មានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ Indy Steak បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន មិនត្រឹមតែតាមរយៈរសជាតិសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍របស់ស្ថាបនិក គឺលោក ហែម ម៉ាកសុធា ផងដែរ។
ក្នុងវ័យ ៣១ ឆ្នាំ លោក សុធា បានចំណាយពេលជិតមួយទសវត្សរ៍ដើម្បីកសាងអាជីវកម្មមួយដែលផ្តល់នូវតម្លៃសមរម្យ គុណភាព និងគោលបំណងច្បាស់លាស់។ មានស្រុកកំណើតនៅតំបន់ជនបទក្នុងខេត្តត្បូងឃ្មុំ លោក សុធា បានមកបន្តការសិក្សានៅភ្នំពេញក្នុងឆ្នាំ ២០១១ លើជំនាញឱសថសាស្ត្រ និងបានបញ្ចប់ការសិក្សានៅឆ្នាំ ២០១៦។
ប៉ុន្តែ ចំណូលចិត្តក្នុងការធ្វើអាជីវកម្មបានទាញលោកចេញពីមន្ទីរពិសោធន៍ ឱ្យងាកមកចាប់អារម្មណ៍លើវិស័យអចលនទ្រព្យវិញ ដែលនៅទីនោះលោកបានចាប់ផ្តើមសិក្សាពីនិន្នាការទីផ្សារ និងឥរិយាបថរបស់អ្នកប្រើប្រាស់។ ចំណុចរបត់សំខាន់មួយ គឺនៅពេលដែលលោកស្វែងរកទីផ្សារសក្តានុពលដើម្បីដំណើរការអាជីវកម្ម។
នៅឆ្នាំ ២០១៤ ដោយទទួលបានគំនិតពីអាហារបរទេស លោក សុធា បានបង្កើតអាជីវកម្មអាហារខ្នាតតូចមួយឈ្មោះថា “Indy Steak”។ ទោះបីជាមានការប្រកួតប្រជែងខ្លាំងក្តី លោកប្តេជ្ញាកសាងម៉ាកយីហោមួយដែលផ្តល់នូវអាហារមានគុណភាពក្នុងតម្លៃសមរម្យ។
លោកបានលើកឡើងថា៖ “មិនអតិថិជនមានចំណូលទាប មធ្យម ឬខ្ពស់នោះទេ គឺសុទ្ធតែអាចពិសាបានក្នុងតម្លៃសមរម្យ។”
រៀនសូត្រពីបរាជ័យ
ទោះជាយ៉ាងណាក៏ដោយ ជោគជ័យរបស់លោកមិនមែនកើតឡើងដោយគ្មានឧបសគ្គនោះទេ។ នៅឆ្នាំ ២០២៣ លោក សុធា បានបរាជ័យក្នុងការការពង្រីកសាខា Indy Steak នៅជិតផ្សារទំនើប អ៊ីអន និង ម៉ាក្រូ នៅខណ្ឌសែនសុខ ដោយសារទីតាំងនោះហាក់មិនមានអំណោយផលសម្រាប់អាជីវកម្មមួយនេះឡើយ។
លោកបានរំលឹកថា៖ “មានអតិថិជនដែរ ប៉ុន្តែភាគច្រើនពួកគាត់ទៅផ្សារអ៊ីអន និងម៉ាក្រូ។ អាជីវកម្មរបស់ខ្ញុំមិនបានទាក់ទាញចំណាប់អារម្មណ៍ពួកគាត់ទេ។”
រៀនពីបទពិសោធន៍នេះ លោកបានដឹងថា តំបន់លំនៅឋានមិនសូវសក្តិសមសម្រាប់អាជីវកម្មរបស់លោកទេ។ ជាធម្មតា វាដំណើរការល្អនៅជិតការិយាល័យ និងសាលារៀន ដូច្នេះលោកបានប្តូរទីតាំងទៅជិតសាលា CamEd Business School ដែលត្រូវនឹងអតិថិជនគោលដៅរបស់លោកជាង។
លក្ខណៈពិសេសរបស់ Indy Steak
លោក សុធា បានឱ្យដឹងថា៖ “ទោះបីជាអាំងយូរបន្តិច ប៉ុន្តែវានៅតែរក្សាបាននូវជាតិទឹក និងទន់ ជាពិសេសសាច់មាន់។” លោកបានបរិយាយពីវិធីសាស្ត្រចម្អិនដ៏ពិសេសដែលទាក់ទាញអតិថិជន។ ជាមធ្យម លោកលក់បានពី ៨០ ទៅ ១២០ ចានក្នុងមួយថ្ងៃ ក្នុងតម្លៃចាប់ពី ២ ដុល្លារ ដល់ ៨ ដុល្លារ អាស្រ័យលើប្រភេទសាច់។
អាជីវកម្មរបស់លោកក៏ទាក់ទាញជនបរទេសផងដែរ ដោយពួកគេចូលចិត្តសាច់មាន់ និងសាច់គោ។ “ខ្ញុំមានអតិថិជនជនជាតិហ្វីលីពីនច្រើន។ ពួកគាត់ចូលចិត្តស្តេកសាច់គោ។”
សព្វថ្ងៃនេះ Indy Steak គឺជាអាជីវកម្មឈរជើងបានយ៉ាងរឹងមាំមួយ ដែលបានពង្រីកសាខានៅកម្ពុជាក្រោម ផ្សារទួលទំពូង និងផ្សារចាស់។ ការបង្កើតអាជីវកម្មនេះមិនត្រឹមតែសម្រេចក្តីស្រមៃរបស់លោកប៉ុណ្ណោះទេ ថែមទាំងបានជួយដល់អ្នកលក់បន្លែក្នុងស្រុក និងផ្តល់ការងារដល់មនុស្ស ២០ នាក់ដែលកំពុងបម្រើការនៅសាខាទាំងបីទីតាំងផងដែរ។
បុគ្គលិកភាគច្រើនមកពីបណ្តាខេត្ត ហើយខ្លះត្រលប់មកពីប្រទេសថៃវិញទាំងជាប់បំណុល។ តាមរយៈការងារដែលមានស្ថិរភាព ពួកគេបានកសាងជីវិតថ្មីនៅទីនេះ។
លោកបានបន្ថែមថា៖ “បុគ្គលិករបស់ខ្ញុំខ្លះបានសងបំណុលរួច ហើយថែមទាំងទិញម៉ូតូ និងផ្ញើលុយទៅផ្ទះដើម្បីធ្វើផ្ទះជូនគ្រួសារទៀតផង។ ខ្ញុំសប្បាយចិត្តជំនួសពួកគាត់។”

Wingmall ចូលរួមចំណែកក្នុងការរីកចម្រើនអាជីវកម្ម
សម្រាប់លោក សុធា អ្វីដែលបានជួយគាំទ្រភាពរីកចម្រើនអាជីវកម្មរបស់លោកគឺ Wingmall។ ម្ចាស់អាជីវកម្មនៅកម្ពុជាកាន់តែច្រើនឡើងកំពុងងាកមកប្រើប្រាស់ថ្នាលឌីជីថលដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ពួកគេ។ ដែលនេះគឺជាការផ្លាស់ប្តូររបត់នៃការធ្វើអាជីវកម្មថ្មីស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជី ថលនៅក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាម្ចាស់អាជីវកម្មវ័យក្មេង លោកចាប់អារម្មណ៍នឹងការផ្លាស់ប្តូរដ៏ឆាប់រហ័សនេះ។ នៅឆ្នាំ ២០២២ លោកបានជ្រើសរើស Wingmall ដែលជាផ្លេតហ្វមដឹកជញ្ជូនអាហារ ដើម្បីពង្រីកការលក់ជាមួយនឹងការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសៗសម្រាប់អាជីវករ។
លោក សុធា បានឱ្យដឹងថា៖ “Wingmall គិតថ្លៃសេវាពីយើងត្រឹមតែ ១០០ រៀលប៉ុណ្ណោះក្នុងមួយខែ ដោយមិនមានកម្រៃបន្ថែមទេ។ ការចំណាយតិចនេះ អនុញ្ញាតឱ្យខ្ញុំអាចផ្តល់ការបញ្ចុះតម្លៃកាន់តែច្រើនដល់អតិថិជន ហើយយើងនៅតែរក្សាគុណភាពដូចដែលអតិថិជនអញ្ជើញមកពិសានៅហាងផ្ទាល់ដែរ។
លោកបន្ថែមថា៖ “អត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀត គឺពួកគេទូទាត់ប្រាក់ឱ្យយើងភ្លាមៗបន្ទាប់ពីអតិថិជនកុម្ម៉ង់រួច។ នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ភោជនីយដ្ឋានដូចជាពួកយើង ដែលពឹងផ្អែកលើលំហូរសាច់ប្រាក់ប្រចាំថ្ងៃដើម្បីទ្រទ្រង់ដំណើរការអាជីវកម្ម។”
លោកបានបន្ថែមថា៖ “ដើម្បីពង្រីកអាជីវកម្ម យើងស្វែងរកដៃគូដែលអាចជួយយើងឱ្យទៅដល់អតិថិជនកាន់តែច្រើន ដោយមិនបន្ថែមការចំណាយ។”
បច្ចុប្បន្ន ផ្លេតហ្វមនេះមានដៃគូជិត ១០.០០០ អាជីវកម្ម ហើយក៏ជាផ្លេតហ្វមដែលជួយជំរុញផលិតផលរបស់អាជីវករអាចទៅដល់អ្នកប្រើប្រាស់រាប់ពាន់នាក់ភ្លាមៗ ដោយមិនចាំបាច់ចំណាយលើការផ្សាយពាណិជ្ជកម្ម។ ផលិតផលលក់នៅលើ Wingmall ភាគច្រើនជាម្ហូបអាហារ និងភេសជ្ជៈ ដែលអ្នកប្រើប្រាស់អាចកុម្ម៉ង់បានយ៉ាងស្រួលនៅលើអេបទូរសព្ទ។
អាជីវកម្មទទួលបានអត្ថប្រយោជន៍ពីផ្លេតហ្វមនេះ ព្រោះអាចទៅដល់អតិថិជនកាន់តែច្រើន ដែលជួយបង្កើនប្រាក់ចំណេញ។ បច្ចុប្បន្ន ផលិតផលជាង ៣០០.,០០០ ត្រូវបានដាក់លក់នៅលើអេប Wingmall ដែលផ្តល់នូវជម្រើសដ៏សម្បូរបែបដល់អ្នកប្រើប្រាស់។
ឆ្ពោះទៅមុខជាមួយនឹងគោលដៅច្បាស់លាស់
នៅពេលសួរពីដំបូន្មានសម្រាប់អ្នកចង់ចាប់ផ្តើមរកស៊ី លោក សុធា បាននិយាយថា៖ “អ្នកគួរតែចាប់ផ្តើមពីតូច ប្រសិនបើចង់ចេញរកស៊ី។ ការចាប់ផ្តើមពីតូច មានន័យថាចំណាយប្រតិបត្តិការទាប ហើយអនុញ្ញាតឱ្យអ្នកផ្តោតអារម្មណ៍លើការធ្វើអាជីវកម្មឱ្យបានបានល្អ។”
លោកបន្ថែមថា៖ “ម្យ៉ាងទៀត វាសំខាន់ណាស់ក្នុងបើកចិត្តស្តាប់ដំបូន្មានអ្នកដទៃ ដើម្បីកែលម្អអាជីវកម្មឱ្យកាន់តែប្រសើរជាងមុន។”
Indy Steak ទទួលបានប្រជាប្រិយភាពពីអតិថិជនក្នុងស្រុក និងបរទេសចំពោះរសជាតិ គុណភាព និងតម្លៃ។ ទោះយ៉ាងណា លោក សុធា នៅស្ទាក់ស្ទើរក្នុងការពង្រីកប្រតិបត្តិការ ដោយកត់សម្គាល់ថាអាជីវកម្មរបស់លោកស្ថិតក្នុង ដំណាក់កាលតាមដានសភាពការណ៍ ដោយសារសេដ្ឋកិច្ចហាក់មិនទាន់រលូន ក៏ដូចជាភាពល្អប្រសើរនៃប្រាក់ចំណូលរបស់ពលរដ្ឋ។
“សម្រាប់ខ្ញុំ ខ្ញុំមិនដឹងថានឹងទៅជាយ៉ាងណាទេ ប៉ុន្តែក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ ខ្ញុំចង់ឱ្យអាជីវកម្មរបស់ខ្ញុំនៅរក្សាទីតាំងដដែល ដោយសារមូលហេតុជាច្រើន រួមទាំងបញ្ហាព្រំដែនថ្មីៗ ដូច្នេះខ្ញុំជឿថាខ្ញុំមិនទាន់អាចប្រើប្រាស់ប្រាក់សន្សំរបស់ខ្ញុំបានទេក្នុងពង្រីកទីតាំងបន្ថែមក្នុងស្ថានភាពបែបនេះ។”
ក្នុងការផ្តល់យោបល់ដល់អ្នកចាប់ផ្តើមអាជីវកម្ម លោកបានណែនាំឱ្យពួកគេរៀនជំនាញលើអ្វីដែលពួកគេចង់ធ្វើ និងសំខាន់បំផុតគឺត្រូវសិក្សាពីទីតាំងសក្តានុពល និងនិន្នាការទីផ្សារផងដែរ៕
This article was originally reported by Kiripost. Read the full story here.