ធនាគារ វីង ទទួលបានពានរង្វាន់ថ្នាក់ជាតិ “កម្រិតមាស” សម្រាប់បរិយាកាសការងារល្អប្រសើរឆ្នាំ ២០២៦

សមិទ្ធផលនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការបង្កើតនូវបរិយាសកាសការងារដែលមានសុវត្ថិភាព និងសុខដុមរមនាដ៏ប្រសើរ សម្រាប់បុគ្គលិក ដែលកំពុងរីកចម្រើនឥតឈប់ឈរ

ចេញផ្សាយនៅ: Apr 29, 2026

ធនាគារ វីង (ខេមបូឌា) ម.ក មានមោទនភាពក្រៃលែង ដោយទទួលបានពានរង្វាន់  “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ប្រភេទមាស ដែលជាការទទួលស្គាល់ថ្នាក់ជាតិលើកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ធនាគារ វីង ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខដុមនីយកម្មនៅកន្លែងធ្វើការសម្រាប់បុគ្គលិកគ្រប់រូប និងជាការបោះជំហានដ៏អស្ចារ្យមួយពីពានរង្វាន់កម្រិតប្រាក់កាលពីឆ្នាំ ២០២៥ កន្លងទៅ។

 

ពានរង្វាន់កម្រិតមាសនេះ ត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ជូនដោយផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

 

ការទទួលបានពានរង្វាន់កម្រិតមាសនេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាបន្តបន្ទាប់របស់ធនាគារ វីង ក្នុងការកសាងវប្បធម៌ការងារដែលតែងតែយកចិត្តទុកដាក់ទៅលើសុវត្ថិភាព បរិយាបន្ន និងសុខុមាលភាពបុគ្គលិក។ និងក៏ជាសក្ខីភាពមួយបង្ហាញថា ការផ្តល់ការងារប្រកបដោយការទទួលខុសត្រូវ និងការរីកចម្រើននៃអាជីវកម្ម គឺអាចដើរទៅមុខទន្ទឹមគ្នាបានយ៉ាងល្អប្រសើរ។

 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖  “នៅពេលដែលបុគ្គលិកមានអារម្មណ៍ថាសុវត្ថិភាព ទទួលបានការគោរព និងការយកចិត្តទុកដាក់ ពួកគេនឹងមាន មានថាមពលបញ្ចេញសមត្ថភាពធ្វើការងារបានល្អបំផុត ហើយផលវិជ្ជមាននេះ នឹងរីកសាយភាយលើសពីកន្លែងធ្វើការទៅទៀត។”

 

លោកបណ្ឌិតបានបន្ថែមថា៖  “យើងមានកិត្តិយសណាស់ដែលទទួលបានពានរង្វាន់កម្រិតមាសនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ដែលដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមនេះឡើង ដែលជួយលើកកម្ពស់ការផ្តល់ការងារប្រកបដោយការទទួលខុសត្រូវ និងការរីកចម្រើនរួមគ្នានៅក្នុងប្រទេសកម្ពុជា។”

 

យុទ្ធនាការ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ផ្តួចផ្តើមឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីវាយតម្លៃកន្លែងធ្វើការនៅទូទាំងប្រទេសកម្ពុជា ផ្អែកលើលក្ខណៈវិនិច្ឆ័យអនុលោមភាពចំនួន ៨ ចំណុច រួមមាន៖ ការគោរពលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ ការអនុលោមតាមរបបបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទំនាក់ទំនងវិជ្ជាជីវៈល្អ ការលើកកម្ពស់ផលិតភាព ការទទួលខុសត្រូវសង្គម ព្រមទាំងបរិយាបន្នក្នុងការផ្តល់ឱកាសការងារដល់យុវជន និងជនពិការជាដើម។

 

ការបន្តរក្សាបាននូវការទទួលស្គាល់ថ្នាក់ជាតិរយៈពេល២ឆ្នាំជាប់ៗគ្នានេះ បានគូសបញ្ជាក់ពីការបន្តអភិវឌ្ឍខ្លួនឥតឈប់ឈររបស់ធនាគារ វីង និងការវិនិយោគរយៈពេលវែងលើធនធានមនុស្សរបស់ខ្លួន។

 

កាលពីឆ្នាំ ២០២៥ ធនាគារ វីង បានបង្កើនចំនួនបុគ្គលិករហូតដល់ប្រមាណ ៨៧% ធៀបនឹងឆ្នាំ២០២៤ ដែលជាការឆ្លុះបញ្ចាំងពីការរីកចម្រើននៃអាជីវកម្មដ៏រឹងមាំ គួបផ្សំនឹងការបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសមត្ថភាពបុគ្គលិក។ ទន្ទឹមនឹងនេះ ធនាគារ វីង ក៏បានបន្តបណ្ដុះបណ្ដាលយុវជនដែលមានសក្ដានុពល តាមរយៈគំនិតផ្ដួចផ្ដើមនានា ដូចជា  “កម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សា” ដែលបានជួយជ្រោមជ្រែងយុវជនកម្ពុជាដែលមានសមត្ថភាព ប៉ុន្តែខ្វះលទ្ធភាព ជាង ១០ នាក់ អាចប្រែក្លាយពីចំណេះនៅក្នុងថ្នាក់រៀន រហូតទទួលបានអាជីពការងារពេញម៉ោង

 

សំណុំតម្លៃការងាររបស់ធនាគារ វីង ផ្តោតលើសសរស្តម្ភបួន រួមមាន៖ “ការយកចិត្តទុកដាក់”  “ការអភិវឌ្ឍន៍” ”ការបង្កើតផលវិជ្ជមាន”  និង  “ការផ្តល់រង្វាន់លើកទឹកចិត្ត” ។ សសរស្តម្ភទាំងនេះស្របជាមួយនឹងគុណតម្លៃស្នូលទាំង៦ របស់ធនាគារ វីង ជ័យជម្នះ”, “ច្នៃប្រឌិត”, “បង្រៀន ឬណែនាំ”, “រីកចម្រើន”, “ល្អឥតខ្ចោះ” និង “ការគោរព” ដែលគុណតម្លៃទាំងនេះ គឺជាត្រីវិស័យក្នុងការតម្រង់ទិសដៅរបស់ធនាគារ វីង សំដៅគាំទ្រ ផ្តល់តម្លៃ និងជំរុញលើកទឹកចិត្តដល់បុគ្គលិកគ្រប់រូប។

 

ក្រៅពីការយកចិត្តទុកដាក់លើវប្បធម៌ការងារផ្ទៃក្នុង ធនាគារ វីង ក៏បានជំរុញយ៉ាងសកម្មនូវសមធម៌ និងបរិយាបន្ននៅក្នុងកន្លែងធ្វើការផងដែរ។ ជាក់ស្តែង តាមរយៈកិច្ចសហការជាមួយអង្គការ Good Return ធនាគារ វីងបានរៀបចំ  “ផែនការសកម្មភាពយេនឌ័រ” និងដាក់ឱ្យអនុវត្តនូវគោលនយោបាយស្តីពីការការពារកុមារ ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ រួមជាមួយនឹងការបណ្តុះបណ្តាលបុគ្គលិកអំពីការអនុវត្តបរិយាបន្នយេនឌ័រ ដើម្បីពង្រឹងវប្បធម៌នៃការគោរពគ្នាទៅវិញទៅមក។

 

លើសពីនេះទៅទៀត ធនាគារ វីង ក៏បានយកចិត្តទុកដាក់លើសុខុមាលភាពបុគ្គលិក តាមរយៈកម្មវិធីថែទាំសុខភាពជាច្រើន ការរៀបចំឱ្យមានកន្លែងហាត់ប្រាណនៅក្នុងអគារធនាគារផ្ទាល់ ការប្រឹក្សាយោបល់លើសុខភាពផ្លូវចិត្ត និងការបង្កើតសកម្មភាពបង្កើនទំនាក់ទំនងនានា ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានរួមចំណែកបណ្ដុះនូវវប្បធម៌នៃការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរួមគ្នាឱ្យកាន់តែរឹងមាំទៀតផង

 

ស្របពេលដែលធនាគារ វីង កំពុងបន្តដំណើរឆ្ពោះទៅរកភាពរីកចម្រើន ការឈានឡើងពីពានរង្វាន់ប្រាក់ មកពានរង្វាន់មាសនាពេលនេះ មិនមែនគ្រាន់តែជាការដំឡើងកម្រិតពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តកាន់តែស៊ីជម្រៅ ចំពោះភាពជាអ្នកដឹកនាំដែលផ្អែកលើការអភិវឌ្ឍធនធានមនុស្ស និងការជឿជាក់យ៉ាងមុតមាំថា កន្លែងធ្វើការដែលរឹងមាំ នឹងរួមចំណែកដល់ការកសាងកម្ពុជាឱ្យកាន់តែខ្លាំងក្លា៕

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង នៅកម្ពុជា ទទួលបានចំណាត់ថ្នាក់ការពារអតិថិជនខ្ពស់បំផុត

ស្ថាប័នវាយតម្លៃអន្តរជាតិ MFR ផ្តល់ការទទួលស្គាល់ ១០០% ដល់ធនាគារ វីង សម្រាប់ការអនុវត្តពេញលេញលើការការពារអតិថិជន ដែលជំរុញឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេមួយក្នុងទីផ្សារកំពុងអភិវឌ្ឍផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។

ចេញផ្សាយនៅ: Mar 03, 2026

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី៥

ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍  “បុគ្គលិកជាអាទិភាព” ធនាគារ វីង (ខេមបូឌា) ម.ក បានទទួលពានរង្វាន់ “និយោជកឆ្នើមនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២៥” ពីស្ថាប័ន Employer Branding Institute ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា។

ចេញផ្សាយនៅ: Sep 09, 2025