោះនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការរស់នៅរបស់អតិថិជន។ យុទ្ធនាការថ្មីនេះត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានពិសេសមួយស្តីពី៖ “កម្ចីឌីជីថល៖ ខ្ចីភ្លាម បានភា្លម អត់ដ្រាម៉ា”។

យុទ្ធនាការថ្មីនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀតរបស់ធនាគារ វីង ដែលធ្វើឱ្យការខ្ចីប្រាក់កាន់តែងាយស្រួល លឿនរហ័ស ហើយអាចប្រើប្រាស់បានគ្រប់គ្នា។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Tallal Uh Rehman នាយកគ្រប់គ្រងធនាគារឌីជីថល នៃធនាគារ វីង បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃផលិតផលនេះ គឺដើម្បីប្រាកដថាដំណោះស្រាយហិរញ្ញវត្ថុគឺស្ថិតនៅក្នុងដៃអតិថិជន ពោលគឺពួកគាត់អាចស្នើកម្ចីបានភា្លមៗ ហើយអត់ស្មុគស្មាញ។ លោក Tallal Uh Rehman បានលើកឡើងថា៖ “គោលបំណងរបស់យើង គឺចង់ឱ្យការខ្ចីប្រាក់មានភាពងាយស្រួល និងរហ័សសម្រាប់អតិថិជនគ្រប់ៗគ្នា។ យើងជឿថា ការខ្ចីលុយមិនគួរជារឿងពិបាកទេ វាគួរតែជាមធ្យោបាយជួយសម្រេចក្តីស្រមៃរបស់ពួកគាត់បានយ៉ាងមានប្រសិទ្ធភាព”។

ធនាគារ វីង បានផ្លាស់ប្តូរបទពិសោធន៍នៃការខ្ចីប្រាក់ ដោយកាត់បន្ថយដំណាក់កាលដាក់សំណើកម្ចីពី ១០ ដំណាក់កាល មកត្រឹមតែមួយជំហានប៉ុណ្ណោះ ហើយអតិថិជនអាចចូលទៅស្នើដោយគ្រាន់តែប្រើម្រាមដៃចុចតែមួយប៉ាច់ប៉ុណ្ណោះនៅលើអេប Wing Bank។ បន្ទាប់មកកម្ចីនឹងត្រូវបានអនុម័តមួយរំពេច ហើយទឹកប្រាក់នឹងលោតចូលទៅក្នុងគណនីវីងរបស់អតិថិជនភ្លាមៗតែម្តង ដោយមិនចាំបាច់បំពេញឯកសារ រង់ចាំយូរ ឬជជែកពិភាក្សាផ្សេងៗទៀតឡើយ។

ការដាក់ឱ្យដំណើរការនូវឌីជីថលឡូនអ៊ែតវ៉េនឆី(Digital Loan Adventure) នាពេលនេះ ផ្តល់ជូននូវបទពិសោធន៍ថ្មីមួយ ដើម្បីជួយឱ្យអតិថិជនទទួលបានលក្ខណៈសម្បត្តិពេញលេញ​ក្នុងការស្នើកម្ចី ដោយអតិថិជនធនាគារ វីង ទាំងអស់គ្រាន់តែធ្វើប្រតិបត្តិការទូទាត់ឱ្យបានញឹកញាប់ បញ្ចូលកាតទូរសព្ទ ទូទាត់វិក្កយបត្រទឹក-ភ្លើង ដែលការប្រើប្រាស់ជាប្រចាំបែបនេះនឹងជួយបង្កើនលទ្ធភាពស្នើកម្ចីឌីជីថល បានកាន់តែច្រើន។ រាល់ប្រតិបត្តិការនីមួយៗបានក្លាយជាជំហានមួយ ឆ្ពោះទៅរកការទទួលបានសេវាហិរញ្ញវត្ថុ ដែលធ្វើឱ្យបរិយាបន្នហិរញ្ញវត្ថុក្លាយជាការពិតសម្រាប់មនុស្សកាន់តែច្រើនជាងមុន។

កម្ចីឌីជីថល ផ្តល់ជូនអតិថិជនអាចស្នើកម្ចីបានរហូតដល់ ៥០.០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ទាបបំផុតគឺចាប់ពី ១% ក្នុងមួយខែឡើងទៅ ហើយផ្តល់នូវលក្ខខណ្ឌសងត្រលប់បត់បែនរហូតដល់ ៣ ឆ្នាំ។ លក្ខណៈពិសេសទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីធានានូវភាពងាយស្រួលផ្នែកហិរញ្ញវត្ថុ ឬកាត់បន្ថយភាពស្មុគស្មាញដែលមិនចាំបាច់។

ដំណោះស្រាយប្រកបដោយច្នៃប្រឌិតនេះមិនត្រូវបានគេមើលរំលងឡើយ។ កម្ចីឌីជីថល របស់ធនាគារ វីង បានទទួលពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ រួចមកហើយនាពេលកន្លងមក ហើយថ្មីៗនេះ ក៏ទទួលបានពានរង្វាន់នវានុវត្តន៍នាំមុខគេនៅកម្ពុជា ពីទស្សនាវដ្តីល្បីល្បាញនៅចក្រភពអង់គ្លេស Global Banking & Finance Review ប្រចាំឆ្នាំ២០២៥ ដែលសមិទ្ធផលទាំងនេះ បានផ្តល់កិត្តិយសដល់ធនាគារ វីង ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងការធ្វើទំនើបកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ហើយត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។

រយៈពេលប្រាំបីខែដំបូងក្នុងឆ្នាំ ២០២៥ ធនាគារ វីង បានផ្តល់ដំណោះស្រាយហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជាតាមរយៈការអនុម័តកម្ចីជាង ២៣០.០០០ នាក់ ជាមួយកម្ចីឌីជីថល ដែលជួយឱ្យពួកគាត់អាចដោះស្រាយតម្រូវការហិរញ្ញវត្ថុបានភ្លាមៗ សម្រេចក្តីស្រមៃបានឆាប់រហ័ស ហើយប្រកបដោយទំនុកចិត្តទៀតផង។ អតិថិជនបានស្គាល់ កម្ចីឌីជីថល របស់ធនាគារ វីង កាន់តែច្រើនឡើង ព្រោះសេវាកម្មកម្ចីដ៏ទំនើបនេះផ្តល់នូវលទ្ធភាពក្នុងការសម្រេចក្តីស្រមៃ មិនថាជាការទិញផ្ទះដំបូង រៀបចំពិធីមង្គលការ ឬសូម្បីតែបំពេញតម្រូវការតិចតួចចដើម្បីភាពរីករាយនឹងជីវិតប្រចាំថ្ងៃក៏ដោយ។

សេវាកម្ម កម្ចីឌីជីថល មាននៅអេប Wing Bank ដែលផ្តល់ការអនុម័តភ្លាមៗ អត្រាការប្រាក់សមរម្យ ហើយមិនទាមទារឯកសារស្មុគស្មាញឡើយ ដែលត្រូវបានរចនាឡើងសម្រាប់របៀបរស់នៅបែបទំនើប។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingbank.com.kh ឬទាញយកកម្មវិធីពី App Store ឬ Google Play៕

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និងបុគ្គលិក រួមគ្នាផ្តល់ក្តីសង្ឃឹម និងការព្យាបាលដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ

ថវិកាបរិច្ចាគសរុបចំនួន ២៤.៣៣១.៦៣១រៀល ពីធនាគារ វីង និងបុគ្គលិក នឹងជួយគាំទ្រដល់សេវាថែទាំ និងសង្គ្រោះជីវិតកុមារនៅទូទាំងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Jun 12, 2026

អានរហ័ស

ធនាគារ វីង ចូលរួមជាមួយក្រសួងសង្គមកិច្ច ដើម្បីអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ

ការប្រារព្ធទិវាក្នុងឆ្នាំនេះ បានផ្តោតលើសារៈសំខាន់នៃការកសាងសេដ្ឋកិច្ចគ្រួសារឱ្យរឹងមាំ ដើម្បីគាំទ្រដល់វិបុលភាព និងសុខសន្តិភាពជាតិ។

ចេញផ្សាយនៅ: May 27, 2026

អានរហ័ស

ធនាគារ វីង ពង្រីកសមត្ថភាពទូទាត់ប្រាក់អឺរ៉ូ ភ្ជាប់កម្ពុជាទៅកាន់អឺរ៉ុប

ការបង្កើនសមត្ថភាពទូទាត់រូបិយប័ណ្ណអឺរ៉ូ និងការពង្រឹងការទំនាក់ទំនងហិរញ្ញវត្ថុជាមួយតំបន់អឺរ៉ុប គឺធ្វើឡើងដើម្បីគាំទ្រដល់កំណើនពាណិជ្ជកម្ម វិនិយោគ និងលំហូរប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនបានកាន់តែរលូន

ចេញផ្សាយនៅ: May 25, 2026