ធុរកិច្ចបង្កើតថ្មីនៅកម្ពុជា កំពុងមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ដែលស្តែងឱ្យឃើញតាមរយៈការកើនឡើងនូវទំនុកចិត្តពីវិនិយោគិន ការគាំទ្រកាន់តែខ្លាំងឡើងពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់នវានុវត្តន៍ដ៏រស់រវើក។ ចំណុចស្នូលនៃការរីកលូតលាស់នេះ គឺការរួមបញ្ចូលគ្នារវាងកម្មវិធីហ្វឹកហាត់ តម្រង់ទិស ព្រមទាំងមានការចូលរួមគាំទ្រពីក្រុមហ៊ុនធំៗ ដើម្បីជួយជ្រោមជ្រែងសហគ្រិនវ័យក្មេង ឱ្យប្រែក្លាយចក្ខុវិស័យរបស់ពួកគេ ទៅជាអាជីវកម្មដែលមានសក្តានុពលពិតប្រាកដ។
ការតម្រង់ទិសត្រឹមត្រូវ ជួយឱ្យធុរកិច្ចបង្កើតថ្មីឆាប់រីកលូតលាស់
ការជួយតម្រង់ទិសដោយអ្នកជំនាញមកពីវិស័យពាក់ព័ន្ធ បានក្លាយជាកត្តាផ្លាស់ប្តូរវាសនាសម្រាប់សហគ្រិនកម្ពុជា។ លោក ស្រ៊ុន វីរៈយុទ្ធ វ័យ ២១ ឆ្នាំ ជាសហស្ថាបនិកនៃ BomNorng Digital បានរៀបរាប់ថា ធុរកិច្ចថ្មីរបស់លោកត្រូវបានបង្កើតឡើង បន្ទាប់ពីលោកបានសង្កេតឃើញថា អាជីវកម្មជួលផ្ទះបែបប្រពៃណីភាគច្រើននៅតែពឹងផ្អែកលើវិក្កយបត្រក្រដាស ដែលជាវិធីសាស្ត្រមិនសូវមានប្រសិទ្ធភាព ហើយងាយបាត់បង់ទិន្នន័យ។ លោកបានអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបន្ទប់ជួល ដោយប្រើប្រាស់បច្ចេកវិទ្យា SaaS ដើម្បីបំពេញចំណុចខ្វះខាត ដោយប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិម្មិត (AI)។
លោក វីរៈយុទ្ធ បានពន្យល់ថា ការបង្កើតផលិតផលគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ហើយបើគ្មានប្រព័ន្ធអេកូឡូស៊ីដែលត្រឹមត្រូវ ដូចជាការជួយតម្រង់ទិស ជំនួយថវិកា និងការគាំទ្រនោះទេ សូម្បីតែគំនិតអាជីវកម្មដែលល្អបំផុត ក៏អាចប្រឈមនឹងបរាជ័យដែរ។ លោកបញ្ជាក់ថា៖ “ការបង្កើតផលិតផលគ្រាន់តែជាជំហានដំបូង។ ខ្ញុំគិតថា ប្រសិនបើគ្មានប្រព័ន្ធអេកូឡូស៊ីត្រឹមត្រូវ ដូចជាអ្នកជួយតម្រង់ទិស ការគាំទ្រផ្នែកដើមទុននោះទេ មិនអាចទៅមុខរួចឡើយ ទោះបីជាគំនិតអាជីវកម្មនោះល្អយ៉ាងណាក៏ដោយ។”
យោងតាមរបាយការណ៍ Startup Cambodia Insight 2024 ដែលជាការបោះពុម្ពប្រចាំឆ្នាំសង្ខេបអំពីស្ថានភាពធុរកិច្ចបង្កើតថ្មីនៅកម្ពុជា បានបង្ហាញថា ការជួយតម្រង់ទិសបានផ្តល់នូវការគាំទ្រជាប្រព័ន្ធដែលសហគ្រិនត្រូវការ ដើម្បីបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់នូវរាល់គ្រប់ដំណាក់កាលនៃអាជីវកម្ម។ មិនថាជាការស្វែងរកដើមទុន ការកែសម្រួលបទបង្ហាញអាជីវកម្ម ឬការដោះស្រាយឧបសគ្គផ្នែកច្បាប់នោះទេ ការជួយតម្រង់ទិសពីអ្នកជំនាញដែលមានបទពិសោធន៍បានជួយឱ្យធុរកិច្ចថ្មី ជម្នះរាល់ឧបសគ្គដែលអាចបង្អាក់ដំណើរការរបស់ពួកគេ។ គិតត្រឹមឆ្នាំ ២០២៤ មានធុរកិច្ចបង្កើតថ្មីរហូតដល់ ២០២អាជីវកម្ម ក្នុងនោះមានចំនួន ១១៩ អាជីវកម្ម ផ្តោតលើវិស័យបច្ចេកវិទ្យា បានទទួលនូវភាពរីកចម្រើន ក្រោមការជួយជ្រោមជ្រែងពីកម្មវិធីផ្តល់ប្រឹក្សាដ៏រឹងមាំ។
ការចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល
ដើម្បីដោះស្រាយបញ្ហាប្រឈមដែលធុរកិច្ចថ្មីនៅក្នុងប្រទេសកម្ពុជាកំពុងជួបប្រទះ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលត្រូវបានបង្កើតឡើង ដែលជាកម្មវិធីមានរយៈពេល ៣ ខែ ហើយមានគោលដៅជួយគាំទ្រដល់ធុរកិច្ចថ្មីក្នុងវិស័យឌីជីថល តាមរយៈការអភិវឌ្ឍដំណោះស្រាយច្នៃប្រឌិតសម្រាប់ទីផ្សារ ដោយផ្តោតសំខាន់លើសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។ កម្មវិធីនេះផ្តល់ការហ្វឹកហាត់ បណ្តុះបណ្តាលតម្រូវតាមតម្រូវការ ក៏ដូចភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិនសក្តានុពល។
ចាប់តាំងពីរដូវកាលទី១មក កម្មវិធី DPA បានជួយដល់ធុរកិច្ចថ្មីជិត ៤០ អាជីវកម្មក្នុងការជម្នះរាល់បញ្ហាប្រឈមដ៏លំបាកនៅដំណាក់កាលដំបូង ហើយបច្ចុប្បន្ន កម្មវិធីនេះកំពុងដំណើរការក្នុងរដូវកាលទី ៤។
លោក សុខា ផានិត ប្រធាននាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មី នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ និងជាតំណាងកម្មវិធី DPA បានលើកឡើងថា៖ “ធុរកិច្ចថ្មីក្នុងវិស័យឌីជីថលមួយចំនួនប្រឈមនឹងការបរាជ័យ មិនមែនដោយសារគំនិតមិនល្អនោះទេ ប៉ុន្តែដោយសារពួកគេខ្វះការគាំទ្រពីប្រព័ន្ធអេកូឡូស៊ីដើម្បីលូតលាស់។ តាមរយៈកម្មវិធីពន្លឿនអាជីវកម្មនេះ យើងបានកសាងទំនាក់ទំនងរវាងស្ថាបនិកធុរកិច្ចថ្មីជាមួយមនុស្ស និងធនធានដែលចាំបាច់ ចាប់តាំងពីការអភិវឌ្ឍផលិតផល ការបង្វឹក ការរៀបចំយុទ្ធសាស្ត្រទីផ្សារ រហូតដល់ឱកាសស្វែងរកដើមទុន។”
ដៃគូសាជីវកម្មដែលជំរុញកំណើន
ធនាគារ វីង គឺជាដៃគូដ៏សំខាន់របស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ក្នុងការគាំទ្រដល់ការរីកចម្រើនរបស់ធុរកិច្ចថ្មីនៅកម្ពុជា តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ ការតម្រង់ទិស ការចែករំលែកបទពិសោធន៍ និងចូលរួមក្នុងដំណើរការវាយតម្លៃជ្រើសរើសបេក្ខជនជ័យលាភីជាដើម។
លោក ហោ ប៊ុនថែ អគ្គនាយករង នៃធនាគារ វីង បានលើកឡើងថា៖ “សហគ្រិនភាព និងភាពច្នៃប្រឌិតគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់អនាគតសេដ្ឋកិច្ចកម្ពុជា។ កិច្ចសហការរបស់យើងជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ គឺលើសពីការគាំទ្រហិរញ្ញវត្ថុ ពោលគឺការផ្តល់នូវចំណេះដឹង ជំនាញ និងឱកាសដល់សហគ្រិន ដើម្បីឱ្យពួកគាត់ទទួលបានជោគជ័យក្នុងពិភពឌីជីថលដែលកំពុងមានការប្រកួតប្រជែងខ្លាំង»។ លោកហោ ប៊ុនថែ បានបន្ថែមថា៖ “យើងនៅតែបន្តប្តេជ្ញាចិត្តគាំទ្ររាល់គំនិតច្នៃប្រឌិតដែលជំរុញដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងជួយបណ្តុះបណ្តាលសហគ្រិនជំនាន់ក្រោយឱ្យកាន់តែប្រសើរឡើង។”

ចាប់តាំងពីឆ្នាំ ២០២០ មក ធនាគារ វីង បានចាប់ដៃសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ លើគំនិតផ្តួចផ្តើមជាច្រើន រួមមាន៖ កម្មវិធីនវានុវត្តន៌បញ្ជ្រាស កម្មវិធីពន្លឿនអាជីវកម្មខ្នាតតូច និងមធ្យមឌីជីថល និងកម្មវិធី Turing Hackathon ជាដើម។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ស្ថាប័នទាំងពីរបានជួយជ្រោមជ្រែងធុរកិច្ចថ្មី ចំនួន ៦៧អាជីវកម្ម។ លើសពីនេះ ធនាគារ វីង ក៏បានគាំទ្រដល់អង្គការគាំទ្រសហគ្រិន (ESO) ក្នុងព្រឹត្តិការណ៍ផ្សេងៗ រួមទាំងដំណើរទស្សនកិច្ចតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤ ដែលអនុញ្ញាតឱ្យមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានស្វែងយល់ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងវិនិយោគិនក្នុងតំបន់។
ការគាំទ្រគោលដៅអភិវឌ្ឍជាតិ
សន្ទុះនៃការរីកចម្រើននេះ គឺស្របតាមគោលដៅជាតិរបស់កម្ពុជាក្នុងការចាប់យកបរិវត្តកម្មឌីជីថល។ តាមរយៈក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ រាជរដ្ឋាភិបាលកម្ពុជាមានគោលបំណងពន្លឿនកំណើនលូតលាស់ដែលជំរុញដោយនវានុវត្តន៍ និងធ្វើឱ្យឌីជីថលភាវូបនីយកម្មចាក់គ្រឹះយ៉ាងរឹងមាំក្នុងសេដ្ឋកិច្ច។
ការវាយតម្លៃនៅក្នុងក្របខណ្ឌគោលនយោបាយនេះបានឱ្យដឹងថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការកើនឡើងនៃចំនួនធុរកិច្ចថ្មីៗ កម្មវិធីផ្តល់ដើមទុនចាប់ផ្តើមអាជីវកម្ម និងកម្មវិធីគាំទ្រផ្សេងៗទៀតផងដែរ។ ធុរកិច្ចថ្មីក្នុងស្រុកកំពុងចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ និងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ដែលនេះជាការពង្រីកវិសាលភាពលើសពីទីផ្សារក្នុងស្រុក។
អនុសាសន៍សម្រាប់សហគ្រិនជំនាន់ក្រោយ
ស្ថាបនិកធុរកិច្ចថ្មីដែលធ្លាប់ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីទាំងនេះ កំពុងចែករំលែកបទពិសោធន៍របស់ពួកគេទៅកាន់យុវជនជំនាន់ក្រោយ។ លោកសែម ពុទ្ធារី ស្ថាបនិក និងជាអគ្គនាយិកានៃក្រុមហ៊ុន Espass ដែលជាផ្លេតហ្វមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) ជួយសម្រួលដល់កម្ពុជានាំចូល និងលក់ទំនិញបន្តពីប្រទេសចិន ថៃ និងវៀតណាម។
លោកស្រី ពុទ្ធារី បានលើកឡើងថា ការចាប់ផ្តើមអាជីវកម្មត្រូវការលើសពីការស្រឡាញ់ចូលចិត្ត។ លោកស្រីបានផ្តល់យោបល់ថា សម្រាប់សហគ្រិនជំនាន់ក្រោយត្រូវតែមានភាពអត់ធ្មត់ ដោះស្រាយបញ្ហាជាក់ស្តែងក្នុងសង្គម ហើយគួរសេពគប់បុគ្គលដែលមានជំនាញពាក់ព័ន្ធនៅជុំវិញខ្លួនដើម្បីជាផ្នែកមួយនៃការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។ លោកស្រីបានគូសបញ្ជាក់ទៀតថា៖ “សហគ្រិនភាពគឺជាដំណើរដ៏វែងឆ្ងាយ។ ប្រសិនបើអ្នកគ្រាន់តែស្រឡាញ់ផលិតផលរបស់អ្នក ប៉ុន្តែមិនប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាកំពុងកើតមានក្នុងសង្គមជាក់ស្តែង ឬការគ្រប់គ្រងក្រុមការងារឱ្យបានល្អទេនោះ វានឹងមិនអាចស្ថិតស្ថេរឡើយ។ ចូរដាក់ខ្លួនអ្នកឱ្យនៅជុំវិញមនុស្សដែលអាចណែនាំយើងឱ្យឆ្លងកាត់ការសម្រេចចិត្តដ៏លំបាកនានា។”
លោក ភូ លីន នាយកប្រតិបត្តិនៃក្រុមហ៊ុន BeOne Platform ដែលបង្កើតដំណោះស្រាយឌីជីថលតម្រូវតាមតម្រូវការ អាជីវកម្ម បានសង្កត់ធ្ងន់ថា អ្នកអភិវឌ្ឍន៍មិនគួរមើលរំលងសារៈសំខាន់នៃយុទ្ធសាស្ត្រទីផ្សារ និងអាជីវកម្មឡើយ។ លោកបានលើកឡើងថា៖ “ធុរកិច្ចថ្មីដែលជោគជ័យ វាមិនមែនមានត្រឹមតែបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាអាស្រ័យលើថាតើយើងយល់ពីយុទ្ធសាស្ត្រទីផ្សារកម្រិតណា តើយើងបង្ហាញពីសេវាកម្មរបស់យើងដោយរបៀបណា និងថាតើយើងយល់ពីអតិថិជនរបស់យើងបានច្បាស់កម្រិតណា។”