កម្ចីធនាគារ ជួយជំរុញកំណើនអាជីវកម្មសហគ្រាសធុនតូច និងមធ្យម

សហគ្រាសធុនតូច និងមធ្យម (SME) គឺជាផ្នែកមួយដ៏សំខាន់នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្នគេសង្កេតឃើញថាសហគ្រាស SME ជាច្រើនបានងាកមករកប្រភពទុនពីកម្ចីធនាគារដើម្បីជំរុញកំណើនអាជីវកម្មរបស់ពួកគេ។

ចេញផ្សាយនៅ: Jan 05, 2026

សហគ្រាសធុនតូច និងមធ្យម (SME) គឺជាផ្នែកមួយដ៏សំខាន់នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្នគេសង្កេតឃើញថាសហគ្រាស SME ជាច្រើនបានងាកមករកប្រភពទុនពីកម្ចីធនាគារដើម្បីជំរុញកំណើនអាជីវកម្មរបស់ពួកគេ។ កម្ចីទាំងនេះបានផ្តល់នូវធនធានហិរញ្ញវត្ថុដ៏ចាំបាច់ដើម្បីឱ្យ SME អាចលូតលាស់ទៅមុខបាន ហើយថែមទាំងអាចបន្សាំខ្លួនទៅនឹងទីផ្សារដែលមានការវិវត្តយ៉ាងឆាប់រហ័សទៀតផង។ តាមរយៈការប្រើប្រាស់មូលនិធិទាំងនេះឱ្យមានប្រសិទ្ធភាព SME អាចពង្រឹងភាពធន់ ហើយសម្រេចបាននូវភាពជោគជ័យប្រកបដោយចីរភាពសម្រាប់រយៈពេលវែង។

 

នៅក្នុងបរិបទអាជីវកម្មដែលពោរពេញដោយការប្រកួតប្រជែងខ្ពស់នាពេលបច្ចុប្បន្ន SME គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារដល់ប្រជាជននៅក្នុងសហគមន៍។ យ៉ាងនេះក្តី ការស្វែងរកប្រភពទុនដើម្បីទ្រទ្រង់ដំណើរការអាជីវកម្ម ពង្រីកវិសាលភាពអាជីវកម្ម ឬបង្កើតភាពច្នៃប្រឌិតថ្មីៗ នៅតែជាឧបសគ្គដ៏ចម្បងមួយ។

 

កម្ចីធនាគារ គឺជាជំនួយហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ម្ចាស់ SME ដោយផ្តល់នូវលទ្ធភាពទទួលបានដើមទុន ដែលពួកគេកំពុងត្រូវការជាចាំបាច់។ ការគាំទ្រផ្នែកហិរញ្ញវត្ថុនេះ អនុញ្ញាតឱ្យពួកគេអាចវិនិយោគលើបរិក្ខារ កែលម្អលំហូរសាច់ប្រាក់ និងការចាប់យកឱកាសថ្មីៗជាដើម។ សារព័ត៌មាន Kiripost នឹងលើកយកពីរបៀបដែលឥណទានធនាគារអាចប្រែក្លាយជាកម្លាំងចលករផ្លាស់ប្តូរមុខមាត់ថ្មីសម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងរំលេចពីអត្ថប្រយោជន៍នានា ដែលជួយឱ្យអាជីវកម្មទាំងនេះអាចឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ។

 

មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង លោក ខៀវ លីនដា អាយុ ៣៦ ឆ្នាំ ឬគ្រប់គ្នាហៅគាត់ថា ឌីន គឺជាម្ចាស់អាជីវកម្មតុបតែងផ្កាឈ្មោះ La Mémoire មានទីតាំងនៅទួលទំពូង រាជធានីភ្នំពេញ

បច្ចុប្បន្ន លោក ឌីន មានមុខជំនួញចំនួនបីក្នុងដៃ ដោយក្នុងនោះ La Mémoire គឺជាអាជីវកម្មដែលមានស្ថិរភាពជាងគេ ដោយសារវាផ្តោតសំខាន់លើសេវាកម្មរៀបចំផ្កាស្រស់ ហើយបានដំណើរការអស់រយៈពេល ១០ ឆ្នាំមកហើយ។

 

 

លទ្ធភាពនៃការទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

 

លោក ឌីន បានលើកឡើងថា ការទទួលបានកម្ចីហិរញ្ញវត្ថុពីធនាគារអាចជារឿងស្មុគស្មាញ និងចំណាយពេលច្រើន ជាពិសេសដោយសារតែលោករស់នៅរាជធានីភ្នំពេញ ខណៈដែលដីធ្លីរបស់លោកស្ថិតនៅឯស្រុកកំណើតក្នុងខេត្តកំពង់ឆ្នាំង។ ស្ថានភាពនេះតម្រូវឱ្យក្រុមការងារធនាគារចុះទៅពិនិត្យផ្ទាល់ និងផ្ទៀងផ្ទាត់ច្រើនដំណាក់កាល។

 

លោកបានកត់សម្គាល់ថា ដំណើរការរៀបចំឯកសារមានការលំបាកជាពិសេស ដោយសារលោកត្រូវដាក់ប្លង់ដីជាទ្រព្យធានាសម្រាប់ការស្នើកម្ចីនេះ។ លោក ឌីន បានបន្ថែមថា ទោះបីជាកម្ចីនេះមានគោលបំណងសម្រាប់ការធ្វើអាជីវកម្មក៏ដោយ ក៏ធនាគារនៅតែតម្រូវឱ្យមានប្លង់ដីទាំងនេះ ដោយមានឪពុកម្តាយរបស់លោកធ្វើជាសាក្សីផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា នៅទីបំផុត លោកគឺជាអ្នកទទួលខុសត្រូវលើការសងប្រាក់ត្រឡប់ទៅធនាគារវិញ។

 

លោក ឌីន បានរៀបរាប់ថា៖ អាជីវកម្មរបស់ខ្ញុំមិនមែនលក់ដាច់រហូតពេញមួយឆ្នាំនោះទេ ពោលគឺមានរដូវស្ងាត់ ចាប់ពីខែមេសា ដល់ខែសីហា។ ចំណែកខែកញ្ញា គឺជាការចាប់ផ្តើមរដូវកាលលក់ដាច់ (High season) សម្រាប់ពួកយើង។ ក្នុងអំឡុងពេលដ៏មមាញឹកនេះ ខ្ញុំត្រូវត្រៀមកញ្ចប់ថវិកាដើម្បីពង្រីកសេវាកម្មរបស់យើងបន្ថែមទៀត។

 

ដោយសារអាជីវកម្មរបស់ខ្ញុំមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ការស្វែងរកកម្ចីធនាគារ គឺជារឿងចាំបាច់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំអាចប៉ាន់ស្មានពីសក្តានុពលនៃការលក់របស់យើងក្នុងរដូវកាលលក់ដាច់ ដូច្នេះហើយទើបការស្នើសុំកម្ចី គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រអាជីវកម្មរបស់យើង។

 

លោក ឌីន បាននិយាយថា​ ដោយសារអាជីវកម្មដំណើរការបានយូរឆ្នាំ លោកអាចមើលឃើញ និងចាប់យកឱកាសថ្មីៗ ហើយលោកបានគូសបញ្ជាក់ទៀតថា ឱកាសក្នុងការទទួលបានកម្ចីធនាគារនេះ បានជំរុញឱ្យអាជីវកម្មរបស់លោកមានលទ្ធភាពពង្រីកទៅកាន់វិស័យផ្សេងៗទៀត។

 

លោកបានបន្ថែមថា៖ បន្ទាប់ពីដំណើរការហាង La Mémoire បាន ៨ ឆ្នាំ ខ្ញុំបានមើលឃើញឱកាសដ៏ល្អមួយនៅក្នុងវិស័យម្ហូបអាហារ។ ដូច្នេះ ខ្ញុំត្រូវតែស្វែងរកកម្ចីពីធនាគារដើម្បីបើកភោជនីយដ្ឋាន ED’s HOUSE ដោយមើលឃើញពីសក្តានុពលនៃការរីកចម្រើនវិស័យម្ហូបអាហារ។”

 

លោក ឌីន បានឱ្យដឹងថា ដំណើរការនៃការអនុម័តកម្ចីធនាគារគឺ មានភាពងាយស្រួលគួរសម ដោយលោកគ្រាន់តែបង្ហាញពីចំណូល និងចំណាយប៉ុណ្ណោះ។ វាអនុញ្ញាតឱ្យធនាគារវាយតម្លៃស្ថានភាពហិរញ្ញវត្ថុរបស់យើង និងព្យាករណ៍ពីសមត្ថភាពរបស់យើងក្នុងការគ្រប់គ្រងកម្ចីប្រកបដោយការទទួលខុសត្រូវ។ ដរាបណាយើងផ្តល់ទិន្នន័យចំណូល និងចំណាយបានច្បាស់លាស់សម្រាប់ការវាយតម្លៃ យើងនឹងមានឱកាសខ្ពស់ក្នុងការទទួលបានការអនុម័តកម្ចី។

 

តើការស្វែងរកកម្ចីពីគ្រឹះស្ថានធនាគារ មានប្រយោជន៍ដែរ ឬទេសម្រាប់ធុរកិច្ចបង្កើតថ្មី?

 

ផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន លោក ឌីន មិនណែនាំឱ្យអាជីវកម្មដែលទើបបង្កើតបានតិចជាងមួយឆ្នាំ ស្នើសុំកម្ចីពីធនាគារនោះទេ ដោយសារតែមិនទាន់មានបទពិសោធន៍គ្រប់គ្រាប់នៅក្នុងទីផ្សារ។ លោកបានបញ្ជាក់ថា៖ ក្នុងដំណាក់កាលនេះ វាពិតជាពិបាកក្នុងការវាយតម្លៃពីសក្តានុពលជោគជ័យរបស់ពួកគេណាស់។ លើសពីនេះ ពួកគេប្រហែលជាមិនទាន់ស្គាល់ច្បាស់ពីដំណើរការរបស់ធនាគារ។ វាជារឿងសំខាន់ណាស់សម្រាប់ធុរកិច្ចបង្កើតថ្មី ក្នុងការកសាងការជឿទុកចិត្តរបស់ខ្លួនជាមុនសិន ព្រោះថាអាចមានការសង្ស័យលើសមត្ថភាពរបស់ពួកគេក្នុងការសងប្រាក់ត្រឡប់មកវិញឱ្យបានទៀងទាត់។

 

ទោះយ៉ាងណាក៏ដោយ ប្រសិនបើធុរកិច្ចបង្កើតថ្មីនោះ មើលឃើញឱកាសរីកចម្រើនលើសពី ៥០% ខ្ញុំសូមលើកទឹកចិត្តឱ្យពួកគេពិចារណាស្នើកម្ចី។ ពេលខ្លះ ពួកគេមានការត្រៀមខ្លួនបានយ៉ាងល្អ និងដឹងពីសក្តានុពលរបស់ខ្លួន ប៉ុន្តែពួកគេគ្រាន់តែខ្វះទុនដើម្បីអនុវត្តផែនការទាំងនោះប៉ុណ្ណោះ។

 

លោក ឌីន បានបន្ថែមថា អ្វីដែលចាំបាច់បំផុត គឺអាជីវកម្មត្រូវតែមានការយល់ដឹងច្បាស់លាស់ពីតម្រូវការថវិកា និងសមត្ថភាពក្នុងការសងត្រឡប់របស់ខ្លួន។ ប្រសិនបើពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុបានជោគជ័យទៅតាមផែនការដែលបានកំណត់ វានឹងក្លាយជាជំហានវិជ្ជមានមួយឆ្ពោះទៅមុខ។

 

លោកបានរៀបរាប់ទៀតថា នៅពេលដែលលោកសម្រេចចិត្តបើកភោជនីយដ្ឋានលក់សាច់អាំង លោកត្រូវស្នើសុំកម្ចីធនាគារ។ ដោយសារលោកមានហាងផ្កា ដែលជាអាជីវកម្មគោលដ៏មានស្ថិរភាពស្រាប់ លោកមានផែនការបម្រុងរួចជាស្រេច ក្នុងករណីដែលភោជនីយដ្ឋានសាច់អាំងនោះមិនទទួលបានជោគជ័យ។

 

លោក ឌីន បានគូសបញ្ជាក់ថា អាជីវកម្មដែលដំណើរការមិនទាន់បានមួយឆ្នាំ តែងតែជួបប្រទះបញ្ហាប្រឈមជាច្រើន រួមទាំងបញ្ហាហិរញ្ញវត្ថុ និងឧបសគ្គផ្សេងៗទៀត។ ក្នុងអំឡុងពេលដ៏លំបាកនេះ ប្រសិនបើពួកគេជួបសម្ពាធហិរញ្ញវត្ថុបន្ថែមទៀត វានឹងរំខានដល់ផែនការអាជីវកម្ម និងរារាំងឱកាសក្នុងការរីកចម្រើនរបស់ពួកគេ។

 

ចំណែកឯ លោក ផាត់ សុខា សហគ្រិនវ័យ ២៦ ឆ្នាំ បានបង្កើតមជ្ឈមណ្ឌលភាសាបរទេស វីសដឹម (Wisdom Foreign Language Centre) នៅក្នុងឆ្នាំ២០២២ ដើម្បីផ្តល់សេវាកម្មអប់រំដល់សហគមន៍ ស្ថិតនៅក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 

នៅឆ្នាំ២០២២ លោក សុខា និងក្រុមការងាររបស់លោក បានរៀបចំបង្រៀនសិស្សនៅតាមផ្ទះ។ ទោះជាយ៉ាងណា នៅពេលដែលមានសិស្សចាប់អារម្មណ៍រៀនភាសាអង់គ្លេសកាន់តែច្រើន លោកក៏សម្រេចចិត្តបង្កើតមជ្ឈមណ្ឌលផ្លូវការមួយ ដើម្បីឆ្លើយតបឱ្យបានកាន់តែប្រសើរទៅនឹងតម្រូវការដែលកំពុងកើនឡើង និងងាយស្រួលតាមដានស្ថិតិនៃការចុះឈ្មោះចូលរៀនភាសាបរទេស។

 

ដើម្បីបង្កើតមជ្ឈមណ្ឌលនេះឡើង លោក សុខា បានជួសជុលផ្ទះបងប្អូនជីដូនមួយរបស់លោក ដោយប្រែក្លាយវាទៅជាកន្លែងបង្រៀនពេញលេញក្នុងរយៈពេលមួយឆ្នាំ។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងយល់ពីតម្រូវការអតិថិជន និងតម្រូវការទីផ្សារ ដែលជាជំហានដ៏សំខាន់បំផុតក្នុងការចាប់ផ្តើមអាជីវកម្ម។ មុនពេលបើកដំណើរការមជ្ឈមណ្ឌលភាសាបរទេស វីសដឹម លោកបានចាប់ផ្តើមបង្រៀនក្នុងថ្នាក់រៀនតូចៗចំនួនពីរនៅផ្ទះរបស់លោកសិន។

 

តាមរយៈការគាំទ្រដល់ការអប់រំនៅក្នុងសហគមន៍ លោក សុខា សង្កេតឃើញថាមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនសិស្សដែលបានចុះឈ្មោះចូលរៀន។ លោកបានចាត់ទុកកំណើននេះ ថាបានមកពីយុទ្ធសាស្ត្រទីផ្សារដ៏ត្រឹមត្រូវ និងការកំណត់តម្លៃអប់រំប្រកបដោយភាពប្រកួតប្រជែង ដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សក្នុងសហគមន៍អាចទទួលបានការសិក្សាភាសាដោយភាពងាយស្រួល។

 

លោក សុខា បានកត់សម្គាល់ថា៖ យុទ្ធសាស្ត្រកំណត់តម្លៃ គឺជាកត្តាសំខាន់សម្រាប់ភាពជោគជ័យរបស់យើង។ វាជារឿងចាំបាច់ដែលយើងត្រូវតែពង្រឹងគុណភាពនៃសេវាកម្មរបស់យើង ដើម្បីបំពេញចន្លោះប្រហោងដែលគូប្រជែងរបស់យើងមិនទាន់មាន។លោកបានបន្ថែមថា ក្នុងនាមជាសហគ្រិនវ័យក្មេង វាពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យខ្លួនឯងមានភាពលេចធ្លោ និងប្លែកពីគេ។ លោកបានផ្តល់ជាយោបល់ថា៖ ត្រូវគិតឱ្យឆ្លាតវៃ ហើយចាប់ផ្តើមពីតូចទៅ។

 

ដើម្បីទទួលបានជោគជ័យ លោក សុខា បានសង្កត់ធ្ងន់លើភាពច្បាស់លាស់អំពីសមត្ថភាព និងជំនាញផ្ទាល់ខ្លួន។ លោកបានលើកទឹកចិត្តឱ្យសហគ្រិនថ្មីថ្មោង អនុវត្តតាមគោលការណ៍ជាមូលដ្ឋានចំនួនបី គឺ៖ ការស្គាល់ ការចូលចិត្ត និងការជឿទុកចិត្ត (Know, like and trust)។”

 

លោក សុខា ក៏កំពុងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មវ័យក្មេង ឱ្យចេះប្រើប្រាស់ធនធានផ្ទាល់ខ្លួនដែលកំពុងមាន និងចាប់ផ្តើមពីចំណុចតូចៗសិន។ ទោះជាយ៉ាងណាក៏ដោយ លោកជឿជាក់ថា ប្រសិនបើពួកគេមើលឃើញឱកាសក្នុងការរីកចម្រើន ពួកគេត្រូវតែប្រញាប់ចាប់យកវាភ្លាម។

 

យោងតាមធនាគារ សហគ្រាសធុនតូច និងមធ្យម បានឱ្យដឹងថា SMEs ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន។ ពួកគេត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលជួយបំពេញតម្រូវការទំនិញ និងសេវាកម្មក្នុងស្រុក ព្រមទាំងរួមចំណែកធ្វើឱ្យជីវភាពរស់នៅប្រសើរឡើងតាមរយៈការបង្កើនប្រាក់ចំណូល និងការងារ ជំរុញផលិតផលក្នុងស្រុកសរុប (GDP) និងការជំរុញការនាំចេញផងដែរ។

 

ទោះជាយ៉ាងនេះក្តី ប្រភពដដែលក៏បានកត់សម្គាល់ឃើញថា ការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យ SME កំពុងប្រឈមមុខនឹងបញ្ហាមួយចំនួន រួមមាន ដំណើរការអាជីវកម្មមិនទាន់លក្ខណៈផ្លូវការ (ដំណើរការអាជីវកម្មមិនបានចុះបញ្ជីត្រឹមត្រូវ) កង្វះខាតដើមទុនសម្រាប់ពង្រីកអាជីវកម្ម និងកម្រិតចំណេះដឹង ហើយជំនាញបច្ចេកទេសក៏នៅមានកម្រិតនៅឡើយដែរ។

 

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានបង្កើតធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank) ឡើង ដើម្បីជួយដោះស្រាយបញ្ហានៃការខ្វះខាតលទ្ធភាពទទួលបានហិរញ្ញប្បទាន។ ចាប់តាំងពីពេលនោះមក ធនាគារនេះបានជួយសម្រួលដល់កង្វះខាតប្រភពទុនសម្រាប់អាជីវកម្ម SMEs។ ធនាគារបានអនុវត្តជាបន្តបន្ទាប់នូវគម្រោងសហហិរញ្ញប្បទាន (Co-financing schemes) ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និងគម្រោងផ្តល់ប្រាក់កម្ចីដោយផ្ទាល់ ដោយផ្តោតលើក្រុមសហគ្រាសជាក់លាក់ណាមួយ។

 

SME Bank ផ្តោតសំខាន់លើការអភិវឌ្ឍផលិតផល និងសេវាកម្ម ហើយក៏ប្តេជ្ញាពង្រីកបណ្តាញចែកចាយ និងអភិវឌ្ឍធនធានមនុស្សរបស់ខ្លួនផងដែរ។

 

គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ត្រូវបានបង្កើតឡើងដើម្បីជួយឱ្យ SMEs ទាំងក្នុងវិស័យអាទិភាព និងវិស័យទូទៅអាចទទួលបានកម្ចីក្នុងលក្ខខណ្ឌអំណោយផល និងអត្រាការប្រាក់សមរម្យ។ សហគ្រិនអាចប្រើប្រាស់គម្រោងហិរញ្ញប្បទាននេះ ដើម្បីពង្រីក ឬចាប់ផ្តើមអាជីវកម្មថ្មីបាន។

 

សម្រាប់ SME ដែលមានសិទ្ធិដាក់ពាក្យស្នើសុំកម្ចី ត្រូវតែជាអាជីវកម្មដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា គ្រប់គ្រងដោយជនជាតិខ្មែរ ១០០% ឬយ៉ាងហោចណាស់ ៥១% និងតម្រូវឱ្យមានទ្រព្យធានា ដូចជាដីធ្លីជាដើម ដោយក្នុងនោះ SMEs នៅក្នុងវិស័យអាទិភាពត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យស្នើសុំកាន់តែច្រើន។

 

កញ្ចប់ឥណទាន ៥០០ លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា

 

យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ អាជីវកម្ម MSMEs នៅកម្ពុជាដែលមានចំនួន ៧៥៣.០០០ សហគ្រាស កំពុងផ្តល់ការងារដល់ប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលក្នុងនោះ ៦០% ជាស្ត្រី និងបានចូលរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប (GDP)ទៀតផង

 

ការជួយឱ្យ MSMEs រឹងមាំ គឺជារឿងដ៏សំខាន់បំផុតដើម្បីកសាងសេដ្ឋកិច្ចមួយដែលមានភាពចម្រុះ និងមានភាពប្រកួតប្រជែង ប៉ុន្តែលទ្ធភាពទទួលបានហិរញ្ញប្បទាន នៅតែជាឧបសគ្គដ៏ធំបំផុតមួយវិស័យនេះ

ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ គ្រឹះស្ថានហិរញ្ញវត្ថុនានាកំពុងដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីធ្វើឱ្យការទទួលបានឥណទានកាន់តែមានភាពងាយស្រួល។ ជាក់ស្តែង ថ្មីៗនេះ ធនាគារ វីង បានប្រកាសប្តេជ្ញាផ្តល់កញ្ចប់ថវិកាចំនួន ៥០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់SME និងធុរកិច្ចបង្កើតថ្មី

 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងមិនគ្រាន់តែផ្តល់ហិរញ្ញប្បទានដើម្បីជួយឱ្យអាជីវកម្មលូតលាស់ប៉ុណ្ណោះទេ យើងកំពុងកសាងសេដ្ឋកិច្ចកម្ពុជាមួយដែលកាន់តែរឹងមាំ មានបរិយាប័ន្ន និងប្រកបដោយនវានុវត្តន៍។ នៅពេលដែលអាជីវកម្មរីកចម្រើន នោះប្រទេសជាតិក៏មានភាពរុងរឿងផងដែរ។

 

ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ កញ្ចប់ឥណទាន ១០០ លានដុល្លារ ត្រូវបានបម្រុងទុកតាមរយៈមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី ក្រោមការសម្របសម្រួលរបស់ក្រសួងកិច្ចការនារី ដើម្បីជួយស្ត្រីកម្ពុជាក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្ម។ ចំណែកឯថវិកា ២០០ លានដុល្លារអាមេរិកទៀត ដែលសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នឹងជួយគាំទ្រដល់សហគ្រាស MSMEs និងធុរកិច្ចបង្កើតថ្មី ក្នុងការបង្កើនភាពប្រកួតប្រជែង ជំរុញនវានុវត្តន៍ និងគាំទ្រកំណើនប្រកបដោយចីរភាព។

 

ទន្ទឹមនឹងនេះ ធនាគារ វីង ក៏បានដាក់ចេញនូវកញ្ចប់ឥណទានចំនួន ២០០ លានដុល្លារ ជាមួយនឹងអត្រាការប្រាក់សូន្យភាគរយ (០%) រហូតដល់ប្រាំថ្ងៃ សម្រាប់ក្រុមហ៊ុននានាដែលបង់ពន្ធនិងអាករតាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិករបស់ធនាគារ វីង ដោយសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ វិធានការនេះមានគោលបំណងជួយសម្រួលដល់បញ្ហាលំហូរសាច់ប្រាក់ និងលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់តែច្រើន។

 

ក្រៅពីការផ្តល់ហិរញ្ញប្បទាន ធនាគារ វីង មានគម្រោងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលានានា ដើម្បីធានាថាម្ចាស់អាជីវកម្មទទួលបានចំណេះដឹង និងមធ្យោបានគាំទ្រគ្រប់គ្រាន់ ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីធនធានទាំងនេះ។

 

សហគ្រិន និងម្ចាស់សហគ្រាស SME ដែលចង់ទទួលបានកម្ចីហិរញ្ញប្បទានទាំងនេះ អាចអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយក៏បាន ឬទាក់ទងតាមរយៈសេវាបម្រើអតិថិជនផ្លូវការ ឬក៏អាចទាក់ទងតាមទំព័រហ្វេសប៊ុកផ្លូវការ ធនាគារ វីង ផ្ទាល់ផងដែរ

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ការយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ច ជាគន្លឹះដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមាពីសេវាធនាគារ

គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាលើកឡើងថា អ្នកខ្ចីគួរតែយល់ដឹងពីកិច្ចសន្យាឥណទាន កម្រិតអត្រាការប្រាក់ និងប្រវត្តិឥណទានផ្ទាល់ខ្លួន ដើម្បីចៀសវាងវិវាទ និងបំណុលវ័ណ្ឌក។

ចេញផ្សាយនៅ: Jan 30, 2026

អានរហ័ស

របត់ថ្មីនៃការផ្ញើប្រាក់ឆ្លងដែន៖ សេវាធនាគារឌីជីថល ជួយសន្សំពេលវេលា និងបង្កើនសុវត្ថិភាពដល់ពលករខ្មែរនៅក្រៅប្រទេស

ស្របពេលដែលកម្ពុជាកំពុងបោះជំហានទៅមុខក្នុងការសម្របខ្លួនទៅរកសង្គមឌីជីថល ពលករចំណាកស្រុកកាន់តែច្រើនឡើង ក៏កំពុងងាកមកប្រើប្រាស់គណនីធនាគារឌីជីថល ដែលអាចផ្ញើប្រាក់ទៅក្រុមគ្រួសារនៅស្រុកកំណើតបានភ្លាមៗ ដើម្បីជួយសម្រាលបន្ទុកបំណុល និងការចំណាយលើការព្យាបាលនានា។ នេះជាការផ្លាស់ប្តូរទម្លាប់នៃការផ្ទេរប្រាក់ដែលធ្លាប់តែមានភាពយឺតយ៉ាវ និងបំពេញបែបបទស្មុគស្មាញ ដោយទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អដើម្បីជួយសម្រាលបន្ទុកគ្រួសារបានទាន់ពេលវេលា។

ចេញផ្សាយនៅ: Jan 26, 2026

អានរហ័ស

ការទប់ស្កាត់ការឆបោកផ្នែកហិរញ្ញវត្ថុនៅកម្ពុជា

នៅក្នុងទិវាសន្តិសុខសាយប័រ (Cybersecurity Day) ឆ្នាំ ២០២៥ អ្នកជំនាញក្នុងវិស័យនេះបានលើកឡើងថា សុវត្ថិភាពហិរញ្ញវត្ថុមិនមែនជាការទទួលខុសត្រូវតែនៅលើប្រព័ន្ធប្រតិបត្តិការនៅក្នុងគ្រឹះស្ថានធនាគារទៀតនោះទេ ពោលគឺបញ្ហាប្រឈមក៏អាចកើតមានសម្រាប់អ្នកប្រើប្រាស់សេវាធនាគារនៅលើទូរសព្ទដៃ ហើយអ្នកជំនាញបានអះអាងទៀតថា អ្នកប្រើប្រាស់សេវាធនាគារឆ្លាតវៃ គឺជាអ្នកដែលចេះស្វែងយល់ និងដឹងពីវិធីទប់ស្កាត់ហានិភ័យទាំងនេះទុកជាមុន។

ចេញផ្សាយនៅ: Dec 26, 2025