វគ្គ២៖ យុវជនកម្ពុជានិយមប្រើប្រាស់ កាបូបលុយឌីជីថល ហើយងាកទៅរកការរស់នៅដោយមិនប្រើក្រដាសប្រាក់

សិស្សនិស្សិត និងម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនក្នុងរាជធានីភ្នំពេញ កំពុងផ្លាស់ប្តូរទម្លាប់យ៉ាងឆាប់រហ័សមកប្រើប្រាស់កាបូបលុយឌីជីថល ខណៈដែលប្រព័ន្ធបាគងរបស់ ធនាគារជាតិ នៃកម្ពុជា កំពុងជំរុញបរិយាបន្នហិរញ្ញវត្ថុ និងភាពងាយស្រួល ដែលផ្តល់នូវការរស់នៅបែបទំនើបដោយមិនប្រើប្រាស់ក្រដាសប្រាក់។

ចេញផ្សាយនៅ: Nov 01, 2025

ការចាប់យកបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជាមិនមែនគ្រាន់តែជាទំនោរថ្មីនោះទេ ប៉ុន្តែវាគឺជាចរន្តដ៏ខ្លាំងក្លាមួយនៅក្នុងវិស័យហិរញ្ញវត្ថុដែលស្របតាមការវិវឌ្ឍសកល។ ចំណុចស្នូលនៃការផ្លាស់ប្តូរនេះគឺ ប្រព័ន្ធបាគងដែលជាកាបូបលុយឌីជីថល គាំទ្រដោយធនាគារជាតិ នៃកម្ពុជា

 

យោងតាមលោក សុខ ចាន់ ប្រធានផ្នែកបរិយាបន្នហិរញ្ញវត្ថុនៃសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នសេវាទូទាត់ប្រាក់តាមប្រព័ន្ធបាគង បានធ្វើការតភ្ជាប់ជាផ្លូវការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៦៩ ស្ថាប័ននៅក្នុងប្រទេសកម្ពុជា ហើយកំពុងបម្រើសេវាកម្មជូនអ្នកប្រើប្រាស់ជាង ៣០ លានគណនី

 

លោកបានបន្ថែមថា ការប្រើប្រាស់តាម KHQR ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងផងដែរ ដោយបច្ចុប្បន្នមានគណនីអាជីវករចុះឈ្មោះប្រើប្រាស់ចំនួន ៤.៩ លានគណនី។ ទន្ទឹមនឹងនេះ គណនីកាបូបលុយអេឡិចត្រូនិក (e-wallet) បានកើនឡើងដល់ប្រមាណ ២២,.៩ លានគណនី ដែលទិន្នន័័យនេះបង្ហាញពីការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលកាន់តែទូលំទូលាយ។

 

យោងតាមធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៥ ប្រតិបត្តិការជាប្រាក់ដុល្លារបានកើនឡើង ១៣៣% ខណៈប្រតិបត្តិការជាប្រាក់រៀលបានកើនឡើងយ៉ាងគំហុកដល់ទៅ ៣៣៤% ដែលបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៃឥរិយាបថអ្នកប្រើប្រាស់។

 

ប្រភពទិន្នន័យពី ធនាគារជាតិ បានបន្ថែមថា កំណើននេះជំរុញដោយប្រជាជនវ័យក្មេង ហើយមានចំណង់ចំណូលចចិត្តប្រើប្រាស់បចេ្ចកវិទ្យា ខណៈដែលអ្នកប្រើប្រាស់ទូរសព្ទចល័តសកម្មមានចំនួន ២៥,.៣ លាន ស៊ីម ស្មើនឹង ១៤៣% នៃចំនួនប្រជាជន និងអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ១០,.៨ លាននាក់គិតត្រឹមដើមឆ្នាំ២០២៥ ដែលបង្ហាញថាការប្រើប្រាស់ឌីជីថលកំពុងក្លាយជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃ។ 

 

លើសពីកាបូបលុយធម្មតា 

 

ជាមួយនឹងចំនួនកាបូបលុយឌីជីថលកើនដល់ជាង ៣០ លានគណនី ដែលកំពុងចរាចរណ៍នាពេលបច្ចុប្បន្ន ដែលស្មើនឹង ១,.៧ ដង នៃចំនួនប្រជាជនសរុប និងមានអាជីវករជាង ៤,.៥ លាននាក់ ដែលទទួលការទូទាត់តាមរយៈ KHQR របស់បាគង បានធ្វើឱ្យការទូទាត់ដោយមិនប្រើសាច់ប្រាក់ផ្តល់នូវភាពងាយស្រួលសម្រា​ប់អ្នកប្រើប្រាស់
 

កញ្ញា ផាន សុភា វ័យ ១៩ ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ បានប្រើប្រាស់កាបូបលុយឌីជីថលជារៀងរាល់ថ្ងៃតាំងពី ២ ឆ្នាំមុន នៅពេលដែលកញ្ញាទទួលបានការងារដំបូង។ កញ្ញាប្រើវាដើម្បីទិញអាហារ បង់ថ្លៃធ្វើដំណើរ និងផ្ញើប្រាក់ជាដើម។ សុភា បានកត់សម្គាល់ថា បើធៀបនឹងសាច់ប្រាក់ កាបូបលុយឌីជីថលមានភាពងាយស្រួលជាង។ កញ្ញា សុភា បាននិយាយថា៖ យើងគ្រាន់តែមានទូរសព្ទ ស្កេន ហើយទូទាត់ជាការស្រេច ដោយមិនចាំបាច់យកកាបូបលុយតាមខ្លួនក៏បាន។”

 

ខណៈពេលដែលកាបូបលុយធម្មតាអាចប្រឈមនឹងហានិភ័យនៃការលួច កាបូបលុយអេឡិចត្រូនិកមានសុវត្ថិភាពជាង និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចយកលុយមកវិញបានប្រសិនបើពួកគេបាត់ទូរសព្ទ។ ដូចយុវជនដទៃទៀតដែរ សុភា ប្រើប្រាស់កាបូបលុយឌីជីថលយ៉ាងហោចណាស់ ៥ ដងក្នុងមួយថ្ងៃសម្រាប់ការទូទាត់។

 

ទោះជាយ៉ាងណា សុខភា ហាក់បានបង្ហាញពីក្ដីបារម្ភខ្លះដែរអំពីបញ្ហានៃការផ្ទេរប្រាក់ ដោយសារពេលខ្លះប្រតិបត្តិការមិនបានទៅដល់គណនីអ្នកទទួលភ្លាមៗនោះទេ។ 

 

ការទូទាត់សម្រាប់ការរស់នៅប្រចាំថ្ងៃ

 

លោក សុវ៉ាន់ ដេត វ័យ ២៤ ឆ្នាំ ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម បានចាប់ផ្តើមប្រើប្រាស់កាបូបលុយឌីជីថលតាំងពីឆ្នាំ ២០១៩ នៅពេលដែលមករស់នៅរាជធានីភ្នំពេញ។ លោកប្រើប្រាស់វាប្រហែល ៣ ដងក្នុងមួយថ្ងៃ ភាគច្រើនគឺដើម្បីទិញអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងកាហ្វេ។

 

សុវ៉ាន់ ដេត បានកត់សម្គាល់ថា៖ អ្នកណាក៏មានកាបូបលុយឌីជីថលដែរ ព្រោះវាងាយស្រួល ហើយមានសុវត្ថិភាព។” យុវជនរូបនេះ បានកត់សម្គាល់ចំនួនអ្នកប្រើប្រាស់ដែលកាន់តែច្រើនឡើងក្នុងចំណោមមិត្តភក្តិរបស់ខ្លួនផងដែរ

 

សុវ៉ាន់ ដេត ប្រើប្រាស់កាបូបលុយឌីជីថលនៅលើអេប ធនាគារ វីង ហើយពេញចិត្តចំពោះមុខងាររបស់វាក៏ ហើយថែមទាំងមានអារម្មណ៍សុវត្ថិភាពដែលមានវានៅលើទូរសព្ទ។

 

ទោះបីជាកាបូបលុយឌីជីថលផ្តល់នូវលទ្ធភាពទូទាត់ទូលំទូលាយក្តី លោកក៏ធ្លាប់ជួបបញ្ហារំខានបន្តិចបន្តួចដែរ ជាពិសេសនៅពេលដែលសេវាអ៊ីនធឺណិតខ្សោយ។ ការផ្ទេរប្រាក់តាមរយៈ KHQR របស់បាគង ពេលខ្លះអាចមានភាពយឺតយ៉ាវ ជាពិសេសសម្រាប់ប្រតិបត្តិការឆ្លងប្រព័ន្ធធនាគារជាដើម

 

សុវ៉ាន់ ដេត ក៏ជឿជាក់ដែរថា ការប្រើប្រាស់សាច់ប្រាក់នៅតែចាំបាច់ក្នុងករណីខ្លះ ជាពិសេសសម្រាប់ការទិញទំនិញដែលមានតម្លៃទាប។ ប៉ុន្តែលោកបានបន្ថែមថា ភាពចាំបាច់នេះគឺកំពុងតែថយចុះបន្តិចម្តងៗហើយ។ 

 

ជួយសម្រួលការធ្វើអាជីវកម្មកាន់តែងាយស្រួល

 

កញ្ញា ប្រាក់ សុភា វ័យ ២៥ ឆ្នាំ ជាអ្នកគ្រប់គ្រងហាង Cambodia Bagels នៅក្នុងអគារ Connexion ក៏បានលើកឡើងស្រដៀងគ្នានេះដែរ។ កញ្ញា សុភា បានចាត់ទុកកាបូបលុយឌីជីថលថាជាមធ្យោបាយដ៏ងាយស្រួល និងរហ័ស ដែលបានជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុនៃអាជីវកម្មរបស់កញ្ញា

 

កញ្ញា សុភា បានបញ្ជាក់ថា៖ វាពិតជាងាយស្រួល គ្រាន់តែស្កេន ហើយទទួលលុយ។ មិនចាំបាច់បារម្ភរឿងអាប់លុយ ដែលនាំឱ្យខាតពេលនោះទេ។

 

លើសពីភាពងាយស្រួល កាបូបលុយឌីជីថលជួយឱ្យកញ្ញាងាយស្រួលក្នុងការតាមដានចំណាយ និងរក្សាទុកកំណត់ត្រាជាដើម។ សុភា បាននិយាយថា៖ នៅក្នុងកាបូបលុយឌីជីថល ពេលយើងចំណាយ គឺមានកំណត់ត្រាប្រតិបត្តិការច្បាស់លាស់ ហើយជាពិសេស មិនចាំបាច់បារម្ភពីការបាត់បង់ព័ត៌មានណាមួយឡើយ។

 

កញ្ញា សុភា សង្កេតឃើញថា អតិថិជនវ័យក្មេងភាគច្រើន ចូលចិត្តការទូទាត់តាមឌីជីថល និងទទួលយកការរស់នៅបែបមិនប្រើសាច់ប្រាក់។ 

 

យុវជនកម្ពុជា ជាកម្លាំងចលករនៃការចាប់យកបរិវត្តកម្មសេវាធនាគារឌីជីថល

 

ទិដ្ឋភាពធនាគារឌីជីថលនៅកម្ពុជាកំពុងកែប្រែមុខមាត់ថ្មី ដោយសារការកើនឡើងនៃអ្នកប្រើប្រាស់វ័យក្មេងដែលងាកមកប្រើសេវាហិរញ្ញវត្ថុតាមទូរសព្ទ។ សព្វថ្ងៃនេះ ជាង ២០% នៃអ្នកប្រើប្រាស់អេប ធនាគារ វីង គឺជាយុវជនដែលមានអាយុក្រោម ២៥ ឆ្នាំ។ ចាប់ពីខែមករា ឆ្នាំ ២០២៤ ដល់ខែកញ្ញា ឆ្នាំ ២០២៥ ចំនួនអ្នកប្រើប្រាស់វ័យក្មេងបានកើនឡើងជាង ១៦០%។ ភាគច្រើននៃពួកគេប្រើប្រាស់អេប ធនាគារ វីង​ សម្រាប់ការផ្ទេរប្រាក់ ការបញ្ចូលកាតទូរសព្ទ និងការទូទាត់វិក្កយបត្រជាដើម

 

ចំនួនអ្នកប្រើប្រាស់ដែលកំពុងកើនឡើងនេះ ត្រូវបានគាំទ្រដោយដំណោះស្រាយជាង ១០០មុខងារ ដែលមាននៅលើអេប ធនាគារ វីង ខណៈដែលអាជីវកម្មជាង ២០០.០០០ ទីតាំង នៅទូទាំងប្រទេសកម្ពុជា រាប់ចាប់ពីហាងកាហ្វេ ភោជនីយដ្ឋាន រហូតដល់ម៉ាត និងអ្នកលក់តាមដងផ្លូវ កំពុងពឹងផ្អែកលើ អេប Wing Bank  ធានគារ វីង ដើម្បីសម្រួលការទូទាត់។ ជាមួយនឹងការតភ្ជាប់ប្រព័ន្ធបាគង អាជីវករទាំងអស់អាចទទួលការទូទាត់ពីគណនីធនាគារផ្សេងទៀតបានយ៉ាងរលូន និងមិនរអាក់រអួលឡើយ

 

ដើម្បីបំពេញតម្រូវការដែលចេះតែវិវឌ្ឍរបស់អ្នកប្រើប្រាស់ ថ្មីៗនេះធនាគារ វីង បានដាក់ឱ្យប្រើប្រាស់មុខងារ Miniapp ដែលត្រូវបានរចនាឡើងដើម្បីនាំយកសេវាកម្មនៃរបៀបរស់នៅប្រចាំថ្ងៃ នៅក្នុងអេបធនាគារតែមួយ។ ឥឡូវនេះ អ្នកប្រើប្រាស់អាចកក់សំបុត្រកុន សំបុត្រឡានក្រុង និងចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗ ដោយមិនចាំបាច់ចាកចេញពីអេប ឬទាញយកកម្មវិធីផ្សេងទៀតឡើយ។

 

លោក ហុង វណ្ណថេត នាយកគ្រប់គ្រងសេវាធនាគារជាសេវាកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “ជាមួយ Miniapps យើង​កំពុង​តែ​ធ្វើឱ្យ​អេប Wing Bank មិនត្រឹមតែ​អាច​បំពេញ​តម្រូវការ​ហិរញ្ញ​វត្ថុប៉ុណ្ណោះទេ ប៉ុន្តែ​ម​ទាំ​ង​អាច​បំ​ពេញ​តម្រូវ​ការ​ប្រចាំថ្ងៃបានថែមទៀត។ អតិថិជនរបស់យើងទាំងអស់អាចគ្រប់គ្រងហិរញ្ញវត្ថុរបស់​ខ្លួន​ ហើយប្រើប្រាស់សេវាកម្មនានា ដោយគ្រាន់តែចុចពីរបីប៉ាច់ប៉ុណ្ណោះ។  ពោលគឺលឿនរហ័ស សុវត្ថិភាព​ ហើយ​សាម​ញ្ញ ។” 

 

វិស័យធនាគារជំរុញបរិយាបន្នឌីជីថល 

 

លោក សុខ ចាន់ ប្រធានផ្នែកបរិយាបន្នហិរញ្ញវត្ថុនៃសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិ នៃកម្ពុជា ក្នុងការធ្វើទំនើបកម្ម បានជំរុញយ៉ាងខ្លាំងដល់ការប្រើប្រាស់កាបូបលុយឌីជីថល ជាពិសេសក្នុងចំណោមស្រទាប់យុវជន។

 

ភាពជាដៃគូរវាងធនាគារ និងក្រុមហ៊ុនបច្ចេកវិទ្យា កំពុងពន្លឿនកំណើននៃកាបូបលុយអេឡិចត្រូនិក ដែលធ្វើឱ្យការទូទាត់តាមឌីជីថលមានភាពងាយស្រួល រហ័ស និងចំណាយតិច។ ការផ្លាស់ប្តូរនេះមិនត្រឹមតែកែប្រែទម្លាប់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ។

 

លោក សុខ ចាន់ បានឱ្យដឹងទៀតថា៖ ធនាគារជាតិ នៃកម្ពុជា គ្រោងដាក់ឱ្យដំណើរការកម្មវិធីបាគងសម្រាប់យុវជន (Youth Bakong programme) ដែលផ្តោតលើអនីតិជនដែលមិនទាន់មានអត្តសញ្ញាណបណ្ណ។ ពួកគេនឹងអាចចុះឈ្មោះដោយប្រើប្រាស់កាតសិស្ស ដើម្បីទទួលបានសេវាកម្មទូទាត់តាមឌីជីថល។

 

ការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលដែលតភ្ជាប់គ្នាទៅវិញទៅមក រវាងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ បានធ្វើឱ្យប្រជាជនកម្ពុជា ជាពិសេសយុវជន កាន់តែងាយស្រួលក្នុងការទិញទំនិញ និងគ្រប់គ្រងការចំណាយរបស់ពួកគេ។ ការផ្លាស់ប្តូរនេះក៏កំពុងជួយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ។

 

ទោះជាយ៉ាងណា សមាគមធនាគារនៅកម្ពុជា បានក្រើនរំលឹកថា ការកើនឡើងនៃការទូទាត់តាមឌីជីថល ក៏នាំមកនូវហានិភ័យកើនឡើងផងដែរ ជាពិសេសការបោកប្រាស់តាមអនឡាញ និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតជាដើម

 

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ សមាគមកំពុងសហការជាមួយភាគីពាក់ព័ន្ធ រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល។ លោក សុខ​ ចាន់ បានបញ្ជាក់ថា តាមរយៈយុទ្ធនាការអប់រំហិរញ្ញវត្ថុដែលមានគោលដៅច្បាស់លាស់ទាំងនៅទីក្រុង និងជនបទ ដែលយុទ្ធនាការទាំងនោះ មានគោលបំណងជួយដល់អ្នកប្រើប្រាស់ទទួលបាននូវចំណេះដឹងដើម្បីការពារខ្លួននៅលើការប្រើប្រាស់ប្រព័ន្ធបណ្តាញអនឡាញ។

 

សមាគមធនាគារនៅកម្ពុជា បានជំរុញឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើប្រតិបត្តិការឌីជីថល។ លោក សុខ ចាន់ បានណែនាំថា៖ ដើម្បីចៀសវាងការត្រូវបានគេលួចគណនី អ្នកប្រើប្រាស់មិនត្រូវចែករំលែកលេខអត្តសញ្ញាណ ថ្ងៃខែឆ្នាំកំណើត លេខសម្ងាត់ ឬលេខកូដសម្ងាត់ផ្ទាល់ខ្លួន និងព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គមឡើយ។ ត្រូវឆ្លើយសំណួរសុវត្ថិភាពដែលសួរដោយគ្រឹះស្ថានហិរញ្ញវត្ថុជានិច្ច ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ។ 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារជាច្រើននៅកម្ពុជា បង្កើនការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីគាំទ្រដល់កំណើនចីរភាព

វិស័យធនាគារកំពុងបោះជំហានយ៉ាងលឿនក្នុងការបង្កើនការផ្តល់ ហិរញ្ញប្បទានបៃតង ក្នុងគោលបំណងទាក់ទាញការវិនិយោគថ្មីៗ ក៏ដូចជាលើកកម្ពស់ការអនុវត្តស្របតាមស្តង់ដាសកល សំដៅគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា។

ចេញផ្សាយនៅ: May 19, 2026

អានរហ័ស

ការពង្រឹងទំនុកចិត្តវិស័យធនាគារកាន់តែមានភាពចាំបាច់ខ្ពស់ ស្របពេលមានការបង្ក្រាបបទល្មើសឆបោក

ការបិទទ្វារធនាគារមួយចំនួនតូចកាលពីពេលថ្មីៗនេះ រួមជាមួយនឹងការចុះអនុវត្តច្បាប់លើបណ្តាញឆបោកតាមអនឡាញ ហាក់កំពុងសាកល្បងទំនុកចិត្តពី​សាធារណជនមកលើវិស័យធនាគារនៅកម្ពុជា ដែលចំណុចនេះបានរំលេចឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹងកិច្ចការពារអតិថិជន ការត្រួតពិនិត្យបទប្បញ្ញត្តិ ការការពារប្រាក់បញ្ញើ និងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទ។

ចេញផ្សាយនៅ: May 18, 2026

អានរហ័ស

វគ្គ១២៖ ការយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ច ជាគន្លឹះដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមាពីសេវាធនាគារ

គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាលើកឡើងថា អ្នកខ្ចីគួរតែយល់ដឹងពីកិច្ចសន្យាឥណទាន កម្រិតអត្រាការប្រាក់ និងប្រវត្តិឥណទានផ្ទាល់ខ្លួន ដើម្បីចៀសវាងវិវាទ និងបំណុលវ័ណ្ឌក។

ចេញផ្សាយនៅ: Jan 30, 2026