តាមរយៈឱកាសិក្សាមុខវិជ្ជា STEM យុវតីកំព្រាម្នាក់កំពុងជម្នះភាពក្រីក្រ ដើម្បីសម្រេចក្តីស្រមៃ

នៅពេលដែលយុវតី ឃុន មនោរម្យ បានប្រើប្រាស់កុំព្យូទ័រជាលើកដំបូង យុវតីរូបនេះបានមើលឃើញពីពិភពលោកដ៏ធំទូលាយមួយ ដោយមានការជួយជ្រោមជ្រែងពីអង្គការមូលនិធិកុមារកម្ពុជា (CCF)។ ឱកាសក្នុងការក្រេបជញ្ជក់ចំណេះដឹងលើជំនាញ STEM និងបច្ចេកវិទ្យាឌីជីថល បានក្លាយជាស្ពានចម្លងសិស្សានុសិស្សដូចជាយុវតីរូបនេះ ឱ្យរើបម្រាសពីភាពក្រីក្រ និងភាពលំបាក ដើម្បីចាប់យកអនាគតការងារនៃក្តីស្រមៃក្នុងវិស័យហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Feb 23, 2026

យុវតី ឃុន មនោរម្យ អាយុ ១៧ឆ្នាំ មកពីខេត្តស្វាយរៀង ដែលបច្ចុប្បន្នកំពុងរៀនថ្នាក់ទី១២ នៅសាលា Tomorrow Academy ក្រោមការគាំទ្រពីអង្គការ CCF បានរៀបរាប់ថា ប្អូនបានចាប់ផ្តើមការសិក្សាឡើងវិញនៅឆ្នាំ២០២៣។ យុវតីរូបនេះទទួលបានឱកាសបន្តការសិក្សាចាប់ពីថ្នាក់ទី១០ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយឆ្នាំកន្លះ ដោយសារបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ និងហេតុការណ៍កើតឡើងដ៏សោកសៅផ្ទួនៗគ្នាក្នុងជីវិត។ 

 

កាលពីឆ្នាំ២០២០ ឪពុករបស់មនោរម្យបានធ្វើអត្តឃាតដោយសារជំពាក់បំណុលគេ ហើយពីរឆ្នាំក្រោយមក ម្តាយក៏បានទទួលមរណភាពដោយសារជំងឺធ្ងន់ធ្ងរ ដែលជាហេតុធ្វើឱ្យយុវតីមនោរម្យ និងបងប្អូនស្រីពីរនាក់ទៀតក្លាយជាក្មេងកំព្រា។ 

 

មនោរម្យ គឺជាកូនស្រីទី២ ក្នុងចំណោមបងប្អូនស្រី ៣នាក់ ក្នុងគ្រួសារ។ នៅពេលដែលម្តាយរបស់នាងទទួលមរណភាព មនោរម្យកំពុងរៀនថ្នាក់ទី៩ ចំណែកបងស្រីច្បងមានអាយុ ១៨ ឆ្នាំ និងប្អូនស្រីពៅទើបតែមានអាយុ ៦ឆ្នាំប៉ុណ្ណោះ។ ក្រោយពេលអ្នកមានគុណទាំងពីរចែកឋានទៅ ស្ថានភាពហិរញ្ញវត្ថុគ្រួសារកាន់តែដុនដាបទៅៗ។ ដោយគ្មានជម្រើស មនោរម្យ និងបងស្រី ត្រូវបង្ខំចិត្តធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីរកការងារផ្គត់ផ្គង់ជីវភាព និងគ្រួសារ ជាពិសេសគឺដើម្បីចិញ្ចឹមប្អូនស្រីពៅ ដែលកំពុងរស់នៅជាមួយជីដូននៅឯខេត្តស្វាយរៀង។ 

 

ពេលឈានជើងមកដល់ទឹកដីរាជធានីភ្នំពេញជាលើកដំបូង យុវតី មនោរម្យ និងបងប្អូនស្រី បានខិតខំស្វែងរកទីពឹងពីអង្គការនានា ដើម្បីសុំការជួយជ្រោមជ្រែងបន្តការសិក្សា ព្រមទាំងរកការងារក្រៅម៉ោងដើម្បីដោះស្រាយជីវភាព។ គួរឱ្យសោកស្តាយ មានអង្គការមួយបានបដិសេធពួកគេក្រោយពេលសម្ភាសន៍រួច ទោះបីជាពេលនោះ យុវតីកំព្រាទាំងពីររូបកំពុងត្រូវការជាបន្ទាន់នូវទីជម្រក ឱកាសសិក្សា និងប្រាក់ចំណូលដើម្បីរស់រានមានជីវិតក៏ដោយ។ 

 

ដោយសារគ្មានជម្រើសផ្សេង មនោរម្យ និងបងស្រីច្បងបានសម្រេចចិត្តចូលធ្វើការជាកម្មករដើរបេះសម្បុកត្រចៀកកាំនៅភ្នំពេញ។ វាគឺជាការងារដំបូងបង្អស់ក្នុងជីវិតរបស់នាង ដែលទទួលបានប្រាក់ខែចន្លោះពី ១០០ ទៅ ១២០ដុល្លារ ក្នុងមួយខែ។ មនោរម្យ និងបងស្រី ត្រូវចំណាយលើថ្លៃឈ្នួលបន្ទប់ស្នាក់នៅ និងថ្លៃទឹកភ្លើងប្រហែល ១៨០ដុល្លារ ក្នុងមួយខែ ព្រមទាំងថ្លៃហូបចុកប្រចាំថ្ងៃ ហើយប្រាក់ដែលនៅសល់ពីការចំណាយ ត្រូវផ្ញើទៅឱ្យជីដូន និងប្អូនស្រីពៅនៅឯស្រុកកំណើត។ 

 

កសាងអនាគតជាថ្មីតាមរយៈការអប់រំ STEM ក្រោយឆ្លងកាត់រឿងរ៉ាវដ៏សោកសៅ 

 

មួយឆ្នាំក្រោយមក មនោរម្យ បានស្គាល់សិស្សម្នាក់ដែលកំពុងសិក្សានៅសាលា Tomorrow Academy ដែលបានជួយណែនាំយុវតីរូបនេះ និងបងស្រីឱ្យស្គាល់អង្គការ CCF។ ជាភ័ព្វសំណាង អង្គការនេះ បានសម្រេចចិត្តផ្តល់ការឧបត្ថម្ភដល់ការសិក្សារបស់អ្នកទាំងពីរ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។ 

 

យុវតី មនោរម្យ បានរៀបរាប់ដោយក្តីរំភើបថា៖ ចាប់តាំងពីខ្ញុំចាប់ផ្តើមចូលរៀននៅទីនេះ ខ្ញុំពិតជាភ្ញាក់ផ្អើលជាមួយនឹងឱកាសដ៏ល្អនេះ ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំមិនត្រឹមតែបានរៀននៅក្នុងថ្នាក់ប៉ុណ្ណោះទេ តែថែមទាំងទទួលបានបំណិនជីវិតពីសិក្ខាសាលាខាងក្រៅទៀតផង ដែលបានជួយខ្ញុំឱ្យរកឃើញគោលដៅច្បាស់លាស់ក្នុងជីវិត។ ខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់ ហើយមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន។ 

 

យុវតីរូបនេះបានបន្ថែមថា៖ កាលខ្ញុំរៀននៅស្រុកកំណើត ខ្ញុំត្រូវបង់លុយរៀនគួរ។ ឪពុកម្តាយរបស់ខ្ញុំក៏មិនសូវមានលុយគ្រប់គ្រាន់ដែរ។ទោះបីជាការរៀននៅសាលារដ្ឋនៅតាមជនបទមិនតម្រូវឱ្យបង់ថ្លៃសាលាក៏ដោយ ក៏ឪពុកម្តាយរបស់នាងត្រូវចំណាយលុយជាច្រើនសម្រាប់ការសិក្សារបស់នាង និងបងស្រីផងដែរ 

 

លោកគ្រូអ្នកគ្រូបានតម្រូវឱ្យនាងរៀនគួរ ដើម្បីអាចតាមទាន់មេរៀន ដោយក្នុងមួយមុខវិជ្ជាត្រូវបង់ប្រាក់ប្រហែល ១ម៉ឺនរៀល (២,៥ដុល្លារ) ហើយនាងត្រូវរៀនគួរដល់ទៅ ៥មុខវិជ្ជា ដែលសរុបជាទឹកប្រាក់ ២៥ដុល្លារ ក្នុងមួយខែចំនួននេះនៅមិនទាន់គិតបញ្ចូលការចំណាយរបស់បងស្រីនៅឡើយ មានន័យថាឪពុកម្តាយរបស់ពួកគាត់ត្រូវចំណាយរហូតដល់ ៥០ដុល្លារក្នុងមួយខែ សម្រាប់ការសិក្សារបស់អ្នកទាំងពីរ។ 

 

ប៉ុន្តែការសិក្សានៅសាលា Tomorrow Academy របស់អង្គការ CCF បានផ្លាស់ប្តូរជីវិតរបស់យុវតីរូបនេះទាំងស្រុង និងបានជំរុញឱ្យប្អូនស្រីហ៊ានស្រមៃធំ ក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សាលើជំនាញ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។ មុខវិជ្ជាដែលយុវតីរូបនេះចូលចិត្តជាងគេ គឺភាសាខ្មែរ អង់គ្លេស គណិតវិទ្យា និងកុំព្យូទ័រ ជាពិសេសជំនាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុតែម្តង។ 

ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងកំពុងធ្វើការនៅក្នុងការិយាល័យពិតៗ”។ យុវតីរូបនេះបានរំលឹកពីអារម្មណ៍នៅពេលដែលបានប៉ះកុំព្យូទ័រជាលើកដំបូងក្នុងជីវិត ព្រោះនៅភូមិស្រុកនាងមិនដែលមានរបស់ទាំងនេះទេ។ “ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់ ហាក់ដូចជាកំពុងធ្វើការនៅក្នុងការិយាល័យអ៊ីចឹង ព្រោះខ្ញុំតែងតែស្រមៃចង់ធ្វើការដោយប្រើកុំព្យូទ័ររហូតមក។” 

 

យ៉ាងណាមិញ នៅអង្គការ CCF កុំព្យូទ័រដែលទទួលបានការឧបត្ថម្ភពីធនាគារ វីង បានផ្តល់ឱ្យឱកាសដល់យុវតីរូបនេះ ខិតជិតក្តីស្រមៃរបស់ខ្លួនមួយកម្រិតទៀត ជាទីដែលមនោរម្យបានរៀនសូត្រពីកម្មវិធីកុំព្យូទ័រ និងជំនាញផ្សេងៗជាច្រើន។ 

 

 

បន្ទាប់ពីចាប់ផ្តើមចូលចិត្តរៀនកម្មវិធី Excel យុវតីវ័យ ១៧ឆ្នាំរូបនេះ ក៏តែងតែស្រមៃឃើញខ្លួនឯងស្លៀកពាក់ស្អាតបាត អង្គុយធ្វើការក្នុងការិយាល័យ កំពុងបម្រើការជាគណនេយ្យករ ឬអ្នកគ្រប់គ្រងហិរញ្ញវត្ថុនាពេលអនាគត ជាជាងការធ្វើការងារប្រើកម្លាំងបាយ ដូចជាកម្មករបេះសម្បុកត្រចៀកកាំជាដើម។ 

 

មនោរម្យ បានប្រាប់សារព័ត៌មាន Kiripost ទាំងស្នាមញញឹមថា៖ ការចេះកុំព្យូទ័រនឹងជួយខ្ញុំបានច្រើននៅថ្ងៃអនាគត។ ខ្ញុំគិតថា ពិភពលោកតែងតែមានការវិវឌ្ឍពីសម័យកាលមួយទៅសម័យកាលមួយទៀត។ កាលណាខ្ញុំមានចំណេះដឹងផ្នែកកុំព្យូទ័រកាន់តែច្រើន ជីវិតខ្ញុំទៅថ្ងៃមុខក៏នឹងកាន់តែប្រសើរ។ ខ្ញុំក៏អាចជួយបង្រៀនប្អូនស្រីពៅរបស់ខ្ញុំឱ្យចេះកុំព្យូទ័រផងដែរ ព្រោះពេលនេះគាត់នៅឯស្រុកកំណើតនៅឡើយ។ យុវតីរូបនេះ ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះអនាគតរបស់ខ្លួន បន្ទាប់ពីទទួលបានជំនាញកុំព្យូទ័រ និង STEM ហើយសង្ឃឹមថា ជំនាញបច្ចេកទេសទាំងនេះ នឹងជួយជំរុញលើកទឹកចិត្តប្អូនស្រីពៅឱ្យទទួលបានការងារល្អនៅថ្ងៃអនាគតផងដែរ 

 

យុវតី មនោរម្យ បានបន្តថា៖ “ជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះនៅថ្ងៃអនាគត ការងារទូទៅសុទ្ធតែទាមទារឱ្យមានជំនាញកុំព្យូទ័រដូច្នេះ ខ្ញុំត្រូវខិតខំរៀនសូត្រឱ្យបានខ្លាំងជាងមុន។មនោរម្យបានរំលឹកថា កាលរៀននៅថ្នាក់ទី១០ នាងស្ទើរតែមិនបានចាប់អារម្មណ៍នឹងមេរៀនកុំព្យូទ័រទាល់តែសោះ រហូតដល់ថ្នាក់ប្រឡងធ្លាក់មុខវិជ្ជានេះទៀតផង។ ប៉ុន្តែពេលនេះ និយាយថា​ បើគ្មានកុំព្យូទ័រ នាងមានអារម្មណ៍ថាតែលតោល។ 

 

យុវតីរូបនេះបានសម្តែងការអរគុណចំពោះការរួមចំណែកដ៏ថ្លៃថា្ល ពីធនាគារ វីង ដោយបានគូសបញ្ជាក់ថា៖ “តាមរយៈការឧបត្ថម្ភរបស់ធនាគារ វីង យើងទទួលបានកុំព្យូទ័រដែលមានគុណភាពខ្ពស់ និងដើរលឿន។ វាពិតជាជួយឱ្យពួកយើងរៀនសូត្របានកាន់តែប្រសើរពិតមែន។ 

 

 

ការអំពាវនាវឱ្យមានការគាំទ្របន្ថែម ខណៈជំនាញកុំព្យូទ័រកំពុងជំរុញវិស័យអប់រំ STEM កាន់តែប្រសើរឡើង 

 

លោក គង់ វាសនា ប្រធានផ្នែកអប់រំនៅសាលា CCF Academy បានប្រាប់សារព័ត៌មាន Kiripost ថា សិស្សរបស់លោកបានរៀនជំនាញកុំព្យូទ័រតាំងពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ ព្រោះវាជាជំនាញដ៏សំខាន់មួយ ដើម្បីអភិវឌ្ឍសមត្ថភាពរៀនសូត្រ និងការគិតរបស់ពួកគេឱ្យទាន់សម័យកាលឌីជីថល។ 

 

ធនាគារ វីង បានឧបត្ថម្ភកុំព្យូទ័រចំនួន ៣៣គ្រឿង ដល់សាលា Tomorrow Academy ដោយប្តេជ្ញាផ្តល់មូលនិធិគាំទ្ររយៈពេល ៣ឆ្នាំ ដើម្បីជួយដល់សិស្សនារីវ័យក្មេង ដើម្បីសិក្សាលើមុខជំនាញ STEM តាំងពីឆ្នាំ២០២៣ មកម្ល៉េះ។ 

 

មុនពេលទទួលបានការជួយជ្រោមជ្រែងពីធនាគារ វីង សិស្សានុសិស្សធ្លាប់ជួបប្រទះការលំបាកជាច្រើនក្នុងការរៀនមុខវិជ្ជា STEM ព្រោះសាលាមានកុំព្យូទ័រចាស់ៗអាយុកាលជាង ១៥ឆ្នាំ ត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ ដែលមិនអាចតំឡើងកម្មវិធីថ្មីៗបាន។ កាលណោះ កុំព្យូទ័រខ្លះបើកមិនចេញ កម្មវិធីសិក្សាខ្លះគាំងដំណើរការ ដែលជាហេតុធ្វើឱ្យការរៀនសូត្រមុខវិជ្ជា STEM ត្រូវរអាក់រអួល ហើយក្លាយជាឧបសគ្គសម្រាប់សិស្សជាច្រើនក្នុងការចាប់យកសក្តានុពលរបស់ពួកសម្រាប់ការសិក្សា STEM បានពេញលេញនោះឡើយ។ 

 

លោក វាសនា បានបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានកុំព្យូទ័រស៊េរីថ្មីៗ និងមានគុណភាពល្អ យើងសង្កេតឃើញថា កម្មវិធីសិក្សាដែលសាលាបានរៀបចំ ពិតជាទទួលបានលទ្ធផលកាន់តែប្រសើរឡើង។ 

កុំព្យូទ័រដែលទទួលបានការឧបត្ថម្ភពីធនាគារ វីង បានជួយឱ្យសិស្សានុសិស្សអាចក្រេបជញ្ជក់ចំណេះដឹង STEM បានយ៉ាងប្រសើរ ជាមួយនឹងការភ្ជាប់អ៊ីនធឺណិតល្បឿនលឿន និងអាចប្រើប្រាស់កម្មវិធីសិក្សាបានយ៉ាងរលូនជាងមុនឆ្ងាយ។ 

 

លោកបានបន្ថែមថា៖ ស្របពេលដែលបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើន យើងត្រូវតែបោះជំហានឱ្យទាន់បច្ចេកវិទ្យា និងប្រព័ន្ធឌីជីថលទាំងនេះ។ វាពិតជាជួយសិស្សានុសិស្សឱ្យប្រើប្រាស់បច្ចេកវិទ្យាជាប្រយោជន៍សម្រាប់ការសិក្សា ជួយឱ្យពួកគេទទួលបានការងារល្អៗ និងចូលរួមអភិវឌ្ឍសង្គមជាតិ។លោកសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សនឹងចាប់យកចំណេះដឹងបច្ចេកវិទ្យាទំនើបៗតាមរយៈកុំព្យូទ័រទាំងនេះ មិនត្រឹមតែសម្រាប់ឱកាសការងារផ្ទាល់ខ្លួននៅថ្ងៃអនាគតប៉ុណ្ណោះទេ ថែមទាំងជាផ្នែកដ៏សំខាន់មួយជួយជំរុញដល់ការរីកចម្រើននៅក្នុងសង្គមជាតិទាំងមូលផងដែរ។ 

 

ចំណែកឯ កញ្ញា សោម កំសាន មន្ត្រីទទួលបន្ទុកបន្ទប់ពិសោធន៍ STEM នៅសាលា Tomorrow Academy បានលើកឡើងថា មុខវិជ្ជា STEM ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជួយពង្រឹងជំនាញត្រិះរិះពិចារណារបស់សិស្ស ហើយចំណេះដឹងដែលទទួលបានអាចយកទៅអនុវត្តផ្ទាល់ក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃ។ កញ្ញាបានបន្ថែមថា ធនាគារ វីង បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជំនាញរបស់សិស្ស តាមរយៈការផ្តល់កុំព្យូទ័រថ្មីៗដែលមានមុខងារល្អប្រសើរជាងមុន។ 

 

កញ្ញាបានប្រាប់សារព័ត៌មាន Kiripost ថា៖ ពីមុន កុំព្យូទ័រមានសភាពចាស់ៗខ្លាំងមែនទែន ដែលធ្វើឱ្យយើងពិបាកក្នុងការដំឡើងកម្មវិធីថ្មីៗ។ នេះគឺជាឧបសគ្គដ៏ធំមួយសម្រាប់សិស្ស ជាពិសេសសិស្សានុសិស្សដែលរៀនមុខវិជ្ជា STEM តែម្តង។កញ្ញាក៏បានកត់សម្គាល់ផងដែរថា កាលពីពេលនោះ សាលាមិនអាចបង្រៀនមុខវិជ្ជាសរសេរកូដ (Coding) និងមនុស្សយន្ត (Robotic) បាននោះទេ។  

 

ក្រឡេកទៅមើលសិស្សានុសិស្សនៅតាមតំបន់ជនបទ ដែលជួបការលំបាកក្នុងការទទួលបានកុំព្យូទ័រល្អៗ និងការអប់រំផ្នែក STEM កញ្ញា កំសាន បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាល ឱ្យជួយគាំទ្រផ្នែកថវិកាដល់សិស្សងាយរងគ្រោះ ដើម្បីឱ្យពួកគេអាចបោះជំហានចេញពីវិធីសាស្ត្ររៀនសូត្របែបប្រពៃណី និងចាប់យកចំណេះដឹងក្នុងពិភពលោកដ៏ទំនើបនេះបាន។ 

 

កញ្ញាបានបញ្ជាក់ថា៖ ខ្ញុំគិតថា ក្រសួងអប់រំ យុវជន និងកីឡា គួរតែផ្តល់កុំព្យូទ័រដល់សាលារៀននៅតាមទីជនបទ ទោះបីជាមិនបានគ្រប់ថ្នាក់ ក៏យ៉ាងហោចណាស់គួរផ្តល់ឱកាសឱ្យពួកគេបានប្រើប្រាស់ដែរ។ ការយល់ដឹងពីកុំព្យូទ័រមូលដ្ឋាន គឺជាជំនាញដ៏សំខាន់មួយ ដែលជួយត្រួសត្រាយផ្លូវដល់សិស្សានុសិស្ស ក្នុងការឈានទៅបន្តការសិក្សានៅសាកលវិទ្យាល័យនាពេលអនាគត៕” 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធ្លាប់ត្រូវគេឆបោកទិញទំនិញតាមអនឡាញ សហគ្រិនស្រ្តីម្នាក់បង្កើតផ្លេតហ្វមទិញ-លក់អីវ៉ាន់តាមអ៊ិនធឺណិតរហូតមានការគាំទ្រពីអ្នកប្រើប្រាស់ខ្ទង់ម៉ឺននាក់

បន្ទាប់ពីបាត់បង់លុយអស់ ៥០០ ដុល្លារក្នុងការទិញទំនិញតាមប្រព័ន្ធអនឡាញ សហគ្រិនស្ត្រីកម្ពុជាម្នាក់គឺលោកស្រីសែម ពុទ្ធារី មិនបានបណ្តោយឱ្យបទពិសោធន៍ដ៏អាក្រក់នេះបង្អាក់ស្មារតីរបស់គាត់ឡើយ។ ផ្ទុយទៅវិញ លោកស្រីបានប្រែក្លាយបញ្ហានេះទៅជាគំនិតអាជីវកម្ម ដោយបង្កើតនូវផ្លេតហ្វមសេវាកម្មអនឡាញមួយ ដែលមានគោលបំណងជួយការពារអតិថិជនពីការឆបោក និងគាំទ្រដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មខ្លួនឯង។

ចេញផ្សាយនៅ: Jan 30, 2026

អានរហ័ស

MyLekha ផ្តល់ដំណោះស្រាយដ៏សំបូរបែប និងងាយស្រួលសម្រាប់អាជីវករសម័យថ្មី

បង្កើតឡើងក្នុងអំឡុងពេលកូវីដ-១៩ MyLekha ដែលជាធុរកិច្ចបង្កើតថ្មីក្នុងស្រុកមួយ បានកែប្រែពីស្ថានភាពហៀបនឹងបោះបង់ ក្លាយជាប្រព័ន្ធគ្រប់គ្រងការលក់ (POS) ដែលផ្តល់ជូនអ្នកប្រើប្រាស់ក្នុងតម្លៃត្រឹមតែ ៥ ដុល្លារក្នុងមួយខែ។

ចេញផ្សាយនៅ: Jan 29, 2026

អានរហ័ស

ធនាគារ វីង លើកកម្ពស់សុខុមាលភាព និងបរិស្ថានទៅដល់សិស្សានុសិស្សក្នុងខេត្តតាកែវ

ធនាគារ វីង (ខេមបូឌា) ម.ក ថ្មីៗនេះបានដឹកនាំក្រុមការងារជាង ២៥០ នាក់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពបរិស្ថានសិក្សា ក៏ដូចជាពង្រឹងសុខុមាលភាព តាមរយៈការលើកកម្ពស់យល់ដឹងអនាម័យសម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រមទាំងបានប្រគល់អំណោយ និងសម្ភារៈសិក្សា ទៅដល់សិស្សានុសិស្សចំនួន៣០០នាក់ នៅឯសាលាបឋមសិក្សាទ្រព្យគរ ស្ថិតក្នុងតំបន់មួយមានចំងាយប្រហែល ៤០គីឡូម៉ែត្រពីទីរួមខេត្តតាកែវ។

ចេញផ្សាយនៅ: Dec 01, 2025