Point Hub ចូលរួមលើកកម្ពស់សហគ្រាសធុនតូច​ និងមធ្យមនៅកម្ពុជា តាមរយៈនវានុវត្តន៍ឌីជីថល

ដោយសារមានចំណូលចិត្តវិស័យបច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំដូចគ្នា សហគ្រិនពីររូបគឺ លោក រ៉ាត់ ម៉េងហៀង និងលោក ហេង ជីងឡុង បានរួមគ្នាបង្កើត Point Hub ដើម្បីជួយសម្រួលការគ្រប់គ្រងអាជីវកម្មសហគ្រាសធុនតូច និងមធ្យម (SME)។ ឆ្លងកាត់ការលំបាកជាច្រើនគ្រាចាប់ផ្តើមអាជីវកម្មដំបូងៗ ដោយមានភាពអត់ធ្មត់ និងឆន្ទៈមោះមុត​ សព្វថ្ងៃសហគ្រិនវ័យក្មេងទាំងពីររូបនេះកំពុងជំរុញសន្ទុះអាជីវកម្មរបស់ពួកគេដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Oct 30, 2025

ជំរុញដោយចំណូលចិត្តរួមគ្នាក្នុងវិស័យបច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ លោក រ៉ាត់ ម៉េងហៀង និងលោក ហេង ជីងឡុង បានសម្រេចចិត្តបង្កើតកម្មវិធីសូហ្វវែរ (software) ដែលមានលក្ខណៈពិសេសមួយឈ្មោះថា Point Hub ក្នុងគោលបំណងជួយសម្រួលដល់ការគ្រប់គ្រងអាជីវកម្ម SME នៅកម្ពុជា សំដៅជំរុញសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរីកចម្រើន។ 

 

លោក ម៉េងហៀង វ័យ ៣៤ ឆ្នាំ ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិ មានស្រុកកំណើតនៅខេត្តកំពង់ធំ។ ដំបូងឡើយ លោកបានបញ្ចប់បរិញ្ញាបត្រលើជំនាញបង្រៀនភាសាអង់គ្លេស (TESOL) និងក្រោយមកទទួលបានបរិញ្ញាបត្រទីពីរលើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។ 

 

បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានបម្រើការងារនៅតាមបណ្តាក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែចាប់ផ្តើមមានអារម្មណ៍តានតឹង។ កត្តានេះបានជំរុញឱ្យលោក ម៉េងហៀង ចាប់ផ្តើមដើរតាមក្តីស្រមៃក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួន។ 

 

លោក ម៉េងហៀង និយាយថា៖ ខ្ញុំជាកូនច្បងក្នុងគ្រួសារ ដូច្នេះខ្ញុំតែងតែមានឆន្ទៈដឹកនាំក្នុងការធ្វើអ្វីមួយ។ ខ្ញុំធ្លាប់មានបទពិសោធន៍ធ្វើការឱ្យគេដែរអំឡុងពេលនោះ។ វាពិតជាតានតឹងនៅពេលដែលយើងចង់ធ្វើអ្វីមួយ ប៉ុន្តែមិនមានសិទ្ធគ្រប់គ្រាន់ក្នុងការសម្រេចវាបាន។” 

 

លោកបន្តថា៖ ដោយសារពួកយើងមានបទពិសោធន៍ជាង ៧ ឆ្នាំ យើងបានរៀនពីរបៀបដឹកនាំក្រុមដោយខ្លួនឯង។ ខ្ញុំសួរខ្លួនឯងថា 'តើយើងចាំបាច់ត្រូវចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដែរទេ?' ចម្លើយទទួលបានគឺមានការព្រមព្រៀងគ្នា ដូច្នេះហើយយើងក៏សម្រេចចិត្តចាប់ផ្តើមតែម្តង។” 

 

ចំណែកឯ លោក ជីងឡុង ក៏មានរឿងរ៉ាវស្រដៀងគ្នាដែរ។ សហស្ថាបនិកវ័យ ២៨ ឆ្នាំ និងជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅ Point Hub រូបនេះ មានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ និងបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មនៅប្រទេសសិង្ហបុរី។ បន្ទាប់មក លោកបានបន្តការសិក្សានៅប្រទេសអូស្ត្រាលីផ្នែកព័ត៌មានវិទ្យា ដោយត្រលប់មកផ្ទះវិញជាមួយបរិញ្ញាបត្រមួយទៀត។ 

 

ជីងឡុង បានរៀបរាប់ថា៖ “កំលុងពេលសិក្សា យើងទទួលបាការយល់ដឹងតែមូលដ្ឋានប៉ុណ្ណោះ ប៉ុន្តែអ្វីដែលខ្ញុំត្រូវការគឺជំនាញរឹង ដូច្នេះខ្ញុំក៏ត្រលប់ទៅរៀនម្តងទៀត លើកនេះគឺចាប់យកជំនាញ IT នៅអូស្ត្រាលី។ លោកបន្ថែមថា ដោយមានជំនាញផ្នែកសរសេរកូដ (Coding) និងចំណូលចិត្តលើបច្ចេកវិទ្យា លោកពិតជាចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ 

 

លោកបន្ថែមថា៖ ដំបូងឡើយ ខ្ញុំចង់រស់នៅទីនោះ [អូស្ត្រាលី] ប៉ុន្តែក្រោយមក ខ្ញុំក៏មានអារម្មណ៍ថាមិនស្កប់ស្កល់សោះ។ ខ្ញុំបានដឹងថាមានសមាជិកគ្រួសារ និងមិត្តភក្តិមួយចំនួនទៀត បានត្រលប់ទៅប្រទេសកំណើតវិញ ហើយបើកអាជីវកម្មផ្ទាល់ខ្លួននៅទីនោះដូច្នេះ ខ្ញុំចាប់ផ្តើមគិតអំឡុងពេលនៅទីនោះថា ខ្ញុំគួរតែរៀនអ្វីដែលទាក់ទងនឹងបច្ចេកវិទ្យា ហើយយកទៅអភិវឌ្ឍនៅប្រទេសយើង។ ជាមួយនឹងការគាំទ្រពីគ្រួសារ ខ្ញុំដឹងថាខ្ញុំអាចចាប់ផ្តើមវាបាន។ 

 

Point Hub បង្កើតឡើងពីការតស៊ូ ព្រោះចង់ឃើញការរីកចម្រើន SMEs  

 

 

Point Hub គឺជាជំនួយការដ៏សាមញ្ញសម្រាប់គ្រប់គ្រងស្តុកទំនិញ ការលក់ និងការគ្រប់គ្រងសមាជិកភាពអតិថិជនជាដើម ហើយកម្មវិធី Software នេះបង្កើតឡើងដើម្បីជួយឱ្យអាជីវកម្មរីកចម្រើន ដោយអាចប្រើប្រាស់បានយ៉ាងងាយស្រួលទាំងនៅលើទូរស័ព្ទដៃ និងកុំព្យូទ័រ។ 

 

ការជួបគ្នាដោយចៃដន្យក្នុងកម្មវិធីមួយ បានប្រែក្លាយលោក ម៉េងហៀង និងលោក ជីងឡុង ឱ្យទៅជាមិត្តភក្តិយ៉ាងជិតស្និទ្ធ ដោយសារអ្នកទាំងពីរមានចំណូលចិត្តដូចគ្នា។ បន្ទាប់ពីជួបបញ្ហាស្រដៀងគ្នានៅកន្លែងធ្វើការ ពួកគេបានសម្រេចចិត្តចាប់ដៃគ្នាបង្កើតអាជីវកម្មមួយនេះឡើង ហើយបានត្រួសត្រាយផ្លូវឱ្យអាជីវកម្ម Point Hub ចេញរូបរាងជាផ្លូវការក្នុងឆ្នាំ ២០២០។ 

 

មូលហេតុចម្បងដែលពួកគេចាប់ផ្តើម គឺដោយសារមើលឃើញថា ទោះបីជាមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានបោះទុនវិនិយោគក៏ដោយ ប៉ុន្តែពួកក្រុមហ៊ុនទាំងច្រើនតែមើលរំលងតម្រូវការជាក់ស្តែងរបស់អាជីវកម្មខ្នាតតូច។ ដូច្នេះ សហគ្រិនវ័យក្មេងទាំងពីររូបនេះចង់ឱ្យអាជីវកម្មរបស់ខ្លួនដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញចន្លោះខ្វះខាតនេះ។ 

 

ទោះជាយ៉ាងណា ពួកគេបានជួបប្រទះការលំបាកនៅពេលចាប់ផ្តើមដំបូង ដោយសារខ្វះជំនាញទីផ្សារ ដោយមានតែជំនាញការងារ និងបច្ចេកវិទ្យាប៉ុណ្ណោះ។ 

 

ជីងឡុង និយាយថា៖ ពេលចាប់ផ្តើមដំបូង វាពិបាកណាស់ ព្រោះគ្មាននរណាម្នាក់ស្គាល់ ឬទុកចិត្តយើងទេ។ យើងថែមទាំងបាន ចំណាយលុយផ្សព្វផ្សាយលើបណ្តាញសង្គម [សម្រាប់ផលិតផលរបស់យើង] ដើម្បីទាក់ទាញការចាប់អារម្មណ៍ ប៉ុន្តែហាក់ដូចជាគ្មាននរណាម្នាក់ត្រូវការវាសោះ។ 

 

លោកបន្ថែមថា វិស័យបច្ចេកវិទ្យាមានភាពគឺទូលំទូលាយណាស់ ដូច្នេះដើម្បីជោគជ័យ ទាមទារឱ្យមានការជួយជ្រោមជ្រែងពីអ្នកមានបទពិសោធន៍ក្នុងវិស័យនេះ ទើបអាចរុញសេវាកម្មនោះទៅដល់អតិថិជនគោលដៅ។ លោកថា ដំបូងឡើយ វាពិបាកខ្លាំងណាស់ក្នុងការបញ្ចុះបញ្ចូលឱ្យគេបើកចិត្តប្រើប្រាស់កម្មវិធី Software របស់ពួកគេ។ 

 

ជីងឡុង កត់សម្គាល់ថា៖ “ដូច្នេះ យើងត្រូវការស្គាល់អាជីវកម្មរបស់យើងឱ្យច្បាស់ និងត្រូវមានភាពអត់ធ្មត់។ យើងត្រូវសិក្សាឱ្យច្បាស់ថាត្រូវផលិតប៉ុន្មាន ផ្តល់អ្វីខ្លះដល់អតិថិជន និងត្រូវធ្វើវាដោយរបៀបណា។ 

 

នៅដំណាក់កាលដំបូង ពួកគេគ្មានការិយាល័យ ឬពេលសម្រាកឡើយ សូម្បីតែថ្ងៃចុងសប្តាហ៍ ដោយខិតខំធ្វើការយ៉ាងខ្លាំងដើម្បីជំរុញផលិតផលរបស់ខ្លួន។ ជីងឡុង បានរំលឹកថា កាលនោះ មនុស្សជាច្រើនតែងតែសួរថា "តើអ្នកជានរណា?", "តើអ្នករកស៊ីយូរប៉ុណ្ណាហើយ?" "បើខ្ញុំទិញផលិតផលអ្នក ហើយអ្នកបិទអាជីវកម្ម តើខ្ញុំត្រូវទៅរកនៅឯណា?" 

 

ជីងឡុងបន្ថែមថា៖ យើងបាត់បង់អតិថិជនជាច្រើនដោយសារយើងមិនមានការិយាល័យ ដែលធ្វើឱ្យពួកគាត់មិនមានទំនុកទុកចិត្តមកលើពួកយើង។ 

 

លោក ម៉េងហៀង និយាយថា ពីរឆ្នាំបន្ទាប់ពីចាប់ផ្តើមអាជីវកម្ម ពួកគេមានអារម្មណ៍ចង់បោះបង់ចោលម្តងៗ ដោយសារវាត្រូវការការខិតខំប្រឹងប្រែងខ្លាំងពេក ខណៈចំណូលដែលទទួលបាន ក៏មិនអាចទប់ទល់ការចំណាយ។ កាលនោះ ពួកគេចាប់ផ្តើមគិតថា បើត្រលប់ទៅធ្វើការឱ្យគេវិញ ប្រហែលជាស្រួលជាង។  

 

ម៉េងហៀង បាននិយាយថា៖ប៉ុន្តែយើងបានប្រាប់ខ្លួនឯងថា យើងមិនគួរ បោះបង់វាចោលទេ។ យើងត្រូវរំលឹកខ្លួនឯងថា តើយើងចាប់ផ្តើមដោយរបៀបណា និងហេតុអ្វី... ហេតុអ្វីបានជាយើងខំចាប់ផ្តើម បើយើងចង់បោះបង់វាចោលនៅពេលនេះ? ដូច្នេះ យើងក៏សម្រេចចិត្តខាំមាត់បន្តដំណើរទៅមុខទៀត។”  

 

ម៉េងហៀង​ តាំងចិត្តដោយស្នាមញញឹមថា៖ ខ្ញុំមានមោទនភាពចំពោះក្រុមការងារតូចរបស់យើងនៅទីនេះ។ វាមិនមែនគ្រាន់តែជាការងារទេ ប៉ុន្តែយើងបានផ្តល់អាជីព និងជំនាញដល់យុវជនជំនាន់ក្រោយ។ ទោះបីជាថ្ងៃមុខពួកគេចាកចេញទៅ ក៏ពួកគេទទួលបានជំនាញល្អៗសម្រាប់អនាគតរបស់ពួកគេដែរ។”  

 

ចំណុចរបត់ដែលកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវ 

 

ពន្លឺនៃក្តីសង្ឃឹមរបស់ពួកគេបានលេចឡើង នៅពេលដែលអាជីវកម្មកំពុងស្ថិតក្នុងចំណុចទាបបំផុត។ ការលក់ដែលគួរឱ្យខកចិត្ត បានជំរុញឱ្យពួកគេស្វែងរកច្រកចេញដើម្បីកែលម្អស្ថានការណ៍។។ នៅខែមេសា ឆ្នាំ ២០២៥ ពួកគេបានចូលរួមនៅក្នុងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល (DPA)​ ដែលផ្តួចផ្តើមឡើងដោយមជ្ឈមណ្ឌលធុរកិច្ចថ្មី តេជោ ដោយមានការគាំទ្រពី ធនាគារ វីង។ 

 

ទោះបីជាពួកគេមានផលិតផលដែលគិតថាអាចចូលទីផ្សារបានក៏ដោយ ក៏ពួកគេជឿជាក់ថា កម្មវិធី DPA នឹងជួយបង្ហាញផលិតផលរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នា ពួកគេអាចរៀនពីរបៀបគ្រប់គ្រងអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផង 

 

ជីងឡុង និយាយថា៖យើងអាចចេញទៅរកទីផ្សារដោយខ្លួនឯង ឬទៅចូលរួមកម្មវិធីជាមួយមជ្ឈមណ្ឌលធុរកិច្ចថ្មី តេជោ។ ការសម្រេចចិត្តនេះគឺងាយស្រួលបំផុត។ 

 

លោកពន្យល់ថា មជ្ឈមណ្ឌលធុរកិច្ចថ្មី តេជោ មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅក្នុងប្រទេសកម្ពុជា។ សហគ្រិនទាំងពីររូបនេះបានពិនិត្យមើលសកម្មភាព និងកម្មវិធីពីមុនៗរបស់មជ្ឈមណ្ឌលធុរកិច្ចថ្មី តេជោ ព្រមទាំងគំនិតផ្តួចផ្តើមនានា​ដែលស្ថាប័នមួយនេះយកចិត្តទុកដាក់ជួយលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី។ លោកបញ្ជាក់ថា៖ ការជឿទុកចិត្តលើមជ្ឈមណ្ឌលធុរកិច្ចថ្មី តេជោ និងចូលរួមកម្មវិធីនេះ មិនមែនជាការសម្រេចចិត្តដ៏លំបាកនោះឡើយ។” 

 

បន្ទាប់ពីបញ្ចប់កម្មវិធី DPA យុទ្ធសាស្ត្រផ្តោតលើការធ្វើអាជីវកម្ម​ និងការរៀបចំផែនការធ្វើទីផ្សារបានផ្លាស់ប្តូរទាំងស្រុងទៅរកភាពល្អប្រសើរ ហើយការលក់ក៏បានកើនឡើងជាលំដាប់ទៀតផង 

 

 ជីងឡុង និយាយថា៖ “យើងបានរៀនពីរបៀបគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ព្រមទាំងកំណត់ទីតាំងផលិតផលរបស់យើងឱ្យត្រូវនឹងតម្រូវការទីផ្សារ។ យើងនៅតែរក្សាទំនាក់ទំនងជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ហើយពួកគេបន្តគាំទ្រយើង។ យើងពិតជាកោតសរសើរចំពោះក្រុមការងារ និងសហគមន៍នៅក្នុងស្ថាប័ននេះ ដែលបានជួយត្រួសត្រាយផ្លូវជាច្រើនសម្រាប់អាជីវកម្មរបស់ពួកយើង។” 

 

ការបណ្តុះបណ្តាលរយៈពេល ៣ ខែជាមួយកម្មវិធី DPA របស់មជ្ឈមណ្ឌលធុរកិច្ចថ្មី តេជោ បានផ្តល់ឱ្យពួកគេនូវជំនាញបច្ចេកទេសអាជីវកម្ម ការគ្រប់គ្រង និងប្រតិបត្តិការ។ 

 

លោក ម៉េងហៀង និយាយថា៖ យើងមាន POS [ប្រព័ន្ធគ្រប់គ្រងលក់] ប៉ុន្តែយើងចង់កសាងប្រព័ន្ធអេកូឡូស៊ីមួយដែល POS អាចភ្ជាប់ទៅកាន់អាជីវកម្មផ្សេងទៀតបាន ដើម្បីឱ្យក្នុងរយៈពេល ១០ ឆ្នាំខាងមុខ យើងមានបុគ្គលិក ២០ ទៅ ៣០ នាក់ ទទួលបានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀនយុវជនជំនាន់ក្រោយសំដៅរួមចំណកជំរុញសេដ្ឋកិច្ចក្នុងស្រុក។ 

 

Point Hub ក៏ត្រូវបានជ្រើសរើសជាអាជីវកម្ម ក៏ទទួលបានជ័យលាភីសម្រាប់ការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា តាមរយៈនវានុវត្តន៍ និងសហគ្រិនភាព។ 

បច្ចុប្បន្នអាជីវកម្មនេះមានបុគ្គលិកប្រហែល ៥ នាក់ ប៉ុន្តែលោក ម៉េងហៀង សង្ឃឹមថាក្នុងរយៈពេល ១០ ឆ្នាំទៀត វានឹងរីកចម្រើនដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់យុវជនជំនាន់ក្រោយដែលមានចំណូលចិត្តលើបច្ចេកវិទ្យា។ 

 

ការជំរុញកំណើនអាជីវកម្មតាមរយៈនវានុវត្តន៍ 

 

លោក សុខ ណាំ ប្រធានកម្មវិធីធុរកិច្ចថ្មី នៅមជ្ឈមណ្ឌលធុរកិច្ចថ្មី តេជោ បាននិយាយថា ស្ថាប័ននេះកំពុងគាំទ្រចក្ខុវិស័យរបស់រដ្ឋាភិបាលដោយការលើកកម្ពស់ធុរកិច្ចថ្មី តាមរយៈកម្មវិធីលើកកម្ពស់អាជីវកម្មជាច្រើនដូចជា៖ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល កម្មវិធីនវានុវត្តន៍បញ្ច្រាស ដែលកម្មវិធីនីមួយៗសុទ្ធសឹងតែមានគំរូពិសេសៗដាច់ដោយឡែកពីគ្នា។ 

 

លើសពីនេះទៀត​ មជ្ឈមណ្ឌលនេះក៏ផ្តល់ជូនកម្មវិធីសហគមន៍ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងសហគ្រិនដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្ម ដូចជាកម្មវិធីមាតិកាឌីជីថល និងកម្មវិធី Hackathons ជាដើម។ 

 

លោក សុខ ណាំ បានបញ្ជាក់ថា៖ ជាធម្មតា យើងធ្វើការជាមួយធុរកិច្ចថ្មី រយៈពេល ៣ ខែ ដោយមានការគាំទ្រផ្ទាល់តែម្តង។ គោលដៅរបស់យើងគឺជួយ ធុរកិច្ចថ្មី ក្នុងការបញ្ចេញផលិតផលរបស់ពួកគេទៅកាន់ទីផ្សារឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ នេះគឺជាគោលការណ៍សំខាន់សម្រាប់ធុរកិច្ចថ្មី ដើម្បីទទួលបានសន្ទុះ ហើយរៀនសូត្របានលឿន។ 

 

បន្ទាប់ពីរយៈពេល ៣ ខែ ជំនួយត្រូវបានផ្តល់ជូនផ្អែកលើតម្រូវការរបស់ធុរកិច្ចនីមួយៗ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយធុរកិច្ចថ្មី អាចស្វែងរកទីផ្សារក្នុងស្រុកតាមរយៈកម្មវិធីដៃគូនានា។ ទោះយ៉ាងនេះក្តី លោក សុខ ណាំ និយាយថា ពួកគេប្រឈមមុខនឹងការលំបាក រួមទាំងបញ្ហាហិរញ្ញវត្ថុ ដោយសារការផ្តល់មូលនិធិក្នុងស្រុកហាក់នៅមានកម្រិត ហើយការទទួលបានទុនវិនិយោគក្នុងតំបន់ទៀតសោតពិបាកសម្រេចបាន ដោយសារប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍនៅឡើយ។ 

 

លោកបន្ថែមថា៖ យើងបានឃើញកំណើននៃមូលនិធិ មួយចំនួន ដូចជាមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) ដែលថ្មីៗនេះបានប្រកាសពីកញ្ចប់មូលនិធិសម្រាប់ជួយគាំទ្រដល់ធុរកិច្ចថ្មី សម្រាប់វិស័យបច្ចេកវិទ្យា ដែលទំនងបង្កើតផលិតផលសម្រាប់ទីផ្សារក្នុងទីផ្សារស្រុក ដែលមានទំហំតូចនៅឡើយ។

 

គិតត្រឹមដំណាច់ឆ្នាំ ២០២៤ មជ្ឈមណ្ឌលធុរកិច្ចថ្មី តេជោ បានផ្តល់មូលនិធិគាំទ្រសរុបជាង ១ ពាន់លានរៀល ដល់ក្រុមធុរកិច្ចថ្មីចំនួន ៦៩អាជីវកម្ម។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺក្នុងចំណោមនោះមាន ៦៤% កំពុងបន្តដំណើរការអាជីវកម្មរបស់ខ្លួនយ៉ាងសកម្ម។ លើសពីនេះ ជ័យលាភីចំនួន ៤ រូប ថែមទាំងបានចាប់ដៃគ្នាបង្កើតសហគមន៍ថ្មីមួយឈ្មោះថា «Chaktomuk Digital Hub» ដើម្បីជួយចែករំលែកបទពិសោធន៍ និងគាំទ្រដល់ធុរកចិ្ចថ្មីក្នុងស្រុកផ្សេងទៀតផងដែរ។ 

 

កម្មវិធី DPA នេះ គ្រាន់តែជាផ្នែកមួយនៃភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាង ធនាគារ វីង និង មជ្ឈមណ្ឌលធុរកិច្ចថ្មី តេជោ ប៉ុណ្ណោះ។ កន្លងមក ស្ថាប័នទាំងពីរបានសហការគ្នាដំណើរការកម្មវិធីសំខាន់ៗជាច្រើនដូចជា៖​ កម្មវិធីនាវនុវត្តន៍បញ្ជ្រាស (រដូវកាលទី ១-៤), កម្មវិធីពន្លឿនអាជីវកម្នសម្រាប់សហគ្រាសធុន តូច និងមធ្យម (ឆ្នាំ២០២១), កម្មវិធី Turning Hackathon, កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជិថលសម្រាប់ឆ្នាំ ២០២២ ២០២៣ និងឆ្នាំ២០២៥។​​ បន្ថែមពីនេះ ធនាគារ វីង ក៏បានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សាពីប្រព័ន្ធអេកូឡូស៊ីនៅវៀតណាមក្នុងឆ្នាំ ២០២៤ផងដែរ ជារួម កិច្ចសហការប្រកបដោយផ្លែផ្កានេះ បានជួយគាំទ្រដល់ធុរកិច្ចថ្មីសរុបចំនួន ១៦០ អាជីវកម្ម និងបានចូលរួមចំណែកបង្កើតការងារជូនប្រជាជនកម្ពុជាបានជាង .០០០ កន្លែងទៀតផង 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តាមរយៈឱកាសិក្សាមុខវិជ្ជា STEM យុវតីកំព្រាម្នាក់កំពុងជម្នះភាពក្រីក្រ ដើម្បីសម្រេចក្តីស្រមៃ

នៅពេលដែលយុវតី ឃុន មនោរម្យ បានប្រើប្រាស់កុំព្យូទ័រជាលើកដំបូង យុវតីរូបនេះបានមើលឃើញពីពិភពលោកដ៏ធំទូលាយមួយ ដោយមានការជួយជ្រោមជ្រែងពីអង្គការមូលនិធិកុមារកម្ពុជា (CCF)។ ឱកាសក្នុងការក្រេបជញ្ជក់ចំណេះដឹងលើជំនាញ STEM និងបច្ចេកវិទ្យាឌីជីថល បានក្លាយជាស្ពានចម្លងសិស្សានុសិស្សដូចជាយុវតីរូបនេះ ឱ្យរើបម្រាសពីភាពក្រីក្រ និងភាពលំបាក ដើម្បីចាប់យកអនាគតការងារនៃក្តីស្រមៃក្នុងវិស័យហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Feb 23, 2026

អានរហ័ស

ធ្លាប់ត្រូវគេឆបោកទិញទំនិញតាមអនឡាញ សហគ្រិនស្រ្តីម្នាក់បង្កើតផ្លេតហ្វមទិញ-លក់អីវ៉ាន់តាមអ៊ិនធឺណិតរហូតមានការគាំទ្រពីអ្នកប្រើប្រាស់ខ្ទង់ម៉ឺននាក់

បន្ទាប់ពីបាត់បង់លុយអស់ ៥០០ ដុល្លារក្នុងការទិញទំនិញតាមប្រព័ន្ធអនឡាញ សហគ្រិនស្ត្រីកម្ពុជាម្នាក់គឺលោកស្រីសែម ពុទ្ធារី មិនបានបណ្តោយឱ្យបទពិសោធន៍ដ៏អាក្រក់នេះបង្អាក់ស្មារតីរបស់គាត់ឡើយ។ ផ្ទុយទៅវិញ លោកស្រីបានប្រែក្លាយបញ្ហានេះទៅជាគំនិតអាជីវកម្ម ដោយបង្កើតនូវផ្លេតហ្វមសេវាកម្មអនឡាញមួយ ដែលមានគោលបំណងជួយការពារអតិថិជនពីការឆបោក និងគាំទ្រដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មខ្លួនឯង។

ចេញផ្សាយនៅ: Jan 30, 2026

អានរហ័ស

MyLekha ផ្តល់ដំណោះស្រាយដ៏សំបូរបែប និងងាយស្រួលសម្រាប់អាជីវករសម័យថ្មី

បង្កើតឡើងក្នុងអំឡុងពេលកូវីដ-១៩ MyLekha ដែលជាធុរកិច្ចបង្កើតថ្មីក្នុងស្រុកមួយ បានកែប្រែពីស្ថានភាពហៀបនឹងបោះបង់ ក្លាយជាប្រព័ន្ធគ្រប់គ្រងការលក់ (POS) ដែលផ្តល់ជូនអ្នកប្រើប្រាស់ក្នុងតម្លៃត្រឹមតែ ៥ ដុល្លារក្នុងមួយខែ។

ចេញផ្សាយនៅ: Jan 29, 2026