វគ្គ១៥៖ ពីស្រ្តីធ្លាប់ត្រូវគេបោកតាមអនឡាញ ក្លាយជាសហគ្រិនបង្កើតផ្លេតហ្វមទិញ-លក់អីវ៉ាន់តាមអ៊ិនធឺណិត (មានវីដេអូ)

បន្ទាប់ពីបាត់បង់លុយអស់ ៥០០ ដុល្លារក្នុងការទិញទំនិញតាមប្រព័ន្ធអនឡាញ សហគ្រិនស្ត្រីកម្ពុជាម្នាក់គឺលោកស្រីសែម ពុទ្ធារី មិនបានបណ្តោយឱ្យបទពិសោធន៍ដ៏អាក្រក់នេះបង្អាក់ស្មារតីរបស់គាត់ឡើយ។ ផ្ទុយទៅវិញ លោកស្រីបានប្រែក្លាយបញ្ហានេះទៅជាគំនិតអាជីវកម្ម ដោយបង្កើតនូវផ្លេតហ្វមសេវាកម្មអនឡាញមួយ ដែលមានគោលបំណងជួយការពារអតិថិជនពីការឆបោក និងគាំទ្រដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មខ្លួនឯង។

ចេញផ្សាយនៅ: Jan 30, 2026

 

ធ្លាប់ជាជនរងគ្រោះដោយសារការបោកប្រាស់ក្នុងការទិញតាមអនឡាញ លោកស្រីពុទ្ធារី បានប្រែក្លាយបទពិសោធន៍ដ៏អាក្រក់នោះទៅជាឱកាស ដោយបានបង្កើតផ្លេតហ្វមទិញទំនិញតាមប្រព័ន្ធអនឡាញឈ្មោះថា Espass Cambodia ក្នុងគោលបំណងផ្តល់នូវសេវាកម្មអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដោយជួយការពារពួកគាត់កុំឱ្យចាញ់បោកគេ ហើយថែមទាំងជួយដល់ប្រជាជនខ្មែរអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនបានទៀតផង។ 

 

លោកស្រី ពុទ្ធារី ដែលបានបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ បានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន បន្ទាប់ពីបានបម្រើការងារក្នុងវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលអស់រយៈពេល ១០ ឆ្នាំ។ មូលហេតុចម្បងដែលជំរុញលើកទឹកចិត្តលោកស្រីបង្កើតអាជីវកម្មនេះឡើង គឺកើតចេញពីការដែលលោកស្រីខ្លួនឯងផ្ទាល់បានក្លាយជាជនរងគ្រោះនៃការឆបោក ហើយបាត់បង់ប្រាក់ដែលខំរកបានយ៉ាងលំបាកប្រហែល ៥០០ ដុល្លារ។ 

 

លោកស្រីបានលើកឡើងថា៖ “ខ្ញុំគិតថាខ្លួនឯងមានចំណេះដឹងគ្រាន់បើដែរ តែនៅតែចាញ់បោកគេ ចុះទម្រាំអ្នកផ្សេងទៀតដែលមិនមានការយល់ដឹងជាមូលដ្ឋាន? តើនឹងមានរឿងអ្វីកើតឡើងចំពោះពួកគាត់?។” លោកស្រីបានបន្ថែមថា សំណួរនេះហើយដែលបានបំផុសគំនិតឱ្យលោកស្រីបង្កើត Espass Cambodia ឡើងនៅឆ្នាំ ២០២០។ 

 

អាជីវកម្មថ្មីស្រឡាងមួយនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់សេវាកម្មអនឡាញជាច្រើន រួមមានការទិញ និងដឹកជញ្ជូនទំនិញពីបរទេស ដូចជា ប្រទេសចិន និងវៀតណាម មកកាន់កម្ពុជាដោយសុវត្ថិភាព ដោយការធានាមិនបាត់បង់ ១០០% ថែមទៀត។ 

 

ក្នុងនាមជាម្ចាស់អាជីវកម្ម លោកស្រី ពុទ្ធារី បានស្រាវជ្រាវយ៉ាងទូលំទូលាយអំពីការបោកប្រាស់តាមអនឡាញ ដោយកត់សម្គាល់ថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ មានទឹកប្រាក់ប្រហែល ៤០ លានដុល្លារ ត្រូវបានបាត់បង់ទៅលើការបោកប្រាស់តាមអនឡាញ។ ដោយមើលឃើញពីការកើនឡើងនៃរូបភាពបោកប្រាស់ទាំងនេះ លោកស្រីជឿថា ផ្លេតហ្វមរបស់លោកស្រីអាចជួយដោះស្រាយបញ្ហានេះបាន តាមរយៈការផ្តល់ព័ត៌មានដែលអាចទុកចិត្តបាន ជំនួយក្នុងការទិញទំនិញ និងការផ្ដល់ធានារ៉ាប់រងការពារជាដើម។ 

 

លោកស្រីបានបញ្ជាក់ថា៖ “ពួកគាត់អាចជៀសវាងពីការចាញ់បោកគេ ដោយប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ។” ក្រុមការងាររបស់លោកស្រីក៏បានផ្តល់ការបណ្តុះបណ្តាលតាមអនឡាញ ព្រមទាំងចែករំលែកគន្លឹះ និងព័ត៌មានសំខាន់ៗ ដើម្បីជួយសាធារណជនឱ្យចេះទិញទំនិញតាមអនឡាញដោយសុវត្ថិភាពដោយខ្លួនឯងផងដែរ។ 

 

 

កម្លាំងចិត្តពីគ្រួសារ ក្រុមការងារ និងផលប្រយោជន៍សង្គម 

 

ការចាប់ផ្តើមអាជីវកម្មតែម្នាក់ឯងតម្រូវឱ្យលោកស្រី ពុទ្ធារី ត្រូវមើលថែកូនៗបណ្តើរ និងគ្រប់គ្រងអតិថិជនបណ្តើរ។ “ទំនុកចិត្ត” គឺជាបញ្ហាប្រឈមដ៏សំខាន់នៅពេលចាប់ផ្តើមដំបូង ដែលលោកត្រូវរ៉ាប់រងមើលថែទាំងអាជីវកម្មផង និងមើលថែកូនៗផង ធ្វើឱ្យអតិថិជនពិបាកនឹងមានទំនុកចិត្តលើរូបគាត់។ 

 

លោកស្រីបានសង្កត់ធ្ងន់ថា៖ “អ្វីដែលខ្ញុំអាចធ្វើបាន គឺពន្យល់អតិថិជនឱ្យបានច្បាស់លាស់ ផ្តល់ការធានាពិតប្រាកដ ធ្វើតាមការសន្យា និងទទួលខុសត្រូវខ្ពស់។” កត្តាទាំងនេះហើយដែលជួយកសាងទំនុកចិត្ត ហើយនៅពេលដែលអតិថិជនទទួលបានបទពិសោធន៍ល្អ ពួកគាត់នឹងត្រលប់មកប្រើប្រាស់សេវាកម្មម្តងទៀតជាក់ជាមិនខាន។ 

 

លើសពីនេះ ដោយសារក្រុមការងារនៅតូច លោកស្រីត្រូវប្រឈមមុខនឹងការលំបាកក្នុងការរក្សាគុណភាពសេវាកម្ម ដូចជាបញ្ហាដឹកជញ្ជូន ឬអ្នកលក់ផ្ញើផលិតផលខុស ដែលតម្រូវឱ្យមានការដូរ។ ទោះយ៉ាងណា លោកស្រីចាត់ទុកបទពិសោធន៍ទាំងនេះថាជាមេរៀន ដើម្បីបង្កើនការផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរសម្រាប់អតិថិជន។ 

 

លោកស្រី ពុទ្ធារី បានបន្ថែមថា នៅពេលចាប់ផ្តើមដំបូង លោកស្រីធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ចាប់តាំងពីការដឹកជញ្ជូន រៀបចំទំនិញ រហូតដល់ការគ្រប់គ្រងផេក និងជំរុញការលក់ (Boost) នៅលើបណ្តាញសង្គមជាដើម។ លោកស្រីបានរំលឹកយ៉ាងដូច្នេះថា៖ “អ្វីៗគ្រប់យ៉ាងធ្វើខ្ញុំធ្វើវាដោយខ្លួនឯងទាំងអស់ ដូច្នេះវាពិតជាលំបាកណាស់។”  

 

ទោះបីធ្លាប់ចង់បោះបង់ជាច្រើនដង ប៉ុន្តែលោកស្រីនៅតែមានការតាំងចិត្តខ្ពស់ ដោយសារគោលដៅចង់បង្កើតអាជីវកម្មដែលផ្ដល់ផលវិជ្ជមានដល់សង្គម។  

 

លោកស្រីបាននិយាយថា៖ “នៅពេលខ្ញុំផ្តល់សេវាកម្ម ហើយទទួលបានការសរសើរពីអតិថិជន ខ្ញុំសប្បាយចិត្តណាស់។ អតិថិជនខ្លះថែមទាំងប្រាប់ខ្ញុំថា ពួកគាត់អាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនបាន បន្ទាប់ពីចេះទិញទំនិញតាមរយៈពួកយើង។” 

 

លោកស្រីរំភើបចិត្តខ្លាំង នៅពេលឃើញអតិថិជនខ្លះ ដែលពីមុនមិនហ៊ានសូម្បីតែទិញទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួន បែរជាមានទំនុកចិត្តរហូតអាចបញ្ជាទិញទំនិញមកលក់បន្ត ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារបានថែមទៀត។ ជាក់ស្តែង អតិថិជនម្នាក់នៅខេត្តកំពង់ចាម បានទិញទំនិញពី Espass Cambodia អស់រយៈពេលប្រហែល ៤ ឆ្នាំមកហើយ ដោយសារភាពងាយស្រួល និងទំនុកចិត្តលើសេវាកម្ម។ 

លើសពីនេះ គ្រួសារគឺជាចំណែកដ៏សំខាន់បំផុតក្នុងដំណើរនៃការកសាងអាជីវកម្មមួយនេះ។ ស្វាមីរបស់លោកតែងតែជួយមើលថែកូនៗ ដើម្បីឱ្យលោកស្រីមានពេលកសាងអាជីវកម្មតាមក្ដីស្រមៃ ព្រមទាំងផ្ដល់ជាកម្លាំងចិត្ត និងដំបូន្មានល្អៗជានិច្ចទៀតផង។ លោកស្រីបាននិយាយថា៖ “គាត់ (ស្វាមី) តែងតែជួយមើលថែកូនៗ ព្រោះគាត់ចង់ឱ្យខ្ញុំសម្រេចក្តីស្រមៃ។ គាត់ក៏តែងតែលើកទឹកចិត្ត និងផ្តល់ដំបូន្មានដល់ខ្ញុំផងដែរ។” 

 

បន្ថែមពីលើនេះ ក្រុមការងារដែលមានជំនឿជាក់លើលោកស្រី ក៏ជាកម្លាំងចិត្តដ៏ធំធេងដែលធ្វើឱ្យអ្នកស្រីមិនបោះបង់។ សមាជិកក្រុមខ្លះសុខចិត្តបោះបង់ឱកាសទទួលបានប្រាក់ខែខ្ពស់នៅកន្លែងផ្សេង ដើម្បីមកចូលរួមជាមួយលោកស្រីតាំងពីដើមទីមកម្លេះ។ លោកស្រី ពុទ្ធារី បានរៀបរាប់ថា៖ “ខ្ញុំសប្បាយចិត្តណាស់ ព្រោះខ្ញុំចាប់ផ្តើមពីបាតដៃទទេ ប៉ុន្តែមានមនុស្សជាច្រើនជឿជាក់លើខ្ញុំ។ ការគាំទ្ររបស់ពួកគាត់ ជំរុញឱ្យខ្ញុំខិតខំប្រឹងប្រែង និងបន្តដំណើរមកដល់សព្វថ្ងៃនេះ។”

 

ការលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មជំនាន់ក្រោយ 

 

លោកស្រី ពុទ្ធារី បានលើកទឹកចិត្តអ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនថា គួរផ្ដោតលើ “ផលប្រយោជន៍សង្គម ជាជាងប្រាក់ចំណេញ ដោយគូសរំលេចថា ម្ចាស់អាជីវកម្មគួរយល់ឱ្យច្បាស់ពីបញ្ហាពិតប្រាកដក្នុងសង្គម ហើយសង្កេតមើលថា តើគំនិតអាជីវកម្មនោះអាចដោះស្រាយបញ្ហាទាំងនោះបានដែរឬទេ។ 

 

លោកស្រីបានផ្តល់ចំណុចគួរពិចារណាយ៉ាងដូច្នេះថា៖ “នៅពេលដែលអ្នករកឃើញចំណុចនោះ អ្នកនឹងមិនងាយបោះបង់ឡើយ។ បើចង់ឱ្យអតិថិជនទិញផលិតផលរបស់អ្នក អ្នកត្រូវសួរខ្លួនឯងថា តើអ្នកអាចជួយអ្វីដល់ពួកគាត់ មុននឹងគិតពីរបៀបលក់ ព្រោះអតិថិជនសម័យនេះគិតដល់គុណតម្លៃជាមុនសិន មុនសម្រេចចិត្តទិញ។” 

 

អ្នកស្រីបន្ថែមថា នៅពេលដែលអាជីវកម្មទទួលបានទំនុកចិត្តពីអតិថិជន ពួកគាត់នឹងបន្តគាំទ្រសេវាកម្មរបស់យើង។ “ដូច្នេះ ត្រូវកំណត់បញ្ហា ដំណោះស្រាយ និងអតិថិជនគោលដៅ ហើយត្រូវចាំថាគ្មានអាជីវកម្មណាជោគជ័យត្រឹមមួយប៉ប្រិចភ្នែកទេ។ អ្នកត្រូវត្រៀមទាំងផ្លូវចិត្ត និងពេលវេលាសម្រាប់ការធ្វើដំណើរមួយនេះ។” 

 

លើសពីនេះ នៅពេលជួបបញ្ហា សហគ្រិនគួរតែស្វែងរកការគាំទ្រពីអ្នកដទៃ រួមទាំងការចូលរួមក្នុងកម្មវិធីនានាតម្រង់ទិសអាជីវកម្មនានា ដូចជាកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល (DPA) ជាដើម។

 

ស្វែងរកឱកាសដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងជានិច្ច 

 

នៅដើមឆ្នាំ ២០២៥ លោកស្រី ពុទ្ធារី ទទួលបានឱកាសចូលរួមក្នុងកម្មវិធី DPA ដែលគាំទ្រដោយ ធនាគារ វីង ដែលបានជួយឱ្យអ្នកស្រីអភិវឌ្ឍសមត្ថភាពក្នុងការដឹកនាំអាជីវកម្មឱ្យប្រសើរឡើងជាបន្តបន្ទាប់។ 

 

DPA គឺជាកម្មវិធីរយៈពេល ៣ ខែ ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ធុរកិច្ចថ្មីក្នុងវិស័យឌីជីថល សំដៅអភិវឌ្ឍដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដោយផ្តោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា តាមរយៈការណែនាំផ្ទាល់ ការបណ្តុះបណ្តាល និងការផ្សារភ្ជាប់ទៅកាន់បណ្តាញអ្នកវិនិយោគ។ 

 

លោកស្រី ពុទ្ធារី បានឱ្យដឹងថា កម្មវិធីនេះបានផ្តល់ឱ្យលោកស្រីនូវទិសដៅច្បាស់លាស់ជាងមុន ជួយកែលម្អយុទ្ធសាស្ត្រទីផ្សារ កំណត់អតិថិជនគោលដៅ និងរៀបចំព័ត៌មានក្រុមហ៊ុនឱ្យមានស្តង់ដារវិជ្ជាជីវៈដែលត្រៀមខ្លួនសម្រាប់អ្នកវិនិយោគ។ 

 

លោកស្រីបានរៀបរាប់ថា៖ “ពេលចាប់ផ្តើមដំបូង ខ្ញុំមិនដឹងពីរបៀបដឹកនាំអាជីវកម្ម ការរៀបចំផែនការ ឬការចូលទីផ្សារដោយរបៀបណានោះទេ។ ប៉ុន្តែបន្ទាប់ពីបញ្ចប់កម្មវិធីនេះមក ខ្ញុំមានទិន្នន័យដែលអនុញ្ញាតឱ្យខ្ញុំបង្ហាញប្រាប់ពីទិសដៅរបស់ក្រុមហ៊ុននាងខ្ញុំបានយ៉ាងច្បាស់លាស់។” លោកស្រីបន្ថែមថា លោកស្រីក៏បានបង្កើតទំនាក់ទំនងជាមួយគ្រូបង្គោល ដែលអាចប្រឹក្សាយោបល់អំពីបញ្ហាក្រុមការងារ ឬហិរញ្ញវត្ថុផងដែរ។ 

 

លោកស្រីបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនរបស់លោកស្រីបានពង្រីកខ្លួន ជាពិសេសចំនួនអ្នកប្រើប្រាស់នៅលើផ្លេតហ្វម បន្ទាប់ពីឆ្លងកាត់ការរៀនសូត្រជាច្រើនពីកម្មវិធី DPA នេះ។ 

 

លោក ស្រីពុទ្ធារី បានគូសពីភាពរីកចម្រើនអាជីវកម្មរបស់លោកស្រីយ៉ាងដូច្នេះថា៖ “កាលពីមុន យើងមានអ្នកប្រើប្រាស់ត្រឹមតែ ៦,០០០ នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះចំនួនបានកើនឡើងដល់ ១២,០០០ នាក់។ ពីមុនការចុះឈ្មោះ និងកុម្ម៉ង់តាម App នៅមានកម្រិត តែពេលនេះប្រហែល ៧០% នៃចំណូលរបស់យើងបានមកពីការកុម្ម៉ង់តាម App ផ្ទាល់ ដោយសារយើងមានសារទំនាក់ទំនងច្បាស់លាស់ និងយុទ្ធសាស្ត្រផលិតផលដែលចំគោលដៅ។” 

 

ការកើនឡើងនេះបានជួយសម្រួលដល់ក្រុមការងារលក់របស់លោកស្រីជំរុញការលក់ឱ្យប្រសើរឡើងជាបន្តបន្ទាប់។ លោកស្រី ពុទ្ធារី ក៏កំពុងអនុវត្តចំណេះដឹងដែលទទួលបានពីកម្មវិធី DPA ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រទាក់ទាញអតិថិជនបន្ថែម ដូចជាការផ្តល់គូប៉ុងឥតគិតថ្លៃ ប្រព័ន្ធសន្សំពិន្ទុ និងកិច្ចសហការជាមួយដៃគូឯកជនផ្សេងទៀត។ 

 

លោកស្រីបានឱ្យដឹងថា ឆាប់ខាងមុខៗនេះ Espass នឹងសហការជាមួយអេបធនាគារ វីង ដើម្បីអនុញ្ញាតឱ្យអតិថិជនធនាគារ វីង អាចទិញទំនិញតាមផ្លេតហ្វម Espass បានដោយផ្ទាល់។ លោកស្រីនិយាយថា៖ “ពិសេសជាងនេះទៅទៀត យើងនឹងផ្តល់អត្ថប្រយោជន៍បន្ថែម រួមទាំងព័ត៌មានរោងចក្រ និងទំនាក់ទំនង សម្រាប់អ្នកដែលចង់កុម្ម៉ង់ទំនិញយកទៅលក់បន្ត។” 

 

លោកស្រី ពុទ្ធារី មានបំណងប្រែក្លាយ Espass ឱ្យទៅជាលើសពីសេវាកម្មដែលជួយប្រជាជនកម្ពុជាទិញទំនិញពីក្រៅប្រទេស។ លោកស្រីបញ្ជាក់ថា៖ “នៅថ្ងៃអនាគត ខ្ញុំចង់ឱ្យវាក្លាយជាច្រកនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសផ្សេងៗ ដោយចាប់ផ្តើមពីអាស៊ី រួមមានឡាវ និងមីយ៉ាន់ម៉ា និងបន្តពង្រីកទៅកាន់ទីផ្សារផ្សេងៗទៀតនៅលើពិភពលោក។ ហើយនាងខ្ញុំសង្ឃឹមថា នឹងឃើញវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) របស់កម្ពុជារីកចម្រើន និងរួមចំណែកដល់សេដ្ឋកិច្ចជាតិ៕” 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ភាពជោគជ័យផ្តើមចេញពីទំនុកចិត្ត៖ លោកស្រី ដៀប ​សុវណ្ណ សាងភាពជោគជ័យដោយមិនចាំបាច់ឃ្លាតឆ្ងាយពីគ្រួសារ

ដោយមើលឃើញពីតម្រូវការអាជីវករក្នុងតំបន់ផ្សារដ៏មមាញឹកនេះ ដែលត្រូវការនូវសេវាផ្ទេរ និងទទួលប្រាក់មានសុវត្ថិភាពហើយទុកចិត្តបាន លោកស្រី ដៀប ​សុវណ្ណ បានសម្រេចចិត្តចាប់យកអាជីពជាភ្នាក់ងារធនាគារ វីង។ តាមរយៈភាពស្មោះត្រង់ និងសេវាកម្មដ៏ល្អប្រសើរជាប្រចាំ លោកស្រី សុវណ្ណ ទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងពីសហគមន៍ អាចពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែធំ និងកំពុងប្រតិបត្តិការទីតាំងភ្នាក់ងារធនាគារ វីង ចំនួនបីកន្លែង ព្រមទាំងអាចកសាងអនាគតដ៏រឹងមាំមួយដោយមិនចាំបាច់ឃ្លាតឆ្ងាយពីផ្ទះសម្បែងឡើយ។

ចេញផ្សាយនៅ: May 18, 2026

អានរហ័ស

យុវជនខ្មែរម្នាក់ បង្កើតកម្មវិធីគ្រប់គ្រងបុគ្គលិក ដែលកំពុងទទួលបានការទទួលស្គាល់កម្រិតតំបន់

ផ្តើមចេញពី​ក្តីស្រមៃកាល​នៅរៀន​សាកលវិទ្យាល័យដោយមានក្រុមហ៊ុន​ Microsoft ជាកម្លាំងជំរុញចិត្ត ពេលនេះវាបានក្លាយទៅជា​ BeOne Platform ដែលជាដំណោះស្រាយបច្ចេកវិទ្យាត្រូវ​បង្កើត​ដោយកូនខ្មែរ​ ហើយ​ឥឡូវនេះកំពុងបម្រើជាង ១.០០០ អាជីវកម្ម។ ​ក្នុងនាមជា​​នាយកប្រតិបត្តិ លោក ភូ លីន កំពុងដឹកនាំការពង្រីកក្រុមហ៊ុននេះ ដោយផ្តោតលើការបង្កើតថ្មីស្របតាមតម្រូវការក្នុងស្រុក ព្រមទាំងមានមហិច្ឆតាពង្រីកខ្លួនទៅក្នុងទីផ្សារអន្តរជាតិទៀតផង។

ចេញផ្សាយនៅ: Apr 22, 2026

អានរហ័ស

បុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប៖ ធនាគារ វីង ឈរជើងយ៉ាងរឹងមាំ ដើម្បីប្រជាជនខ្មែរ

ការកសាងស្ថាប័នឱ្យរឹងមាំ មិនមែនវាស់វែងត្រឹមតែការរីកចម្រើនតែម្យ៉ាងនោះឡើយ តែវាផ្តើមចេញពីមូលដ្ឋានគ្រឹះដែលចាក់ឫសយ៉ាងជ្រៅ និងភាពជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយដើម្បីធានាបាននូវស្ថិរភាពយូរអង្វែង។ សម្រាប់ធនាគារ វីង គ្រឹះដ៏រឹងមាំទាំងនោះហើយ ដែលកើតចេញពីអត្តសញ្ញាណខ្មែរ ដើម្បីខ្មែរ។

ចេញផ្សាយនៅ: Apr 22, 2026