កម្មវិធី «សំឡេងស្ត្រីខ្មែរ 50 រូប» ឆ្នាំ 2026៖ កិច្ចសម្ភាសពិសេសជាមួយលោកស្រី នៅ សុខលី នាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង

ចេញផ្សាយនៅ: Aug 19, 2026

តាមរយៈការបំពេញការងាររវាងការរៀបចំយុទ្ធសាស្ត្រ ការគ្រប់គ្រងហានិភ័យ និងទីផ្សារហិរញ្ញវត្ថុ លោកស្រី នៅ សុខលី បានសង្កេតឃើញយ៉ាងច្បាស់នូវការវិវឌ្ឍកាន់តែទំនើបនៃវិស័យធនាគារនៅកម្ពុជា តាមរយៈនវានុវត្តន៍បច្ចេកវិទ្យាឌីជីថល និងសមាហរណកម្មក្នុងតំបន់។ ផ្អែកលើចក្ខុវិស័យនេះ លោកស្រីជឿជាក់យ៉ាងមុតមាំថា ភាពជាអ្នកដឹកនាំផ្នែករតនាគារដ៏រឹងមាំ គឺជាសសរស្តម្ភដ៏សំខាន់មិនអាចខ្វះបាន ដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងជំរុញកំណើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។ 

 

នៅក្នុងការបោះពុម្ពផ្សាយពិសេសសម្រាប់កម្មវិធី «សំឡេងស្ត្រីខ្មែរ 50 រូប ឆ្នាំ 2026» នេះ លោកស្រី នៅ សុខលី នឹងចែករំលែកនូវទស្សនៈជុំវិញតួនាទីរបស់ស្រ្តីដែលកំពុងចូលរួមយ៉ាងសកម្មនៅក្នុងវិស័យធនាគារកម្ពុជា សារៈសំខាន់នៃការគ្រប់គ្រងរតនាគារ​ ឬគ្រប់គ្រងសាច់ប្រាក់ និន្នាការថ្មីៗនៅក្នុងទីផ្សារហិរញ្ញវត្ថុ របៀបដឹកនាំក្នុងស្ថានភាពមិនប្រាកដប្រជា ព្រមទាំងចែករំលែកនូវសារលើកទឹកចិត្តដ៏មានតម្លៃសម្រាប់ស្ត្រីជំនាន់ក្រោយ ដែលចង់ចាប់យកអាជីពក្នុងវិស័យហិរញ្ញវត្ថុ។ 

 
ការចូលរួមរបស់ស្ត្រីក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា 

 

CLR៖ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាមានការវិវឌ្ឍយ៉ាងលឿន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយក្នុងនោះយើងសង្កេតឃើញមានស្ត្រីកាន់តែច្រើនឡើង ទទួលបានតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់។ ផ្អែកតាមទស្សនៈរបស់លោកស្រី តើតួនាទីរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំក្នុងវិស័យនេះ មានការប្រែប្រួលយ៉ាងដូចម្តេចខ្លះ ក្នុងអំឡុងពេលនេះ? 

 

លោកស្រី សុខលី៖ ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ វិស័យហិរញ្ញវត្ថុនៅកម្ពុជាបានបង្ហាញពីរបត់នៃការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះការរួមចំណែករបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ ពោលគឺបានវិវឌ្ឍពីតួនាទីគាំទ្រ មកជាតំណែងដែលអាចរៀបចំយុទ្ធសាស្ត្រ និងការសម្រេចចិត្តសំខាន់ៗ។ ការណ៍នេះកាន់តែស្តែងឱ្យឃើញច្បាស់នៅក្នុងផ្នែកគ្រប់គ្រងសាច់ប្រាក់ ការគ្រប់គ្រងហានិភ័យ និងសេវាធនាគារសម្រាប់សាជីវកម្ម ដែលសុទ្ធសឹងតែទាមទារនូវការគិតដោយផ្អែកលើរចនាសម្ព័ន្ធ និងមានចក្ខុវិស័យវែងឆ្ងាយ។ បច្ចុប្បន្ន មានការទទួលស្គាល់កាន់ច្រើនថា ភាពចម្រុះនៃគំនិតយោបល់ គឺជាអាចពង្រឹងស្ថាប័នហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ ជាពិសេសក្នុងការគ្រប់គ្រងភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជា។ ទោះបីជា វឌ្ឍនភាពនេះ កំពុងបង្ហាញលទ្ធផលជាវិជ្ជមានក្តី ការបន្តបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី នឹងនៅតែជាកត្តាគន្លឹះដើម្បីរក្សាកំណើន និងតុល្យភាពនៅក្នុងវិស័យនេះឱ្យធានាបាននូវចីរភាព 

 
សារៈសំខាន់នៃភាពជាអ្នកដឹកនាំផ្នែករតនាគារ 

 

CLR៖ ប្រតិបត្តិការរតនាគារ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសាច់ប្រាក់ គ្រប់គ្រងហានិភ័យ និងគាំទ្រដល់ស្ថិរភាពហិរញ្ញវត្ថុ។ តើភាពជាអ្នកដឹកនាំដ៏រឹងមាំផ្នែកគ្រប់គ្រងរតនាគារ មានសារៈសំខាន់កម្រិតណាដែរ នៅក្នុងបរិបទធនាគារកម្ពុជាដែលកំពុងមានសន្ទុះរស់រវើកនាពេលបច្ចុប្បន្ន? 

 

លោកស្រី សុខលី៖ ស្របពេលដែលកំពុងមានការវិឌ្ឍឥតឈប់ឈរ  តួនាទីផ្នែក រតនាគារ មិនគ្រាន់តែបំពេញប្រតិបត្តិការប្រចាំថ្ងៃប៉ុណ្ណោះ ដោយក្លាយទៅជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការកសាងទំនុកចិត្ត និងស្ថិរភាពនៅក្នុងប្រព័ន្ធធនាគារទាំងមូល។ កិច្ចការនេះទាមទារឱ្យមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ ការតាមដានការប្រែប្រួលទីផ្សារឱ្យបានដិតដល់ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះភាពរង្គោះរង្គើពីកត្តាខាងក្រៅ តាមរយៈការប្រើប្រាស់ជំនាញបច្ចេកទេស និងការអនុវត្តការងារប្រកបដោយវិន័យខ្ពស់។ 

 

មុខងារគ្រប់គ្រងសាច់ប្រាក់ដែលបានចាត់ចែងល្អ គឺអាចធានាថាធនាគារនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន គាំទ្រដល់កំណើនប្រកបដោយចីរភាព ព្រមទាំងអាចឆ្លងកាត់រាល់ដំណាក់កាលនៃភាពប្រែប្រួលនានាដោយភាពជឿជាក់ ដែលកត្តាទាំងអស់នេះហើយនឹងជួយពង្រឹងភាពធន់របស់ស្ថាប័នបានយ៉ាងរឹងមាំ។  

 
វិស័យហិរញ្ញវត្ថុកម្ពុជាកាន់តែមានភាពទំនើប  

 

CLR៖ វិស័យហិរញ្ញវត្ថុកម្ពុជាកាន់ទំនើបតាមរយៈធនាគារឌីជីថល កំណើននៃសេវាហិរញ្ញវត្ថុ និងសមាហរណកម្មក្នុងតំបន់ដែលកាន់តែទូលំទូលាយ។ ក្នុងន័យនេះ តើនិន្នាការអ្វីខ្លះដែលលោកស្រីជឿថានឹងចូលរួមគូសវាសអនាគតនៃការគ្រប់គ្រងសាច់ប្រាក់ និងទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា? 

 

លោកស្រី សុខលី៖ ប្រសិនបើយើងពិនិត្យមើលទិដ្ឋភាពហិរញ្ញវត្ថុនៅកម្ពុជានាពេលបច្ចុប្បន្ន ល្បឿននៃការផ្លាស់ប្តូរ កាន់តែបង្ហាញឱ្យឃើញច្បាស់ តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថល ការធ្វើពិពិធកម្មផលិតផល និងការពង្រឹងទំនាក់ទំនងកាន់តែស្អិតរមួតនៅក្នុងតំបន់។ 

 
របត់ទាំងនេះ កំពុងតែប្តូរទម្លាប់បន្តិចម្តងៗអំពីរបៀបដែលស្ថាប័នហិរញ្ញវត្ថុគ្រប់គ្រងលំហូរសាច់ប្រាក់ វិធីសាស្ត្រដោះស្រាយហានិភ័យ និងការប្រាស្រ័យទាក់ទងជាមួយទីផ្សារឱ្យកាន់តែទូលំទូលាយ។ សម្រាប់ផ្នែកគ្រប់គ្រងសាច់ប្រាក់  វាមានន័យថាជាការសម្របខ្លួនទៅនឹងបរិយាកាសមួយដែលពឹងផ្អែកលើទិន្នន័យច្បាស់លាស់ ដែលក្នុងនោះសមត្ថភាពឆ្លើយតបបានរហ័ស និងតម្លាភាពនៃព័ត៌មានកាន់តែមានសារៈសំខាន់។ បន្ថែមពីនេះ សមត្ថភាពក្នុងការមើលឃើញនិន្នាការទុកជាមុន ការចេះទាញយកសក្តានុពលពីបច្ចេកវិទ្យា និងការធ្វើប្រតិបត្តិការក្នុងទីផ្សារដែលប្រទាក់ក្រឡាគ្នា នឹងក្លាយជាកត្តាកំណត់ទិសដៅនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅក្នុងដំណាក់កាលបន្ទាប់។ សមត្ថភាពក្នុងការប៉ាន់ស្មាននិន្នាការទុកជាមុន ការចេះប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ និងប្រតិបត្តិការឆ្លងកាត់ទីផ្សារដែលតភ្ជាប់គ្នា នឹងក្លាយជាកត្តាកំណត់ជោគវាសនានៃការអភិវឌ្ឍក្នុងដំណាក់កាលបន្ទាប់របស់ធនាគារ។ 

 
តួនាទីមានទំនួលខុសត្រូវកាន់តែខ្ពស់ ទាមទារនូវការគិតកាន់តែស៊ីជម្រៅ  

 

CLR៖ ការគ្រប់គ្រងរតនាគារ ជាញឹកញាប់ទាមទារឱ្យមានការសម្រេចចិត្តប្រកបដោយភាពរហ័សរហួន និងការបត់បែនទៅតាមស្ថានភាពទីផ្សារដែលប្រែប្រួលឥតឈប់ឈរ។ ចំពោះលោកស្រីផ្ទាល់ តើលោកស្រីមានវិធីសាស្ត្របែបណា ក្នុងការអនុវត្តភាពជាអ្នកដឹកនាំ ភាពធន់ និងការគិតបែបយុទ្ធសាស្ត្រ ក្នុងតួនាទីដែលទាមទារការទទួលខុសត្រូវខ្ពស់បែបនេះ? 

 

លោកស្រី សុខលី៖ ក្នុងបរិបទបែបនេះ ខ្ញុំតែងតែផ្តល់អាទិភាពខ្ពស់បំផុតលើការរក្សាស្មារតីឱ្យបានច្បាស់លាស់ ការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើទិន្នន័យជាក់លាក់ និងការធានាថា រាល់ការសម្រេចចិត្តទាំងអស់គឺស្របទៅនឹងគោលដៅអាទិភាពរួមរបស់ស្ថាប័ន។ ចំពោះខ្ញុំ ភាពធន់គឺកើតចេញពីការត្រៀមលក្ខណៈទុកជាមុន និងភាពស្ថិតស្ថេរជាប់លាប់ ដែលចំណុចទាំងនេះរួមមាន រចនាសម្ព័ន្ធច្បាស់លាស់ ព័ត៌មានអាចទុកចិត្តបាន និងជាពិសេសគឺការមានក្រុមការងារដែលមានសមត្ថភាពខ្ពស់។ 


តាមរយៈការបណ្ដុះនូវវិន័យការងារ និងស្មារតីទទួលខុសត្រូវ យើងនឹងមានសមត្ថភាពអាចជម្នះរាល់សម្ពាធនានា បានយ៉ាងមានប្រសិទ្ធភាព ស្របពេលដែលយើងនៅតែអាចរក្សាបាននូវចក្ខុវិស័យវែងឆ្ងាយ។ ការបំពេញការងារផ្នែកគ្រប់គ្រង តម្រូវឱ្យយើងធ្វើការសម្រេចចិត្តឱ្យបានទាន់ពេលវេលាបំផុត ក្នុងស្ថានភាពអាចមានការប្រែប្រួល និងដែលអាចជះឥទ្ធិពលដល់ស្ថាប័ន។ 

 
សារចែករំលែកសម្រាប់ស្ត្រីដែលជាថ្នាក់ដឹកនាំនាពេលអនាគត ក្នុងវិស័យហិរញ្ញវត្ថុ ឬសាជីវកម្ម 

 

CLR៖ តើលោកស្រីមានសារចង់ចែករំលែកអ្វីខ្លះ សម្រាប់យុវតីកម្ពុជាដែលមានបំណងចង់កសាងអាជីពក្នុងវិស័យធនាគារ ការគ្រប់គ្រងរតនាគារ ទីផ្សារហិរញ្ញវត្ថុ ឬភាពជាអ្នកដឹកនាំក្នុងស្ថាប័នសាជីវកម្ម? 

 

លោកស្រី សុខលី៖ ការចាប់ផ្ដើមអាជីពក្នុងវិស័យហិរញ្ញវត្ថុ អាចនឹងមានអារម្មណ៍ថាស្មុគស្មាញបន្តិចនៅដំណាក់កាលដំបូងប៉ុន្តែការខិតខំកសាងមូលដ្ឋានគ្រឹះឱ្យបានរឹងមាំតាំងពីពីចំណុចចាប់ផ្តើម នឹងបង្កើតឱ្យមានផលវិជ្ជមានយ៉ាងធំធេងសម្រាប់អាជីពទៅថ្ងៃអនាគត។ 

 
ខ្ញុំសូមលើកទឹកចិត្តឱ្យយុវតីទាំងអស់ ផ្ដោតលើការអភិវឌ្ឍជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ការស្វែងយល់ឱ្យស៊ីជម្រៅពីរបៀបដែលប្រព័ន្ធហិរញ្ញវត្ថុដំណើរការ  និងរក្សាស្មារតីបើកចំហជានិច្ចក្នុងការរៀនសូត្រពីជំនាញចម្រុះ។ ស្របពេលជាមួយគ្នានេះ ភាពរីកចម្រើនគឺកើតចេញពីបទពិសោធន៍ជាក់ស្តែង ពោលគឺការមានភាពសកម្ម ការហ៊ានទទួលយកបញ្ហាប្រឈម និងការរៀនសូត្រដោះស្រាយបញ្ហាក្នុងស្ថានភាពពិតៗ។ 

 

តាមរយៈការព្យាយាមតស៊ូ ភាពជឿជាក់ និងការអភិវឌ្ឍខ្លួនឥតឈប់ឈរ ប្អូនៗប្រាកដជានឹងមានឱកាសខ្ពស់ក្នុងការវិវឌ្ឍខ្លួនទៅកាន់តួនាទីជាថ្នាក់ដឹកនាំ និងអាចចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា 

 

អត្ថបទនេះត្រូវបានបកប្រែទាំងស្រុងពីអត្ថបទដើមដែលចុះផ្សាយដោយ Cambodia Leadership Review. 

ពានរង្វាន់ដែលទាក់ទង

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់ឆ្នើមចំនួន៣ ក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ2026

ចេញផ្សាយនៅ: Aug 10, 2026

អានរហ័ស

កម្មវិធីសម្លេងស្រ្តីខ្មែរទាំង 50រូប ប្រចាំឆ្នាំ2026៖ កិច្ចសម្ភាសន៍ពិសេសជាមួយលោកស្រី ហេង ស្រីប៉ុច នាយិកាប្រតិបត្តិតាម នៃធនាគារ វីង

ចេញផ្សាយនៅ: Jul 31, 2026

អានរហ័ស

ធនាគារ វីង បន្តរក្សាបាននូវស្តង់ដាសុវត្ថិភាពការទូទាត់កម្រិតសកល ធានាសុវត្ថិភាពទិន្នន័យអតិថិជន

ចេញផ្សាយនៅ: Jul 31, 2026