ធនាគារ វីង ពង្រីកឱកាសកម្មសិក្សាដល់និស្សិតកម្ពុជាកាន់តែច្រើន

ធនាគារ វីង បានសហការជាមួយសាកលវិទ្យាល័យឈានមុខចំនួន៩​ បន្ថែមទៀត ដើម្បីអភិវឌ្ឍធនធានយុវជនកម្ពុជាតាមរយៈអនុវត្តន៍ការងារជាក់ស្តែង។

ចេញផ្សាយនៅ: Oct 03, 2025

ធនាគារ វីង បានសហការជាមួយសាកលវិទ្យាល័យឈានមុខចំនួន៩​ បន្ថែមទៀត ដើម្បីអភិវឌ្ឍធនធានយុវជនកម្ពុជាតាមរយៈអនុវត្តន៍ការងារជាក់ស្តែង។

 

ធនាគារ វីង បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍយុវជន ដោយបានចាប់ដៃគូសហការជាមួយស្ថាប័នអប់រំឈានមុខគេចំនួន ៩ បន្ថែមទៀត ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់សិស្ស-និស្សិតកម្ពុជា ក្នុងការទទួលបាននូវបទពិសោធន៍ការងារពិតប្រាកដតាមរយៈតាមរយៈកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ខ្លួន។

 

ពិធីចុះហត្ថលេខានៃភាពជាដៃគូបានរៀបចំធ្វើឡើងនៅឯអគារធនាគារវីងថៅវើ ដោយមានការចូលរួមពីតំណាងសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា, សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ, សាកលវិទ្យាល័យបៀលប្រាយ, សាកលវិទ្យាល័យ លីមកុកវីង, សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា, សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន, អង្គការភាពញញឹមនៃកុមារ, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, និងសាកលវិទ្យាល័យវេស្ទើន។ កិច្ចសហការនេះ  ឆ្លុះបញ្ចាំងពីការរួមកម្លាំងគ្នា​ដើម្បីត្រួសត្រាសផ្លូវសម្រាប់និស្សិតក្នុងការកសាងសមត្ថភាពឱ្យបានរឹងមាំ​ ហើយទទួលបានអាជីពការងារដ៏ល្អ។

 

គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយផ្អែកលើភាពជោគជ័យនៃកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង ដែលបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុន ដើម្បីជួយដល់យុវជនឱ្យទទួលបាននូវការបណ្តុះបណ្តាលដែលមានរចនាសម្ព័ន្ធច្បាស់លាស់ បទពិសោធន៍អនុវត្តការងារជាក់ស្តែង ក៏ដូចជាជំនាញអភិវឌ្ឍន៍បុគ្គលិកលក្ខណៈផ្ទាល់ខ្លួនដែលមានរយៈពេល ៤ ទៅ ៦ ខែ។ ក្រោយឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងហ្មតចត់ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងពីវិស័យធនាគារ និងជំនាញទន់ដែលចាំបាច់ ដើម្បីត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត។

 

លើសពីការបណ្តុះបណ្តាលនូវជំនាញមួយច្បាស់លាស់ ធនាគារ វីង ក៏មានការផ្តល់ជូននូវទំនុកបម្រុងហិរញ្ញវត្ថុ និងអត្ថប្រយោជន៍សុខភាពផងដែរ ដែលរួមមាន៖ ប្រាក់ឧបត្ថម្ភប្រចាំខែ, ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់, រួមទាំងការស្នាក់នៅជាដើម។ អត្ថប្រយោជន៍ទាំងនេះអនុញ្ញាតឱ្យសិក្ខាកាមអាចផ្តោតអារម្មណ៍ទាំងស្រុងលើការកសាងជំនាញ និងសមត្ថភាពរបស់ពួកគេប្រកបដោយភាពជឿជាក់។ ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ សម្រាប់សិក្ខាកាមអ្នកដែលមានឆន្ទៈមោះមុត និងសក្តានុពលខ្ពស់ នឹងត្រូវបានជ្រើសរើសជាបុគ្គលិកបម្រើការងារពេញម៉ោងនៅធនាគារ វីង ដែលប្រែក្លាយពីបទពិសោធន៍នៃការអនុវត្ត​ឆ្ពោះទៅចាប់យកអាជីពពិតប្រាកដ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស និងវប្បធម៌ការងារនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង បានលើកឡើងថា៖ “និស្សិតសមនឹងទទួលបានការគាំទ្រខ្លាំងក្លា ដើម្បីឈានជើងចូលទីផ្សារការងារដោយទំនុកចិត្ត ក៏ដូចជារួមចំណែកឱ្យកាន់តែច្រើនសំដៅលើកកម្ពស់សង្គមជាតិរបស់យើងឆ្ពោះទៅមុខកាន់តែប្រសើរឡើង។”

 

កម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សាមិនត្រឹមតែផ្ដល់ការបណ្ដុះបណ្ដាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍសមត្ថភាពយុវជនក្នុងការកសាងទំនុកចិត្ត ការប្រាស្រ័យទាក់ទងល្អ ក៏ដូចជាការចាប់យកអាជីពដែលពួកគេចូលចិត្ត សម្រាប់ផែនការជីវិតនាពេលអនាគត ដែលនេះគឺជាការកសាងធនធានដ៏ចាំបាច់បំផុតដើម្បីភាពរីកចម្រើនប្រទេសជាតិរបស់យើង។”

 

កម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សា របស់ធនាគារ វីង បានបង្កើតផលវិជ្ជមានគួរឱ្យកត់សម្គាល់ដែលស្តែងឱ្យឃើញតាមរយៈសមិទ្ធផលអភិវឌ្ឍធនធានយុវជនជាបន្តបន្ទាប់។ មកទល់នឹងពេលនេះ មានកម្មសិក្សាការី ១០២ នាក់បានបញ្ចប់ការសិក្សាពីកម្មវិធីនេះដោយជោគជ័យ ដោយ ៨៥នាក់ បានចូលបម្រើការងារពេញម៉ោងនៅធនាគារ វីង។ ក្នុងនោះដែរ ក៏មាននូវកម្មសិក្សាការីនារីមានចំនួន 1/4 នៃសិក្ខាកាមទាំងអស់ ដែលនេះជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការរួមចំណែកកសាងធនធានមនុស្ស ក៏ដូចជាជំរុញកំណើនប្រកបដោយបរិយាបន្ន និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសហគមន៍។

 

គូសបញ្ជាក់ផងដែរ កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ ធនាគារ វីង ក៏បានចាប់ដៃសហការជាមួយស្ថាប័នអប់រំចំនួន៦ ផ្សេងទៀត ដើម្បីផ្តល់ឱកាសកម្មសិក្សាបានកាន់តែទូលំទូលាយ។ និស្សិតដែលចាប់អារម្មណ៍នឹងឱកាសកម្មសិក្សានៅធនាគារ វីង អាចទំនាក់ទំនងតាមរយៈស្ថាប័នអប់រំរៀងៗខ្លួន ឬទាក់ទងដោយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង។

 

ជាមួយនឹងភាពជាដៃគូថ្មីទាំងនេះ ធនាគារ វីង ជឿជាក់ថា យុវជនកម្ពុជាកាន់តែច្រើននឹងទទួលបានបទពិសោធន៍ ការប្រាស្រ័យទាក់ទងល្អ និងជំនាញពោរពេញដោយសមត្ថភាព និងភាពជឿជាក់ ដើម្បីរីកចម្រើនក្នុងទីផ្សារការងារ។ ការណ៍នេះជួយកសាងកម្លាំងពលកម្មរបស់ប្រទេសជាតិឆ្ពោះទៅមុខជាមួយនឹងកាលានុវត្តភាព និងរីកចម្រើនប្រកបដោយសមធម៌ និងភាពធន់៕

 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026