វគ្គ​២២៖ របៀបប្រៀបធៀប អត្រាការប្រាក់ និងលក្ខណ សម្រាប់គណនីសន្សំ និងប្រាក់បញ្ញើមានកាលកំណត់នៅកម្ពុជា

ជ្រើសរើសជម្រើសដ៏ល្អបំផុត ដើម្បីទុកប្រាក់បម្រុងសម្រាប់តម្រូវការចាំបាច់ ការសន្សំសម្រាប់គោលដៅ និងការបង្កើតប្រាក់ចំណេញពីលុយដែលអ្នកមិនទាន់ត្រូវការប្រើ។

ចេញផ្សាយនៅ: Sep 21, 2026

ការមានប្រាក់នៅក្នុងគណនីធនាគារ មិនមានន័យថា ប្រាក់ទាំងនោះនឹងក្លាយជាប្រាក់សន្សំដោយស្វ័យប្រវត្តិនោះទេ។ ប្រសិនបើគ្មានគោលដៅច្បាស់លាស់ ប្រាក់ដែលគ្រោងទុកសម្រាប់សន្សំ នឹងត្រូវយកទៅចាត់ចែងសម្រាប់តម្រូវការប្រចាំថ្ងៃជាមិនខាន។ 

 

តាមរយៈអត្ថបទនេះ អ្នកនឹងយល់ដឹងពីគន្លឹះងាយៗ ក្នុងការបែងចែកប្រាក់សន្សំទៅតាមគោលដៅនីមួយៗ។ ឧទាហរណ៍ អ្នកគួរទុកប្រាក់បម្រុងនៅកន្លែងដែលងាយស្រួលដកយកមកប្រើ សន្សំប្រាក់មួយចំណែកទៀតសម្រាប់ផែនការចំណាយផ្សេងៗ និងតម្កល់ប្រាក់ដែលមិនទាន់ប្រញាប់ចាយទៅក្នុងគណនីបញ្ញើមានកាលកំណត់ រហូតដល់ថ្ងៃកំណត់។ 

 

ជ្រើសរើសជម្រើសនៃការសន្សំដែលស័ក្តិសមបំផុត

វិធីដ៏បំផុតក្នុងការសន្សំប្រាក់ គឺការជ្រើសរើសប្រភេទគណនីឲ្យស្របទៅគោលដៅ និងពេលវេលារបស់អ្នក។ 

ជម្រើសសន្សំ 
សមស្របសម្រាប់ 
ការប្រើប្រាស់ 
ការសន្សំសម្រាប់តម្រូវការផ្ទាល់ខ្លួន ករណីអាសន្ន និងការចំណាយចាំបាច់អាចដកប្រើបានគ្រប់ពេលដែលត្រូវការ 
ការសន្សំសម្រាប់គោលដៅ ការសិក្សា ដំណើរកម្សាន្ត ទិញផ្ទះ ឬគម្រោងអាជីវកម្ម រៀបចំការសន្សំតាមគោលដៅដែលបានកំណត់ 
បញ្ញើមានកាលកំណត់ ប្រាក់ដែលទុកសម្រាប់ប្រើនៅថ្ងៃអនាគត ជាទូទៅអាចរក្សាទុករហូតដល់កាលកំណត់ 

អ្នកអាចប្រើប្រាស់ជម្រើសសន្សំប្រាក់ទាំងនេះទន្ទឹមគ្នាបានយ៉ាងងាយស្រួល។ ជាក់ស្តែង អ្នកអាចទុកប្រាក់បម្រុងគ្រាអាសន្ននៅកន្លែងដែលងាយស្រួលដកយកមកប្រើ សន្សំប្រាក់មួយផ្នែកសម្រាប់ផែនការចំណាយផ្ទាល់ខ្លួន និងតម្កល់ប្រាក់សន្សំរយៈពេលវែងទៅក្នុងគណនីបញ្ញើមានកាលកំណត់។ 

 

អ្នកអាចរៀបចំជម្រើសនៃការសន្សំទាំងនេះឱ្យដើរទន្ទឹមគ្នាបានយ៉ាងងាយស្រួល។ ជាក់ស្តែង អ្នកអាចទុកប្រាក់បម្រុងដែលងាយស្រួលដកប្រើក្នុងករណីមានតម្រូវការអាសន្ន រៀបចំប្រាក់មួយចំណែកទៀតសម្រាប់ការចំណាយដែលមានផែនការច្បាស់លាស់ និងយកប្រាក់សន្សំរយៈពេលវែងទៅដាក់ក្នុងគណនីបញ្ញើមានកាលកំណត់។ 

 

បែងចែកឱ្យដាច់រវាងតម្រូវការបន្ទាន់ និងផែនការអនាគត

ការសន្សំសម្រាប់តម្រូវការផ្ទាល់ខ្លួន ផ្តល់ភាពងាយស្រួលក្នុងការដកប្រាក់ប្រើប្រាស់ជាប្រចាំ ខណៈសមតុល្យសាច់ប្រាក់នៅសល់ក្នុងគណនីក៏អាចទទួលបានការប្រាក់ផងដែរ។ មុនពេលបើកគណនីសន្សំ អ្នកគួរពិនិត្យមើលអត្រាការប្រាក់សន្សំ ចំនួនទឹកប្រាក់អប្បបរមាដែលត្រូវរក្សាទុក លក្ខខណ្ឌនៃការដកប្រាក់ ថ្លៃសេវានានា និងភាពងាយស្រួលក្នុងការប្រើប្រាស់សេវាធនាគារឌីជីថល។ 

 

សម្រាប់ការចំណាយដែលមានគម្រោងច្បាស់លាស់ ការសន្សំសម្រាប់គោលដៅអាចជួយបែងចែកប្រាក់នោះចេញពីការចំណាយប្រចាំថ្ងៃ។ អ្នកអាចកំណត់ចំនួនទឹកប្រាក់គោលដៅ និងកាលបរិច្ឆេទកំណត់ រួចសន្សំជាប្រចាំតាមលទ្ធភាពជាក់ស្តែង។ អ្នកក៏អាចតាមដានការវិវឌ្ឍ និងអាចកែសម្រួលផែនការបាន នៅពេលចំណូល ឬរយៈពេលនៃគោលដៅមានការផ្លាស់ប្តូរ។ 

 

អ្នកត្រូវប្រាកដថាមានប្រាក់បម្រុងគ្រប់គ្រាន់សម្រាប់គ្រាអាសន្ន និងការចំណាយបន្ទាន់ផ្សេងៗ មុននឹងសម្រេចចិត្តបង្វែរប្រាក់សេសសល់ ទៅដាក់ក្នុងគណនីបញ្ញើមានកាលកំណត់។ 

 

យល់ដឹងពីដំណើរការនៃគណនីបញ្ញើមានកាលកំណត់

ប្រាក់បញ្ញើមានកាលកំណត់ គឺជាការដាក់ប្រាក់ចំនួនណាមួយទុកក្នុងធនាគារសម្រាប់រយៈពេលជាក់លាក់មួយ។ ធនាគារនឹងផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើ ហើយអ្នកនឹងទទួលបានទាំងប្រាក់ដើម និងការប្រាក់ ទៅតាមកាលវិភាគដែលបានកំណត់។ 

 

រយៈពេលនៃប្រាក់បញ្ញើមានកាលកំណត់ អាចមានរយៈពេលចាប់ពី 4-5 ខែ រហូតដល់ច្រើនឆ្នាំ។ ការដាក់ប្រាក់បញ្ញើក្នុងរយៈពេលខ្លី ជួយឱ្យអ្នកអាចឆាប់យកលុយមកដកចាយវិញបានរហ័ស។ តែបើជ្រើសរើសរយៈពេលយូរ អ្នកនឹងទទួលបានការប្រាក់ខ្ពស់ជាង គ្រាន់តែលុយនោះត្រូវរក្សាទុកយូរដូចគ្នា។ 

 

ដូច្នេះ គួរជ្រើសរើសកាលបរិច្ឆេទដល់កាលកំណត់ឱ្យសមនឹងពេលដែលអ្នកគ្រោងនឹងប្រើប្រាក់នោះ។ អត្រាការប្រាក់ខ្ពស់ នឹងមិនមានន័យនោះឡើយ ប្រសិនបើអ្នកចាំបាច់ត្រូវបិទគណនីនេះមុនកាលកំណត់។ 

 

ប្រៀបធៀបអត្រាការប្រាក់ និងលក្ខខណ្ឌឱ្យបានច្បាស់

នៅពេលពិនិត្យមើលអត្រាការប្រាក់បញ្ញើមានកាលកំណត់នៅកម្ពុជា សូមប្រៀបធៀបគណនីដែលមានប្រភេទរូបិយប័ណ្ណ រយៈពេល និងកាលវិភាគទូទាត់ការប្រាក់ដូចគ្នា។ មុនសម្រេចចិត្តបើកគណនី អ្នកគួរពិនិត្យមើល៖

  • អត្រាការប្រាក់ប្រចាំឆ្នាំ  
  • ចំនួនទឹកប្រាក់អប្បបរមាសម្រាប់ដាក់បញ្ញើ  
  • ជម្រើសរយៈពេលដាក់ប្រាក់  
  • ការទូទាត់ការប្រាក់ប្រចាំខែ ឬនៅពេលដល់កាលកំណត់  
  • ពន្ធកាត់ទុក  
  • លក្ខខណ្ឌដកប្រាក់មុនកាលកំណត់  
  • លក្ខខណ្ឌដកប្រាក់មួយផ្នែក  
  • លក្ខខណ្ឌបន្តប្រាក់បញ្ញើដោយស្វ័យប្រវត្តិ 

 

ការប្រាក់លើប្រាក់បញ្ញើមានកាលកំណត់ អាចត្រូវបានទូទាត់ជារៀងរាល់ខែ ឬទូទាត់នៅចុងគ្រា។ ការទទួលការប្រាក់ប្រចាំខែ អាចផ្តល់ចំណូលជាបន្តបន្ទាប់ ខណៈការទទួលការប្រាក់នៅចុងគ្រា នឹងទុកការប្រាក់ទាំងអស់រហូតដល់ថ្ងៃកំណត់។ ហើយជម្រើសណាមួយសមស្របជាង គឺអាស្រ័យលើពេលដែលអ្នកត្រូវការប្រើប្រាស់ប្រាក់នោះ។ 

 

ដើម្បីគណនាការប្រាក់ដែលអាចទទួលបាន អ្នកត្រូវពិនិត្យមើលចំនួនប្រាក់ដាក់បញ្ញើ អត្រាការប្រាក់ប្រចាំឆ្នាំ រយៈពេល និងរបៀបទូទាត់ការប្រាក់។ ប្រសិនបើធនាគារមានឧបករណ៍គណនាប្រាក់បញ្ញើមានកាលកំណត់ផ្លូវការ អ្នកអាចប្រើឧបករណ៍នោះ ហើយគួរពិនិត្យបន្ថែមថា តើចំនួនដែលបានគណនានោះបានរាប់បញ្ចូលពន្ធកាត់ទុករួចហើយឬនៅ។ 

 

នៅពេលប្រាក់បញ្ញើដល់កាលកំណត់ ធនាគារអាចផ្ទេរប្រាក់ដើម និងការប្រាក់ទៅកាន់គណនីរបស់អ្នកផ្ទាល់ ឬបន្តប្រាក់បញ្ញើនោះដោយស្វ័យប្រវត្តិ។ ដូច្នេះ អ្នកគួរពិនិត្យឱ្យច្បាស់ថា តើទំហំទឹកប្រាក់ប៉ុណ្ណានឹងត្រូវបន្តដាក់បញ្ញើ ហើយអត្រាការប្រាក់ថ្មីនឹងត្រូវបានគិតគូរយ៉ាងដូចម្តេច។ ការដកប្រាក់មុនកាលកំណត់ អាចធ្វើឱ្យការប្រាក់ដែលអ្នកទទួលបានថយចុះ ឬអាចមិនទទួលបានការប្រាក់តែម្តង។ គ្រឹះស្ថានធនាគារខ្លះ អាចតម្រូវឱ្យអ្នកជូនដំណឹងជាមុន ហើយការដកប្រាក់ត្រឹមតែមួយផ្នែក អាចនឹងមិនត្រូវបានអនុញ្ញាតនោះឡើយ។ ហេតុនេះ សូមចំណាយពេលស្វែងយល់ពីលក្ខខណ្ឌទាំងនេះឱ្យបានច្បាស់ មុនពេលសម្រេចចិត្តដាក់ប្រាក់សន្សំរបស់អ្នក។ 

 

តើគួរជ្រើសប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល ឬដុល្លារ?

គួរជ្រើសរើសរូបិយប័ណ្ណឱ្យស្របទៅនឹងផែនការចំណាយរបស់អ្នក។ ឧទាហរណ៍ ប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល អាចសមស្របសម្រាប់ការចំណាយលើការសិក្សា គ្រួសារ ឬអាជីវកម្ម ដែលត្រូវទូទាត់ជាប្រាក់រៀល។ ការជ្រើសរើសប្រាក់រៀល ក៏ជាផ្នែកមួយនៃការគាំទ្រការប្រើប្រាស់រូបិយវត្ថុជាតិឱ្យកាន់តែទូលំទូលាយផងដែរ។ 

 

ដោយឡែក ប្រសិនបើគោលដៅចំណាយរបស់អ្នកគិតជាប្រាក់ដុល្លារ ការជ្រើសរើសគណនីបញ្ញើជាប្រាក់ដុល្លារគឺជារឿងដែលស័ក្តិសមបំផុត។ ការធ្វើបែបនេះ ជួយឱ្យអ្នកមិនចាំបាច់ខាតពេល ឬខាតលុយប្តូរប្រាក់ចុះឡើង និងជួយការពារប្រាក់សន្សំរបស់អ្នកពីការឡើងចុះនៃអត្រាប្តូរប្រាក់នៅលើទីផ្សារ។ ក្នុងករណីដែលអ្នកត្រូវចំណាយជាប្រាក់រៀលផង និងដុល្លារផង ជម្រើសដ៏ល្អគឺការបែងចែកប្រាក់សន្សំរបស់អ្នកជាពីរចំណែក សម្រាប់រូបិយប័ណ្ណទាំងពីរនេះតែម្តង។ 

 

ពិនិត្យមើលរបៀបបើក និងគ្រប់គ្រងគណនី

សព្វថ្ងៃ គ្រឹះស្ថានធនាគារមួយចំនួនបានផ្តល់ភាពងាយស្រួល ដោយអនុញ្ញាតឱ្យអតិថិជនបើក និងគ្រប់គ្រងគណនីបញ្ញើមានកាលកំណត់ដោយខ្លួនឯង តាមអេបធនាគារ​តែម្តង ខណៈធនាគារខ្លះទៀត អាចតម្រូវឱ្យអតិថិជនទៅដល់សាខាផ្ទាល់។ 

 

ដើម្បីដំណើរការកាន់តែរលូន មុនពេលបើកគណនី អ្នកគួរស្វែងយល់ឱ្យបានច្បាស់ពីឯកសារដែលចាំបាច់ត្រូវមាន គណនីដែលត្រូវភ្ជាប់ ចំនួនទឹកប្រាក់តម្កល់តិចបំផុត រូបិយប័ណ្ណដែលអាចជ្រើសរើសបាន និងរបៀបគ្រប់គ្រងគណនី។ ម្យ៉ាងវិញទៀត កុំភ្លេចពិនិត្យមើលអត្រាការប្រាក់ចុងក្រោយ និងលក្ខខណ្ឌផ្សេងៗ តាមរយៈគេហទំព័រ អេបធនាគារ ឬសាកសួរផ្ទាល់នៅសាខាធនាគារ។  

 

ជ្រើសរើសជម្រើសនៃការសន្សំដ៏ស័ក្តិសមពីធនាគារ វីង

ជាមួយគណនីសន្សំរបស់ធនាគារ វីង អ្នកអាចដកប្រាក់មកប្រើប្រាស់បានយ៉ាងងាយស្រួលគ្រប់ពេលវេលា ព្រមទាំងទទួលបានការប្រាក់ពីទឹកប្រាក់ក្នុងគណនីផងដែរ។ គណនីនេះស័ក្តិសមបំផុតសម្រាប់ការដាក់ប្រាក់ជាប្រចាំ សន្សំទុកសម្រាប់គ្រាអាសន្ន និងការចំណាយផ្សេងៗនៅពេលចំាបាច់។ 

 

ប្រសិនបើអ្នកមានផែនការជាក់លាក់ណាមួយ មុខងារសន្សំដើម្បីគោលដៅ អនុញ្ញាតឱ្យអ្នកដាក់ឈ្មោះគោលដៅ កំណត់ចំនួនទឹកប្រាក់ដែលចង់សន្សំ និងតាមដានការសន្សំផ្ទាល់ខ្លួនយ៉ាងងាយស្រួលតាមអេប Wing Bank ។ កាន់តែពិសេស បេសកកម្ម ជីប ជីប នឹងបន្ថែមភាពសប្បាយរីករាយរាល់ពេលអ្នកប្រើប្រាស់អេប Wing Bank។ អ្នកអាចបំពេញបេសកកម្មនានា ស្វែងយល់ពីមុខងារធនាគារផ្សេង​ ដោយទទួលបាននូវរង្វាន់ពិសេសជាច្រើន ព្រមទាំងអាចតាមដានទឹកប្រាក់កើនឡើងរបស់អ្នកក្នុងពេលតែមួយទៀតផង។ 

 

ជម្រើសទាំងនេះ នឹងជួយឱ្យការសន្សំប្រចាំថ្ងៃរបស់អ្នកមានភាពបត់បែន ហើយជួយសម្រេចផែនការហិរញវត្ថុទៅតាមគោលដៅដែលអ្នកចង់បាន។ 

 

បង្កើនប្រាក់សន្សំរយៈពេលវែង ជាមួយប្រាក់បញ្ញើមានកាលកំណត់ របស់ធនាគារ វីង

គណនីបញ្ញើមានកាលកំណត់របស់ធនាគារ វីង ត្រូវបានរចនាឡើងជាពិសេស សម្រាប់ប្រាក់ដែលអ្នកអាចរក្សាទុកដោយមិនចាំបាច់ដកប្រើ រហូតដល់កាលបរិច្ឆេទមួយដែលអ្នកបានជ្រើសរើស។ 

 

អ្នកអាចបើកប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល ដោយជ្រើសរើសរយៈពេលចាប់ពី 1 ខែ ដល់ 60 ខែ។ ចំនួនទឹកប្រាក់អប្បបរមាសម្រាប់ដាក់បញ្ញើ គឺ 10 ដុល្លារអាមេរិក ឬ 40,000 រៀល។ 

 

គណនីបញ្ញើមានកាលកំណត់របស់ធនាគារ វីង ផ្តល់ជូនអត្រាការប្រាក់រហូតដល់ 5.5% ក្នុងមួយឆ្នាំ សម្រាប់ជម្រើសកាលកំណត់រយៈពេលវែង សម្រាប់ការជ្រើសរើសការទូទាត់ការប្រាក់នៅចុងគ្រា។ អ្នកក៏អាចជ្រើសរើសការទូទាត់ការប្រាក់ប្រចាំខែ ឬនៅចុងគ្រា អាស្រ័យលើរយៈពេលដែលបានជ្រើសរើស។ សម្រាប់ប្រាក់បញ្ញើនេះ មិនអនុញ្ញាតឱ្យដកប្រាក់មួយផ្នែកបានទេ។ ប្រសិនបើអ្នកបិទគណនីប្រាក់បញ្ញើមុនកាលកំណត់ អ្នកអាចទទួលបានអត្រាការប្រាក់សន្សំដែលអនុវត្តនៅពេលនោះ អាស្រ័យលើគណនីដែលបានភ្ជាប់ និងលក្ខខណ្ឌរបស់ផលិតផល។ 

 

អ្នកអាចបើក និងតាមដានប្រាក់បញ្ញើមានកាលកំណត់តាម អេប Wing Bank ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែម។ 

 

ចាប់ផ្តើមកសាងប្រាក់សន្សំរបស់អ្នក

 

ប្រាក់សម្រាប់តម្រូវការបន្ទាន់ គួររក្សាទុកក្នុងគណនីសន្សំដែលងាយស្រួលដកប្រើ។ សម្រាប់ការចំណាយដែលមានគម្រោងច្បាស់លាស់ អ្នកអាចកំណត់គោលដៅសន្សំដាច់ដោយឡែក ហើយយកតែប្រាក់ដែលមិនត្រូវការប្រើ ទៅដាក់សន្សំនៅក្នុងគណនីប្រាក់បញ្ញើមានកាលកំណត់។

មុនសម្រេចចិត្តជ្រើសរើសផលិតផលធនាគារណាមួយ គួរពិនិត្យមើល អត្រាការប្រាក់បច្ចុប្បន្ន រយៈពេលដាក់ប្រាក់ ការបង់ពន្ធ លក្ខខណ្ឌនៅពេលដល់កាលកំណត់ និងលក្ខខណ្ឌដកប្រាក់មុនកាលកំណត់ ឱ្យបានច្បាស់។

 

សូមទាញយក អេប Wing Bank ឬទៅកាន់សាខាធនាគារ វីង ដើម្បីចាប់ផ្តើមសន្សំនៅថ្ងៃនេះ។ ព័ត៌មានបន្ថែមមាននៅលើគេហទំព័រ គណនីសន្សំធនាគារ វីង, សន្សំដើម្បីគោលដៅ, បេសកកម្ម ជីប ជីប​ និង គណនីបញ្ញើមានកាលកំណត់ធនាគារ វីង។ 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

វគ្គ​២១៖ តើគួរទុកលុយក្នុងគណនីសន្សំធម្មតា ឬដាក់បញ្ញើមានកាលកំណត់ មួយណាជាជម្រើសល្អ?

ស្វែងយល់ពីភាពខុសគ្នា លក្ខខណ្ឌ និងរបៀបជ្រើសរើសជម្រើសសន្សំប្រាក់ ដែលសមស្របសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់អ្នក។

ចេញផ្សាយនៅ: Sep 18, 2026

អានរហ័ស

វគ្គ​២០៖ ការកំណត់តម្លៃពន្ធគយ៖ បញ្ហាប្រឈមនៃអនុលោមភាពដែលធុរជនកម្ពុជាមិនគួរមើលរំលង

ស្របតាមកំណើននៃសកម្មភាពពាណិជ្ជកម្ម ការរៀបចំឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ និងការត្រៀមលក្ខណៈហិរញ្ញវត្ថុរួចរាល់ កំពុងជួយសម្រួលដល់អាជីវកម្មក្នុងការបំពេញកាតព្វកិច្ចគយប្រកបដោយភាពជឿជាក់។

ចេញផ្សាយនៅ: Aug 03, 2026

អានរហ័ស

វគ្គ​១៩៖ លើសពីការដឹកជញ្ជូន៖ កម្លាំងចលករពិតប្រាកដនៃជោគជ័យពាណិជ្ជកម្ម

វិស័យពាណិជ្ជកម្មកម្ពុជាកំពុងតែមានការរីកចម្រើនទៅមុខ ហើយការគ្រប់គ្រងទុនបង្វិលប្រកបដោយភាពឆ្លាតវៃ គឺជាកត្តាដែលជួយឱ្យអាជីវកម្មប្រែក្លាយឱកាសទីផ្សារ ទៅជាកំណើនដែលមានភាពរឹងមាំ។

ចេញផ្សាយនៅ: Jul 23, 2026