ដោយមានក្តីស្រមៃចង់ប្រឡូកការងារក្នុងវិស័យធនាគារ យុវជនសុខវិសាល បានស្គាល់ “កម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ និងឈានជើងចូលសាកលវិទ្យាល័យ។ ដោយមើលឃើញថា នេះគឺជាឱកាសដ៏ល្អក្នុងការទទួលបានបទពិសោធន៍ការងារជាក់ស្តែងដើម្បីបំពេញបន្ថែមលើចំណេះដឹងទ្រឹស្ដី វិសាលបានសម្រេចចិត្តដាក់ពាក្យភ្លាមៗ។ ជាលទ្ធផល បន្ទាប់ពីបញ្ចប់កម្មសិក្សា យុវជនរូបនេះអាចទទួលបានការងារពេញសិទ្ធិនៅធនាគារ វីង ក្នុងវ័យត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ។
វិសាល ដែលទទួលបានព័ត៌មានអំពីកម្មវិធីនេះពីឪពុករបស់ខ្លួន បានបញ្ជាក់ថា ប្រសិនបើគ្មានឱកាសកម្មសិក្សានេះទេ រូបគេប្រហែលជាមិនមានថ្ងៃនេះឡើយ។ ការចាប់ផ្តើមនេះ បានផ្តល់ឱកាសឱ្យយុវជនរូបនេះអភិវឌ្ឍសមត្ថភាព និងយល់ដឹងស៊ីជម្រៅពីសេវាឥណទាន និងហិរញ្ញវត្ថុ តាមរយៈការធ្វើការផ្ទាល់ជាមួយអតិថិជនក្នុងសហគមន៍។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ វិសាលបានចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង យុវជនវីង។ កម្មសិក្សានេះបានបំពាក់បំប៉នលោកជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់សម្រាប់រូបលោក និងគ្រួសារ។ វិសាលបានរៀបរាប់ថា៖ “តាមរយៈកម្មសិក្សានេះ ខ្ញុំអាចរកចំណូលដើម្បីបង់ថ្លៃសាលា និងមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង។”
“ប្រសិនបើយើងមានឱកាសធ្វើការហាត់ការបណ្តើរ និងរៀនបណ្តើរ វាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន។ ទីមួយ វាជួយជំរុញការអភិវឌ្ឍខ្លួនឯង។ ទីពីរ វាជាឱកាសដើម្បីធ្វើការក្នុងវិស័យដែលស្របនឹងជំនាញរបស់ខ្លួនរៀននៅសាកលវិទ្យាល័យ។ ដូច្នេះ វាគឺជាឱកាសដើម្បីរីកចម្រើន។ វាគឺជាដើមទុនដ៏អស្ចារ្យមួយ ដែលនៅពេលយើងរៀនចប់ មានន័យថាយើងមានទាំងទំនុកចិត្ត និងបទពិសោធន៍កាន់តែច្រើន។”
វិសាលបានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃការទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃក្នុងអំឡុងពេលសិក្សា ដោយជឿជាក់ថា ការចាប់ផ្តើមមុនមិត្តភក្តិស្រករគ្នាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រូបគេ។
“និស្សិតមួយចំនួនស្វែងរកឱកាសការងារនៅពេលពួកគេរៀនដល់ឆ្នាំទី៣ ឬទី៤ នៅសាកលវិទ្យាល័យ។ សម្រាប់ខ្ញុំ ខ្ញុំបានចាប់ផ្តើមស្វែងរកឱកាសការងារតាំងពីបញ្ចប់ថ្នាក់វិទ្យាល័យ។ គ្រួសារ និងមិត្តភក្តិរបស់ខ្ញុំបានកោតសរសើរខ្ញុំ ដែលអាចធ្វើការនៅធនាគារ វីង ក្នុងវ័យក្មេងបែបនេះ។”
ទោះបីជាដំបូងឡើយ វិសាលមានចំណាប់អារម្មណ៍លើផ្នែកសវនកម្មក៏ដោយ ប៉ុន្តែការធ្វើការក្នុងផ្នែកឥណទានក្នុងនាមជានិស្សិត បានផ្ដល់មេរៀនមិនអាចកាត់ថ្លៃបាន។ វាជួយឱ្យយុវជនរូបនេះយល់ដឹងស៊ីជម្រៅអំពីច្បាប់បច្ចេកទេស និងគោលនយោបាយដែលគ្រប់គ្រងវិស័យធនាគារ។
លើសពីនេះ ការបូកបញ្ចូលគ្នារវាងការសិក្សាជំនាញធនាគារ និងការធ្វើកម្មសិក្សា បានជួយឱ្យលោកទទួលបានបទពិសោធន៍ជាក់ស្តែង និងពង្រឹងការយល់ដឹងកាន់តែច្រើនថែមទៀតនៅក្នុងវិស័យនេះ។

សាល បន្ថែមទៀតថា៖ “ក្នុងអំឡុងពេលធ្វើកម្មសិក្សារយៈពេល៦ខែ យើងត្រូវត្រៀមខ្លួនដើម្បីបំពេញតាមស្តង់ដាររបស់បុគ្គលិកធម្មតា និងរៀនសូត្រពីពួកគេ។ បទពិសោធន៍នោះបានជួយខ្ញុំឱ្យមើលឃើញពីរបៀបដែលខ្ញុំអាចទទួលបានជោគជ័យក្នុងវិស័យនេះ និងដើរតាមគន្លងរៀមច្បងរបស់ខ្ញុំ។”
វិសាលបានប្រាប់ថា នៅពេលបញ្ចប់បរិញ្ញាបត្រ រូបគេមានគម្រោងឈានទៅរកកម្រិតបន្ទាប់ក្នុងវិស័យធនាគារ ដោយមានគោលដៅវែងឆ្ងាយក្នុងការក្លាយជាសវនករម្នាក់។
ដោយផ្អែកលើបទពិសោធន៍វិជ្ជមានរបស់ខ្លួន វិសាលបានផ្តល់ការណែនាំដល់និស្សិតសាកលវិទ្យាល័យឱ្យស្វែងរកឱកាសការងារ ឬកម្មសិក្សា។ បទពិសោធន៍ទាំងនេះផ្តល់នូវជំនាញអនុវត្តជាក់ស្តែង អត្ថប្រយោជន៍ហិរញ្ញវត្ថុ ហើយនៅពេលពួកគេបញ្ចប់ការសិក្សា ពួកគេនឹងមានទាំងបទពិសោធន៍ផ្ទាល់ និងបណ្តាញទំនាក់ទំនងវិជ្ជាជីវៈដ៏មានតម្លៃ។
សម្រាប់យុវជន Gen Z ដែលមិនទាន់បានដាក់គោលដៅច្បាស់លាស់ វិសាលបានផ្តល់ការណែនាំថា វាជារឿងសំខាន់ក្នុងការកែតម្រូវទិសដៅឡើងវិញ ដោយត្រូវផ្តោតលើការអភិវឌ្ឍជំនាញ និងការអប់រំ ដើម្បីឱ្យពួកគេអាចរួមចំណែកដល់សង្គមជាតិ ជាជាងការក្លាយជាបន្ទុក។
ឱកាសការងារសម្រាប់យុវជនជំនាន់ថ្មី
បច្ចុប្បន្ន ធនាគារ វីង កំពុងអញ្ជើញសិស្សដែលបញ្ចប់ថ្នាក់វិទ្យាល័យ និងយុវជនទាំងអស់ឱ្យមកដាក់ពាក្យចូលរួមក្នុងកម្មវិធីអភិវឌ្ឍបុគ្គលិកកម្មសិក្សា ដើម្បីដើរតាមគន្លងក្នុងការហ្វឹកហាត់អាជីពការងាររបស់វិសាល។ កម្មវិធីនេះផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញ បទពិសោធន៍ធនាគារផ្ទាល់ ការគាំទ្រហិរញ្ញវត្ថុ និងផ្លូវឆ្ពោះទៅរកការងារពេញសិទ្ធិទៀតផង។
ចាប់តាំងពីឆ្នាំ ២០០៨ មក ធនាគារ វីង បានធ្វើទំនើបកម្មពីរបៀបដែលប្រជាជនកម្ពុជាប្រើប្រាស់សេវាហិរញ្ញវត្ថុ ហើយបានក្លាយជាធនាគារពាណិជ្ជដែលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា។ ជាមួយនឹងចក្ខុវិស័យក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង ធនាគារ វីង សម្រេចបាននូវកំណើនគួរឱ្យកត់សម្គាល់ និងមានប្រព័ន្ធអេកូឡូស៊ីធំបំផុតនៅក្នុងប្រទេសកម្ពុជា។
លោក សោភា នពង្ស អនុប្រធានគ្រប់គ្រងផ្នែកសិក្សា និងអភិវឌ្ឍន៍ នៅធនាគារ វីង កម្ពុជា បានបញ្ជាក់ថា កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីគាំទ្រដល់អាជីពយុវជន និងបង្កើតឱកាសការងារដល់ពួកគេ។ កម្មសិក្សាការីនឹងទទួលបានការបណ្តុះបណ្តាលជំនាញទន់ និងជំនាញវិជ្ជាជីវៈតាមតួនាទីនីមួយៗ រយៈពេលពី ៤ ទៅ ៦ ខែ។
ជាទូទៅ កម្មសិក្សាមានរយៈពេលពី ៤ ទៅ ៦ ខែ ហើយកម្មសិក្សាការីដែលជោគជ័យ អាចនឹងទទួលបានការផ្តល់ជូនតំណែងជាបុគ្គលិកពេញសិទ្ធិនៅធនាគារ។

មានតួនាទីជាច្រើនប្រភេទដែលត្រូវបានផ្តល់ជូនតាមរយៈកម្មវិធីនេះ។ លោក សោភា នពង្ស បានកត់សម្គាល់ពីតម្រូវការទីផ្សារយ៉ាងខ្លាំង ជាពិសេសសម្រាប់តួនាទីផ្នែកព័ត៌មានវិទ្យា (IT) ដូចជា៖ ការអភិវឌ្ឍន៍កម្មវិធីពេញលេញ (Full-stack developers), អ្នកវិទ្យាសាស្ត្រទិន្នន័យ (Data scientists) ក៏ដូចជាតួនាទីជួបផ្ទាល់ជាមួយអតិថិជននៅតាមសាខានានា រួមមាន ភ្នាក់ងារមជ្ឈមណ្ឌលទំនាក់ទំនងអតិថិជន (Call centre agents) បេឡាករ បុគ្គលិកសេវាកម្មអតិថិជន និងមន្ត្រីឥណទានជាដើម។
ក្រៅពីការបណ្តុះបណ្តាលជំនាញ កម្មសិក្សាការីក៏ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ ដោយចំនួនទឹកប្រាក់ជាក់លាក់គឺអាស្រ័យលើតួនាទីកម្មសិក្សានីមួយៗនៅធនាគារ វីង។
លោក សោភា នពង្ស បានឱ្យដឹងថា ធនាគារ វីង ធ្លាប់បានផ្តល់កម្មសិក្សាមុនឆ្នាំ២០២៤ រួចមកហើយ ប៉ុន្តែកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីងនេះ ត្រូវបានពង្រីកវិសាលភាពបន្ថែមទៀត។ ចាប់តាំងពីការដាក់ឱ្យដំណើរការមក ធនាគារ វីង បានបណ្តុះបណ្តាលសិក្ខាកាមជាង ៦០០ នាក់ ដោយក្នុងនោះមានជាង ១៥០ នាក់ទទួលបានឱកាសការងារជាបុគ្គលិកពេញសិទ្ធិ។ តួលេខនេះមិនរាប់បញ្ចូលកម្មសិក្សាការីដែលបានបន្ត និងទទួលបានឱកាសការងារនៅស្ថាប័នផ្សេងក្រៅពីធនាគារ វីង នោះទេ។
លោកបានប្រាប់សារព័ត៌មាន Kiripost ថា កម្មសិក្សាការីនឹងទទួលបានវិញ្ញាបនបត្រនៅពេលបញ្ចប់កម្មសិក្សារបស់ពួកគេ បន្ថែមពីលើប្រាក់ឧបត្ថម្ភ និងការបណ្តុះបណ្តាលអភិវឌ្ឍន៍ជំនាញ។ ពួកគេក៏មានលទ្ធភាពប្រើប្រាស់ផលិតផលឥណទាន ដូចជាកម្ចីទិញម៉ូតូ និងកម្ចីសម្រាប់ការសិក្សា ដើម្បីគាំទ្រដល់ការសិក្សារបស់ពួកគេផងដែរ។
លោក សោភា នពង្ស បានបន្ថែមថា ការបញ្ចប់កម្មសិក្សាអាចនាំទៅរកការទទួលបានការងារជាអចិន្ត្រៃយ៍។
ឱកាសកម្មសិក្សាសម្រាប់ឆ្នាំ២០២៦
លោក សោភា នពង្ស បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦ ធនាគារ វីង មានគម្រោងផ្តល់ឱកាសកម្មសិក្សាដល់សិក្ខាកាមប្រមាណ ៥០០ នាក់ ដោយផ្តោតលើសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ និងនិស្សិតសម្រាប់តួនាទីផ្សេងៗ ជាពិសេសផ្នែក IT រួមមាន ការអភិវឌ្ឍន៍កម្មវិធីពេញលេញ (Full-stack development) និងវិទ្យាសាស្ត្រទិន្នន័យ (Data science) និងផ្នែកសេវាកម្មអតិថិជននៅតាមសាខាទូទាំងប្រទេស។
ដើម្បីដាក់ពាក្យចូលរួមកម្មវិធីកម្មសិក្សាឆ្នាំ២០២៦ របស់ធនាគារ វីង សិស្សដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យ និងយុវជនដែលមានចំណាប់អារម្មណ៍ អាចផ្ញើប្រវត្តិរូបសង្ខេប ហើយទាក់ទងទៅកាន់ទំព័រ Facebook ផ្លូវការ Wingers Life and Careers, LinkedIn, ឬ Telegram។ បណ្តាញទំនាក់ទំនងទាំងនេះ តែងតែផ្សព្វផ្សាយពីឱកាសការងារ និងកម្មសិក្សានៅធនាគារ វីង។