វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បច្ចុប្បន្នកំពុងឆ្លងកាត់ស្ថានភាពសេដ្ឋកិច្ចមួយដែលត្រូវបានសម្គាល់ដោយការកើនឡើងនៃឥណទានមិនដំណើរការ (NPLs) និងបរិយាកាសនៃការផ្តល់ប្រាក់កម្ចីប្រកបដោយការប្រុងប្រយ័ត្ន ស្របពេលដែលវិស័យអចលនទ្រព្យ និងសំណង់កំពុងមានការថមថយ។
ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីរបៀបដែលគ្រឹះស្ថានហិរញ្ញវត្ថុដោះស្រាយបញ្ហាប្រឈមទាំងនេះ សារព័ត៌មាន B2B Asia បានជួបសម្ភាសន៍ជាមួយលោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយក នៃធនាគារ វីង ដើម្បីទទួលបាននូវទស្សនៈវិស័យរបស់លោកស្តីពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងចក្ខុវិស័យទៅលើអនាគតនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
B2B Asia News៖ តើវិស័យណាខ្លះដែលលោកបណ្ឌិតចាត់ទុកថាជាកម្លាំងចលករចម្បងនៃការជំរុញកំណើនសម្រាប់ឆ្នាំ២០២៦ ជាពិសេសក្នុងបរិបទដែលវិស័យអចលនទ្រព្យ និងសំណង់កំពុងមានការថមថយ?
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ៖ ស្របពេលដែលវិស័យអចលនទ្រព្យ និងសំណង់កំពុងថមថយ យើងរំពឹងថាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នឹងនៅតែជាកម្លាំងចលករចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦។ ដោយមានសហគ្រាស MSMEs ជាង ៧៥៣.០០០ ដែលផ្តល់ការងារដល់ប្រជាជនជិត ៣ លាននាក់ (ប្រមាណ ៦០% ជាស្ត្រី) និងចូលរួមចំណែកប្រហែល ៦៣% នៃផលិតផលក្នុងស្រុកសរុប (GDP) វិស័យនេះនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។
នៅធនាគារ វីង យើងជឿជាក់ថាការគាំទ្រសហគ្រាសធុនតូច និងមធ្យម គឺជារឿងចាំបាច់ក្នុងការធានាបានថាអនាគតសេដ្ឋកិច្ចជាតិអាចរីកលូតលាស់ទៅមុខបាន។ ក្នុងឆ្នាំ២០២៥ យើងបានដាក់ឱ្យដំណើរការនូវ “គម្រោងធានាឥណទានបោះដុំ” ក្នុងទំហំទឹកប្រាក់ ៥០ លានដុល្លារអាមេរិក ជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលក្នុងន័យនេះធនាគារ វីង បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។ ភាពជាដៃគូនេះ អនុញ្ញាតឱ្យយើងពង្រីកការផ្តល់ឥណទានដល់ SMEs ស្របពេលដែលជួយកាត់បន្ថយហានិភ័យសម្រាប់សហគ្រិន ហើយជួយឱ្យពួកគាត់កាន់តែងាយស្រួលទទួលបានហិរញ្ញប្បទានដែលកំពុងត្រូវការជាចាំបាច់ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្ម។
យើងក៏កំពុងគាំទ្រយ៉ាងសកម្មដល់កំណើនក្នុងវិស័យកសិកម្ម និងវារីប្បកម្ម តាមរយៈភាពជាដៃគូជាមួយសមាគមវារីវប្បករនៅកម្ពុជា ក្រុមហ៊ុន LIONPRO ពីសហភាពអ៊ឺរ៉ុប និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយរួមបញ្ចូលទាំងជំនាញបច្ចេកទេស ការកសាងសមត្ថភាព និងការផ្តល់ហិរញ្ញប្បទានរហូតដល់ ៥០០.០០០ ដុល្លារអាមេរិក សម្រាប់វារីប្បកម្ម និង ២០០.០០០ ដុល្លារអាមេរិក សម្រាប់ការវិនិយោគគម្រោងកសិកម្មធន់នឹងអាកាសធាតុ។ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ យើងបានពង្រឹងការប្តេជ្ញាចិត្តរបស់យើងបន្ថែមទៀត ដោយបានប្រកាសផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន ៥០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ SMEs និងអាជីវកម្មទើបបង្កើតថ្មី (Startups) ក្រោមកិច្ចសហការជាមួយក្រសួងកិច្ចការនារី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សម្លឹងឆ្ពោះទៅឆ្នាំ២០២៦ ទិសដៅរបស់ធនាគារ វីង នៅតែបន្តផ្តោតលើការពង្រីកហិរញ្ញប្បទានសម្រាប់ SMEs ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។ លើសពីការផ្តល់ដើមទុន យើងក៏បានចូលរួមបំពាក់បំប៉នសហគ្រិននូវចំណេះដឹង និងមធ្យោបាយដែលពួកគេត្រូវការដើម្បីអភិវឌ្ឍអាជីវកម្ម។ តាមរយៈការគាំទ្រដល់ម្ចាស់អាជីវកម្ម យើងកំពុងជួយពង្រឹងសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់សហគមន៍ និងចូលរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា។

B2B Asia News៖ ស្របពេលដែលវិស័យធនាគារនៅកម្ពុជាមើលឃើញថា ឥណទានមិនដំណើរការ (NPLs) បានកើនឡើងដល់ ៨,៩% ក្នុងឆ្នាំ២០២៥ តើធនាគារ វីង ធ្វើសមកាលកម្ម (ថ្លឹងថ្លែង) រវាងការជំរុញកំណើនអាជីវកម្ម និងការប្រុងប្រយ័ត្នដែលចាំបាច់នៅក្នុងទីផ្សារបច្ចុប្បន្នយ៉ាងដូចម្តេច?
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ៖ ធនាគារ វីង កំពុងអនុវត្តវិធីសាស្ត្រជំរុញកំណើនប្រកបដោយប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ចំពោះសង្គម ពោលគឺការពង្រឹងការគ្រប់គ្រងហានិភ័យរបស់យើង ស្របពេលដែលបន្តគាំទ្រអតិថិជន និងចូលរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចកម្ពុជា។ យើងបានរឹតបន្តឹងការវាយតម្លៃឥណទាន ដើម្បីធានាថាការផ្តល់ប្រាក់កម្ចីត្រូវបានគាំទ្រដោយលំហូរសាច់ប្រាក់ជាក់ស្តែង និងមូលដ្ឋានគ្រឹះអាជីវកម្មរឹងមាំ ដែលអនុញ្ញាតឱ្យយើងរក្សាបាននូវគុណភាពកម្ចី សូម្បីតែស្ថិតក្នុងស្ថានភាពប្រឈមមួយចំនួនក៏ដោយ។ ក្នុងពេលជាមួយគ្នានេះ យើងកំពុងធ្វើពិពិធកម្មផលប័ត្រឥណទានរបស់យើងទៅកាន់ក្រុមអតិថិជន និងវិស័យដែលមានភាពធន់ខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យ និងការពារស្ថិរភាពរយៈពេលវែង។
ដើម្បីធានាបាននូវស្ថិរភាពប្រតិបត្តិការរបស់ធនាគារ និងអតិថិជនរបស់យើង យើងបានពង្រឹងប្រព័ន្ធតាមដានដើម្បីផ្តល់នូវសញ្ញាព្រមានជាមុនពីបញ្ហាសម្ពាធហិរញ្ញវត្ថុ។ ការណ៍នេះបានអនុញ្ញាតឱ្យយើងធ្វើការយ៉ាងសកម្មជាមួយអតិថិជន ដោយផ្តល់ជូននូវជម្រើសរៀបចំរចនាសម្ព័ន្ធឥណទានឡើងវិញ ឬការគាំទ្រផ្នែកប្រឹក្សាយោបល់ទៅតាមភាពជាក់ស្តែង ដើម្បីជួយពួកគេឱ្យនៅបន្តដំណើរការបានល្អ។
ធនាគារ វីង ក៏រក្សាបាននូវដើមទុន និងសាច់ប្រាក់បម្រុងដ៏រឹងមាំ ដែលផ្តល់នូវភាពធន់ផ្នែកហិរញ្ញវត្ថុចាំបាច់ក្នុងការទប់ទល់នឹងភាពប្រែប្រួលនានា ព្រមទាំងធានាបាននូវទំនុកចិត្ត និងការការពារយ៉ាងពេញលេញសម្រាប់អតិថិជនដាក់ប្រាក់បញ្ញើ។ យើងកំពុងវិនិយោគលើប្រព័ន្ធគ្រប់គ្រងហានិភ័យកម្រិតខ្ពស់ផ្អែកលើទិន្នន័យ (Data-driven) ដើម្បីកែលម្អការសម្រេចចិត្ត ពង្រឹងវិន័យប្រតិបត្តិការ និងគាំទ្រដល់កំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។
B2B Asia News៖ ក្នុងនាមជាអតីតនាយកគ្រប់គ្រងហានិភ័យ (Chief Risk Officer) តើលោកបណ្ឌិតត្រួតពិនិត្យក្របខ័ណ្ឌហានិភ័យឥណទានសម្រាប់គម្រោងកម្ចីរបស់ធនាគារ វីង ដូចជាគំនិតផ្តួចផ្តើមផ្តល់កម្ចី ៥០០ លានដុល្លារអាមេរិក ដល់ SMEs យ៉ាងដូចម្តេច?
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ៖ ក្នុងនាមជាអគ្គនាយកនៃធនាគារ វីង បទពិសោធន៍ផ្នែកគ្រប់គ្រងហានិភ័យរបស់ខ្ញុំ ជួយធានាថាក្របខ័ណ្ឌនៃការផ្តល់ឥណទានរបស់យើង ផ្តល់នូវលទ្ធផលអាជីវកម្មដ៏រឹងមាំ ព្រមទាំងផ្តល់នូវផលវិជ្ជមានដល់សង្គម។ សម្រាប់យើង គោលដៅទាំងពីរនេះមិនមែនជារឿងដាច់ដោយឡែកពីគ្នានោះទេ ពោលគឺវាគាំទ្រគ្នាទៅវិញទៅមក។ នៅពេលដែល SMEs រីកចម្រើន សហគមន៍ក៏រីកលូតលាស់ ហើយធនាគារក៏កាន់តែមានភាពរឹងមាំផងដែរ។
នៅក្នុងខែធ្នូ ឆ្នាំ២០២៥ យើងបានប្តេជ្ញាផ្តល់ទឹកប្រាក់ ៥០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រ SMEs និងអាជីវកម្ម Startups នៅទូទាំងប្រទេសកម្ពុជា ដោយសហការជាមួយដៃគូរាជរដ្ឋាភិបាលសំខាន់ៗ។ ការប្តេជ្ញាចិត្តនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រីកបរិយាប័ន្នហិរញ្ញវត្ថុ។ ដើម្បីសម្រេចបាននូវតុល្យភាពនេះ យើងអនុវត្តក្របខ័ណ្ឌហានិភ័យដែលប្រកបដោយវិន័យ និងបរិយាប័ន្ន។ យើងច្របាច់បញ្ចូលគ្នានូវការវាយតម្លៃហិរញ្ញវត្ថុតាមបែបប្រពៃណី ជាមួយនឹងទិន្នន័យជម្រើស (Alternative data) ពីប្រព័ន្ធអេកូឡូស៊ីរបស់ធនាគារ វីង ដែលអនុញ្ញាតឱ្យយើងបម្រើសេវាកម្មប្រកបដោយការទទួលខុសត្រូវ ដល់សហគ្រិនដែលអាចមិនទាន់មានប្រវត្តិឥណទានជាផ្លូវការ។ វិធីសាស្ត្រនេះជួយពង្រឹងផលប័ត្រឥណទានរបស់យើង ជាពិសេសជួយគាំទ្រដល់សហគ្រាសដឹកនាំដោយស្ត្រី អាជីវកម្មនៅតាមជនបទ និងអ្នកខ្ចីប្រាក់ជាលើកដំបូងជាដើម។
ដោយសារកិច្ចខិតខំប្រឹងប្រែងដ៏មោះមុតរបស់ធនាគារជាតិ នៃកម្ពុជា បច្ចុប្បន្នប្រទេសយើងមានក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ កម្ពុជា (CBC) ដ៏រឹងមាំ ដែលរក្សាបាននូវប្រវត្តិឥណទានទាំងវិជ្ជមាន និងអវិជ្ជមាន ទម្រង់អាកប្បកិរិយាលម្អិត និងពិន្ទុឥណទាន (K-Scores) សម្រាប់អតិថិជនសក្តានុពល។ តាមរយៈការផ្តល់នូវស្តង់ដារវាយតម្លៃសមត្ថភាពសងផ្អែកលើទិន្នន័យ CBC បានជួយលើកកម្ពស់គុណភាពនៃការសម្រេចចិត្តឥណទានរបស់យើង កាត់បន្ថយដំណើរការដោយដៃ និងកាត់បន្ថយពេលវេលានៃការពិនិត្យសំណើកម្ចីយ៉ាងច្រើន។ ការណ៍នេះក៏បានអនុញ្ញាតឱ្យយើងផ្តល់សេវាកម្មកាន់តែលឿន និងគួរឱ្យទុកចិត្តដល់អតិថិជន ស្របពេលរក្សាបាននូវវិន័យផលប័ត្រយ៉ាងរឹងមាំទៀតផង។
យើងក៏រក្សាបាននូវប្រព័ន្ធតាមដានយ៉ាងរឹងមាំ ជាមួយនឹងសូចនាករផ្តល់ដំណឹងជាមុន ដើម្បីឱ្យយើងអាចចូលរួមអន្តរាគមន៍ទាន់ពេលវេលា ក្នុងការជួយគាំទ្រអាជីវកម្មនៅពេលមានបញ្ហាប្រឈមកើតឡើង។ ការណ៍នេះជួយការពារជីវភាពរស់នៅ កាត់បន្ថយការខកខានសងប្រាក់ និងរក្សាបាននូវគុណភាពផលប័ត្រឥណទាន ដែលនេះសបញ្ជាក់ឱ្យឃើញពីរបៀបដែលការទទួលខុសត្រូវសង្គម និងភាពប្រុងប្រយ័ត្នក្នុងអាជីវកម្ម អាចដើរទន្ទឹមគ្នាបានយ៉ាងរលូន។ ហើយជារួម គោលដៅរបស់យើងគឺ គឺលើកកម្ពស់កំណើនប្រកបដោយចីរភាព តាមរយៈការគាំទ្រដល់សហគ្រិនកម្ពុជាឱ្យទទួលបានជោគជ័យ ស្របពេលដែលធានាថា ធនាគារ វីង នៅតែមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។ នៅពេលដែលអតិថិជនរបស់យើងរីកចម្រើន ធនាគារក៏រីកចម្រើន ហើយប្រទេសជាតិក៏រីកចម្រើនទៅមុខដូចគ្នា។
B2B Asia News៖ ធនាគារ វីង បានសម្រេចលុបបំណុល សម្រាប់យោធិនដែលរងរបួសក្នុងអំឡុងពេលជម្លោះព្រំដែន។ តើធនាគារ វីង សម្រេចចិត្តយ៉ាងដូចម្តេច នៅពេលដែលត្រូវផ្តល់អាទិភាពដល់ស្ថិរភាពសង្គម ជាជាងលទ្ធផលនៃតារាងតុល្យការហិរញ្ញវត្ថុ?
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ៖ ធនាគារ វីង តែងតែជឿជាក់ថា គោលបំណងពិតប្រាកដរបស់យើង គឺមិនមែនវាស់វែងត្រឹមតែលើលទ្ធផលហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែគឺការជួយគាំទ្រអាយុជីវិតរបស់ប្រជាជនដែលរងគ្រោះ។ ក្នុងនាមជា “ធនាគារសម្រាប់ប្រជាជនកម្ពុជា” យើងមានស្មារតីទទួលខុសត្រូវដ៏ជ្រាលជ្រៅក្នុងការឈរនៅក្បែរប្រជាជនកម្ពុជា ក្នុងពេលដែលពួកគេត្រូវការយើងបំផុត។
ការសម្រេចចិត្តរបស់យើងក្នុងការលុបចោលបំណុលជូនយោធិនដែលរងរបួស គឺឆ្លុះបញ្ចាំងពីសេចក្តីពិតដ៏សាមញ្ញមួយនោះគឺ នៅពេលដែលប្រជាជនយើងជួបទុក្ខលំបាក យើងជួយគាំទ្រពួកគេ មិនមែនដោយសារតែវាចំណេញនោះទេ ប៉ុន្តែដោយសារតែជារឿងចាំបាច់ដែលត្រូវធ្វើ។ កាលពីឆ្នាំមុន ធនាគារ វីង បានលុបចោលបំណុលសរុបប្រមាណ ២០០.០០០ ដុល្លារអាមេរិក សម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។ ក្រៅពីការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុ យើងក៏បានផ្តល់ជំនួយមនុស្សធម៌ជាច្រើនដល់សហគមន៍ដែលខ្វះខាតផងដែរ។ នៅក្នុងខែសីហា ជំនួយចាំបាច់នានាបានទៅដល់គ្រួសារជាង ២.០០០ គ្រួសារនៅទូទាំងខេត្តព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប។ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារបានដឹកអំណោយសង្គ្រោះចំនួន ១១ រថយន្តបន្ថែមទៀត ត្រូវបានបញ្ជូនទៅកាន់គ្រួសារភៀសសឹកនៅក្នុងខេត្តកោះកុង និងពោធិ៍សាត់។ បុគ្គលិករបស់យើងក៏បានបង្ហាញនូវសាមគ្គីភាពដ៏គួរឱ្យស្ញប់ស្ញែង ដោយបានស្ម័គ្រចិត្តបរិច្ចាគមួយផ្នែកនៃប្រាក់ខែចំនួន ៣ ខែរបស់ពួកគេ ទៅកាន់មូលនិធិទ្រទ្រង់ជនភៀសសឹកផងដែរ។
យើងផ្តល់អាទិភាពដល់ស្ថិរភាពសង្គម ជាជាងផលប៉ះពាល់លើតារាងតុល្យការហិរញ្ញវត្ថុ នៅពេលដែលមានតម្រូវការមនុស្សធម៌ចំាបាច់ គុណតម្លៃរបស់យើងទាមទារឱ្យយើងធ្វើសកម្មភាពដោយក្តីមេត្តាធម៌ ហើយសុខុមាលភាពរយៈពេលវែងគឺមានតម្លៃធំធេងជាងការខាតបង់ហិរញ្ញវត្ថុក្នុងរយៈពេលខ្លី។ សេចក្តីសម្រេចចិត្តទាំងនេះហើយ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបេះដូង និងអត្តសញ្ញាណដែលយើងប្រាថ្នាចង់បាន។ យើងគឺជាដៃគូរួមចំណែកលើកកម្ពស់សុខុមាលភាពកម្ពុជា។ នៅក្នុងគ្រាដ៏លំបាក យើងតែងតែជ្រើសរើសការឈានជើងដើរទៅមុខដោយក្តីមេត្តា ហើយឈរនៅក្បែរប្រជាជនដែលកំពុងត្រូវការយើងបំផុតជានិច្ច។

B2B Asia News៖ បន្ទាប់ពីធនាគារ វីង ទទួលបានពានរង្វាន់ធនាគារប្រកបដោយនវានុវត្តន៍លំដាប់ពិភពលោកប្រចាំឆ្នាំ ២០២៥(Global Retail Banking Innovation Award) ថ្មីៗនេះ តើអតិថិជនអាចរំពឹងចង់ឃើញផលិតផល ឬសេវាកម្មប្រកបដោយនវានុវត្តន៍អ្វីខ្លះពីផែនទីបង្ហាញផ្លូវឌីជីថលរបស់ធនាគារសម្រាប់ឆ្នាំ២០២៦?
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ៖ ខណៈពេលដែលយើងសម្លឹងឆ្ពោះទៅឆ្នាំ២០២៦ ធនាគារ វីង កំពុងពន្លឿនដំណើររបស់ខ្លួនដើម្បីក្លាយជាប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថលដែលទទួលបានការជឿទុកចិត្តបំផុតនៅកម្ពុជា ដែលជាប្រព័ន្ធមួយជួយផ្តល់ការគាំទ្រអតិថិជនទូទៅ សហគ្រិន និងសហគមន៍ទាំងមូលឱ្យរីកចម្រើននៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស។
ក្រៅពីការបង្កើនការគាំទ្រដល់ SMEs អតិថិជនអាចរំពឹងថានឹងទទួលបាននូវសេវាកម្មធនាគារឌីជីថលជំនាន់ថ្មី ដែលកាន់តែឆ្លាតវៃ និងតភ្ជាប់គ្នាយ៉ាងរលូន។ យើងនឹងដាក់ចេញនូវផលិតផលថ្មីៗដែលប្រើប្រាស់ទិន្នន័យ ការរៀបចំស្វ័យប្រវត្តិ និងការរចនាដែលផ្តោតលើភាពងាយស្រួលរបស់អ្នកប្រើប្រាស់។ គោលដៅគឺធ្វើឱ្យសេវាកម្មកាន់តែលឿន សាមញ្ញ និងតម្រូវតាមចំណូលចិត្តផ្ទាល់ខ្លួន ជាពិសេសសម្រាប់យុវជនកម្ពុជា ដែលជាអ្នកជំរុញកំណើនអនាគតទីផ្សារឌីជីថល។
ផែនទីបង្ហាញផ្លូវរបស់យើង ក៏ផ្តោតសំខាន់លើការជួយឱ្យយុវជនមានចំណេះដឹងហិរញ្ញវត្ថុច្បាស់លាស់ផងដែរ។ យើងនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដែលមានអន្តរកម្មកាន់តែច្រើន ក្នុងការបង្រៀនពួកគេ ដើម្បីធានាថា យុវជនយើងមិនត្រឹមតែចេះប្រើសេវាធនាគារទំនើបទេ តែត្រូវចេះចាត់ចែងលុយកាក់ដើម្បីអនាគតដ៏រុងរឿង។
ចក្ខុវិស័យរបស់យើង គឺបង្កើតប្រព័ន្ធធនាគារឌីជីថលមួយ ដែលអតិថិជនគ្រប់រូប ទោះក្នុងវ័យណាក៏ដោយ ក៏អាចចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាបានដោយទំនុកចិត្ត និងមានភាពងាយស្រួលបំផុត។
B2B Asia News៖ ជាមួយនឹងវត្តមានធនាគារពាណិជ្ជជិត ៦០ ស្ថាប័ននៅក្នុងប្រទេសកម្ពុជា តើធនាគារ វីង មានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីរក្សាប្រៀបប្រកួតប្រជែងនៅក្នុងឆ្នាំ២០២៦នេះ?
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ៖ ភាពខ្លាំងនៃការប្រកួតប្រជែងរបស់ធនាគារ វីង គឺស្ថិតនៅលើម៉ូឌែលប្រតិបត្តិការចម្រុះ (Hybrid model)របស់យើង ដោយរួមបញ្ចូលគ្នាយ៉ាងរលូននូវបណ្តាញរូបវន្តនៅទូទាំងប្រទេស ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស។ ជាមួយនឹងភ្នាក់ងារធនាគារ វីង ជាង ១.២០០ កន្លែង ភ្នាក់ងារវីង ម៉ាស្ទ័រ ជិត ២០០ កន្លែង និងសាខាជិត ៣០ ទីតាំង អតិថិជនអាចទទួលបានសេវាសាច់ប្រាក់ ការទូទាត់វិក្កយបត្រ ការបង់ប្រាក់កម្ចី និងការគាំទ្រហិរញ្ញវត្ថុចាំបាច់នានាយ៉ាងងាយស្រួលនៅជិតផ្ទះរបស់ពួកគេ។ បណ្តាញរូបវន្តដ៏ទូលំទូលាយនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុដ៏រឹងមាំនៅទូទាំងប្រទេសកម្ពុជា។
ដើម្បីបំពេញបន្ថែមលើបណ្តាញដ៏ទូលំទូលាយទាំងនេះ អេប Wing Bank App បានក្លាយជាដៃគូប្រចាំថ្ងៃសម្រាប់អ្នកប្រើប្រាស់រាប់លាននាក់ ដោយផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ និងរបៀបរស់នៅជាង ១០០ ប្រភេទ ចាប់ពីការទូទាត់ និងការផ្ទេរប្រាក់ រហូតដល់ការសន្សំ និងការទិញទំនិញអនឡាញជាដើម។ តាមរយៈប្រព័ន្ធ Bakong KHQR អ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ពីការទូទាត់ដោយឥតគិតថ្លៃ និងរលូនទៅកាន់អាជីវករនៃធនាគារណាមួយក៏បាន ដែលជួយពន្លឿនការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកអនាគតដែលមិនប្រើប្រាស់សាច់ប្រាក់។ ជាងនេះទៅទៀត ប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ក៏អាចបើកគណនី និងផ្ញើលុយមកគាំទ្រគ្រួសារនៅមាតុភូមិបានយ៉ាងងាយស្រួលផងដែរ។
ចំណុចខ្លាំងទាំងអស់នេះហើយ ដែលធ្វើឱ្យអតិថិជនជាង ៨ លាននាក់ ជឿទុកចិត្ត និងដាក់ប្រាក់បញ្ញើសរុបប្រមាណ ៣ ពាន់លានដុល្លារ ជាមួយធនាគារ វីង។ ទំនុកចិត្តនេះឆ្លុះបញ្ចាំងពីភាពរឹងមាំ ភាពងាយស្រួល និងការផ្តល់អាទិភាពដល់អតិថិជនជាចម្បង។ មិនថានៅក្នុងស្រុក ក្រៅស្រុក ឬម្ចាស់អាជីវកម្មនោះទេ គ្រប់គ្នាទទួលបានបទពិសោធន៍ហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
សម្រាប់អនាគតឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ ធនាគារ វីង មានមហិច្ឆតាកាន់តែធំ។ យើងនឹងផ្តោតកាន់តែខ្លាំងលើការផ្តល់សេវាកម្មតម្រូវតាមចំណូលចិត្តផ្ទាល់ខ្លួន (Digital personalisation) តាមរយៈបច្ចេកវិទ្យា AI ពង្រីកប្រព័ន្ធអាជីវករ KHQR ការដាក់ឱ្យប្រើប្រាស់ឧបករណ៍អាជីវកម្មកាន់តែងាយស្រួលសម្រាប់សហគ្រិន ការពង្រឹងកម្មវិធីឥណទាន SME របស់ធនាគារ ការប្តេជ្ញាចិត្តចំពោះបរិយាប័ន្នហិរញ្ញវត្ថុកាន់តែទូលំទូលាយតាមរយៈការបើកគណនីឌីជីថលដ៏សាមញ្ញ និងការពង្រឹងសន្តិសុខ និងទំនុកចិត្តតាមរយៈប្រព័ន្ធសន្តិសុខសាយប័រជំនាន់ថ្មី ការរាវរកការក្លែងបន្លំក្នុងពេលជាក់ស្តែង និងវិធីសាស្ត្រផ្ទៀងផ្ទាត់ដែលមានសុវត្ថិភាពខ្ពស់ជាងមុន ដើម្បីធានាបាននូវទំនុកចិត្តយ៉ាងពេញលេញដល់អតិថិជន និងដៃគូទាំងអស់៕
