បង្កើតឡើងក្នុងអំឡុងពេលកូវីដ-១៩ MyLekha ដែលជាធុរកិច្ចបង្កើតថ្មីក្នុងស្រុកមួយ បានកែប្រែពីស្ថានភាពហៀបនឹងបោះបង់ ក្លាយជាប្រព័ន្ធគ្រប់គ្រងការលក់ (POS) ដែលផ្តល់ជូនអ្នកប្រើប្រាស់ក្នុងតម្លៃត្រឹមតែ ៥ ដុល្លារក្នុងមួយខែ។ បច្ចុប្បន្ន មានអាជីវកម្មជាង ២០០ នៅទូទាំងប្រទេសកំពុងប្រើប្រាស់វា ដែលនេះសបញ្ជាក់ថា បច្ចេកវិទ្យាក្នុងស្រុកដែលមានតម្លៃសមរម្យ អាចជួយជំរុញការផ្លាស់ប្តូរតាមបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាបានកាន់តែប្រសើរ។
ក្នុងទីផ្សារដែលពោរពេញដោយកម្មវិធី Software មានតម្លៃថ្លៃ ហើយស្មុគស្មាញ ផ្លេតហ្វមរបស់អាជីវកម្ម MyLekha កំពុងទទួលបានជោគជ័យដោយប្រើប្រាស់យុទ្ធសាស្ត្រផ្ទុយពីគេ។ តាមរយៈការផ្ដល់ជូននូវឧបករណ៍គ្រប់គ្រងស្តុកទំនិញ ការលក់ និងការគ្រប់គ្រងបុគ្គលិកក្នុងតម្លៃត្រឹមតែ ៥ ដុល្លារក្នុងមួយខែ គំរូអាជីវកម្មមួយនេះបានបង្ហាញថា ការធ្វើទំនើបកម្មអាជីវកម្មតាមបែបឌីជីថល មិនចាំបាច់ចំណាយប្រាក់ច្រើនសម្រាប់ SMEs នៅកម្ពុជានោះទេ។
លោក គា ចាន់គ្រឹស្នា នាយកប្រតិបត្តិ និងជាស្ថាបនិក MyLekha Tech Solutions បានឱ្យដឹងថា កម្មវិធី MyLekha គឺជាប្រព័ន្ធគ្រប់គ្រងការលក់ (POS) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងអាជីវកម្ម ស្តុកទំនិញ ការលក់ ក៏ដូចជាគ្រប់គ្រងទិន្នន័យអតិថិជនបានពីគ្រប់ទីកន្លែង មិនថានៅទីណាក៏ដោយ។
លោកបាននិយាថា៖ “នៅពេលប្រើកម្មវិធីនេះ ម្ចាស់អាជីវកម្មអាចគ្រប់គ្រងការងាររបស់ពួកគាត់បានគ្រប់ពេលវេលាលើគ្រប់ឧបករណ៍ទាំងអស់ មិនថាជាទូរសព្ទដៃ កុំព្យូទ័រ ថេប្លេត ឬ iPad នោះទេ។”
MyLekha ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១៩ ដែលជាពេលវេលាដ៏លំបាកបំផុត ខណៈដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង។ លោក ចាន់គ្រឹស្នា បានរំលឹកថា កាលនោះអាជីវកម្មជាច្រើនកំពុងជួបបញ្ហា ប៉ុន្តែ MyLekha បានព្យាយាមពុះពារងើបឡើងដោយខ្លួនឯង។
លោក ចាន់គ្រឹស្នា បានលើកឡើងពីមូលហេតុចម្បង ៣ ដែលជំរុញឱ្យលោកចាប់ផ្ដើមអាជីវកម្មនេះ។ ទីមួយ លោកមានឪពុកធម៌ម្នាក់ដែលបើកហាងកាហ្វេ ប៉ុន្តែពិបាករកចំណូលដោយសារគាត់មិនអាចគ្រប់គ្រងលំហូរអាជីវកម្ម ជាពិសេសគឺចំណូល-ចំណាយមិនបានល្អ រហូតដល់ត្រូវបិទទ្វារ។
លោកបានបញ្ជាក់ទៀតថា៖ “ករណីមួយទៀត គឺមិត្តភក្តិរបស់ខ្ញុំឈ្មោះ ហេង។ គាត់បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីជួយអាជីវកម្មគាត់ដែរ ប៉ុន្តែដោយសារវាជាប្រព័ន្ធរបស់បរទេស វាមិនសូវស៊ីគ្នាជាមួយអាជីវកម្មនៅកម្ពុជាឡើយ។ នៅពេលគាត់ត្រូវការជំនួយបច្ចេកទេស ឬចង់ធ្វើបច្ចុប្បន្នភាព ក៏មានផលលំបាកដែរ។ នេះជាហេតុផលដែលនាំឱ្យមានគ្រប់គ្រងប្រព័ន្ធលក់ដូរមួយដែលស័ក្តិសមសម្រាប់គ្រប់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។”
លោក ចាន់គ្រឹស្នា ទទួលបានការបំផុសគំនិតពីការលំបាករបស់ដៃគូដំបូងរបស់លោក។ ទោះបីជាមានក្រុមហ៊ុនបច្ចេកវិទ្យាក៏ដោយ ក៏ដៃគូរូបនោះខ្វះប្រព័ន្ធគ្រប់គ្រងការងារផ្ទាល់ខ្លួន និងមិនអាចលក់បន្តនូវកម្មវិធីដែលនាំចូលពីក្រៅប្រទេសបានឡើយ។ ចន្លោះប្រហោងនេះបានបង្ហាញពីតម្រូវការបន្ទាន់នូវដំណោះស្រាយគ្រប់គ្រងដែលមានប្រសិទ្ធភាព ហើយអាចឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មក្នុងស្រុកដូចជា MyLekha ជាដើម។
លោកបានរៀបរាប់ទៀតថា៖ “កាលពីយើងចាប់ផ្ដើមដំបូង បញ្ហាប្រឈមធំបំផុតគឺការយល់ដឹងផ្នែកបច្ចេកវិទ្យា ព្រោះនៅមានកម្រិតនៅឡើយ។ ខណៈដែលយើងមានគោលដៅចង់បង្កើតបច្ចេកវិទ្យាឱ្យបានទូលំទូលាយដើម្បីជួយដល់គ្រប់ប្រភេទអាជីវកម្ម ដែលយើងហៅថា "ដំណោះស្រាយនៅក្នុងផ្លេតហ្វមតែមួយ” តែគោលបំណងដែលយើងចង់បាននៅពេលនោះហាក់នៅសែនឆ្ងាយ។”
បញ្ហាប្រឈមមួយទៀតគឺដើមទុន។ លោក ចាន់គ្រឹស្នា បានបង្កើត MyLekha ដោយប្រើកញ្ចប់ថវិកាតិចតួច ហើយត្រូវចំណាយយ៉ាងច្រើនលើសេវាផ្ទុកទិន្នន័យទៅលើសេវាក្លោធ (Cloud) ដែលធ្វើឱ្យអាជីវកម្មរបស់លោកជិតដួលរលំជាច្រើននដង។ លោកបានបន្ថែមថា ការងារក្រុម ការគ្រប់គ្រងពេលវេលា និងហិរញ្ញវត្ថុ ក៏ជាបញ្ហាប្រឈមធំៗផងដែរ។
លោក ចាន់គ្រឹស្នា បានបញ្ជាក់ថា ដំបូងឡើយលោកមានដើមទុនតែ ១៥,០០០ ដុល្លារ ដើម្បីចាប់ផ្ដើមអាជីវកម្មក្រោមការគាំទ្រពីដៃគូដំបូង។ ប៉ុន្តែនៅពេលកូវីដ-១៩ ផ្ទុះឡើង ប្រតិបត្តិការហិរញ្ញវត្ថុមានការរអាក់រអួល ដែលធ្វើឱ្យលោកនៅសល់ថវិកាត្រឹមតែ ១,០០០ ទៅ ២,០០០ ដុល្លារប៉ុណ្ណោះដើម្បីបន្តដំណើរជាមួយអាជីវកម្មនេះ។
លោកបានរំលឹកគ្រាដ៏ត្រដាបត្រដួសនោះថា៖ “យើងបានផ្ដល់សេវាកម្មដោយឥតគិតថ្លៃក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង។ កាលពីមិនគិតលុយ មានអតិថិជនច្រើនណាស់ ប៉ុន្តែនៅពេលយើងចាប់ផ្ដើមគិតលុយ ចំនួនអតិថិជនក៏ចាប់ផ្តើមមានចំនួនតិចទៅ។”
លោក ចាន់គ្រឹស្នា បានបន្ថែមថា ដៃគូរបស់លោកដែលធ្លាប់ដំណើរការក្រុមហ៊ុនបច្ចេកវិទ្យា គឺជាមនុស្សសំខាន់ក្នុងការផ្សព្វផ្សាយ MyLekha ទៅកាន់ដៃគូអាជីវករ។ “គាត់បានយក MyLekha ទៅជំនួសប្រព័ន្ធចាស់ៗដែលអតិថិជនគាត់ធ្លាប់ប្រើតែមិនសូវមានប្រសិទ្ធភាព។ ហើយ MyLekha ពិតជាអាចជួយពួកគេបានមែន ហើយថែមទាំងប្រើប្រាស់ឥតគិតថ្លៃសេវាទៀតផងនាពេលនោះ។”
លោកបានបន្តថា៖ “ទោះជាយ៉ាងណា បន្ទាប់ពីផ្ដល់សេវាឥតគិតថ្លៃអស់ ៥ ឆ្នាំ យើងចាប់ផ្ដើមយកកម្រៃត្រឹមតែ ៥ ដុល្លារក្នុងមួយខែ យើងបែរជាបាត់បង់អតិថិជនទៅវិញ។ នោះជាពេលដ៏លំបាក ប៉ុន្តែយើងនៅតែបន្តស្វែងរកបញ្ហាពិតប្រាកដ និងអតិថិជនគោលដៅដែលត្រូវការសេវាកម្មនេះមែនទែន ហើយមានលទ្ធភាពបង់ថ្លៃសេវា”។ លោកបន្ថែមថា បច្ចុប្បន្នផ្នត់គំនិតមនុស្សចាប់ផ្ដើមផ្លាស់ប្តូរហើយ ដោយបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “មកទល់ពេលនេះ មានអាជីវកម្មជាង ២០០ កំពុងប្រើប្រាស់សេវាកម្មរបស់យើង ហើយពួកគេពិតជាពេញចិត្ត ព្រោះម្ចាស់អាជីវកម្មអាចគ្រប់គ្រងប្រតិបត្តិការបានយ៉ាងងាយស្រួល។”
អតិថិជនភាគច្រើនរបស់លោក ចាន់គ្រឹស្នា គឺជាហាងកាហ្វេ ភោជនីយដ្ឋាន និងម៉ាត នៅក្នុងតំបន់គោលដៅដូចជា ខេត្តសៀមរាប ភ្នំពេញ ព្រះសីហនុ កំពត បាត់ដំបង និងបន្ទាយមានជ័យ។
“ទោះបីជាតំបន់ខ្លះមិនមែនជាគោលដៅចម្បង ប៉ុន្តែមានអតិថិជនជាច្រើនទៀតបានចាប់អារម្មណ៍សេវាកម្មរបស់យើង រួមមានខេត្តកោះកុង ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។ ដូច្នេះ MyLekha បានជួយដល់ប្រតិបត្តិការអាជីវកម្មនៅក្នុងខេត្តជាង ១០ ខេត្តហើយនៅទូទាំងប្រទេសកម្ពុជា។”
បេក្ខជនជ័យលាភីពានរង្វាន់ ពីកម្មវិធី នវានុវត្តន៍បញ្រ្ចាស
ក្នុងឆ្នាំ ២០២៤ លោក ចាន់គ្រឹស្នា បានឈ្នះពានរង្វាន់ ពីកម្មវិធីនវានុវត្តន៍បញ្រ្ចាស ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ក្រោមការឧបត្ថម្ភគាំទ្រពីធនាគារ វីង។ ធនាគារ វីង បានដើរតួនាទីយ៉ាងសំខាន់គ្រប់ដំណាក់កាល ដោយផ្ដល់នូវជំនាញអាជីវកម្ម ការណែនាំផ្ទាល់ និងមតិកែលម្អដ៏មានតម្លៃ ដែលជួយឱ្យម្ចាស់អាជីវកម្មសម្រួចគំរូអាជីវកម្ម និងដំណោះស្រាយរបស់ខ្លួនឱ្យកាន់តែប្រសើរ។
លោក ចាន់គ្រឹស្នា បាននិយាយថា៖ “នេះជាលើកទីពីរហើយដែលយើងចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ។ កាលពីលើកទីមួយ សូម្បីតែជាប់ទៅវគ្គបន្តក៏មិនអាចផង យើងដាក់ពាក្យហើយក៏ធ្លាក់។ ប៉ុន្តែនៅក្នុងការប្រកួតជំនាន់ទី៤ យើងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមផ្សេងទៀត។”
ទោះបីជាធ្លាប់ត្រូវបានបដិសេធនៅពេលដំបូង ប៉ុន្តែលោកថា វាជាបទពិសោធន៍មិនអាចកាត់ថ្លៃបានដើម្បីអភិវឌ្ឍគំនិតអាជីវកម្មរបស់លោក ហើយទីបំផុត MyLekha ទទួលបានរង្វាន់ជ័យលាភី ៤០ លានរៀល (ប្រហែល ១០,០០០ ដុល្លារ) ក្នុងថ្ងៃធ្វើបទបង្ហាញជាសាធារណៈនៃកម្មវិធីនវានុវត្តបញ្ច្រាសរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ។
ដោយមានការគាំទ្រពីធនាគារ វីង នៅក្នុងកម្មវិធីនេះ ជ័យលាភីនេះបានបញ្ជាក់ពីបេសកកម្មរបស់ MyLekha ក្នុងការផ្តល់ជូននូវឧបករណ៍គ្រប់គ្រងដែលងាយស្រួល និងពង្រីកវិសាលភាពបាន ដើម្បីសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ SMEs នៅកម្ពុជាដែលមិនទាន់ទទួលបានសេវាគ្រប់គ្រាន់។
“មានកត្តាជំរុញមួយចំនួនដែលធ្វើឱ្យយើងក្លាយជាម្ចាស់ជ័យលាភី។ យើងបានរៀនពីរបៀបកសាងស្មារតីក្រុម និងការងារជាក្រុម ព្រមទាំងតម្លាភាពហិរញ្ញវត្ថុ ដូច្នេះយើងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការបំពេញភារកិច្ចឱ្យជោគជ័យ ដូចដែលបានឃើញស្រាប់។”
លោកកត់សម្គាល់ថា ការកែលម្អអាជីវកម្មបានផ្ដល់នូវផ្លែផ្កា ដោយទទួលបានការទទួលស្គាល់កាន់តែខ្លាំងក្នុងវិស័យនេះ ជាពិសេសសមត្ថភាពក្នុងការកំណត់ថា សេវាកម្ម និងឧបករណ៍ណាដែលមានប្រសិទ្ធភាពបំផុតសម្រាប់ដោះស្រាយបញ្ហារបស់អតិថិជន។ កត្តាមួយទៀតដែលរុញច្រាន MyLekha ឱ្យទទួលបានជោគជ័យ គឺការប្តេជ្ញាចិត្តដ៏មោះមុត។
“សម្រាប់ដំណើររបស់ MyLekha ខ្ញុំចង់អរគុណដល់ភាគី ៣ ក្រុម។ ទីមួយ គឺសហស្ថាបនិករបស់យើង ដ្បិតគាត់បានចាកចេញក៏ដោយ។ ទីពីរ គឺសមាជិកក្រុមទាំងអស់ដែលកំពុងរួមចំណែកយ៉ាងខ្លាំង។ និងចុងក្រោយ គឺដៃគូពាក់ព័ន្ធ និងអ្នកគាំទ្រទាំងអស់ ជាពិសេសមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ និងធនាគារ វីង តែម្តង។”
ប្រកាន់ភ្ជាប់នូវស្មារតីដែលមិនបោះបង់
លោក ចាន់គ្រឹស្នា បានអះអាងថា បញ្ហាប្រឈមជាច្រើនស្ទើរតែធ្វើឱ្យលោកបោះបង់ក្ដីស្រមៃជាមួយអាជីវកម្ម MyLekha ទៅហើយ។ លោកមានអារម្មណ៍ថាបាត់បង់ទិសដៅ នៅពេលអាជីវកម្មមិនអាចរកចំណូលបានគ្រប់គ្រាន់ដើម្បីបន្តប្រតិបត្តិការ។
តាំងពីចាប់ផ្ដើមមក លោកក៏ទទួលបានមតិអវិជ្ជមានពីអ្នកប្រើប្រាស់ដែរ ជាពិសេសអ្នកដែលប្រើសេវាឥតគិតថ្លៃ។ ទោះជាយ៉ាងណា លោកតែងតែទទួលយកមតិទាំងនោះមកពិចារណា និងកែលម្អសេវាកម្ម ដោយលោកចាត់ទុកថាវាជាការរិះគន់ដើម្បីស្ថាបនាដែលមិនអាចកាត់ថ្លៃបាន។
ទោះជាយ៉ាងណា ការគាំទ្រមិនចេះរីងស្ងួតពីគ្រួសារបានជំរុញឱ្យលោកតស៊ូ។ បន្ថែមពីនេះ នៅពេលលោកចង់ឈប់ ក្រុមការងារវ័យក្មេងរបស់លោកបានចេញមុខផ្ដល់គំនិត និងការគាំទ្រគ្រប់បែបយ៉ាងដើម្បីដើរទៅមុខ។ ទាំងនេះជាហេតុផលចម្បងដែលធ្វើឱ្យលោកបន្តដំណើរមិនបោះបង់។
លោកបានរៀបរាប់ថា៖ “ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខ្ញុំចង់ឱ្យមនុស្សកាន់តែច្រើនស្គាល់ MyLekha ហើយខ្ញុំក៏ចង់ឃើញវាមានសារៈសំខាន់សម្រាប់អាជីវកម្ម និងហាងនានា អាចកំណត់មុខងារអាទិភាពមុនពេលជ្រើសរើសបុគ្គលិកថ្មី ពោលគឺពួកគេនឹងផ្ដល់ការងារដល់អ្នកដែលចេះប្រើកម្មវិធីរបស់យើង។”
លោក ចាន់គ្រឹស្នា ក៏ចង់ពង្រីកអាជីវកម្មទៅកាន់ទីផ្សារអាស៊ីនាពេលអនាគតផងដែរ ព្រោះប្រទេសជាច្រើនមានគំរូអាជីវកម្មស្រដៀងនឹងកម្ពុជាដែរ។ លោកបាននិយាយថា៖ “ដូច្នេះ មិនថាអ្នកបើកហាងលក់រាយតូចតាច ឬភោជនីយដ្ឋានធំនោះទេ MyLekha អាចបត់បែនតាមតម្រូវការជាក់ស្ដែងរបស់អ្នក និងជួយបង្កើនប្រសិទ្ធភាពការងារសរុប។ យើងមិនមែនគ្រាន់តែជាកម្មវិធីកុំព្យូទ័រប៉ុណ្ណោះទេ យើងគឺជាដៃគូបច្ចេកវិទ្យាសម្រាប់ការរីកចម្រើនរបស់ដៃគូអាជីវករទាំងអស់។”
កម្លាំងចលករនៃរួមចំណែកអភិវឌ្ឍប្រទេសជាតិ
លោក ចាន់គ្រឹស្នា បង្កើតអាជីវកម្មនេះឡើងដើម្បីចូលរួមក្នុងកិច្ចការអភិវឌ្ឍសង្គម ក៏ដូចជាបង្កើតឱកាសឱ្យធុរកិច្ចបង្កើតថ្មីអាចអភិវឌ្ឍកម្មវិធី Software និងកម្មវិធីវិស្វកម្មផ្សេងៗ ដើម្បីឆ្លើយតបនឹងការវិវត្តជាបន្តបន្ទាប់នៃគំរូអាជីវកម្ម។
លោកបានបន្ថែមថា៖ “អ្វីដែលសំខាន់ជាងនេះទៅទៀត គឺខ្ញុំបានផ្ដល់ឱកាសការងារដល់យុវជនជំនាន់ក្រោយដែលស្រលាញ់វិស័យនេះ ដើម្បីឱ្យពួកគេស្វែងយល់ និងប្រែក្លាយសមត្ថភាព និងក្ដីស្រមៃរបស់ពួកគេឱ្យក្លាយជាការពិត។”
ដូច្នេះ លោកលើកទឹកចិត្តឱ្យយុវជនដើរតាមក្ដីស្រមៃរបស់ខ្លួន ជាពិសេសអ្នកដែលចង់ធ្វើជាសហគ្រិន។ ទោះជាយ៉ាងណា លោកសង្កត់ធ្ងន់លើការស្វែងរកចំណេះដឹងជាមុនសិន ដោយរៀនសូត្រពីអ្នកដែលធ្លាប់ឆ្លងកាត់ការបរាជ័យមុននឹងទទួលបានជោគជ័យ។
លោក ចាន់គ្រឹស្នា បានកត់សម្គាល់ថា រឿងរ៉ាវទាំងនោះផ្ដល់នូវមេរៀនសំខាន់ៗ និងចំណុចចាប់ផ្ដើមដែលមិនអាចខ្វះបានសម្រាប់អាជីវកម្មថ្មីៗដើម្បីទទួលបានជោគជ័យ។
កញ្ញា ស្រ៊ាង លីហួរ និស្សិតកម្មសិក្សាផ្នែក Full Stack Developer នៅ MyLekha Tech Solutions បាននិយាយថា៖ “ខ្ញុំសម្រេចចិត្តចូលរួមជាមួយ MyLekha ព្រោះវាជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយនៅខេត្តសៀមរាប ហើយខ្ញុំពិតជាចូលចិត្តគោលដៅរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រអាជីវកម្មក្នុងស្រុក។”
កញ្ញា ស្រ៊ាង លីហួរ បានបន្តថា៖ “អ្វីដែលធ្វើឱ្យខ្ញុំកាន់តែចាប់អារម្មណ៍ គឺការមានរៀមច្បងដែលមានបទពិសោធន៍ តែងតែរីករាយក្នុងការជួយណែនាំ និងចែករំលែកចំណេះដឹង ជាពិសេសជំនាញបច្ចេកទេស និងការដោះស្រាយបញ្ហា។”
កញ្ញាបានរៀបរាប់ឱ្យដឹងទៀតថា បរិយាកាសការងារនៅ MyLekha គឺមានភាពបើកចំហ និងបត់បែន ដែលអនុញ្ញាតឱ្យទាំងបុគ្គលិក និងនិស្សិតអាចទទួលខុសត្រូវលើការងាររបស់ខ្លួន និងរៀនសូត្រតាមរយៈបទពិសោធន៍ជាក់ស្ដែង។ កញ្ញានិយាយថា៖ “អំឡុងពេលនៅទីនេះ ខ្ញុំរៀនបានច្រើន មិនត្រឹមតែជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរបៀបគិត និងការដោះស្រាយបញ្ហាអាជីវកម្មជាក់ស្ដែងទៀតផង។ ទៅថ្ងៃមុខ ខ្ញុំគ្រោងនឹងយកអ្វីដែលបានរៀនពី MyLekha ជាពិសេសផ្នត់គំនិតដែលផ្ដោតលើគុណភាពជាចម្បង និងស្តង់ដារខ្ពស់ ដើម្បីធ្វើការឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមចំណែកឱ្យកាន់តែប្រសើរក្នុងគម្រោង និងបញ្ហាប្រឈមនៃអាជីវកម្មនាពេលអនាគត។”

