ធនាគារ វីង ឈ្នះពានរង្វាន់លំដាប់អន្តរជាតិ២លើភាពច្នៃប្រឌិតកម្ចីឌីជីថល និងគណនីសន្សំដើម្បីគោលដៅ

ធនាគារ វីង ត្រូវបានទទួលស្គាល់ដោយទស្សនាវដ្តី Global Brand សម្រាប់ឧត្តមានុវត្តន៍លើការផ្តល់ដំណោះស្រាយឌីជីថល សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: May 23, 2025

ធនាគារ វីង ត្រូវបានទទួលស្គាល់ដោយទស្សនាវដ្តី Global Brand សម្រាប់ឧត្តមានុវត្តន៍លើការផ្តល់ដំណោះស្រាយឌីជីថល សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន២ពីទស្សនាវដ្តី Global Brand សម្រាប់ការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិតរួមមាន វីងឌីជីថលឡូន និងគណនីសន្សំដើម្បីគោលដៅ។ ពានរង្វាន់ទាំងនេះបានឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ធនាគារ វីង ដែលតែងតែ​ផ្តល់នូវសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។

 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “វត្តមាននៃនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវតែដោះស្រាយនូវបញ្ហាដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់។ ផលិតផលរបស់យើងបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជនទាំងអស់នូវភាពងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ  ដោយប្រាកដថាពួកគាត់ទទួលបាននូវមធ្យោបាយដែលអាចដោះស្រាយតម្រូវការបន្ទាន់ សម្រេចគោលដៅហិរញ្ញវត្ថុ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ យើងខ្ញុំពិតជាមានកិត្តិយសដែលការខិតខំប្រឹងប្រែងកន្លងមកត្រូវបានទទួលស្គាល់ជាសកល។”

 

ស្របពេលដែលប្រទេសកម្ពុជាកំពុងសម្របខ្លួនឆ្ពោះទៅអនាគតដែលគ្រប់ទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច ត្រូវបានជំរុញដោយប្រព័ន្ធឌីជីថល ធនាគារ វីង នៅតែរក្សាការប្តេជ្ញាចិត្តសំដៅរួមចំណែកសម្រេចចក្ខុវិស័យនេះដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។

 

ជាមួយ វីងឌីជីថលឡូន អតិថិជនអាចស្នើកម្ចីភ្លាមៗ ដែលសក្តិសមបំផុតក្នុងគ្រាមានតម្រូវការបន្ទាន់ ឬកាលទេសផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ មិនថាការចំណាយថ្លៃព្យាបាល បង់ថ្លៃសាលា ឬពង្រីកអាជីវកម្មក្តី ពោលគឺដំណើរការអនុម័តកម្ចីនេះមានភាពលឿនរហ័ស និងមិនត្រូវការឯកសារស្មុគស្មាញឡើយ។ អតិថិជនអាចស្នើកម្ចីនេះដោយផ្ទាល់តាមអេប Wing Bank ហើយទំហំកម្ចីទទួលបានគឺអាស្រ័យលើភាពញឹកញាប់នៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជននៅលើអេប Wing Bank។​ វីងឌីជីថលឡូន ធ្វើឱ្យការផ្តល់កម្ចីកាន់តែទំនើបដែលអ្នកប្រើប្រាស់អេប Wing Bank ទាំងអស់អាចស្នើកម្ចីបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

 

គិតត្រឹមដំណាច់ឆ្នាំ ២០២៤ វីងឌីជីថលឌីជីថលឡូនបានអនុម័តកម្ចីជាង ៣.២លានសំណើ ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុទៅដល់អតិថិជនទាំងអស់ ក៏ដូចជាអាជីវកម្មខ្នាតតូចជាច្រើនក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុចាំបាច់ប្រចាំថ្ងៃ។

 

ជាមួយគ្នានេះ សម្រាប់អតិថិជនដែលផ្តោតលើការសន្សំ គណនីសន្សំដើម្បីគោលដៅ នឹងជួយឱ្យអតិថិជនអាចបង្កើនប្រាក់សន្សំនោះយ៉ាងមានប្រសិទ្ធភាព មិនថាការសន្សំជាលក្ខណៈបុគ្គល ឬសន្សំជាមួយដៃគូនោះឡើយ។ អតិថិជនគ្រាន់​តែតម្កល់ទឹកប្រាក់ក្នុងគណនីសន្សំដើម្បីគោលដៅត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ ហើយបន្ទាប់មកអាចដាក់ប្រាក់សន្សំតាមចំណូលចិត្តជាក់ស្តែង ជាមួយអត្រាការប្រាក់ទទួលបានរហូតដល់ ៥% ក្នុងមួយឆ្នាំ។ ដើម្បីបើកគណនីនេះ អតិថិជនគ្រាន់តែចុចលើមុខងារ “គណនីថ្មី” នៅលើអេប​ Wing Bank រួចជ្រើសរើសយក “គណនីសន្សំដើម្បីគោលដៅ”។ ដំណោះស្រាយដ៏មានភាពច្នៃប្រឌិត​នេះ​បានផ្តល់អត្ថប្រយោជន៍យ៉ាង​ខ្លាំងទៅដល់សហគមន៍ ដោយ​ជំរុញឱ្យមានវប្បធម៌​សន្សំ​ដ៏ឆ្លាតវៃ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

 

សព្វថ្ងៃនេះមានអតិថិជនជាង ២៦,០០០ នាក់កំពុងប្រើប្រាស់គណនីសន្សំដើម្បីគោលដៅ ដែលនេះបង្ហាញពីការយល់ដឹងកាន់តែច្រើនឡើងពីអតិថិជនចំពោះដំណោះស្រាយដ៏មានភាពច្នៃប្រឌិតនេះ ដែលជួយឱ្យពួកគាត់អាចសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែង។

 

ដំណោះស្រាយដ៏មានភាពច្នៃប្រឌិតទាំងនេះឆ្លុះបញ្ចាំងពីបេសកកម្មនៃការប្រឹងប្រែងឥតងាករេរបស់ធនាគារ វីង ក្នុងការលើកកម្ពស់ ក៏ដូចជាសិទ្ធអំណាចនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននៅទូទាំងសហគមន៍ក្នុងប្រទេសកម្ពុជា។ ការទទួលស្គាល់ពីទស្សនាវដ្តី Global Brand បានគូសបញ្ជាក់ថា នៅពេលដែលបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ចំគោលដៅ នោះប្រាកដណាស់នឹងអាចលើកកម្ពស់ជីវភាពរស់នៅ ហើយសហគមន៍រីកចម្រើនកាន់តែប្រសើរ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

កម្មវិធី «សំឡេងស្ត្រីខ្មែរ 50 រូប» ឆ្នាំ 2026៖ កិច្ចសម្ភាសពិសេសជាមួយលោកស្រី នៅ សុខលី នាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង

ក្នុងនាមជានាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង លោកស្រី នៅ សុខលី បំពេញតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ ទីផ្សារហិរញ្ញវត្ថុ និងប្រតិបត្តិការរតនាគារទាំងមូល សម្រាប់ធនាគារឌីជីថលឈានមុខគេមួយនេះ។ ផ្អែកលើបទពិសោធជាងមួយទសវត្សរ៍ក្នុងវិស័យគ្រប់គ្រងរតនាគារ និងធនាគារសាជីវកម្ម លោកស្រីបានរួមចំណែកយ៉ាងសកម្មក្នុងការតម្រង់ទិស និងពង្រឹងគ្រឹះហិរញ្ញវត្ថុរបស់វិស័យធនាគារនៅកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ចេញផ្សាយនៅ: Aug 19, 2026

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់ឆ្នើមចំនួន៣ ក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ2026

នេះជាឆ្នាំទី2ហើយ ដែលធនាគារ វីង ទទួលបានការកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញការរីកចម្រើននៃវិស័យបរធនបាលកិច្ចនៅកម្ពុជា។

ចេញផ្សាយនៅ: Aug 10, 2026

អានរហ័ស

កម្មវិធីសម្លេងស្រ្តីខ្មែរទាំង 50រូប ប្រចាំឆ្នាំ2026៖ កិច្ចសម្ភាសន៍ពិសេសជាមួយលោកស្រី ហេង ស្រីប៉ុច នាយិកាប្រតិបត្តិតាម នៃធនាគារ វីង

ជាថ្នាក់ដឹកនាំមួយរូបកាន់តួនាទីជានាយិកាប្រតិបត្តិតាម នៃធនាគារ វីង លោកស្រី ហេង ស្រីប៉ុច បានបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ច ការអនុលោមតាមបទប្បញ្ញត្តិ និងការគ្រប់គ្រងហានិភ័យនៅក្នុងធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា។ ជាមួយនឹងបទពិសោធជាង 16 ឆ្នាំ លោកស្រីបានដឹកនាំស្ថាប័ននានាឱ្យឆ្លងកាត់ការកែទម្រង់ ការផ្លាស់ប្តូរបទដ្ឋានគតិយុត្ត និងបន្តសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់។

ចេញផ្សាយនៅ: Jul 31, 2026