ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

ការឈានចូលវ័យ 18 ឆ្នាំ ជាទូទៅតែងតែត្រូវបានគេមើលថា ជារបត់ឆ្ពោះទៅរកភាពចាស់ទុំដ៏មាំមួន 

 

ប៉ុន្តែ ពាក្យថា "ចាស់ទុំ" មិនមែនមានន័យថា ត្រូវបោះបង់ភាពសកម្ម រក្សាគោលជំហរផ្លូវការពេក ឬលែងហ៊ានផ្លាស់ប្តូរនោះទេ។ ផ្ទុយទៅវិញ ភាពចាស់ទុំពិតប្រាកដ គឺជាការយល់ស៊ីជម្រៅពីតម្លៃដែលត្រូវថែរក្សា ការដឹងច្បាស់ពីចំណុចដែលត្រូវតែវិវឌ្ឍ និងការបន្តបោះជំហានទៅមុខដោយទស្សនវិស័យភ្លឺស្វាងជាងមុន។ 

 

សម្រាប់ធនាគារ វីង ខួបគម្រប់ 18 ឆ្នាំនេះ ក៏ជារបត់នៃការផ្លាស់ប្តូរបែបនេះដែរ។ 

 

វីង កំពុងបើកទំព័រថ្មីជាមួយគ្រឹះនៃទំនុកចិត្ត ការពង្រីកវិសាលភាព និងបទពិសោធដែលបានកសាងអស់រយៈពេលជិតពីរទសវត្សរ៍មកនេះ។ ទន្ទឹមនឹងនេះ ទីផ្សារ និងការរំពឹងទុករបស់អតិថិជនសព្វថ្ងៃនេះ ក៏បានផ្លាស់ប្តូរយ៉ាងខ្លាំង បើធៀបនឹងពេលដែល វីង ទើបចាប់ផ្តើម។ 

 

បច្ចុប្បន្ន អតិថិជនរំពឹងថាសេវាកម្មហិរញ្ញវត្ថុ ត្រូវតែលឿនរហ័ស ឆ្លាតវៃ និងងាយស្រួលប្រើប្រាស់។ ពួកគេចង់បានបទពិសោធន៍ឌីជីថលដែលឆ្លើយតបចំតម្រូវការផ្ទាល់ខ្លួន ជាជាងទម្រង់ទូទៅដែលមានភាពដដែលៗ។ មិនតែប៉ុណ្ណោះក៏ចង់ឱ្យបទពិសោធន៍ឌីជីថលកាន់តែសមស្របនឹងតម្រូវការរបស់ខ្លួន ហើយការទទួលបានជំនួយ អត្ថប្រយោជន៍ ឬរង្វាន់ផ្សេងៗ ក៏ត្រូវតែងាយស្រួល និងភ្ជាប់ទៅនឹងការប្រើប្រាស់ប្រចាំថ្ងៃដោយមិនស្មុគស្មាញ។ 

 

ជាពិសេសសម្រាប់ស្រទាប់យុវ័យ ពួកគេលែងយកធនាគារ និងធនាគារ មកប្រៀបធៀបគ្នាទៀតហើយ។ ប៉ុន្តែពួកគេកំពុងយកបទពិសោធនៃការប្រើប្រាស់ធនាគារ ទៅប្រៀបធៀបជាមួយនឹងរាល់បទពិសោធឌីជីថលផ្សេងៗទៀតនៅក្នុងជីវិតប្រចាំរបស់ពួកគេផងដែរ 

 

ហេតុនេះ សម្រាប់ វីង ដើម្បីបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងបេះដូងអតិថិជន វាទាមទារឱ្យមានការផ្លាស់ប្តូរ អារម្មណ៍នៃការប្រើប្រាស់សេវាធនាគារតែម្តង។ 

 

ធនាគារដែលបន្តវិវឌ្ឍខ្លួន ស្របតាមតម្រូវការអតិថិជន 

 

ទំព័រថ្មីរបស់ វីង គឺជាការបន្តវិវឌ្ឍពីធនាគារដែលអតិថិជនបានស្គាល់ និងទុកចិត្តរួចមកហើយ 

 

ក្នុងរយៈពេល 18 ឆ្នាំកន្លងមកនេះ វីង បានពង្រីកខ្លួនឆ្ងាយជាងសេវាផ្ទេរ និងទូទាត់ប្រាក់ ដែលជាចំណុចចាប់ផ្តើម។ បច្ចុប្បន្ន វីង កំពុងបម្រើអតិថិជនលើសេវាកម្មជាច្រើន រួមមាន ប្រាក់បញ្ញើ ការផ្តល់ប្រាក់កម្ចី កាតធនាគារ ការបើកប្រាក់បៀវត្ស សេវាធនាគារសម្រាប់អាជីវកម្ម ការទូទាត់ឌីជីថល កម្មវិធីរង្វាន់ និងតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃដែលកំពុងកើនឡើងជាច្រើនទៀត។ 

ទន្ទឹមគ្នានេះ អតិថិជនដែល វីង បានបម្រើ ក៏កាន់តែទូលំទូលាយដូចគ្នា។ 

 

សព្វថ្ងៃ វីង កំពុងជួយគាំទ្រយុវជនក្នុងការបើកគណនីធនាគារដំបូងរបស់ពួកគេ គ្រួសារដែលគ្រប់គ្រងចំណូលចំណាយប្រចាំថ្ងៃ បុគ្គលិកដែលទទួលប្រាក់បៀវត្ស អាជីវករដែលទទួលការទូទាត់ សហគ្រិនដែលកំពុងកសាងអាជីវកម្ម រហូតដល់ក្រុមហ៊ុនដែលត្រូវការដំណោះស្រាយហិរញ្ញវត្ថុកាន់តែស្មុគស្មាញ។ 

 

ការបម្រើអតិថិជនដ៏ទូលំទូលាយបែបនេះ គឺទាមទារការបត់បែនខ្ពស់ មិនអាចប្រើរបៀបទំនាក់ទំនង ឬផ្តល់បទពិសោធតែមួយបែបសម្រាប់មនុស្សគ្រប់គ្នាបានទៀតឡើយ 

 

វាទាមទារឱ្យមានធនាគារមួយ ដែលបន្តរក្សាបាននូវទំនុកចិត្តខ្ពស់ ប៉ុន្តែកាន់តែមានភាពបត់បែន កាន់តែស៊ីចង្វាក់គ្នា និងកាន់តែប្រទាក់ក្រឡា ទៅនឹងទម្លាប់រស់នៅប្រចាំថ្ងៃគ្រប់ទម្រង់របស់អតិថិជន។ 

 

ជីបជីប ផ្តល់បទពិសោធថ្មីសម្រាប់អតិថិជន 

 

ការផ្លាស់ប្តូររបស់ វីង ក្នុងទំព័រថ្មីនេះ អាចមើលឃើញកាន់តែច្បាស់តាមរយៈ ជីបជីប 

 

ជីបជីប បានបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 នេះ។ មើលមួយភ្លែត វាអាចគ្រាន់តែជាតួអង្គតំណាងដ៏គួរឱ្យស្រឡាញ់មួយរបស់ វីង ប៉ុន្តែតួនាទីរបស់វាមានច្រើនជាងនេះ។ ជីបជីប កំពុងក្លាយជាផ្នែកមួយនៃបទពិសោធន៍ថ្មីដែល វីង ចង់បង្កើតជាមួយអតិថិជន ដើម្បីធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងកាន់តែជិតស្និទ្ធជាងមុន។  

 

ការផ្លាស់ប្តូរនេះមិនមែនមានតែវត្តមាន ជីបជីប មួយនោះទេ តែក៏បានភ្ជាប់ជាមួយនឹងការអភិវឌ្ឍអេប Wing Bank ជំនាន់ថ្មី ជាមួយមុខងារថ្មីៗដែលជួយសម្រួលជីវិតប្រចាំថ្ងៃ បទពិសោធថ្មីនៅលើគេហទំព័រ ការស្វែងរកព័ត៌មាន និងការទទួលបានជំនួយកាន់តែងាយស្រួល ព្រមទាំងបានដាក់ឱ្យដំណើរការបេសកកម្ម ជីបជីប ដែលបើកឱកាសឱ្យអតិថិជនស្វែងយល់ពីសេវាផ្សេងៗ ចូលរួមសកម្មភាព និងស្គាល់មុខងាររបស់ វីង បានកាន់តែច្រើន។ 

 

នេះក៏បង្ហាញពីការផ្លាស់ប្តូរមួយក្នុងរបៀបដែល វីង ចង់កសាងទំនាក់ទំនងជាមួយអតិថិជន។ កន្លងមក រង្វាន់ភាគច្រើនតែងភ្ជាប់ជាមួយការធ្វើប្រតិបត្តិការ ប៉ុន្តែតាមរយៈបេសកកម្ម ជីបជីប បទពិសោធនោះកំពុងត្រូវបានពង្រីកឱ្យទូលំទូលាយជាងមុនផងដែរ ពោលគឺអតិថិជនមិនត្រឹមតែធ្វើប្រតិបត្តិការហិរញ្ញវត្ថុប៉ុណ្ណោះទេ តែក៏អាចចូលរួម សាកល្បង ស្វែងយល់ពីសេវាដែលមានប្រយោជន៍ និងបង្កើតទម្លាប់ហិរញ្ញវត្ថុកាន់តែប្រសើរទៀតផង 

 

ជីបជីប ក៏មិនបាននៅត្រឹមតែក្នុងពិភពឌីជីថលនោះដែរ 

 

តាមរយៈសកម្មភាពនៅតាមផ្សារទំនើប និងកម្មវិធីជួបអតិថិជននៅតាមទីតាំងផ្សេងៗ ជីបជីប បានជួយនាំ វីង ឱ្យចូលទៅជិតអតិថិជន និងសហគមន៍កាន់តែផ្ទាល់ កាន់តែស្និទ្ធស្នាល និងមានភាពរស់រវើកជាងមុន។ 

 

លទ្ធផលដំបូងៗក៏បាន​បង្ហាញដែរថា ការផ្លាស់ប្តូរនេះកំពុងទទួលបានការឆ្លើយតបគួរឱ្យកត់សម្គាល់។ គិតត្រឹមថ្ងៃទី 29 ខែកក្កដា យុទ្ធនាការ ជីបជីប ទទួលបានការមើលឃើញជាង 326 លានដង វីដេអូត្រូវបានចាក់មើលជាង 65 លានដង និងមានការចូលរួមជិត 25 លានដង។ ទន្ទឹមនឹងនេះ យុទ្ធនាការក៏បានរួមចំណែកនាំមកនូវការដំឡើង អេប Wing Bank ជំនាន់ថ្មីជាង 639,000 និងការបើកគណនីថ្មីចំនួន 154,000 គណនី​​ ផងដែរ។ 

 

តួលេខទាំងនេះបង្ហាញថា ជីបជីប មិនត្រឹមតែជួយឱ្យមនុស្សស្គាល់ វីង កាន់តែច្រើននោះទេ ប៉ុន្តែក៏កំពុងជួយទាក់ទាញអតិថិជនថ្មី បង្កើនការចូលរួម និងធ្វើឱ្យអតិថិជនដែលមានស្រាប់មានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយ វីង។ 

 

សម្រាប់ វីង ចំណុចនេះធ្វើឱ្យ ជីបជីប មិនមែនគ្រាន់តែជាតួអង្គសម្រាប់ការផ្សព្វផ្សាយនោះទេ។ វាគឺជាសញ្ញាមួយដែលបង្ហាញថា វីង កំពុងបោះជំហានពីការផ្តល់សេវាដែលផ្តោតលើប្រតិបត្តិការ ទៅរកបទពិសោធដែលអតិថិជនអាចចូលរួម ស្វែងយល់ ទទួលបានអត្ថប្រយោជន៍ និងភ្ជាប់ជាមួយធនាគារបានកាន់តែច្រើនក្នុងជីវិតប្រចាំថ្ងៃ។ 

 

ហេតុអ្វីយុវជនកាន់តែសំខាន់សម្រាប់ការបើកទំព័រថ្មីរបស់ វីង 

 

ការផ្លាស់ប្តូររបស់ វីង ក៏កំពុងដើរទន្ទឹមគ្នាជាមួយការផ្លាស់ប្តូររបស់មនុស្សជំនាន់ថ្មីនៅកម្ពុជា។  

 

សម្រាប់យុវជនសព្វថ្ងៃនេះ ការចាប់ផ្តើមគ្រប់គ្រងហិរញ្ញវត្ថុ មិនដូចជំនាន់មុនទៀតឡើយ។ ពួកគេរស់នៅជាមួយបច្ចេកវិទ្យាឌីជីថលជារៀងរាល់ថ្ងៃ ស៊ាំនឹងបទពិសោធន៍ដែលងាយប្រើ និងអាចឆ្លើយតបទៅនឹងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗបានកាន់តែច្រើន។ 

 

ពួកគេ ក៏រំពឹងផងដែរថា ម៉ាកយីហោដែលពួកគេជ្រើសរើស នឹងយល់ច្បាស់ពីគោលដៅ និងរបៀបរស់នៅរបស់ពួកគេ។ 

 

សម្រាប់ វីង ការទាក់ទាញយុវវ័យ មិនមែនគ្រាន់តែជាការធ្វើឱ្យធនាគារមើលទៅទាន់សម័យនោះទេ។ តែវាគឺជាការរចនាផលិតផល បទពិសោធ និងការប្រាស្រ័យទាក់ទង ដែលមានភាពស៊ីចង្វាក់គ្នាទៅនឹងរបៀបដែលមនុស្សជំនាន់ក្រោយ ចាត់ចែងលុយកាក់ បង្ហាញពីភាពជាខ្លួនឯង កសាងគោលដៅ និងរៀបចំផែនការសម្រាប់អនាគតរបស់ពួកគេ។ 

 

ទិសដៅនេះចាប់ផ្តើមបង្ហាញកាន់តែច្បាស់តាមរយៈយុទ្ធនាការ ពុះពារ របស់ វីង ដែលផ្តោតលើទីផ្សារយុវវ័យ ក្រោមទស្សនាទាននៃការគាំទ្រ យុវជនខ្មែរឆ្ពោះទៅមុខ 

 

យុទ្ធនាការនេះ បានឆ្លុះបញ្ចាំងពីយុវវ័យមួយជំនាន់ ដែលមានមោទនភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន ព្រមទាំងមានគោលដៅ ភាពទំនើប ផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនឹងឌីជីថល និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោះជំហានទៅមុខជានិច្ច។ វាបានចាត់ទុកយុវវ័យ មិនមែនគ្រាន់តែជាក្រុមគោលដៅសម្រាប់ផ្សាយពាណិជ្ជកម្មដាច់ដោយឡែកនោះទេ ប៉ុន្តែជាផ្នែកស្នូលនៃអនាគតរយៈពេលវែងរបស់ វីង តែម្តង។ 

 

វត្តមានរបស់ ជីបជីប គឺជាការបន្តពង្រឹងទិសដៅនេះ ដោយនាំយកនូវភាពងាយស្រួល ថាមពលរស់រវើក និងការចូលរួមយ៉ាងសកម្ម ទៅក្នុងបទពិសោធនៃការប្រើប្រាស់ធនាគារ។ 

 

ជារួម គំនិតផ្តួចផ្តើមទាំងនេះ បានបង្ហាញពីរបៀបដែល វីង កំពុងបន្តរក្សាគ្រឹះនៃទំនុកចិត្ត  និងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្សាភ្ជាប់ជាមួយអតិថិជនឱ្យកាន់តែទាន់សម័យ ជិតស្និទ្ធ និងស៊ីចង្វាក់ជាមួយជីវិតរបស់ពួកគេ។ 

 

ពណ៌ចម្រុះដ៏រស់រវើក សម្រាប់ទំហំប្រតិបត្តិការដ៏ធំទូលាយរបស់ វីង 

 

ការផ្លាស់ប្តូររបស់ វីង ក្នុងទំព័រថ្មីនេះ មិនត្រឹមតែបង្ហាញតាមរយៈសេវា និងបទពិសោធន៍ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែក៏អាចមើលឃើញតាមរយៈពណ៌ថ្មីៗ ដែលកំពុងធ្វើឱ្យអត្តសញ្ញាណរបស់ វីង កាន់តែសម្បូរបែប និងរស់រវើកជាងមុន។ 

 

អស់រយៈពេលជាច្រើនឆ្នាំមកហើយ អត្តសញ្ញាណពណ៌បៃតងរបស់ វីង បានតំណាងឱ្យភាពស្និទ្ធស្នាល ភាពងាយស្រួល និងការស្គាល់យ៉ាងច្បាស់លាស់ពីសំណាក់ប្រជាជនទូទាំងប្រទេសកម្ពុជា។ ហើយអត្តសញ្ញាណស្នូលនេះនៅតែជាផ្នែកសំខាន់របស់ វីង ដដែល។ 

 

ប៉ុន្តែ វីង នាពេលបច្ចុប្បន្ន បានរីកធំជាង វីង កាលពី 18 ឆ្នាំមុនយ៉ាងច្រើន 

 

ធនាគារ វីង បាននិងកំពុងបម្រើអតិថិជនកាន់តែច្រើន ផ្តល់ជូននូវដំណោះស្រាយសេវាហិរញ្ញវត្ថុកាន់តែសំបូរបែប និងដើរតួនាទីកាន់តែសំខាន់នៅក្នុងជីវិតហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អតិថិជនទូទៅ និងអាជីវកម្មនានា។ 

 

ការពង្រីកជម្រើសពណ៌ថ្មីនេះ ផ្តល់ឱកាសឱ្យម៉ាកយីហោរបស់យើង អាចឆ្លុះបញ្ចាំងពីភាពចម្រុះទាំងអស់នោះបាន។ 

 

ពណ៌ដ៏ស្រស់បំព្រង និងលេចធ្លោ អនុញ្ញាតឱ្យ វីង អាចផ្សាភ្ជាប់ខ្លួនទៅកាន់អតិថិជន ផលិតផល និងបទពិសោធផ្សេងៗគ្នា ហើយនៅតែបន្តឈរលើគ្រឹះនៃទំនុកចិត្តដែលបានកសាងមកអស់រយៈពេលជាច្រើនឆ្នាំ។ 

 

ការផ្លាស់ប្តូរនេះ មិនមែនធ្វើឡើងក្នុងគោលបំណងលុបបំបាត់អត្តសញ្ញាណដើមរបស់ វីង នោះទេ។ 

 

ប៉ុន្តែ វាគឺជាការបន្ថែមវិសាលភាពឱ្យអត្តសញ្ញាណនោះ កាន់តែទូលំទូលាយជាងមុន។ 

 

ស្ថាប័នដែលកាន់តែមានភាពចាស់ទុំ ក៏មិនមានន័យថា ត្រូវតែបង្ហាញខ្លួនឱ្យកាន់តែស្ងប់ស្ងាត់ ឬប្រកាន់ទម្រង់ជាងមុនដែរ។ ពេលខ្លះ ភាពចាស់ទុំ គឺជាការមានទំនុកចិត្តកាន់តែ ហើយហ៊ានបង្ហាញវាចេញមកដោយមានថាមពលជាងមុន។ 

 

ហេតុនេះ ពណ៌ថ្មីដ៏ស្រស់រស់រវើក បានឆ្លុះបញ្ចាំងពី វីង ដែលមានគ្រឹះកាន់តែរឹងមាំ ថែមទាំងមានភាពរស់រវើក មានថាមពល និងត្រៀមខ្លួនបោះជំហានទៅកាន់អ្វីដែលថ្មីនៅខាងមុខ។ 

 

កាន់តែជិតស្និទ្ធនឹងជីវិតប្រចាំថ្ងៃ 

 

ការបើកទំព័រថ្មីរបស់ វីង មិនបានផ្តោតត្រឹមតែការកែលម្អបទពិសោធន៍ឌីជីថល ឬការធ្វើឱ្យអត្តសញ្ញាណម៉ាកកាន់តែរស់រវើកនោះទេ។ អ្វីដែល វីង កំពុងបន្តធ្វើ គឺពង្រីកឱ្យសេវារបស់ខ្លួនអាចចូលទៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់អតិថិជនបានកាន់តែច្រើន ទាំងតាមរយៈទីតាំងសេវា បណ្តាញដៃគូ និងឱកាសនៃការប្រើប្រាស់ផ្សេងៗ។ 

 

តាមរយៈការពង្រីកបណ្តាញសាខា អាជីវករ ដៃគូក្រុមហ៊ុន និងដៃគូទូទាត់ រួមទាំងសេវាដែលភ្ជាប់តាមរយៈ WingFlex អតិថិជនអាចប្រើប្រាស់ វីង បានកាន់តែច្រើនក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ 

 

ការពង្រីកវិសាលភាពនេះ ក៏មិនបានកំណត់ត្រឹមអតិថិជននៅក្នុងប្រទេសកម្ពុជានោះដែរ។ សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេស អតិថិជនដែលមានលក្ខខណ្ឌគ្រប់គ្រាន់នៅក្នុង 13 ប្រទេស អាចបើកគណនីធនាគារ វីង ពីចម្ងាយ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុដែលភ្ជាប់ពួកគេទៅកាន់កម្ពុជាបានកាន់តែងាយស្រួល។ 

 

ទន្ទឹមនឹងនេះ  សម្រាប់អាជីវកម្ម វីង ក៏កំពុងពង្រីកដំណោះស្រាយរបស់ខ្លួនឱ្យកាន់តែសមស្របនឹងតម្រូវការជាក់ស្តែង រួមមានសេវាបើកប្រាក់បៀវត្ស ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាប្តូរប្រាក់ 0% ព្រមទាំងសេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) សម្រាប់ជួយសម្រួលដល់ក្រុមហ៊ុននានា ក្នុងការគ្រប់គ្រងការដឹកជញ្ជូន កាតព្វកិច្ចគយ និងការបង់ពន្ធនានា។ 

 

គោលដៅទាំងអស់នេះ មិនមែនគ្រាន់តែបន្ថែមផលិតផលឱ្យបានច្រើននោះទេប៉ុន្តែធ្វើយ៉ាងណាឱ្យ វីង អាចចូលរួមជួយអតិថិជន អាជីវកម្ម និងសហគមន៍ទាំងមូលបានកាន់តែទូលំទូលាយ។ 

 

អនាគតនៃសេវាធនាគារ កាន់តែចូលមកជិតជីវិតប្រចាំថ្ងៃ 

 

សម្រាប់ លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង វត្តមានរបស់ ជីបជីប និងការកែប្រែមុខមាត់ថ្មីរបស់ម៉ាកយីហោ គឺជាទិសដៅយុទ្ធសាស្ត្រដ៏ធំធេងមួយ។ 

 

លោកបណ្ឌិត មានប្រសាសន៍ថា៖​ ”ទំព័រថ្មីរបស់ វីង គឺការធ្វើឱ្យធនាគារកាន់តែជិតស្និទ្ធ និងឆ្លើយតបកាន់តែច្រើនទៅនឹងជីវិតប្រចាំថ្ងៃរបស់អតិថិជន។ ក្នុងរយៈពេល 18 ឆ្នាំ យើងបានកសាងគ្រឹះដ៏រឹងមាំមួយ ប៉ុន្តែតម្រូវការ និងការរំពឹងទុករបស់អតិថិជនកំពុងបន្តផ្លាស់ប្តូរ ស្របពេលបច្ចេកវិទ្យាក៏កាន់តែមានតួនាទីសំខាន់។ ដូច្នេះ យើងនឹងបន្តពង្រឹងសេវាឌីជីថល កែលម្អបទពិសោធអតិថិជន ធ្វើឱ្យសេវាហិរញ្ញវត្ថុកាន់តែងាយស្រួលទទួលប្រើប្រាស់ និងប្រើប្រាស់ទិន្នន័យ និងបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីផ្តល់សេវាដែលកាន់តែងាយស្រួល មានសុវត្ថិភាព និងសមនឹងតម្រូវការរបស់មនុស្សម្នាក់ៗ។ ជីបជីប គឺជាឧទាហរណ៍មួយដែលបង្ហាញថា ការផ្លាស់ប្តូរនេះកំពុងកើតឡើងរួចហើយ។ 

 

ទៅថ្ងៃមុខ សេវាធនាគារនឹងកាន់តែខិតជិតជីវិតប្រចាំថ្ងៃរបស់មនុស្ស។ អតិថិជននឹងរំពឹងថា សេវាដែលពួកគេប្រើប្រាស់កាន់តែសមនឹងតម្រូវការរបស់ខ្លួន ងាយស្រួលប្រើ និងមិនស្មុគស្មាញ ខណៈអត្ថប្រយោជន៍ រង្វាន់ និងបទពិសោធន៍ផ្សេងៗក៏ត្រូវភ្ជាប់គ្នាឱ្យកាន់តែរលូន។ 

 

ទន្ទឹមនឹងនេះ បច្ចេកវិទ្យា និងទិន្នន័យនឹងជួយឱ្យអតិថិជនកាន់តែងាយស្រួលស្វែងរកសេវាដែលសមនឹងខ្លួន យល់ច្បាស់មុនធ្វើការសម្រេចចិត្ត និងគ្រប់គ្រងហិរញ្ញវត្ថុដោយមានទំនុកចិត្តកាន់តែខ្លាំង។ 

 

ប៉ុន្តែ ទោះបីបទពិសោធន៍ធនាគារកាន់តែឌីជីថលក៏ដោយ វីង មិនចង់ឱ្យទំនាក់ទំនងជាមួយអតិថិជនក្លាយជារឿងឆ្ងាយពីមនុស្សនោះទេ។ វត្តមាននៅទូទាំងប្រទេស ទំនាក់ទំនងជាមួយសហគមន៍ បណ្តាញភ្នាក់ងារ និងការយល់ពីតម្រូវការរបស់ប្រជាជននៅតាមមូលដ្ឋាន នឹងនៅតែជាផ្នែកសំខាន់នៃរបៀបដែល វីង បម្រើអតិថិជន 

 

សម្រាប់ វីង អនាគតមិនមែនជាការជ្រើសរើសថា ត្រូវទៅខាងបច្ចេកវិទ្យា ឬរក្សាភាពជិតស្និទ្ធរវាងមនុស្សនោះទេ។ អ្វីដែលសំខាន់ គឺធ្វើឱ្យបច្ចេកវិទ្យានាំមកនូវភាពងាយស្រួល ខណៈទំនាក់ទំនងជាមួយមនុស្សនៅតែរក្សាភាពជិតស្និទ្ធ ហើយឱ្យរឿងទាំងពីរនេះដើរទៅមុខជាមួយគ្នា។ 

 

ជំហានថ្មីដ៏ត្រចះត្រចង់របស់ វីង 

 

ខួបគម្រប់ 18 ឆ្នាំរបស់ វីង មិនមែនជាការងាកចេញពីអតីតកាលរបស់ខ្លួននោះឡើយ។ វាគឺជាការវិវឌ្ឍ ដែលត្រូវបានកសាងឡើងនៅលើគ្រឹះអតីតកាលដ៏រឹងមាំនេះតែម្តង។ 

 

ទំនុកចិត្តដែលបានកសាងអស់រយៈពេល 18 ឆ្នាំ នៅតែជាគ្រឹះដ៏សំខាន់ដដែល។ អ្វីដែលកំពុងផ្លាស់ប្តូរ គឺរបៀបដែល វីង នាំគ្រឹះនោះទៅភ្ជាប់ជាមួយអតិថិជនឱ្យកាន់តែរស់រវើក កាន់តែទូលំទូលាយ និងកាន់តែជិតស្និទ្ធទៅនឹងជីវិតប្រចាំថ្ងៃ។ 

 

វត្តមានរបស់ ជីបជីប បានបន្ថែមថាមពលថ្មី និងបើករបៀបទំនាក់ទំនងថ្មីជាមួយអតិថិជនការផ្តោតការយកចិត្តទុកដាក់លើកយុវវ័យ គឺជាសញ្ញាបញ្ជាក់ពីការផ្សាភ្ជាប់យ៉ាងស្អិតរមួតជាមួយមនុស្សជំនាន់ក្រោយ។  ការបន្ថែមពណ៌ថ្មីៗ ក៏ឆ្លុះបញ្ចាំងពី វីង ដែលកាន់តែមានទំនុកចិត្តក្នុងការបង្ហាញអត្តសញ្ញាណរបស់ខ្លួន និងកាន់តែរស់រវើកជាងមុន។ ទន្ទឹមនឹងនេះ ការពង្រីកផលិតផល និងបណ្តាញដៃគូ ក៏កំពុងបង្កើតឱកាសកាន់តែច្រើនឱ្យទាំងអតិថិជន និងអាជីវកម្មអាចប្រើប្រាស់ វីង បានក្នុងសកម្មភាពកាន់តែច្រើននៃជីវិតប្រចាំថ្ងៃ។ 

 

គោលដៅដែល វីង កំពុងសម្លឹងឆ្ពោះទៅមុខ ក៏បង្ហាញពីការប្តេជ្ញាចិត្តដ៏មោះមុត ដោយធានាបានថា វីង នឹងនៅតែជាដៃគូដ៏ជិតស្និទ្ធ និងគាំទ្ររាប់គ្រប់តម្រូវការ ទោះបីរបៀបរស់នៅ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា មានការរីកចម្រើនទៅមុខឥតឈប់ឈរក៏ដោយ 

 

អស់រយៈពេល 18 ឆ្នាំ វីង បាននាំសេវាហិរញ្ញវត្ថុឱ្យកាន់តែខិតជិតប្រជាជន ហើយតទៅមុខ នឹងក្លាយជាចំណែកមួយកាន់តែស្និទ្ធស្នាលបំផុត នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា 

 

អំពីអត្ថបទពិសេសទាំង 4 វគ្គក្នុងឱកាសគម្រប់ខួបរបស់ វីង 

 

ភាគទី1 ដំណើរឈានចូលវ័យរឹងមាំរបស់ វីង 

រៀបរាប់ពីរបៀបដែល វីង បានរីកលូតលាស់ពីសេវាផ្ទេរប្រាក់តាមទូរសព្ទដៃឈានមុខគេ ក្លាយទៅជាធនាគារពាណិជ្ជកម្ពុជាពេញលេញមួយ។ 

 

ភាគទី2 វិធីទាំង 18 យ៉ាង ដែល វីង បានផ្លាស់ប្តូរសេវាធនាគារប្រចាំថ្ងៃ 

រៀបរាប់ពីរបៀបដែលសេវាធនាគារកាន់តែខិតជិត កាន់តែងាយស្រួល កាន់តែមានសុវត្ថិភាព ផ្តល់អត្ថប្រយោជន៍កាន់តែច្រើន និងឆ្លើយតបចំតម្រូវការផ្ទាល់ខ្លួនកាន់តែប្រសើរ។ 

 

ភាគទី3លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា 

រៀបរាប់ពីរបៀបដែលការការពារអតិថិជន សេវាធនាគារប្រកបដោយការទទួលខុសត្រូវ និងស្តង់ដាសកលបានជួយជ្រោមជ្រែងដល់កំណើនប្រកបដោយចីរភាព។ 

 

ភាគទី4ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ 

រៀបរាប់ពីរបៀបដែល ជីបជីប ការផ្សារភ្ជាប់ជាមួយយុវវ័យ អត្តសញ្ញាណដ៏រស់រវើក និងគោលដៅទៅថ្ងៃអនាគត បាននិងកំពុងចូលរួមរៀបទិសដៅថ្មីរបស់ វីង។ 

 

អត្ថបទនេះ គឺជារឿងរ៉ាវចុងក្រោយនៅក្នុង វីង ឈានដល់វ័យ​ 18 ឆ្នាំ” ដែលជាអត្ថបទពិសេសមាន 4 ភាគ ដើម្បីអបអរសាទរខួប 18 ឆ្នាំរបស់ វីង ដោយបាននាំអារម្មណ៍អ្នកអានឱ្យមករំលឹកពីដំណើររឿង ភាពច្នៃប្រឌិត និងចក្ខុវិស័យដែលនឹងបន្តគូសវាសអនាគតរបស់ វីង ក្នុងការបន្តបោះជំហានទៅមុខទន្ទឹមគ្នាជាមួយនឹងប្រទេសកម្ពុជា។ 

 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

18 យ៉ាង វីង បានធ្វើឱ្យសេវាធនាគារកាន់តែងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃ

តាមរយៈសមិទ្ធផលសំខាន់ៗទាំង 18 ចំណុចនេះ វីង បានបន្តនាំសេវាហិរញ្ញវត្ថុឱ្យកាន់តែខិតជិត និងងាយស្រួលប្រើប្រាស់ ខណៈបទពិសោធប្រើប្រាស់ក៏កាន់តែមានសុវត្ថិភាព ឆ្លើយតបនឹងតម្រូវការផ្ទាល់ខ្លួន ផ្តល់អត្ថប្រយោជន៍កាន់តែច្រើន និងក្លាយជាផ្នែកដ៏មានអត្ថន័យមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

វីង បានឈានដល់វ័យ 18ឆ្នាំ

ក្នុងឱកាសគម្រប់ខួប 18ឆ្នាំ វីង ក្រឡេកមើលដំណើររបស់ខ្លួន ដែលបានរីកចម្រើនឡើងជាមួយទំនុកចិត្ត និងការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការនាំសេវាហិរញ្ញវត្ថុឱ្យកាន់តែខិតជិតប្រជាជនកម្ពុជា។

ចេញផ្សាយនៅ: Aug 20, 2026