ធនាគារ វីង លើកកម្ពស់សុខុមាលភាព និងបរិស្ថានទៅដល់សិស្សានុសិស្សក្នុងខេត្តតាកែវ

ធនាគារ វីង (ខេមបូឌា) ម.ក ថ្មីៗនេះបានដឹកនាំក្រុមការងារជាង ២៥០ នាក់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពបរិស្ថានសិក្សា ក៏ដូចជាពង្រឹងសុខុមាលភាព តាមរយៈការលើកកម្ពស់យល់ដឹងអនាម័យសម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រមទាំងបានប្រគល់អំណោយ និងសម្ភារៈសិក្សា ទៅដល់សិស្សានុសិស្សចំនួន៣០០នាក់ នៅឯសាលាបឋមសិក្សាទ្រព្យគរ ស្ថិតក្នុងតំបន់មួយមានចំងាយប្រហែល ៤០គីឡូម៉ែត្រពីទីរួមខេត្តតាកែវ។

ចេញផ្សាយនៅ: Dec 01, 2025

ធនាគារ វីង (ខេមបូឌា) ម.ក ថ្មីៗនេះបានដឹកនាំក្រុមការងារជាង ២៥០ នាក់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពបរិស្ថានសិក្សា ក៏ដូចជាពង្រឹងសុខុមាលភាព​ តាមរយៈការលើកកម្ពស់យល់ដឹងអនាម័យសម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រមទាំង​បានប្រគល់អំណោយ និងសម្ភារៈសិក្សា ទៅដល់សិស្សានុសិស្សចំនួន៣០០នាក់ នៅឯសាលាបឋមសិក្សាទ្រព្យគរ​ ស្ថិតក្នុងតំបន់មួយមានចំងាយប្រហែល ៤០គីឡូម៉ែត្រពីទីរួមខេត្តតាកែវ។

 

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងឱកាស​នៃការប្រារព្ធ ទិវាអនាម័យបរិស្ថានជាតិ ប្រព្រឹត្តិទៅក្រោមប្រធានបទ “ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ” ដែលជាការបណ្តុះគំនិតស្រឡាញ់បរិស្ថានដល់អ្នកជំនាន់ក្រោយ​ និងលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍ឱ្យកាន់តែរឹងមាំផងដែរ។ 

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស និងវប្បធម៌ការងារនៃ ធនាគារ វីង  បានលើកឡើងថា៖ “ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុដែលប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវខ្ពស់ យើងមិនត្រឹមតែចុះមកសម្អាតបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែយើងបាននាំយកនូវសមិទ្ធផល និងសម្ភារៈចាំបាច់មួយចំនួនមកប្រគល់ជូនសាលា ដើម្បីធានាបាននូវនិរន្តរភាពនៃអនាម័យ និងសុខុមាលភាពសិស្សានុសិស្សផងដែរ។ សកម្មភាពថ្ងៃនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ វីង សំដៅលើកកម្ពស់អនាម័យ និងគុណភាពនៃការអប់រំនៅក្នុងសហគមន៍ឱ្យកាន់តែរឹងមាំថែមទៀត។ 

លោក ឡៅ សៀងហៃ ក៏បានថ្លែងអំណរគុណទៅអាជ្ញាធរ លោកគ្រូ អ្នកគ្រូ ព្រមទាំងក្រុមការងារធនាគារ វីង ទាំងអស់ ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនក្នុងថ្ងៃឈប់សម្រាកដើម្បីគាំទ្រ និងរៀបចំកម្មវិធីនេះបានយ៉ាងរលូន និងការរួមចំណែកដ៏ល្អនៅក្នុងសង្គម។

 

ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សាលា ធនាគារ វីង បានសាងសង់ និងប្រគល់ជូននូវបន្ទប់ទឹកថ្មីមួយខ្នង សម្រាប់សិស្សប្រុស និងបានតម្លើងអាងស្តុកទឹកដ៏ធំមួយ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ ធនាគារ វីង ក៏បានផ្តល់ជូន ធុងសំរាម ជាច្រើនដើម្បីពង្រឹងវិន័យនៃការទុកដាក់កាកសំណល់ និងបានបំពាក់បំពង់ពន្លត់អគ្គីភ័យ ដើម្បីបង្កើនសុវត្ថិភាពក្នុងបរិវេណសាលាផងដែរ។

 

ក្រៅពីការយកចិត្តទុកដាក់លើសុខុមាលភាពសិស្សានុសិស្ស ធនាគារ វីង ក៏បានផ្ដោតសំខាន់លើការអប់រំសម័យថ្មី ដោយបានឧបត្ថម្ភ កុំព្យូទ័រលើតុចំនួនពីរគ្រឿង និងទូរទស្សន៍ចំនួនបីគ្រឿង សម្រាប់ជួយសម្រួលដល់ការបង្រៀន និងការស្រាវជ្រាវរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។ ដើម្បីបង្កើនបរិយាកាសសិក្សាឱ្យកាន់តែស្រស់បំព្រង ធនាគារ វីង ក៏បានរៀបចំជា បង់អង្គុយលេង សម្រាប់ឱ្យសិស្សានុសិស្សអានសៀវភៅក្រោមម្លប់ឈើ បន្ទាប់ពីម៉ោងសិក្សាក្នុងថា្នក់រៀន។

ជាពិសេស ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំរៀនសូត្រ ធនាគារ វីង បាននាំយកនូវ សម្ភារៈសិក្សា ដើម្បីចែកជូនដោយផ្ទាល់ដល់សិស្សានុសិស្ស ដែលនេះជាការចូលរួមចំណែកកាត់បន្ថយបន្ទុកចំណាយ និងជំរុញឱ្យកុមារកាន់តែស្រឡាញ់ការសិក្សា។ បន្ថែមពីលើនេះ ធនាគារ វីង បានរៀបចំសកម្មភាពអប់រំផ្សព្វផ្សាយផ្ទាល់ ដោយបានបិទបង្ហាញផ្ទាំងរូបភាពអប់រំ និងបង្រៀនបង្ហាញជាក់ស្តែងដល់ប្អូនៗសិស្សានុសិស្សអំពី របៀបលាងដៃឱ្យស្អាតតាមក្បួនខ្នាត របៀបងូតទឹកសម្អាតកាយ និងរបៀបដុសធ្មេញឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យកុមារមានសុខភាពល្អ និងចៀសផុតពីជំងឺផ្សេងៗផងដែរ។

លោក ប៉ា ផុន នាយកសាលាបឋមសិក្សាទ្រព្យគរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ វីង ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់អនាម័យ និងគុណភាពអប់រំ តាមរយៈការផ្តល់ការឧបត្ថម្ភសម្ភារៈបរិក្ខានានា ដូចជាសាងសង់បន្ទប់ទឹកថ្មីសម្រាប់សិស្សប្រុស ដែលជួយកាត់បន្ថយការកកស្ទះ និងផ្តល់ផាសុកភាពដល់សិស្ស។ លោកក៏បានគូសបញ្ជាក់ថា អំណោយជាសម្ភារៈកុំព្យូទ័រ និងទូរទស្សន៍ គឺជាការរួមចំណែកដ៏ធំធេងដែលជួយឱ្យលោកគ្រូអ្នកគ្រូអាចធ្វើទំនើបកម្មការបង្រៀន និងពង្រឹងជំនាញស្រាវជ្រាវ ដើម្បីផ្តល់ចំណេះដឹងបែបឌីជីថលដ៏ទាន់សម័យដល់សិស្សានុសិស្សនៅក្នុងសហគមន៍ផងដែរ។

 

ធនាគារ វីង សង្ឃឹមយ៉ាងមុតមាំថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងទីធ្លាសាលា និងការផ្តល់ជូនសម្ភារៈសិក្សានេះ នឹងក្លាយជាកម្លាំងចលករជួយឱ្យសិស្សានុសិស្ស ទទួលបាននូវបរិយាកាសសិក្សាប្រកបដោយផាសុកភាព និងសុវត្ថិភាព។ ធនាគារ វីង នឹងនៅតែបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងសហគមន៍ ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន និងការអប់រំ ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តាមរយៈឱកាសិក្សាមុខវិជ្ជា STEM យុវតីកំព្រាម្នាក់កំពុងជម្នះភាពក្រីក្រ ដើម្បីសម្រេចក្តីស្រមៃ

នៅពេលដែលយុវតី ឃុន មនោរម្យ បានប្រើប្រាស់កុំព្យូទ័រជាលើកដំបូង យុវតីរូបនេះបានមើលឃើញពីពិភពលោកដ៏ធំទូលាយមួយ ដោយមានការជួយជ្រោមជ្រែងពីអង្គការមូលនិធិកុមារកម្ពុជា (CCF)។ ឱកាសក្នុងការក្រេបជញ្ជក់ចំណេះដឹងលើជំនាញ STEM និងបច្ចេកវិទ្យាឌីជីថល បានក្លាយជាស្ពានចម្លងសិស្សានុសិស្សដូចជាយុវតីរូបនេះ ឱ្យរើបម្រាសពីភាពក្រីក្រ និងភាពលំបាក ដើម្បីចាប់យកអនាគតការងារនៃក្តីស្រមៃក្នុងវិស័យហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Feb 23, 2026

អានរហ័ស

ធ្លាប់ត្រូវគេឆបោកទិញទំនិញតាមអនឡាញ សហគ្រិនស្រ្តីម្នាក់បង្កើតផ្លេតហ្វមទិញ-លក់អីវ៉ាន់តាមអ៊ិនធឺណិតរហូតមានការគាំទ្រពីអ្នកប្រើប្រាស់ខ្ទង់ម៉ឺននាក់

បន្ទាប់ពីបាត់បង់លុយអស់ ៥០០ ដុល្លារក្នុងការទិញទំនិញតាមប្រព័ន្ធអនឡាញ សហគ្រិនស្ត្រីកម្ពុជាម្នាក់គឺលោកស្រីសែម ពុទ្ធារី មិនបានបណ្តោយឱ្យបទពិសោធន៍ដ៏អាក្រក់នេះបង្អាក់ស្មារតីរបស់គាត់ឡើយ។ ផ្ទុយទៅវិញ លោកស្រីបានប្រែក្លាយបញ្ហានេះទៅជាគំនិតអាជីវកម្ម ដោយបង្កើតនូវផ្លេតហ្វមសេវាកម្មអនឡាញមួយ ដែលមានគោលបំណងជួយការពារអតិថិជនពីការឆបោក និងគាំទ្រដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មខ្លួនឯង។

ចេញផ្សាយនៅ: Jan 30, 2026

អានរហ័ស

MyLekha ផ្តល់ដំណោះស្រាយដ៏សំបូរបែប និងងាយស្រួលសម្រាប់អាជីវករសម័យថ្មី

បង្កើតឡើងក្នុងអំឡុងពេលកូវីដ-១៩ MyLekha ដែលជាធុរកិច្ចបង្កើតថ្មីក្នុងស្រុកមួយ បានកែប្រែពីស្ថានភាពហៀបនឹងបោះបង់ ក្លាយជាប្រព័ន្ធគ្រប់គ្រងការលក់ (POS) ដែលផ្តល់ជូនអ្នកប្រើប្រាស់ក្នុងតម្លៃត្រឹមតែ ៥ ដុល្លារក្នុងមួយខែ។

ចេញផ្សាយនៅ: Jan 29, 2026