វគ្គ១៧៖ ហិរញ្ញប្បទានពាណិជ្ជកម្ម៖ ដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់ការគ្រប់គ្រងលំហូរសាច់ប្រាក់អាជីវកម្មដ៏មានប្រសិទ្ធភាព

ការដេញថ្លៃឈ្នះគម្រោង មិនគួរធ្វើឱ្យអ្នកមានការព្រួយបារម្ភអំពីការរាំងស្ទះដល់ទុនបង្វិលរបស់អ្នកឡើយ។ ស្របពេលដែលកម្ពុជាកំពុងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនម៉ៅការសំណង់មួយចំនួនបានលើកឡើងថា ការទទួលបានសេវាធានាផ្នែកហិរញ្ញវត្ថុគឺជារឿងចាំបាច់បំផុត ដើម្បីអាចប្រកួតប្រជែងបានដោយមិនដាក់សម្ពាធលើលំហូរសាច់ប្រាក់របស់ពួកគេ។

ចេញផ្សាយនៅ: Jul 17, 2026

ក្រុមហ៊ុនម៉ៅការសំណង់ខ្នាតមធ្យមមួយនៅកម្ពុជា បានដេញថ្លៃឈ្នះគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋដែលមានតម្លៃរាប់លានដុល្លារ។ ក្តីរំភើបកើតឡើងភ្លាមៗ ប៉ុន្តែតម្រូវការបន្ទាន់ក៏មកដល់ព្រមគ្នាដែរ។ សម្ភារៈខ្លះដូចជាដែកត្រូវកុម្ម៉ង់ពីប្រទេសចិន មួយផ្នែកទៀតត្រូវនាំចូលពីប្រទេសវៀតណាម ចំណែកឯក្រុមហ៊ុនម៉ៅការសំណង់បន្តទាមទារប្រាក់កក់ ហើយកម្មកររង់ចាំបើកប្រាក់ខែ ដែលទាំងអស់នេះសុទ្ធតែត្រូវចំណាយប្រាក់ មុនពេលទទួលបានការទូទាត់ប្រាក់ដំណាក់កាលទី១ទៅទៀត។

 

ពាណិជ្ជកម្មអន្តរជាតិរឹតតែបន្ថែមភាពស្មុគស្មាញមួយកម្រិតទៀត រាប់ចាប់ពីគម្លាតភូមិសាស្រ្ត ភាពខុសគ្នានៃបទប្បញ្ញត្តិ រហូតដល់ហានិភ័យនៃអត្រាប្តូរប្រាក់។ សម្រាប់ក្រុមហ៊ុនម៉ៅការសំណង់ជាច្រើន នេះគឺជារបត់នៃឱកាស ប៉ុន្តែក៏បានក្លាយទៅជាសម្ពាធផងដែរ

 

ស្របពេលដែលកម្ពុជាពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គម្រោងនានាក៏មានទំហំកាន់តែធំ និងភាពស្មុគស្មាញជាងមុន។ ទន្ទឹមនឹងនេះ តម្រូវការផ្នែកហិរញ្ញវត្ថុក៏កាន់តែតឹងរ៉ឹង ដែលដាក់សម្ពាធកាន់តែខ្លាំងឡើងសម្រាប់ទុនបង្វិល និងលំហូរសាច់ប្រាក់របស់ម្ចាស់អាជីវកម្ម។

 

ក្នុងន័យនេះហើយ ហិរញ្ញប្បទានពាណិជ្ជកម្ម កំពុងក្លាយជាដៃគូដ៏សំខាន់មួយក្នុងការជួយដោះស្រាយបញ្ហាប្រឈមនេះ។ ដោយបានចូលរួមគាំទ្រដល់ពាណិជ្ជកម្មសកលរហូតដល់ ៨០ ទៅ ៩០% សេវាកម្មនេះបានផ្តល់ជូននូវដំណោះស្រាយជាប្រព័ន្ធ ដូចជាលិខិតធានាហិរញ្ញវត្ថុ និងលិខិតឥណទាន ដែលជួយឱ្យអាជីវកម្មអាចគ្រប់គ្រងហានិភ័យបានយ៉ាងល្អ និងធានាថារាល់ការទូទាត់ ឬប្រតិបត្តិការទិញលក់ គឺនៅតែបន្តដំណើរការដោយរលូនជានិច្ច។

 

យោងតាមធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា តម្រូវការហិរញ្ញប្បទានពាណិជ្ជកម្មកំពុងកើនឡើង ស្របពេលដែលកំណើនសេដ្ឋកិច្ច និងសកម្មភាពពាណិជ្ជកម្មក្នុងប្រទេសកំពុងពង្រីកខ្លួនជាបន្តបន្ទាប់។ ជាក់ស្តែង លិខិតធានាផ្នែកហិរញ្ញវត្ថុ ដូចជា លិខិតធានាការអនុវត្តកិច្ចសន្យា និងលិខិតធានាប្រាក់កក់ បានក្លាយជាតម្រូវការទូទៅនៅក្នុងកិច្ចសន្យាគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ 

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមិនបានរៀបចំជម្រើសហិរញ្ញវត្ថុទាំងនេះឱ្យមានប្រសិទ្ធភាពទេនោះ វាអាចនឹងធ្វើឱ្យគាំងទុនបង្វិលយ៉ាងច្រើន ដែលបង្កើតជាសម្ពាធនៅចំពេលដែលអាជីវកម្មកំពុងសម្លឹងរកមើលឱកាសរីកចម្រើនថ្មីៗ។ 

 

ក្នុងស្ថានភាពបែបនេះ ប្រសិនបើគ្មានការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុត្រឹមត្រូវទេ ការដេញថ្លៃឈ្នះគម្រោងអាចនឹងធ្វើឱ្យរាំងស្ទះដល់សន្ទនីយភាពសាច់ប្រាក់មុនពេលគម្រោងចាប់ផ្តើម។

 

លោក ឡាយ ហ្សានិត អនុប្រធានសមាគមអ្នកវិនិយោគម៉ៅការសាងសង់ និងស្ថាបត្យកម្មកម្ពុជា (CICAA) បាននិយាយថា វិស័យនេះមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការកើនឡើងនៃការវិនិយោគពីបរទេស។

 

លោកបានលើកឡើងថា៖ “ការយឺតយ៉ាវក្នុងការទូទាត់ប្រាក់ពីសំណាក់ម្ចាស់គម្រោង នៅតែជាបញ្ហាប្រឈមទូទៅមួយ ដែលដាក់សម្ពាធយ៉ាងខ្លាំងលើទុនបង្វិល និងប្រតិបត្តិការប្រចាំថ្ងៃ។”

 

ក្រុមហ៊ុនម៉ៅការសំណង់ប្រឈមបញ្ហាលំបាកជាមួយសម្ពាធលំហូរសាច់ប្រាក់

 

ទោះបីជាឱកាសមានកាន់តែច្រើនក៏ដោយ ក្រុមហ៊ុនម៉ៅការនៅតែប្រឈមជាមួយនឹងបញ្ហាហិរញ្ញវត្ថុ។ ប្រាក់ចំណេញតិច និងការកើនឡើងនៃថ្លៃដើម ដែលធ្វើឱ្យមានការលំបាកក្នុងការរក្សាតុល្យភាពរវាងការបើកប្រាក់ឈ្នួល ការបញ្ជាទិញ និងការអនុវត្តគម្រោង ជាពិសេសសម្រាប់ក្រុមហ៊ុនខ្នាតតូច និងមធ្យម។

 

ការចំណាយគឺកើតឡើងភ្លាមៗ ខណៈដែលប្រាក់ចំណូលជារឿយៗមានភាពយឺតយ៉ាវ។ គម្លាតនេះបង្កើតឱ្យមានកង្វះខាតថវិកា ដែលអាចធ្វើឱ្យដំណើរការគម្រោងមានភាពយឺតយ៉ាវ ឬកម្រិតលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការទទួលយកគម្រោងថ្មីៗ។

 

ម្ចាស់អាជីវកម្មជាច្រើនតែងតែជួបការលំបាកក្នុងការសម្រេចចិត្តថា តើគួររក្សាសាច់ប្រាក់ក្នុងដៃសម្រាប់ទប់ទល់ប្រតិបត្តិការប្រចាំថ្ងៃ ឬក៏យកទៅបណ្តាក់ទុនបន្ថែមលើឱកាសថ្មីៗ។  

ខណៈពេលដែលមានសេវាហិរញ្ញប្បទានពាណិជ្ជកម្មជាច្រើនប្រភេទ ក្រុមហ៊ុនម៉ៅការសំណង់កំពុងផ្តល់អាទិភាពកាន់តែខ្លាំងលើដំណោះស្រាយណាដែលអាចឆ្លើយតបទៅនឹងតម្រូវការចំណាយដំបូងៗនៃគម្រោងរបស់ពួកគេបានចំគោលដៅតែម្តង។

 

ការកសាងទំនុកចិត្តតាមរយៈលិខិតធានា

 

លិខិតធានាពីធនាគារ (Bank Guarantee) កំពុងក្លាយជាដំណោះស្រាយមានប្រសិទ្ធភាពបំផុតមួយ ដើម្បីផ្សាភ្ជាប់គម្លាតនេះ។ ជាពិសេស លិខិតធានាប្រាក់កក់ ដែលអនុញ្ញាតឱ្យធនាគារផ្តល់ការធានាដល់ម្ចាស់គម្រោង ដែលជួយឱ្យក្រុមហ៊ុនម៉ៅការអាចទទួលបានប្រាក់កក់បឋម ដោយមិនចាំបាច់កកស្ទះដើមទុនផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ ការណ៍នេះជួយឱ្យអាជីវកម្មអាចចល័តការងារបានលឿន រក្សាសាច់ប្រាក់ងាយស្រួល និងអនុវត្តគម្រោងបានកាន់តែមានប្រសិទ្ធភាព។

 

ក្នុងពេលជាមួយគ្នានេះ លិខិតធានាទាំងនេះជួយពង្រឹងទំនុកចិត្តរវាងភាគីពាក់ព័ន្ធទាំងអស់ ដោយកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងធានាបាននូវភាពជឿជាក់ក្នុងការប្រគល់គម្រោង។ 

លោក ឡាយ ហ្សានិត បាននិយាយទៀតថា៖ "ដំណោះស្រាយនេះជួយលើកកម្ពស់ទំនុកចិត្តរវាងភាគីពាក់ព័ន្ធ និងរួមចំណែកជាវិជ្ជមានដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនម៉ៅការសំណង់។"  

នៅក្នុងទីផ្សារប្រកួតប្រជែង ទំនុកចិត្តដ៏រឹងមាំនេះអាចជាអត្ថប្រយោជន៍ដ៏មានឥទ្ធិពលមួយ។

 

គាំទ្រកំណើនអាជីវកម្ម ជាមួយដៃគូហិរញ្ញវត្ថុឆ្លាតវៃ

 

ស្របពេលដែលតម្រូវការទាំងនេះមានការកើនឡើង គ្រឹះស្ថានធនាគារជាច្រើនក៏កំពុងដើរតួនាទីជាយុទ្ធសាស្ត្រកាន់តែសំខាន់ ក្នុងការគាំទ្រដល់អាជីវកម្មសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធនានា 

លោក Chan James នាយកផ្នែកលក់ និងប្រឹក្សាយោបល់ហិរញ្ញប្បទានពាណិជ្ជកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “អ្នកម៉ៅការសំណង់ត្រូវការលើសពីសេវាឥណទាន ពួកគេត្រូវការដំណោះស្រាយជាក់ស្តែង ដែលស៊ីសង្វាក់គ្នាជាមួយនឹងការអនុវត្តគម្រោងរបស់ពួកគេ។”

 

ធនាគារ វីង ផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មដែលរចនាឡើងយ៉ាងពិសេស រួមមាន លិខិតធានាប្រាក់កក់, លិខិតធានាការអនុវត្តកិច្ចសន្យា, លិខិតធានាការដេញថ្លៃ, លិខិតឥណទាន និងការគាំទ្រទុនបង្វិល  ដែលបង្កើតឡើងដើម្បីបំពេញតម្រូវការប្រតិបត្តិការរបស់អាជីវកម្ម ក៏ដូចជាក្រុមហ៊ុនម៉ៅការសាងសង់ផងដែរ។ 

លោកបានបញ្ជាក់ថា៖ “តាមរយៈលិខិតធានារបស់ធនាគារ និងការគាំទ្រទុនបង្វិល យើងជួយអាជីវកម្មឱ្យបំពេញតាមតម្រូវការកិច្ចសន្យា ព្រមទាំងរក្សាបាននូវភាពបត់បែនក្នុងការគ្រប់គ្រងប្រតិបត្តិការរបស់ពួកគេបានយ៉ាងរលូន។”

 

ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ក្រុមហ៊ុនម៉ៅសាងសង់អាចកាត់បន្ថយសម្ពាធលើលំហូរសាច់ប្រាក់ ជំរុញប្រសិទ្ធភាពការងារ និងពង្រីកអាជីវកម្មដោយភាពជឿជាក់។ 

ការលើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ

 

ធនាគារជាតិ នៃកម្ពុជា បានកត់សម្គាល់ថា តម្រូវការហិរញ្ញប្បទានដែលកំពុងកើនឡើងនេះ បានឆ្លុះបញ្ចាំងពីកំណើនជាបន្តបន្ទាប់នៃវិស័យហិរញ្ញវត្ថុក្នុងប្រទេស ស្របតាមការពង្រីកសេដ្ឋកិច្ចប្រកបដោយចីរភាព និងកំណែទម្រង់ជាបន្តបន្ទាប់ ក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០២១-២០៣០។

 

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ធនាគារ វីង កំពុងផ្តល់ជូនប្រូម៉ូសិនពិសេសក្នុងរយៈពេលមានកំណត់ ដោយគិតកម្រៃសេវាត្រឹមតែ ០,% ក្នុងមួយឆ្នាំ លើលិខិតធានារបស់ធនាគារ និងលិខិតឥណទាន ដោយមិនមានការគិតកម្រៃអប្បបរមា ព្រមទាំងមានការលើកលែងថ្លៃសេវារដ្ឋបាលលើសេវាកម្មដែលបានកំណត់មួយចំនួនផងដែរ។

 

ស្របពេលដែលកម្ពុជាកំពុងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ការគ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យមានប្រសិទ្ធភាពកំពុងក្លាយជារឿងសំខាន់ មិនខុសពីការប្រឹងប្រែងដេញថ្លៃឈ្នះគម្រោងនោះឡើយ។សម្រាប់អ្នកម៉ៅការសំណង់ដែលចង់រៀបចំទុនបង្វិលឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលិខិតធានាត្រឹមត្រូវចំគោលដៅ អាចទាក់ទងមកធនាគារ វីង ឥឡូវនេះ ដើម្បីទទួលបានការប្រឹក្សាយោបល់ពីក្រុមការងារជំនាញ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកក៏អាចចូលទៅកាន់គេហទំព័រផ្លូវការធនាគារ វីង wingbank.com.kh ទំព័រហ្វេសប៊ុក @WingBankKH ឬទូរសព្ទមកលេខ 023 999 989។ លោកអ្នកក៏អាចទុកព័ត៌មានទំនាក់ទំនង ដើម្បីឱ្យក្រុមការងារយើងខ្ញុំទាក់ទងត្រឡប់ទៅវិញបានភ្លាមៗ។

 

កំណត់សម្គាល់៖ អត្ថបទនេះត្រូវបានបកប្រែទាំងស្រុងពីអត្ថបទដើមដែលចុះផ្សាយដោយសារព័ត៌មានគិរីផូស

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

វគ្គ១៦៖ ហេតុផលអ្វីខ្លះដែលអាជីវកម្មខ្នាតតូចក្នុងស្រុកត្រូវការគាំទ្រពីធនាគារ ដើម្បីពង្រីកទីផ្សារ

អាជីវករក្នុងស្រុកជាច្រើននៅតែត្រូវបង់ប្រាក់ថ្លៃទំនិញពេញលេញជាមុនទៅឱ្យអ្នកផ្គត់ផ្គង់នៅក្រៅប្រទេស ដែលធ្វើឱ្យពួកគាត់ខ្វះខាតសាច់ប្រាក់ ខណៈត្រូវរង់ចាំទំនិញមកដល់រាប់សប្តាហ៍។ អ្នកជំនាញ និងសហគ្រិនក្នុងស្រុកបានយល់ស្របថា ស្ថាប័នហិរញ្ញវត្ថុចាំបាច់ត្រូវផ្តល់នូវដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដែលងាយស្រួលទទួលបានជាងមុន ដូចជាលិខិតឥណទាន និងកម្ចីរយៈពេលខ្លី ដើម្បីជួយឱ្យអាជីវកម្មខ្នាតតូចអាចរីកចម្រើននៅក្នុងទីផ្សារដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស។

ចេញផ្សាយនៅ: Jun 16, 2026

អានរហ័ស

វគ្គ១៥៖ ជម្រើសទូទាត់ឆ្លាតវៃ ជួយឱ្យក្រុមហ៊ុននាំចេញ-នាំចូល រក្សាប្រាក់ចំណេញបានពេញលេញ

នៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ជម្រើសទូទាត់ប្រាក់ដែលចំណាយអស់តិចជាងគេ មិនប្រាកដថាមានសុវត្ថិភាព ឬរហ័សទាន់ចិត្តជានិច្ចនោះទេ។

ចេញផ្សាយនៅ: Jun 16, 2026

អានរហ័ស

វគ្គ១៤៖ ធនាគារជាច្រើននៅកម្ពុជា បង្កើនការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីគាំទ្រដល់កំណើនចីរភាព

វិស័យធនាគារកំពុងបោះជំហានយ៉ាងលឿនក្នុងការបង្កើនការផ្តល់ ហិរញ្ញប្បទានបៃតង ក្នុងគោលបំណងទាក់ទាញការវិនិយោគថ្មីៗ ក៏ដូចជាលើកកម្ពស់ការអនុវត្តស្របតាមស្តង់ដាសកល សំដៅគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា។

ចេញផ្សាយនៅ: May 19, 2026