ស្របពេលដែលពិភពលោកកំពុងបោះជំហានចូលក្នុងយុគសម័យឌីជីថល ប្រទេសកម្ពុជាក៏កំពុងងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថលទៅលើវិស័យជាច្រើនផងដែរ ជាពិសេសគឺការទូទាត់ប្រាក់តែម្តង។ នៅតាមបណ្តាខេត្តមួយចំនួន ប្រជាកសិករបានចាប់ផ្តើមងាកមកប្រើប្រាស់អេបធនាគារលើទូរសព្ទដៃ ដើម្បីវេរ និងទទួលលុយ។ ដ្បិតចំណេះដឹងបច្ចេកវិទ្យាឌីជីថលនៅមានកម្រិតក៏ពិតមែន ប៉ុន្តែកសិករមួយចំនួនបានលើកឡើងថា សេវាធនាគារលើទូរសព្ទដៃនេះពិតជាងាយស្រួលប្រើ ហើយថែមទាំងជួយចំណេញពេលវេលាបានច្រើនទៀតផង។
ស្របពេលដែលកម្ពុជាកំពុងជំរុញឱ្យប្រជាជនគ្រប់រូបអាចទទួលបានសេវាហិរញ្ញវត្ថុ ទិន្នន័យថ្មីពីធនាគារជាតិ នៃកម្ពុជា បានបង្ហាញថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ នេះ កម្ពុជាមានគណនីប្រាក់បញ្ញើសរុបចំនួន ៨,៣ លានគណនី និងមានម៉ាស៊ីនទូទាត់ប្រាក់ (POS) ជាង ៥៨.០០០ គ្រឿង។ ជាមួយនឹងវត្តមានម៉ាស៊ីន ATM ចំនួន ២.៩២៥ គ្រឿងនៅទូទាំងប្រទេស បូករួមនឹងកំណើននៃការប្រើប្រាស់អេបធនាគារ ប្រតិបត្តិការតាមបែបឌីជីថល កំពុងពង្រីកវិសាលភាពបន្តិចម្តងៗទៅដល់ប្រជាជនកម្ពុជា ទាំងនៅទីក្រុង និងតាមបណ្តាខេត្តកាន់តែច្រើនឡើង។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា វិស័យកសិកម្មដែលមានចំណែកត្រឹមតែ ០,៦% នៃឥណទានសរុប ក៏កំពុងបង្ហាញសញ្ញាវិជ្ជមាននៃការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលផងដែរ។ កសិករនៅខេត្តតាកែវ និងកំពង់ចាម ដែលបានផ្តល់បទសម្ភាសន៍ដល់ Kiripost បានបញ្ជាក់ថា សេវាធនាគារលើទូរសព្ទដៃ បានធ្វើឱ្យការទូទាត់ប្រាក់កាន់តែមានភាពងាយស្រួល ទោះបីជាកង្វះខាតចំណេះដឹងឌីជីថលនៅតែជារបាំងចនៃឧបសគ្គមួយក៏ដោយ។
ពីការប្រើសាច់ប្រាក់ ប្តូរមកការទូទាត់តាមអេបធនាគារលើទូរសព្ទ
ស្របពេលដែលកម្ពុជាកំពុងសម្របខ្លួនកាន់តែខ្លាំងឡើងនៅក្នុងយុគសម័យឌីជីថល ជីវិតរស់នៅដែលធ្លាប់តែស្ងប់ស្ងាត់នៅតាមជនបទក៏កំពុងផ្លាស់ប្តូររូបរាងថ្មីបន្តិចម្តងៗដែរ តាមរយៈការប្រើប្រាស់ឌីជីថលលើទូរសព្ទដៃ។ នៅតាមបណ្តាខេត្តនានាដែលធ្លាប់តែពឹងផ្អែកលើការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងការជួបមុខគ្នាផ្ទាល់ដើម្បីដោះដូរទំនិញ សព្វថ្ងៃនេះប្រជាកសិករបានចាប់ផ្តើមងាកមកប្រើប្រាស់សេវាធនាគារតាមទូរសព្ទដៃ ដែលជា 'មធ្យោបាយថ្មី' ក្នុងការវេរលុយ ទទួលប្រាក់ និងការសន្សំទុកដាក់ឱ្យមានសុវត្ថិភាពជាងមុន។
លោក ភឹក រុន អាយុ ៤៨ឆ្នាំ ជាកសិករនៅខេត្តតាកែវ ពីមុនធ្លាប់តែពឹងផ្អែកទាំងស្រុងលើការចាយសាច់ប្រាក់។ តែពេលនេះ ដោយមានការជួយបង្រៀនពីកូន លោកបានចេះប្រើប្រាស់សេវាធនាគារតាមទូរសព្ទដៃ ដោយគ្រាន់តែ “ចុច” ដើម្បី វេរ និងទទួលលុយប៉ុណ្ណោះ។ គិតមកដល់ពេលនេះ វាមានរយៈពេល ២ឆ្នាំហើយ ដែលលោកបានចាប់ផ្តើមប្រើប្រាស់សេវាកម្មធនាគារតាមអេបឌីជីថល។
លោក ភឹក រុន បានរៀបរាប់ថា៖ “វាងាយស្រួល ហើយលឿនមែនទែន។ គ្រាន់តែចុចពីរបីដង គឺអាចជំនួសពេលវេលាដែលត្រូវធ្វើដំណើរទៅផ្សារ ឬទៅធនាគារបានបាត់ទៅហើយ។”
បទពិសោធន៍ស្រដៀងគ្នានេះ ក៏ត្រូវបានលើកឡើងដោយកសិករនៅខេត្តកំពង់ចាមផងដែរ ដែលពួកគាត់កំពុងសាកល្បងប្រើប្រាស់ប្រតិបត្តិការឌីជីថល ទោះបីជាមិនសូវមានបទពិសោធន៍ប្រើប្រាស់ស្មាតហ្វូន ឬប្រព័ន្ធអនឡាញក៏ដោយ។
លោកស្រី មាស សុខនី អាយុ ៤៥ឆ្នាំ ជាកសិករធ្វើស្រែនៅខេត្តកំពង់ចាម បានប្រាប់ថា ទោះបីជាដំបូងឡើយ លោកស្រីមានការលំបាកក្នុងការសម្របខ្លួនទៅនឹងការទូទាត់តាមឌីជីថលក៏ដោយ ប៉ុន្តែលោកស្រីបានរៀនចេះពីកូនស្រីដែលកំពុងរៀននៅសាកលវិទ្យាល័យ។ ពេលនេះ លោកស្រី សុខនី ប្រើប្រាស់អេបធនាគារដើម្បីវេរលុយផ្គត់ផ្គង់ការសិក្សារបស់កូនជារៀងរាល់ខែទៀតផង។
លោកស្រីបានបន្តថា៖ “និយាយទៅ គឺវាចំណេញពេលមែនទែន។” លោកបានស្រីបន្ថែមថា ជាកសិករ លោកស្រីមិនសូវមានពេលទំនេរទៅវេរលុយនៅទីតាំងផ្ទាល់នោះទេ។ ការប្រើប្រាស់ទូរសព្ទដៃ ធ្វើឱ្យការវេរលុយកាន់តែងាយស្រួល។
នៅពេលដែលកសិករចាប់ផ្តើមទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗតាមរយៈកាបូបលុយឌីជីថល លោកស្រី សុខនី បានបញ្ជាក់ថា ដំណើរការនេះពិតជារលូន និងងាយស្រួលមែនទែន។ លោកស្រីបន្ថែមថា ពេលនេះលោកស្រីចង់លើកទឹកចិត្តដល់អ្នកជិតខាង ឱ្យចាប់ផ្តើមប្រើប្រាស់សេវាកម្មតាមអេបធនាគារ ផងដែរឬ។
គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល មានគោលបំណងជំរុញចំណេះដឹង និងបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុឱ្យបានទូលំទូលាយ ជាពិសេសនៅតំបន់ជនបទ សម្រាប់កសិករ និងម្ចាស់អាជីវកម្មខ្នាតតូចតែម្តង។ គោលនយោបាយនេះ ក៏លើកទឹកចិត្តឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងធនាគារ ក្រុមហ៊ុនទូរសព្ទ និងអ្នកផ្តល់សេវាហិរញ្ញវត្ថុក្នុងស្រុកផងដែរ។
របាយការណ៍ឆ្នាំ២០២៤ របស់ធនាគារជាតិ នៃកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា ប្រតិបត្តិការធនាគារតាមទូរសព្ទដៃបន្ត “កើនឡើងយ៉ាងឆាប់រហ័ស” ដែលកំណើននៃការប្រើប្រាស់ស្មាតហ្វូន និងការទូទាត់តាមរយៈការស្កេន QR កូដ គឺជាកត្តាចម្បងដែលរុញច្រានឱ្យមាននិន្នាការដ៏ល្អនេះ។
តាមរយៈប្រព័ន្ធទូទាត់ឌីជីថលនេះ ធនាគារជាតិ នៃកម្ពុជា បានដាក់ឱ្យអនុវត្តក្នុងគោលដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងជំរុញការប្រើប្រាស់ប្រាក់រៀលខ្មែរ ដោយផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ការទូទាត់លឿនរហ័ស ចំណាយតិច មានសុវត្ថិភាពខ្ពស់ និងអាចវេរលុយឆ្លងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗគ្នាបានយ៉ាងងាយស្រួល។ ជាងនេះទៅទៀត ការទូទាត់តាមប្រព័ន្ធឌីជីថល ត្រូវបានរំពឹងថានឹងជួយបើកឱកាសឱ្យប្រជាជនគ្រប់រូបងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។ ការរីកចម្រើននេះ ក៏ជួយធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ និងកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើការចាយក្រដាសប្រាក់ផងដែរ។
អេបធនាគារតែមួយ ដែលផ្តល់នូវដំណោះស្រាយជាង ១០០ប្រភេទ
ធនាគារ វីង កំពុងចូលរួមកែប្រែមុខមាត់វិស័យធនាគារឌីជីថលនៅកម្ពុជា តាមរយៈអេប Wing Bank ដែលជាថ្នាលហិរញ្ញវត្ថុដ៏ទំនើប ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុជាង ១០០ មុខ ដោយគ្រាន់តែធ្វើប្រតិបត្តិការនៅលើស្មាតហ្វូនប៉ុណ្ណោះ។ ចាប់តាំងពីសេវាឥណទាន និងប្រាក់បញ្ញើ រហូតដល់ការវេរលុយ ការបង់ថ្លៃទឹកភ្លើង ការបង់ធានារ៉ាប់រង ប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ ការបើកប្រាក់ខែ ការបញ្ចូលលុយទូរសព្ទ មុខងារគណនីសន្សំដើម្បីគោលដៅ សេវាធានារ៉ាប់រងតាមធនាគារ និងកម្ចីឌីជីថល អេប Wing Bank ផ្តល់នូវបទពិសោធន៍ដ៏រហ័ស សុវត្ថិភាពខ្ពស់ និងងាយស្រួលបំផុត ដែលឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុក្នុងសម័យទំនើបយ៉ាងពិតប្រាកដ។
អ្នកប្រើប្រាស់សេវាធនាគារ វីង ក៏អាចរីករាយជាមួយសេវាដកប្រាក់ដោយឥតគិតថ្លៃ ពីគណនីធនាគារ វីង របស់ពួកគេ នៅតាមភ្នាក់ងារ វីង ជាង ១២.០០០ កន្លែងនៅទូទាំងប្រទេស ដែលនេះជាការធានាបាននូវការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជានៅគ្រប់ទិសទី។ ដោយមានការតភ្ជាប់ជាមួយប្រព័ន្ធ បាគង KHQR អតិថិជនអាចវេរ និងទទួលលុយឆ្លងធនាគារដោយឥតគិតថ្លៃសេវា ព្រមទាំងអាចស្កេនទូទាត់ប្រាក់នៅតាមហាងទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារម៉ាត និងកន្លែងជាច្រើនទៀត ដែលប្រើប្រាស់ធនាគារជាសមាជិករបស់ប្រព័ន្ធបាគង។ ការតភ្ជាប់នេះ បាននាំមកនូវភាពងាយស្រួល និងសុវត្ថិភាពគ្មានគូប្រៀប សម្រាប់រាល់ការចាយវាយប្រចាំថ្ងៃរបស់អតិថិជន។
ដោយសារភាពជាដៃគូសកលដ៏រឹងមាំជាមួយក្រុមហ៊ុនផ្ទេរប្រាក់អន្តរជាតិឈានមុខគេ រួមមាន MoneyGram, GME Remittance, Ria, Japan Money Express និងក្រុមហ៊ុនជាច្រើនទៀត ធនាគារ វីង អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើ និងទទួលប្រាក់ពីជាង ២០០ ប្រទេស និងតំបន់ជុំវិញពិភពលោក បានយ៉ាងងាយស្រួល។
សេវាកម្មនេះបានក្លាយជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលកំពុងធ្វើការនៅក្រៅប្រទេស ជាពិសេសនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដោយអនុញ្ញាតឱ្យពួកគេអាចវេរប្រាក់ចំណូលដែលរកបានដោយលំបាក មកកាន់ស្រុកកំណើតវិញបានយ៉ាងលឿន និងមានសុវត្ថិភាពបំផុត សូម្បីតែវេរទៅកាន់សមាជិកគ្រួសារដែលរស់នៅតាមភូមិដាច់ស្រយាលក៏ដោយ។
លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានបញ្ជាក់ថា៖ “អេប Wing Bank ត្រូវបានរចនាឡើងដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែងាយស្រួល មិនថាជាការបង់ថ្លៃទឹកភ្លើង វេរលុយ ឬសន្សំប្រាក់សម្រាប់គោលដៅជីវិតនោះទេ អ្វីៗគ្រប់យ៉ាងអាចធ្វើបានយ៉ាងរហ័សដោយគ្រាន់តែចុច ពីរ-បីប៉ាច់ នៅលើទូរសព្ទដៃ។”
ការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព គឺជាអ្វីដែលធនាគារ វីង មិនអាចមើលរំលងបានឡើយ។ ធនាគារ វីង ទទួលបានវិញ្ញាបនបត្រសុវត្ថិភាព PCI DSS ជំនាន់ 4.0.1 ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដែលនេះជាឆ្នាំទី៣ ជាប់ៗគ្នាដែលធនាគារ វីង បានអនុលោមតាមស្តង់ដារដែលទទួលស្គាល់ជាសកលមួយនេះ។ វិញ្ញាបនបត្រនេះ បញ្ជាក់ពីការគោរពតាមតម្រូវការស្នូលទាំង ១២ យ៉ាងខ្ជាប់ខ្ជួន ដែលជួយពង្រឹងយ៉ាងខ្លាំងដល់ប្រព័ន្ធការពារប្រឆាំងនឹងការក្លែងបន្លំ និងការលួចទិន្នន័យកាតធនាគារ។ ការធ្វើបច្ចុប្បន្នភាពទៅកាន់ជំនាន់ 4.0.1 នេះ បង្ហាញពីការត្រៀមខ្លួនទុកជាមុនរបស់ធនាគារ វីង ក្នុងការទប់ទល់នឹងការគំរាមកំហែង និងបច្ចេកវិទ្យាថ្មីៗ ដោយបើកផ្លូវឱ្យមានវិធីសាស្ត្រនវានុវត្តន៍ ដែលអាចបត់បែនបានក្នុងការការពារប្រតិបត្តិការរបស់អតិថិជន។
ជាមួយនឹងដំណោះស្រាយដ៏ទំនើបចុងក្រោយ និងប្រព័ន្ធសុវត្ថិភាពកម្រិតស្តង់ដារពិភពលោក ធនាគារ វីង នៅតែបន្តផ្តល់ភាពជឿជាក់ និងភាពងាយស្រួលដល់ប្រជាជនកម្ពុជា សម្រាប់រាល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។
លើកកម្ពស់ចំណេះដឹងឌីជីថល ដើម្បីការប្រើប្រាស់សេវាធនាគារលើទូរសព្ទដៃប្រកបដោយសុវត្ថិភាព
សេវាធនាគារតាមទូរសព្ទដៃ កំពុងរួមចំណែកលើកកម្ពស់ជីវភាពកសិករ តាមរយៈការផ្តល់នូវមធ្យោបាយដ៏សាមញ្ញ និងចំណេញពេលវេលា ក្នុងការវេរ និងទទួលលុយ។ ខណៈពេលដែលអ្នកប្រើប្រាស់ជាច្រើននៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការយល់ដឹងពីប្រព័ន្ធឌីជីថល កិច្ចខិតខំប្រឹងប្រែងនានាក៏កំពុងត្រូវបានអនុវត្ត ដើម្បីពង្រឹងទំនុកចិត្ត និងជំនាញរបស់ពួកគេផងដែរ។
ដើម្បីផ្សារភ្ជាប់គម្លាតនេះ ធនាគារជាតិ នៃកម្ពុជា បាន និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថលនៅទូទាំងប្រទេស។
លោក សុខ ចាន់ ប្រធានផ្នែកបរិយាបន្នហិរញ្ញវត្ថុនៃសមាគមធនាគារនៅកម្ពុជា បានចែករំលែកថា ក្រោមការណែនាំពីធនាគារជាតិ នៃកម្ពុជា សមាគមធនាគារនៅកម្ពុជា កំពុងសហការជាមួយដៃគូ រួមទាំងស្ថាប័នសារព័ត៌មាន ដើម្បីផ្សព្វផ្សាយការយល់ដឹង និងអប់រំដល់អ្នកប្រើប្រាស់។ តាមរយៈយុទ្ធនាការអប់រំហិរញ្ញវត្ថុចំគោលដៅ ទាំងនៅទីក្រុង និងជនបទ គោលបំណងចម្បងគឺដើម្បីបំពាក់បំប៉នប្រជាជននូវចំណេះដឹងដែលពួកគេត្រូវការ ដើម្បីការពារខ្លួនឯងនៅលើប្រព័ន្ធអនឡាញ និងទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីឧបករណ៍ឌីជីថល។
សមាគមធនាគារនៅកម្ពុជា ក៏បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ឱ្យបង្កើនការប្រុងប្រយ័ត្ន នៅពេលធ្វើប្រតិបត្តិការឌីជីថលផងដែរ។ លោក សុខ ចាន់ បានផ្តល់ការណែនាំថា៖ “ដើម្បីចៀសវាងគណនីត្រូវបានគេលួច អ្នកប្រើប្រាស់មិនត្រូវចែកចាយលេខអត្តសញ្ញាណប័ណ្ណ ថ្ងៃខែឆ្នាំកំណើត លេខសម្ងាត់ ឬលេខកូដ PIN របស់ខ្លួននៅលើបណ្តាញសង្គមឡើយ។ ម្យ៉ាងវិញទៀត ត្រូវឆ្លើយតបតែចំពោះសំណួរសុវត្ថិភាពពីគ្រឹះស្ថានហិរញ្ញវត្ថុរបស់អ្នកប៉ុណ្ណោះ សម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ។”
កន្លងមក ធនាគារជាតិ នៃកម្ពុជា ក៏ធ្លាប់បានក្រើនរំលឹកជាញឹកញាប់ដល់ប្រជាពលរដ្ឋអំពីបញ្ហាសុវត្ថិភាពឌីជីថល ដើម្បីឱ្យពួកគាត់ចេះការពារព័ត៌មានផ្ទាល់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការបោកប្រាស់តាមរយៈ Telegram, Facebook, TikTok និងការហៅទូរសព្ទជាដើម។ ជនខិលខូចបានធ្វើសកម្មភាពបោកប្រាស់ ដោយលួចយកគណនីបណ្តាញសង្គមរបស់មិត្តភក្តិ សាច់ញាតិ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន ដើម្បីឆាតទៅក្លែងបន្លំខ្ចីលុយជាដើម៕