វគ្គ៧៖ ភាពជោគជ័យរបស់លោក សុគៀ ពីយានដ្ឋានតូចទៅជាយានដ្ឋានធំមួយនៅក្នុងខេត្តកោះកុង (មានវីដេអូ)

ភាពឆ្លាតវៃក្នុងការគ្រប់គ្រង និងប្រើប្រាស់កម្ចីឱ្យចំគោលដៅ ជួយឱ្យម្ចាស់យានដ្ឋានជួសជុលរថយន្តមួយ វិវត្តពីយានដ្ឋានតូចទៅជាយានដ្ឋានធំមួយនៅក្នុងខេត្តកោះកុង

ចេញផ្សាយនៅ: Sep 05, 2025

នៅឆ្នាំ២០២០ គឺជាឆ្នាំដែលយានដ្ឋាន សុគៀ អូតូ និងមីស្ទ័រឃ្លីន ខាឃែរ ​ចាប់កំណើតឡើង ពោលគឺក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩។ លោក យឺន សុគៀដែលជាម្ចាស់យានដ្ឋាននេះ បានចាប់ផ្តើមអាជីវកម្មនេះ ​ក្រោមដើមទុនប្រមាណជាង១ម៉ឺន៥ពាន់ដុល្លារ ដោយជួលដីគេមួយកន្លែង ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងមួយខែ៣០០ដុល្លារ។

 

មុនពេលចាប់ផ្តើមដំណើរការយានដ្ឋានជួសជុលយានយន្តនេះ លោកសុគៀ បានបម្រើការងារជាងជាងជួសជុលម៉ូតូ និង​ឡាននៅតាមបណ្តាយានដ្ឋានជាច្រើននៅរាជធានីភ្នំពេញ ​អស់រយៈពេលជាង១០ឆ្នាំ។

 

ជាកូនទី៣ ក្នុងចំណោមបងប្អូន៦នាក់ ​លោក យឺន សុគៀ បានចាប់ផ្តើមទៅរៀនជុសជួលម៉ូតូតាំងពីវ័យ១៤ឆ្នាំ ក្រោយមកលោកបានវិវត្តទៅធ្វើជាជាងជួសជុសឡាន។ បើទោះបីជាលោក បានរៀន និងបម្រើការងារនៅរាជធានីភ្នំពេញក្តី ប៉ុន្តែលោកបានសម្រេចចិត្តមកបើករបរនេះនៅក្នុងខេត្តកោះកុងដែលជាស្រុកកំណើតរបស់ខ្លួន។ ​

 

ក្នុងការ​បើកដំណើរការដំបូង យានដ្ឋានជួសជុលរថយន្ត របស់បុរសវ័យ៣៥ឆ្នាំរូបនេះ ជាលក្ខណៈយានដ្ឋានតូចមួយដែលអាចទទួលជួលជុសឡានបានត្រឹមតែពី១គ្រឿងទៅ៣គ្រឿង ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ យានដ្ឋាននេះមានលទ្ធភាពទទួលជុសជួលឡានបានចាប់ពី៥គ្រឿងឡើងទៅ បន្ទាប់ពីលោកទទួលបានកម្ចីពីធនាគារ​ដើម្បីពង្រីកលទ្ធភាពនៃការផ្តល់សេវាកម្ម។​

 

ភាពជោគជ័យ​នៃការពង្រីកយានដ្ឋាននេះ គឺមិនមែនកើតចេញ​ដោយភាព​ចៃ​ដន្យ​នោះទេ ប៉ុន្តែកើតចេញ​ពីការត្រៀមខ្លួន ​មានជំនាញច្បាស់លាស់ និងទំនុកចិត្តរបស់លោក ​រួមជាមួយនឹងការ​​សន្សំចំណេះម្តងបន្តិចៗ​​ ក្នុងអំឡុងពេលស៊ីឈ្នួលជាជាងឡាននៅតាមយានដ្ឋាននានា។ ​

 

លើសពីនេះ ​វាក៏រួមផ្សំនឹងការចេះគ្រប់គ្រងកម្ចីបានល្អ ​ពោលគឺការប្រើប្រាស់កម្ចីឱ្យមានប្រសិទ្ធិភាព និងប្រើប្រាស់ចំគោលដៅ។

 

មានបទពិសោធជាង១៥ឆ្នាំ ក្នុងវិស័យជួសជុលយានយន្ត បើទោះបីជាលោកជួបបញ្ហាប្រឈមមួយចំនួន​ និងមានដៃគូប្រជែងច្រើន ចាប់តាំងពីចាប់ផ្តើមបើកដំណើរការដំបូងមកទល់ពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែលោកមិនដែលចង់បោះបង់ចោលអាជីវកម្មនេះនោះទេ​ ហើយនៅពេលខាងមុខ លោកគ្រោងនឹងពង្រីកសាខាបន្ថែមទៀតផងដែរ។

 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា ធនាគារបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់កម្ចីដល់ម្ចាស់អាជីវកម្មទាំងខ្នាតតូចនឹងធំ ប្រើសម្រាប់ចាប់ផ្តើម និងពង្រីកអាជីវកម្ម។ ប៉ុន្តែយ៉ាងណាមិញ ក៏ទាមទារឱ្យពួកគាត់ប្រើប្រាស់កម្ចីដោយមានប្រសិទ្ធភាពផងដែរ។

 

លោកបានពន្យល់ថា ការប្រើប្រាស់កម្ចីដោយមានប្រសិទ្ធភាព និងចំគោលដៅ គឺមានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យអាជីវកម្ម​កាន់តែរីកចម្រើន និងមានលទ្ធភាពពង្រីកកាន់តែធំជាងមុន។ ប៉ុន្តែការណ៍នេះ ម្ចាស់អាជីវកម្ម គួរតែ​រៀបចំផែនការអាជីវកម្ម និងហិរញ្ញវត្ថុឱ្យច្បាស់លាស់ បើមិនដូច្នេះទេ កម្ចីនោះអាចក្លាយទៅជាកម្ចីវ័ន្តករ។ ដូច្នេះហើយ​រាល់ការផ្តល់កម្ចីដល់ម្ចាស់អាជីវកម្មណាមួយ មន្រ្តីឥណទានរបស់ធនាគារវីង តែងតែធ្វើការចុះវាយតម្លៃដោយផ្ទាល់ និងផ្តល់ជាការប្រឹក្សាយោបល់ ដើម្បីជំរុញឱ្យម្ចាស់អាជីវកម្ម ប្រើប្រាស់កម្ចីដោយមានប្រសិទ្ធភាព និងចំគោលដៅ​។

 

សូមទស្សនា បទយកការណ៍ដូចតទៅ៖


អត្ថបទនេះត្រូវបានរាយការណ៍ដំបូងដោយ FreshNews ។ សូមអានរឿងពេញនៅទីនេះ

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ភាពជោគជ័យផ្តើមចេញពីទំនុកចិត្ត៖ លោកស្រី ដៀប ​សុវណ្ណ សាងភាពជោគជ័យដោយមិនចាំបាច់ឃ្លាតឆ្ងាយពីគ្រួសារ

ដោយមើលឃើញពីតម្រូវការអាជីវករក្នុងតំបន់ផ្សារដ៏មមាញឹកនេះ ដែលត្រូវការនូវសេវាផ្ទេរ និងទទួលប្រាក់មានសុវត្ថិភាពហើយទុកចិត្តបាន លោកស្រី ដៀប ​សុវណ្ណ បានសម្រេចចិត្តចាប់យកអាជីពជាភ្នាក់ងារធនាគារ វីង។ តាមរយៈភាពស្មោះត្រង់ និងសេវាកម្មដ៏ល្អប្រសើរជាប្រចាំ លោកស្រី សុវណ្ណ ទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងពីសហគមន៍ អាចពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែធំ និងកំពុងប្រតិបត្តិការទីតាំងភ្នាក់ងារធនាគារ វីង ចំនួនបីកន្លែង ព្រមទាំងអាចកសាងអនាគតដ៏រឹងមាំមួយដោយមិនចាំបាច់ឃ្លាតឆ្ងាយពីផ្ទះសម្បែងឡើយ។

ចេញផ្សាយនៅ: May 18, 2026

អានរហ័ស

យុវជនខ្មែរម្នាក់ បង្កើតកម្មវិធីគ្រប់គ្រងបុគ្គលិក ដែលកំពុងទទួលបានការទទួលស្គាល់កម្រិតតំបន់

ផ្តើមចេញពី​ក្តីស្រមៃកាល​នៅរៀន​សាកលវិទ្យាល័យដោយមានក្រុមហ៊ុន​ Microsoft ជាកម្លាំងជំរុញចិត្ត ពេលនេះវាបានក្លាយទៅជា​ BeOne Platform ដែលជាដំណោះស្រាយបច្ចេកវិទ្យាត្រូវ​បង្កើត​ដោយកូនខ្មែរ​ ហើយ​ឥឡូវនេះកំពុងបម្រើជាង ១.០០០ អាជីវកម្ម។ ​ក្នុងនាមជា​​នាយកប្រតិបត្តិ លោក ភូ លីន កំពុងដឹកនាំការពង្រីកក្រុមហ៊ុននេះ ដោយផ្តោតលើការបង្កើតថ្មីស្របតាមតម្រូវការក្នុងស្រុក ព្រមទាំងមានមហិច្ឆតាពង្រីកខ្លួនទៅក្នុងទីផ្សារអន្តរជាតិទៀតផង។

ចេញផ្សាយនៅ: Apr 22, 2026

អានរហ័ស

បុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប៖ ធនាគារ វីង ឈរជើងយ៉ាងរឹងមាំ ដើម្បីប្រជាជនខ្មែរ

ការកសាងស្ថាប័នឱ្យរឹងមាំ មិនមែនវាស់វែងត្រឹមតែការរីកចម្រើនតែម្យ៉ាងនោះឡើយ តែវាផ្តើមចេញពីមូលដ្ឋានគ្រឹះដែលចាក់ឫសយ៉ាងជ្រៅ និងភាពជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយដើម្បីធានាបាននូវស្ថិរភាពយូរអង្វែង។ សម្រាប់ធនាគារ វីង គ្រឹះដ៏រឹងមាំទាំងនោះហើយ ដែលកើតចេញពីអត្តសញ្ញាណខ្មែរ ដើម្បីខ្មែរ។

ចេញផ្សាយនៅ: Apr 22, 2026