កញ្ញា លី ស្រីនាង នៅចាំបានថា កាលពីមុនធ្លាប់ចំណាយពេលពេញមួយថ្ងៃនៅធនាគារ ដើម្បីរង់ចាំបើកប្រាក់ដែលឪពុកម្តាយរបស់នាងផ្ញើមកពីកូរ៉េខាងត្បូង ប៉ុន្តែពេលនេះអ្វីៗបានផ្លាស់ប្តូរហើយ។ ស្របពេលដែលកម្ពុជាកំពុងសម្របខ្លួនទៅនឹងសង្គមឌីជីថល ពលករចំណាកស្រុកកំពុងប្រើប្រាស់គណនីដែលជាកាបូបលុយឌីជីថល ដើម្បីទូទាត់បំណុលគ្រួសារ និងចំណាយលើការព្យាបាលនានាបានទាន់ពេលវេលា។ ប្រព័ន្ធផ្ទេប្រាក់ដ៏រហ័សនេះ មិនត្រឹមតែជាជំនួយហិរញ្ញវត្ថុដ៏សំខាន់ប៉ុណ្ណោះទេ តែវាជាដំណោះស្រាយដ៏មានសុវត្ថិភាពមួយក្នុងការជួយសម្រាលបន្ទុកគ្រួសារ ដូចជា ការរ៉ាប់រងលើការព្យាបាល និងការទូទាត់បំណុល ដែលជាមូលហេតុបង្ខំឱ្យពួកគេត្រូវចាកចេញទៅធ្វើការនៅឆ្ងាយពីស្រុកកំណើត។
ពលករចំណាកស្រុកនៅកូរ៉េខាងត្បូង
ក្រោយឪពុកម្តាយចាកចេញទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៥ ស្រីនាង ដែលជាកូនទី៣ ក្នុងចំណោមបងប្អូន ៦ នាក់ ត្រូវរ៉ាប់រងតួនាទីមើលថែប្អូនៗ និងគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ។
ឪពុកម្តាយរបស់ ស្រីនាង មានវ័យ ៣៥ ឆ្នាំ បានសម្រេចចិត្តទៅរស់នៅជាមួយកូនស្រីច្បងនៅកូរ៉េខាងត្បូង បម្រើការងារក្នុងវិស័យកសិកម្ម ដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារនៅស្រុកកំណើត និងទូទាត់បំណុល។
ស្រីនាង បានរៀបរាប់ថា៖ “ប៉ាម៉ាក់ខ្ញុំសម្រេចចិត្តទៅធ្វើការនៅស្រុកគេ [កូរ៉េខាងត្បូង] ព្រោះសង្ឃឹមថាការងារនៅទីនោះនឹងអាចរកប្រាក់បានច្រើនជាងមុន ដើម្បីយកមកសងបំណុលគេ។ យើងជំពាក់បំណុលគេ ដូច្នេះហើយទើបពួកគាត់គិតថាត្រូវតែរកលុយឱ្យបានច្រើន។”
នាងបានបន្តថា នៅកម្ពុជា ឪពុកម្តាយរបស់នាងមិនអាចរកការងារដែលមានចំណូលគ្រប់គ្រាន់ ដើម្បីសងបំណុលបានឡើយ។ ដោយហេតុថាបងស្រីច្បងមានស្វាមីនៅកូរ៉េខាងត្បូងស្រាប់ ពួកគាត់យល់ថា ជម្រើសតែមួយគត់ដើម្បីដោះស្រាយបញ្ហាជីវភាព គឺត្រូវចាកចេញទៅស្វែងរកការងារនៅក្រៅប្រទេស។
បន្ទាប់ពីចំណាយពេលធ្វើការនៅកូរ៉េខាងត្បូងអស់រយៈពេលជិត ៣ឆ្នាំ ឪពុកម្តាយរបស់ ស្រីនាង ក៏មានលទ្ធភាពទូទាត់បំណុលរបស់គ្រួសារបានទាំងស្រុង។
ស្រីនាង បានបញ្ជាក់ថា៖ “ប៉ាម៉ាក់ខ្ញុំរកប្រាក់បានសម្រាប់សាងសង់ផ្ទះ និងទិញដីទុកសម្រាប់កូនៗពេលពួកគេរៀបការ។ ប៉ុន្តែនៅពេលនោះ វាពិតជាលំបាកខ្លាំងណាស់ក្នុងការរកប្រាក់សងបំណុល ដោយសារតែចំណូលរកបានតិចតូចណាស់។”
បរិវត្តកម្មឌីជីថល
ពាក់ព័ន្ធនឹងការដកប្រាក់ពីធនាគារវិញ ស្រីនាង បានឱ្យដឹងថា កាលពីមុន នាងមានការលំបាកយ៉ាងខ្លាំងក្នុងការទទួលប្រាក់ដែលឪពុកម្តាយផ្ញើមកពីក្រៅប្រទេស ព្រោះវាទាមទារការឈរតម្រង់ជួរយ៉ាងយូរនៅធនាគារ និងត្រូវបំពេញឯកសារជាច្រើន។
ស្រីនាងបាននិយាយថា៖ “ពីមុន ពេលប៉ាម៉ាក់ និងពូរបស់ខ្ញុំចង់ផ្ញើលុយមកស្រុកកំណើត ខ្ញុំត្រូវចំណាយពេលជិតកន្លះថ្ងៃឈរតម្រង់ជួររង់ចាំបើកលុយ។ ពេលខ្លះ គេទាមទារឯកសារច្រើនណាស់ ដូចជាលេខសម្ងាត់ អត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗទៀត។”
ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីងាកមកប្រើប្រាស់ជម្រើសផ្ទេរប្រាក់តាមធនាគារ វីង មក ការផ្ទេរប្រាក់អាចធ្វើឡើងយ៉ាងងាយស្រួល ដោយគ្រាន់តែចុចពី-បីប៉ាច់នៅលើទូរសព្ទប៉ុណ្ណោះ ដែលធ្វើឱ្យដំណើរការនេះកាន់តែងាយស្រួល និងរហ័សជាងមុន។
ពលករចំណាកស្រុកនៅប្រទេសជប៉ុន
លោក ហន ម៉ៅ អាយុ ២៨ ឆ្នាំ ដែលជាពលករខ្មែរធ្វើការនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០២២ បានសម្រេចចិត្តទៅស្វែងរកការងារនៅប្រទេសនេះ ព្រោះលោកចង់រៀនសូត្រអ្វីថ្មីៗ និងពង្រីកជំនាញខ្លួនឯងបន្ថែមពីលើចំណេះជំនាញដែលបានរៀនសូត្រនៅក្នុងប្រទេសកម្ពុជា។
នៅប្រទេសកម្ពុជា លោកធ្លាប់ធ្វើជាអ្នកថតរូប និងអ្នកថតវីដេអូ។ បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា លោកបានសម្រេចចិត្តទៅរស់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាមួយនឹងការរំពឹងថានឹងទទួលបាននូវបទពិសោធន៍ចំណេះជំនាញថ្មីៗនៅប្រទេសជឿនលឿនមួយនេះ។
លោក ម៉ៅ បានបញ្ជាក់ថា៖ “ពេលឈានជើងមកដល់ប្រទេសនេះ ខ្ញុំគ្រាន់តែចង់រៀនសូត្របទពិសោធន៍ថ្មីៗដើម្បីពង្រឹងជំនាញរបស់ខ្ញុំ ព្រោះយើងដឹងស្រាប់ហើយថា ជប៉ុនជាប្រទេសទំនើប ដែលខ្ញុំធ្លាប់តែស្រមៃមកទីនេះយូរណាស់មកហើយ។ ប៉ុន្តែពេលទៅដល់ វាអត់ដូចអ្វីដែលខ្ញុំរំពឹងទុកនោះទេ។”
“អ្នកណាក៏មកជប៉ុនដោយមានគោលដៅផ្ទាល់ខ្លួនដែរ។ សម្រាប់ខ្ញុំ ខ្ញុំមកទីនេះដើម្បីរៀនសូត្រ ប៉ុន្តែជាក់ស្តែង យើងបែរជាត្រូវមករស់នៅតាមតំបន់ជនបទទៅវិញ។ វាខុសពីការរំពឹងទុក ហើយកន្លែងដែលខ្ញុំអាចរៀនជំនាញដែលខ្ញុំចង់ចេះនោះ គឺនៅឆ្ងាយពីកន្លែងដែលខ្ញុំស្នាក់នៅខ្លាំងណាស់។”
ទោះបីជាទីតាំងរស់នៅមិនសូវអំណោយផលដូចការរំពឹងទុកក្តី ក៏យុវជនរូបនេះ នៅតែបន្តការសិក្សារបស់ខ្លួន មុននឹងសម្រេចចិត្តចូលធ្វើការក្នុងវិស័យសំណង់ ដើម្បីដោះស្រាយចំណាយជីវភាពប្រចាំថ្ងៃ។
លោកបានរៀបរាប់ថា៖ “ការងារនៅទីនេះមិនដូចនៅស្រុកយើងទេ។ គេគោរពពេលវេលាណាស់។ ក្នុងមួយសប្តាហ៍ត្រូវធ្វើការប៉ុន្មានថ្ងៃ ក្នុងមួយថ្ងៃត្រូវធ្វើការប៉ុន្មានម៉ោង គឺគេមានច្បាប់ទម្លាប់ច្បាស់លាស់តែម្តង។ ពេលយើងមកដល់ទីនេះ វាមិនដូចការគិតទេ។ ទីមួយ ប្រាក់ខែមិនសូវខ្ពស់ទេ (ដោយសារលុយយ៉េនជប៉ុនធ្លាក់ថ្លៃ)។ ដូច្នេះ អ្នកដែលមកធ្វើការនៅជប៉ុនតាំងពីឆ្នាំ២០២២ រហូតមកដល់ពេលនេះ គឺពិតជាពិបាកតស៊ូក្នុងជីវភាពបន្តិច។”
ទោះយ៉ាងណាក្តី យុវជនរូបនេះ នៅតែបន្តខិតខំប្រឹងប្រែងធ្វើការ ដើម្បីធានាថាលោកអាចរកប្រាក់បានគ្រប់គ្រាន់ សម្រាប់ផ្ញើទៅជួយផ្គត់ផ្គង់គ្រួសារនៅប្រទេសកំណើត។ លោកបានបន្ថែមថា ការផ្ញើប្រាក់មកកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពងាយស្រួលជាងមុនឆ្ងាយ ដោយសារភាពជឿនលឿននៃបច្ចេកវិទ្យាឌីជីថល។ កាលពីមុន លោកត្រូវផ្ញើប្រាក់តាមរយៈក្រុមហ៊ុនដែលបញ្ជូនលោកទៅធ្វើការ ដែលមានភាពស្មុគស្មាញ និងយឺតយ៉ាវទៀតផង។
លោក ម៉ៅ ដែលគ្រោងនឹងត្រឡប់មកកម្ពុជាវិញក្នុងរយៈពេល ៣ ខែទៀតនោះ បានបញ្ជាក់ថា៖ “សព្វថ្ងៃនេះ វាងាយស្រួលជាងមុន។ ខ្ញុំបានប្តូរមកប្រើកាតថ្មី។ ពេលខ្ញុំចង់ផ្ញើលុយទៅសាច់ញាតិនៅកម្ពុជា យើងគ្រាន់តែវាយបញ្ចូលចំនួនទឹកប្រាក់ដែលចង់ផ្ញើ ហើយវានឹងលោតសារប្រាប់ (Alert notification) ឱ្យយើងដឹងថាបានផ្ញើប៉ុន្មាន។ វាលឿនជាងមុន។”
“វាងាយស្រួលត្រង់ថា យើងដាក់លុយចូលក្នុងកាត ហើយបើគ្រួសារនៅក្នុងប្រទេសកម្ពុជាគាត់មានគណនីធនាគារ យើងអាចផ្ទេរចូលបានផ្ទាល់តែម្តង អ៊ីចឹងវាស្រួលជាងមុនច្រើន។”

ការភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ តាមរយៈសេវាហិរញ្ញវត្ថុឌីជីថល
ធនាគារ វីង បាននឹងកំពុងបង្កើនទំនាក់ទំនងផ្នែកហិរញ្ញវត្ថុរវាងពលរដ្ឋខ្មែរនៅក្រៅប្រទេស និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់លំដាប់ពិភពលោកជាច្រើន។ តាមរយៈកិច្ចសហការជាយុទ្ធសាស្ត្រទាំងនេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចបើកគណនីធនាគារ វីង និងធ្វើការផ្ទេរប្រាក់មកកម្ពុជាដោយផ្ទាល់ មានសុវត្ថិភាព ហើយអាចទុកចិត្តបាន។
គាំទ្រដោយប្រព័ន្ធឌីជីថលដ៏រឹងមំា និងទំនើប ធនាគារ វីង ផ្តល់ជូននូវប្រតិបត្តិការឆ្លងដែនប្រកបដោយភាពរហ័ស សុវត្ថិភាព និងរលូន។ ទឹកប្រាក់ដែលផ្ញើពីធនាគារដៃគូ នឹងត្រូវបញ្ចូលទៅក្នុងគណនីធនាគារ វីង ភ្លាមៗ ដែលអនុញ្ញាតឱ្យអ្នកទទួលអាចចាត់ចែងសាច់ប្រាក់របស់ពួកគេបានទាន់ពេលវេលា។ ក្រុមគ្រួសារអាចប្រើប្រាស់ថវិកាទាំងនេះដើម្បីទូទាត់ថ្លៃទឹកភ្លើង បង់ថ្លៃសាលា សងប្រាក់កម្ចី និងចំណាយផ្សេងៗទៀត បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង បានលើកឡើងថា៖ “យើងយល់ច្បាស់ពីសារៈសំខាន់ សម្រាប់បងប្អូនខ្មែរយើងដែលកំពុងធ្វើការនៅក្រៅប្រទេស ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងជួយគាំទ្រដល់ក្រុមគ្រួសាររបស់ពួកគាត់នៅស្រុកកំណើត។”
“គោលដៅចម្បងរបស់យើង គឺផ្តល់ទំនុកចិត្តដល់ពួកគាត់ថា រាល់ការផ្ទេរប្រាក់ទាំងអស់ នឹងទៅដល់ដៃមនុស្សជាទីស្រឡាញ់របស់ពួកគាត់ មានសុវត្ថិភាព និងរហ័ស។ តាមរយៈការចាប់ដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខគេជាច្រើនលើពិភពលោក រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយភាពច្នៃប្រឌិត យើងកំពុងជួយកាត់បន្ថយនូវភាពស្មុគស្មាញនៃការផ្ទេរប្រាក់ឆ្លងដែន និងជួយឱ្យក្រុមគ្រួសារនៅកម្ពុជា ទទួលបានសេវាហិរញ្ញវត្ថុចាំបាច់ប្រចាំថ្ងៃបានកាន់តែរហ័ស និងទាន់ពេលវេលា។
ធនាគារ វីង នៅតែបន្តពង្រីកបណ្តាញហិរញ្ញវត្ថុសកលរបស់ខ្លួន តាមរយៈភាពជាដៃគូជាមួយស្ថាប័នឈានមុខគេក្នុងឧស្សាហកម្មនេះ រួមមាន៖ Western Union, MoneyGram, GME, GmoneyTrans, E9 Pay, City Express, Mastercard, Visa, WeChatPay, Ria, UnionPay និងក្រុមហ៊ុនជាច្រើនទៀត។
ភាពជាដៃគូទាំងនេះ បានអនុញ្ញាតឱ្យពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេសជាច្រើន ដូចជា៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន អាចបើកគណនីធនាគារ វីង និងគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារបានយ៉ាងរលូន តាមរយៈអេប Wing Bank។
តាមរយៈគំរូសេវាធនាគារដែលផ្តោតលើឌីជីថលជាចម្បង និងភាពជាដៃគូសកលដ៏ទូលំទូលាយ ធនាគារ វីង កំពុងរួមចំណែកកែប្រែសេវាធនាគារឆ្លងដែន ដោយផ្តល់ជូននូវភាពរហ័ស សុវត្ថិភាព និងភាពងាយស្រួល ក៏ដូចជាជំរុញបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់គ្រួសារខ្មែរនៅទូទាំងពិភពលោក។ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលបើកគណនីធនាគារ វីង ក៏អាចទទួលបានអត្រាការប្រាក់រហូតដល់ ៣% ក្នុងមួយឆ្នាំ លើប្រាក់សន្សំរបស់ពួកគេផងដែរ សម្រាប់ការរក្សាសមតុល្យសាច់ប្រាក់ចាប់ពី ៥.០០០ ដុល្លារអាមេរិកឡើងទៅ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងថា ពលករខ្មែរជាង ១,៣៨ លាននាក់ ដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស បានបង្កើតប្រាក់ចំណូលជាង ៥ ពាន់លានដុល្លារ ដោយក្នុងនោះបានផ្ញើប្រាក់មកកម្ពុជាវិញជិត ៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ។