វគ្គ១២៖ ការយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ច ជាគន្លឹះដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមាពីសេវាធនាគារ

គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាលើកឡើងថា អ្នកខ្ចីគួរតែយល់ដឹងពីកិច្ចសន្យាឥណទាន កម្រិតអត្រាការប្រាក់ និងប្រវត្តិឥណទានផ្ទាល់ខ្លួន ដើម្បីចៀសវាងវិវាទ និងបំណុលវ័ណ្ឌក។

ចេញផ្សាយនៅ: Jan 30, 2026

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដោយមានការគាំទ្រពីធនាគារជាតិ នៃកម្ពុជា (NBC) បានបង្កើតនូវស្តង់ដាកិច្ចសន្យាឥណទាន របស់ឧស្សាហកម្មនេះ សម្រាប់ទំហំកម្ចីក្រោម ៥០.០០០ ដុល្លារអាមេរិក ព្រមទាំងស្តង់ដាកិច្ចសន្យាឥណទានសម្រាប់ទំហំកម្ចីក្រោម ១០០.០០០ ដុល្លារអាមេរិក

 

លោក សុខ ចាន់ ប្រធានផ្នែកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ ABC បានលើកឡើងថា៖ “គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយសម្រួលដល់អតិថិជនឱ្យងាយស្រួលយល់អំពីលក្ខខណ្ឌនៃកិច្ចសន្យាឥណទាន សិទ្ធិ និងអត្ថប្រយោជន៍របស់ពួកគេ តាមរយៈការធ្វើឱ្យស្តង់ដាកិច្ចសន្យាមានភាពសាមញ្ញ តម្លាភាព និងងាយយល់ ព្រមទាំងជួយការពារអតិថិជននៅពេលពួកគេប្រើប្រាស់សេវាហិរញ្ញវត្ថុផងដែរ។

 

លោកបានបន្ថែមថា ស្តង់ដាកិច្ចសន្យាឥណទានរួមនេះ ជួយបង្កើនទំនុកចិត្តរបស់អតិថិជនមកលើប្រព័ន្ធធនាគារ និងកាត់បន្ថយវិវាទនានាដែលទាក់ទងនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។

 

ចាប់ពីឆ្នាំ២០២៣ មក រាល់ទំហំកម្ចីក្រោម ៥០.០០០ ដុល្លារអាមេរិក ពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺប្រើប្រាស់កិច្ចសន្យាឥណទានតែមួយទម្រង់គត់ ដែលមានតែ ៤ ទៅ ៥ ទំព័រប៉ុណ្ណោះ។ លោក សុខ ចាន់ បានបញ្ជាក់ថា នេះគឺជាភាពងាយស្រួលសម្រាប់អតិថិជន និងងាយយល់ជាងមុន។ យ៉ាងណាក៏ដោយ អតិថិជននៅតែគួរអានគ្រប់ចំណុចទាំងអស់នៃកិច្ចសន្យាឥណទាននេះ

 

លោកបានផ្តល់ការណែនាំថា សម្រាប់អតិថិជនដែលមិនចេះអក្សរ ឬមានការលំបាកក្នុងការយល់ដឹងពីលក្ខខណ្ឌ គួរតែស្នើសុំឱ្យមន្ត្រីឥណទានអាន និងពន្យល់កិច្ចសន្យាឱ្យបានលម្អិត មុននឹងសម្រេចចិត្តចុះហត្ថលេខា ឬផ្តិតមេដៃ។

 

លោកបានគូសបញ្ជាក់ថា៖ មុននឹងសម្រេចចិត្តចុះហត្ថលេខា ឬផ្តិតមេដៃលើកិច្ចសន្យាឥណទាន វាជារឿងសំខាន់ណាស់ដែលអតិថិជនត្រូវពិនិត្យមើលឱ្យបានហ្មត់ចត់នូវលក្ខខណ្ឌកម្ចី ជាពិសេសអត្រាការប្រាក់ អត្រាពិន័យ លក្ខខណ្ឌនៃការសងមុនកាលកំណត់ និងកម្រៃសេវាផ្សេងៗទៀត។

 

លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកជំនាញផ្នែកវិនិយោគ បានលើកឡើងថា ការស្វែងរកកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាមទារឱ្យមានការសិក្សាឱ្យបានហ្មត់ចត់។ ការសងត្រឡប់ ទំហំកម្ចី និងរយៈពេលកម្ចី សុទ្ធតែជះឥទ្ធិពលផ្ទាល់ដល់ការបង់ប្រាក់ប្រចាំខែ ដែលរួមបញ្ចូលទាំងប្រាក់ដើម និងការប្រាក់។

 

លោកបានលើកឡើងថា៖ ប្រាក់ចំណេញត្រូវបានបែងចែកជាប្រចាំថ្ងៃ និងប្រចាំខែ។ ជាទូទៅ កម្ចីមិនគួរលើសពី ៥០ ទៅ ៦០ ភាគរយ នៃប្រាក់ចំណូលរបស់អ្នកខ្ចីនោះទេ ដើម្បីទុកមួយផ្នែកសម្រាប់ការចំណាយលើការរស់នៅប្រចាំថ្ងៃ និងធានាបាននូវសមត្ថភាពក្នុងការសងត្រឡប់។

 

អ្នកជំនាញរូបនេះ បានបញ្ជាក់ទៀតថា មុនពេលសម្រេចចិត្តខ្ចីប្រាក់ អ្នកខ្ចីគួរសិក្សាឱ្យបានហ្មត់ចត់ និងប្រៀបធៀបទំហំកម្ចី អត្រាការប្រាក់ និងតម្រូវការទ្រព្យធានា ដូចជាប្លង់ដីស្របច្បាប់ ព្រមទាំងលក្ខខណ្ឌ និងការរងពិន័យសម្រាប់ការសងមុនកាលកំណត់ ជាដើម

 

លោក ង៉ែត ជូ បានពន្យល់ថា៖ គ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន បានអនុវត្តនូវគោលការណ៍តឹងរ៉ឹង។ ដូច្នេះ អ្នកខ្ចីគួរតែយកចិត្តទុកដាក់ខ្ពស់ចំពោះលក្ខខណ្ឌនៃការសងប្រាក់មុនកាលកំណត់ ព្រោះជាទូទៅវាតែងតែជាប់ពាក់ព័ន្ធនឹងការផាកពិន័យ។ 

 

លោក បានបន្ថែមទៀតថា អ្នកខ្ចីគួរតែរៀបចំប្រាក់សន្សំសម្រាប់ពេលមានអាសន្ន យ៉ាងហោចណាស់ស្មើនឹងចំណាយប្រចាំខែចំនួន ៦ ខែ មុនពេលទទួលយកកម្ចី។ លោកបានកត់សម្គាល់ថា អ្នកខ្ចីជាច្រើនតែងតែមើលរំលងចំណុចនេះ ហើយបែរជាខ្ចីលើសពីតម្រូវការ ដែលធ្វើឱ្យពួកគេងាយរងគ្រោះដោយសារវិបត្តិហិរញ្ញវត្ថុ។

 

អ្នកខ្ចីក៏គួរតែស្វែងយល់ពីកម្រៃសេវារដ្ឋបាលដែលត្រូវចំណាយបន្ទាប់ពីការអនុម័តកម្ចី ក៏ដូចជាការផាកពិន័យចំពោះការបង់ប្រាក់យឺតយ៉ាវ ឬការបញ្ចប់កិច្ចសន្យាមុនកំណត់ផងដែរ។

 

លោក ង៉ែត ជូ បានបន្ថែមថា អ្នកខ្ចីគួរតែពិនិត្យមើលប្រវត្តិឥណទានរបស់ខ្លួនជាមួយការិយាល័យឥណទានកម្ពុជា មិនថាជាប្រវត្តិល្អ ឬមិនល្អនោះទេ ហើយប្រើប្រាស់ព័ត៌មាននោះ ដើម្បីប្រៀបធៀបគ្រឹះស្ថានដែលផ្តល់អត្រាការប្រាក់ប្រកួតប្រជែង។ ទីផ្សារសេរីនៅកម្ពុជាផ្តល់ជូននូវជម្រើសធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន ដែលមានអត្រាការប្រាក់ និងគោលការណ៍ខុសៗគ្នា។

 

លោកបានណែនាំថា៖ មុននឹងស្នើកម្ចី អ្នកខ្ចីគួរប្រៀបធៀបគ្រឹះស្ថានហិរញ្ញវត្ថុយ៉ាងហោចណាស់ ៤ ទៅ ៥ កន្លែង។ ពួកគាត់គួរពិនិត្យមើលលើអត្រាការប្រាក់ លក្ខខណ្ឌ ការផាកពិន័យ រយៈពេលសង និងកម្រៃសេវារដ្ឋបាល។ អត្រាការប្រាក់គួរតែត្រូវបានចរចារវាងអ្នកខ្ចី និងស្ថាប័នផ្តល់កម្ចី។ ដោយសារតែតម្រូវការកម្ចីបច្ចុប្បន្នមានកម្រិតទាប អ្នកខ្ចីមានអំណាចក្នុងការតថ្លៃ ប្រសិនបើពួកគេអាចបង្ហាញពីសមត្ថភាពក្នុងការសងត្រឡប់បានច្បាស់លាស់។

 

លោក ង៉ែត ជូ បានបង្ហាញក្តីបារម្ភថា ការចុះហត្ថលេខាលើកិច្ចសន្យាឥណទានដោយមិនបានអានឱ្យបានហ្មត់ចត់ ឬការខកខានមិនបានពិនិត្យមើលលក្ខខណ្ឌទាក់ទងនឹងការផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិ អាចនាំឱ្យមានហានិភ័យខ្ពស់។ ទោះយ៉ាងណាក៏ដោយ ការខ្ចីប្រាក់ពីគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ជួយកាត់បន្ថយហានិភ័យទាំងនេះបានច្រើន។

 

លោកបានបញ្ជាក់ទៀតថា៖ គ្រឹះស្ថានហិរញ្ញវត្ថុមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងទ្រព្យធានា ហើយទ្រព្យសម្បត្តិអាចត្រូវបានរឹបអូសយកទៅលក់ដើម្បីសងម្ចាស់បំណុលបាន លុះត្រាតែមានសេចក្តីសម្រេចពីតុលាការប៉ុណ្ណោះ។ ការខ្ចីប្រាក់ពីគ្រឹះស្ថានមានអាជ្ញាប័ណ្ណ ដែលមានកិច្ចសន្យាត្រឹមត្រូវ ស្របតាមនីតិវិធីច្បាប់ គឺធានាថាអ្នកខ្ចីនឹងមិនប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ទ្រព្យសម្បត្តិដោយខុសច្បាប់នោះឡើយ។

 

ធនាគារជាតិ នៃកម្ពុជា (NBC) បានចេញប្រកាសស្តីពីការកំណត់ ពិដានអត្រាការប្រាក់ឥណទាន កាលពីខែមីនា ឆ្នាំ២០១៧ ដើម្បីការពារអតិថិជនពីការគិតអត្រាការប្រាក់ខ្ពស់ហួសហេតុ និងដើម្បីលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាព។

 

ប្រកាសនេះត្រូវបានអនុវត្តចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិ នៃកម្ពុជា។ ប្រកាសនេះ បានកំណត់អត្រាការប្រាក់ឥណទានអតិបរមា ១៨% ក្នុងមួយឆ្នាំ សម្រាប់គ្រប់ប្រភេទឥណទានទាំងអស់។ ទោះជាយ៉ាងណា អត្រាការប្រាក់ឥណទានជាមធ្យម ដែលផ្តល់ជូនពីគ្រឹះស្ថានធនាគារ ប្រហែល ១០% ក្នុងមួយឆ្នាំ។

 

លោក សុខ​ ចាន់ បានលើកឡើងថា ជាទូទៅ កិច្ចសន្យា មិនថាដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ សុទ្ធតែមានសុពលភាពតាមផ្លូវច្បាប់។ ប៉ុន្តែ នៅក្នុងវិស័យធនាគារ កិច្ចសន្យាជាលាយលក្ខណ៍អក្សរ ការចុះហត្ថលេខា និងការផ្តិតមេដៃ គឺជាតម្រូវការចាំបាច់ដើម្បីបញ្ជាក់ពីកិច្ចព្រមព្រៀងរវាងអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ។

 

ក្នុងករណីមានវិវាទកើតឡើង កិច្ចសន្យាជាលាយលក្ខណ៍អក្សរផ្តល់នូវមូលដ្ឋានច្បាប់ និងភស្តុតាង ដើម្បីបញ្ជាក់ពីកិច្ចព្រមព្រៀងរវាងភាគីទាំងសងខាង។ វាក៏បានកំណត់យ៉ាងច្បាស់អំពីកាតព្វកិច្ចរបស់អតិថិជនក្នុងនាមជាកូនបំណុល និងកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារផងដែរ។ ភាគីទាំងពីរត្រូវតែអនុវត្តតាមលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យាឥណទាន។

 

អតិថិជនមានសិទ្ធិដាក់ពាក្យបណ្តឹងទៅកាន់ ABC ឬមជ្ឈមណ្ឌលអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ (FCC) តាមរយៈទូរសព្ទលេខ ០១៥ ៣៦៥ ២២២ ប្រសិនបើពួកគេជឿជាក់ថាគ្រឹះស្ថានធនាគារណាមួយ កំពុងគិតអត្រាការប្រាក់លើសពីការកំណត់របស់ច្បាប់។ អតិថិជន ក៏អាចទាក់ទងទៅកាន់ ABC CMA ដោយភ្ជាប់មកជាមួយនូវឯកសារឥណទាន ដើម្បីធ្វើការផ្ទៀងផ្ទាត់ ឬអាចរាយការណ៍ពីក្តីកង្វល់របស់ខ្លួន តាមរយៈលេខទូរសព្ទប្រចាំការ របស់ធនាគារជាតិ នៃកម្ពុជា ផងដែរ។
 

 

ក្រៅពីនេះ ការិយាល័យឥណទានកម្ពុជា ក៏បានលើកឡើងផងដែរថា របាយការណ៍ឥណទានគឺជាឧបករណ៍ដ៏មានតម្លៃមួយសម្រាប់អ្នកខ្ចី ក្នុងការស្វែងយល់ពីសុខភាពហិរញ្ញវត្ថុរបស់ពួកគេ។ 

 

ស្ថាប័ន CBC បានបញ្ជាក់ថា៖ តាមរយៈការពិនិត្យមើលរបាយការណ៍ឥណទានផ្ទាល់ខ្លួនជាប្រចាំ បុគ្គលម្នាក់ៗអាចមើលឃើញពីប្រវត្តិសងប្រាក់ ស្ថានភាពកម្ចីបច្ចុប្បន្ន និងកេរ្តិ៍ឈ្មោះឥណទានរួមរបស់ខ្លួន មុនពេលពួកគេប្រើប្រាស់កម្ចីធនាគារ ឬបង្កើតកាតព្វកិច្ចហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត។”

 

ចំណុចនេះអនុញ្ញាតឱ្យពួកគេដឹងពីស្ថានភាពរបស់ខ្លួន អាចរកឃើញភាពមិនត្រឹមត្រូវតាំងពីដំបូង និងយល់ពីរបៀបដែលស្ថាប័នផ្តល់កម្ចីវាយតម្លៃលើប្រវត្តិរបស់ពួកគេ។

 

នៅពេលដែលអ្នកខ្ចីយល់ច្បាស់ពីព័ត៌មានឥណទានរបស់ខ្លួន ពួកគេអាចជួបពិភាក្សាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដោយទំនុកចិត្ត អាចប្រៀបធៀបជម្រើសកម្ចីបានជាក់ស្តែងជាងមុន និងអាចចរចារកលក្ខខណ្ឌកម្ចីដែលប្រសើរជាងមុនថែមទៀតផង

 

CBC បានបញ្ជាក់ថា៖ របាយការណ៍ឥណទានមិនមែនត្រឹមតែជាឧបករណ៍សម្រាប់ធនាគារនោះទេ។ តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុសម្រាប់អ្នកខ្ចីផងដែរ។

 

ការប្តេជ្ញាចិត្តចំពោះសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ

 

ធនាគារ វីង បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការផ្តល់ឥណទានប្រកបដោយតម្លាភាព ការទទួលខុសត្រូវ និងការតម្កល់អតិថិជនជាចម្បង ហើយស្ថាប័ននេះបានអះអាងថា រាល់នីតិវិធីកម្ចីទាំងអស់គឺអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃកម្ពុជា យ៉ាងពេញលេញ។

 

ធនាគារ វីង បានបញ្ជាក់ថា បុគ្គលិកផ្នែកឥណទានរបស់ខ្លួនទទួលបានការបណ្តុះបណ្តាល ដើម្បីផ្តល់ការប្រឹក្សាច្បាស់លាស់ និងល្អិតល្អន់ ដោយធានាបានថាអតិថិជនយល់ដឹងពីផលិតផលហិរញ្ញវត្ថុដែលមាន និងអាចជ្រើសរើសដំណោះស្រាយដែលស័ក្តិសមបំផុតទៅតាមតម្រូវការរបស់ពួកគេ។

 

ធនាគារ វីង ផ្តល់ជូននូវផលិតផលកម្ចីច្រើនជម្រើស ដែលរៀបចំឡើងដើម្បីគាំទ្រទាំងអតិថិជនទូទៅ និងអាជីវកម្មដែលកំពុងរីកចម្រើន។ សម្រាប់អតិថិជនមានតម្រូវការទិញលំនៅឋាន អាចទទួលបានអត្ថប្រយោជន៍ពីកម្ចីទិញផ្ទះ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ៧,៥% ក្នុងមួយឆ្នាំ ខណៈអ្នកទិញរថយន្តអាចទទួលបានទំហំកម្ចីរហូតដល់ ៩០% នៃតម្លៃរថយន្ត។ ចំណែកឯ អតិថិជនដែលមានតម្រូវការទិញម៉ូតូ អាចស្នើកម្ចីរហូតដល់ ១០០% នៃតម្លៃទិញផងដែរ។

 

បន្ថែមពីនេះ ធនាគារ វីង ក៏ផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទានតាមតម្រូវការសម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាក្រុមហ៊ុនសាវីកម្មនានាដើម្បីជួយឱ្យអាជីវកម្មពង្រឹងប្រតិបត្តិការរបស់ខ្លួន និងពង្រីកសក្តានុពលដោយទំនុកចិត្ត។

 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ យើងប្រើប្រាស់ប្រព័ន្ធពិន្ទុឥណទាន K-Score និងសំណុំរង្វាស់បន្ថែមដ៏ទូលំទូលាយ ដើម្បីតម្រង់ទិស និងពង្រឹងដំណើរការសម្រេចចិត្តលើការផ្តល់កម្ចីរបស់យើង។ គោលដៅរបស់យើង គឺផ្តល់ជូននូវសេវាហិរញ្ញវត្ថុដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍនៅក្នុងសហគមន៍។ យើងផ្តល់ជូននូវផលិតផលកម្ចីច្រើនជម្រើស និងអនុវត្តតាមបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង ដើម្បីធានាថាអតិថិជនទទួលបានអត្ថប្រយោជន៍ជាក់ស្តែង។

 

ធនាគារ វីង បានបន្ថែមថា ការតម្កល់លើគោការណ៍ស្មើភាព តម្លាភាព និងការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ នៅតែជាស្នូលនៃបេសកកម្មរបស់ខ្លួន ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

 

តើអ្វីទៅជា K-Score?

 

នៅកម្ពុជា ពិន្ទុឥណទាន ត្រូវបានគេស្គាល់ថាជា K-Score។ វាគឺជាតួលេខដែលវាស់ស្ទង់ពីលទ្ធភាពរបស់បុគ្គលម្នាក់ៗ ក្នុងការសងប្រាក់ទាន់ពេលវេលា ដោយផ្អែកលើសកម្មភាពឥណទាននាពេលកន្លងមក។

 

ពិន្ទុឥណទាននេះត្រូវបានបង្កើតចេញពីរបាយការណ៍ឥណទានរបស់បុគ្គល និងឆ្លុះបញ្ចាំងពីប្រវត្តិសងប្រាក់ និងកាតព្វកិច្ចកម្ចីបច្ចុប្បន្ន។ ស្ថាប័ន CBC បានកត់សម្គាល់ថា K-Score កាន់តែខ្ពស់ បង្ហាញពីហានិភ័យកាន់តែទាបរបស់អ្នកខ្ចីចំពោះស្ថាប័នផ្តល់កម្ចី ដែលនេះអាចរួមចំណែកជាវិជ្ជមានដល់ការវាយតម្លៃលើពាក្យស្នើសុំកម្ចីរបស់អ្នកខ្ចីផងដែរ

 

ផ្ទុយទៅវិញ K-Score ទាប គឺជាសញ្ញាបង្ហាញពីហានិភ័យខ្ពស់ដែលពាក់ព័ន្ធនឹងអ្នកខ្ចី ដោយផ្អែកលើប្រវត្តិឥណទានរបស់ពួកគេ។

 

ស្ថាប័នផ្តល់កម្ចីប្រើប្រាស់ K-Score រួមជាមួយនឹងព័ត៌មានផ្សេងៗទៀត ដើម្បីវាយតម្លៃលើពាក្យស្នើសុំកម្ចី និងកំណត់លក្ខខណ្ឌនានា ដូចជា អត្រាការប្រាក់ ទំហំកម្ចី និងរយៈពេលសងត្រឡប់។ 

តើទិន្នន័យរបស់ CBC ជួយទប់ស្កាត់ការខ្ចីប្រាក់លើសកម្រិតដោយរបៀបណា?

 

ទិន្នន័យរបស់ CBC ផ្តល់នូវទិដ្ឋភាពពេញលេញអំពីស្ថានភាពឥណទានរបស់បុគ្គលម្នាក់ៗ។ សម្រាប់ស្ថាប័នផ្តល់កម្ចី វាជួយវាយតម្លៃហានិភ័យ និងសមត្ថភាពសងត្រឡប់។ សម្រាប់អ្នកខ្ចី វាអនុញ្ញាតឱ្យពួកគេមើលឃើញកម្ចីដែលមិនទាន់សងរួច និងប្រវត្តិសងប្រាក់នៅតាមស្ថាប័នផ្សេងៗ។

 

ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិទទួលបានរបាយការណ៍ឥណទានដោយឥតគិតថ្លៃម្តងក្នុងមួយឆ្នាំ នៅពេលស្នើសុំដោយផ្ទាល់ពី CBC។ អ្នកខ្ចីក៏អាចចុះឈ្មោះប្រើប្រាស់សេវាកម្ម CBC Mobile ដើម្បីទទួលបានការជូនដំណឹងអំពីការផ្លាស់ប្តូរនៅក្នុងប្រវត្តិឥណទានរបស់ពួកគេផងដែរ នេះបើតាមការបញ្ជាក់របស់ CBC ប្រាប់មកកាន់សារព័ត៌មាន គិរីប៉ុស្តិ៍ (Kiripost)។

 

ស្ថាប័ន CBC បានឱ្យដឹងថា៖ “K-Score បង្ហាញពីកេរ្តិ៍ឈ្មោះឥណទានរបស់បុគ្គលក្នុងនាមជាអ្នកខ្ចី។ ស្ថាប័នផ្តល់កម្ចីតែងតែមានទំនុកចិត្តខ្ពស់ចំពោះអ្នកខ្ចីដែលមាន K-Score ខ្ពស់។ 

 

នៅពេលដែលអ្នកខ្ចីយល់ច្បាស់ពីប្រវត្តិឥណទានរបស់ខ្លួន ពួកគេអាចជួបពិភាក្សាជាមួយមន្ត្រីឥណទានដោយភាពច្បាស់លាស់ និងមានទំនុកចិត្ត។ ការណ៍នេះអនុញ្ញាតឱ្យពួកគេពន្យល់ពីស្ថានភាពរបស់ខ្លួនបានយ៉ាងត្រឹមត្រូវ វាយតម្លៃជម្រើសកម្ចីបានសមស្រប និងងាកមកផ្តោតលើការកែលម្អប្រវត្តិឥណទានរបស់ខ្លួន ជាជាងការចោទសួរអំពីមូលហេតុដែលគ្រឹះស្ថានហិរញ្ញវត្ថុបដិសេធសំណើកម្ចី

 

ស្ថាប័ន CBC បានបញ្ជាក់ទៀតថា របាយការណ៍ឥណទានឆ្លុះបញ្ចាំងពីឥរិយាបថនៃការសងប្រាក់ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។ ការពិនិត្យមើលរបាយការណ៍ទាំងនេះ អនុញ្ញាតឱ្យអ្នកខ្ចីអាចកែកំហុសមុនពេលដាក់ពាក្យស្នើសុំកម្ចី និងធានាថាស្ថាប័នផ្តល់កម្ចីមើលឃើញពីទិដ្ឋភាពជាក់ស្តែង និងភាពត្រឹមត្រូវនៃប្រវត្តិឥណទានរបស់ពួកគេ។

 

ព័ត៌មានឥណទានល្អ នឹងរក្សាទុកក្នុងរបាយការណ៍រហូតដល់ ១០ ឆ្នាំ ខណៈដែលព័ត៌មានមិនល្អត្រូវបានរក្សាទុកត្រឹមរយៈពេល ៣ ឆ្នាំ បន្ទាប់ពីកម្ចីត្រូវបានសងរួចរាល់ទាំងស្រុង។ អ្នកខ្ចីក៏អាចពិនិត្យមើលប្រវត្តិនៃការបង់ប្រាក់ ២៤ ខែចុងក្រោយផងដែរ។

 

ស្ថាប័ន CBC បានបញ្ជាក់ថា ខ្លួនមិនមានសិទ្ធិសម្រេចថាតើនរណាអាចខ្ចីប្រាក់បាននោះទេ ប៉ុន្តែស្ថាប័ននេះគ្រាន់តែផ្តល់នូវឧបករណ៍ដែលជួយដល់អ្នកប្រើប្រាស់ ក្នុងការតាមដានកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេ និងចៀសវាងការជាប់បំណុលវ័ណ្ឌក។

 

ជាមួយនឹងទិដ្ឋភាពដ៏ច្បាស់លាស់នៃការខ្ចីប្រាក់នេះ អតិថិជនអាចយល់ដឹងថា តើពួកគេបានខ្ចីប្រាក់អស់ចំនួនប៉ុន្មានហើយ និងថាតើពួកគេមានលទ្ធភាពជាក់ស្តែងប៉ុណ្ណោះដើម្បីសងត្រឡប់ទៅវិញ។ ការយល់ទាំងពីចំណុចទាំងអស់នេះ ជួយពួកគេឱ្យចៀសផុតពីបំណុលវ័ណ្ឌក និងអាចធ្វើការសម្រេចចិត្តខ្ចីប្រាក់បានច្បាស់លាស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

 

អ្នកខ្ចីអាចចូលមើលព័ត៌មានឥណទានរបស់ខ្លួនតាមរយៈកម្មវិធី CBC Mobile ភ្នាក់ងារដែលទទួលបានសិទ្ធិ និងកម្មវិធីធនាគារចល័តរបស់ដៃគូសហការ។ នេះជួយឱ្យពួកគេយល់ច្បាស់ពីទំហំទឹកប្រាក់ដែលខ្លួនបានខ្ចី និងលទ្ធភាពជាក់ស្តែងដែលអាចសងត្រឡប់បាន។

 

ប្រសិនបើអតិថិជនរកឃើញមានព័ត៌មានមិនត្រឹមត្រូវនៅក្នុងរបាយការណ៍ឥណទានរបស់ខ្លួន ពួកគេអាចដាក់ពាក្យតវ៉ាទៅកាន់ CBC តាមរយៈគេហទំព័រ ឬទាក់ទងទៅផ្នែកសេវាបម្រើអតិថិជន ដើម្បីឱ្យមានការត្រួតពិនិត្យ និងកែតម្រូវបញ្ហានេះ។ ការអនុវត្តតាមជំហានទាំងនេះ ជួយឱ្យបុគ្គលម្នាក់ៗអាចរក្សាបាននូវប្រវត្តិឥណទានដ៏រឹងមាំ និងត្រឹមត្រូវ ដែលផ្តល់ឱ្យពួកគេនូវទំនុកចិត្ត និងការគ្រប់គ្រងបានយ៉ាងល្អលើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។ 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារជាច្រើននៅកម្ពុជា បង្កើនការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីគាំទ្រដល់កំណើនចីរភាព

វិស័យធនាគារកំពុងបោះជំហានយ៉ាងលឿនក្នុងការបង្កើនការផ្តល់ ហិរញ្ញប្បទានបៃតង ក្នុងគោលបំណងទាក់ទាញការវិនិយោគថ្មីៗ ក៏ដូចជាលើកកម្ពស់ការអនុវត្តស្របតាមស្តង់ដាសកល សំដៅគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា។

ចេញផ្សាយនៅ: May 19, 2026

អានរហ័ស

ការពង្រឹងទំនុកចិត្តវិស័យធនាគារកាន់តែមានភាពចាំបាច់ខ្ពស់ ស្របពេលមានការបង្ក្រាបបទល្មើសឆបោក

ការបិទទ្វារធនាគារមួយចំនួនតូចកាលពីពេលថ្មីៗនេះ រួមជាមួយនឹងការចុះអនុវត្តច្បាប់លើបណ្តាញឆបោកតាមអនឡាញ ហាក់កំពុងសាកល្បងទំនុកចិត្តពី​សាធារណជនមកលើវិស័យធនាគារនៅកម្ពុជា ដែលចំណុចនេះបានរំលេចឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹងកិច្ចការពារអតិថិជន ការត្រួតពិនិត្យបទប្បញ្ញត្តិ ការការពារប្រាក់បញ្ញើ និងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទ។

ចេញផ្សាយនៅ: May 18, 2026

អានរហ័ស

វគ្គ១១៖ របត់ថ្មីនៃការផ្ញើប្រាក់ឆ្លងដែន៖ សេវាធនាគារឌីជីថល ជួយសន្សំពេលវេលា និងបង្កើនសុវត្ថិភាពដល់ពលករខ្មែរនៅក្រៅប្រទេស

ស្របពេលដែលកម្ពុជាកំពុងបោះជំហានទៅមុខក្នុងការសម្របខ្លួនទៅរកសង្គមឌីជីថល ពលករចំណាកស្រុកកាន់តែច្រើនឡើង ក៏កំពុងងាកមកប្រើប្រាស់គណនីធនាគារឌីជីថល ដែលអាចផ្ញើប្រាក់ទៅក្រុមគ្រួសារនៅស្រុកកំណើតបានភ្លាមៗ ដើម្បីជួយសម្រាលបន្ទុកបំណុល និងការចំណាយលើការព្យាបាលនានា។ នេះជាការផ្លាស់ប្តូរទម្លាប់នៃការផ្ទេរប្រាក់ដែលធ្លាប់តែមានភាពយឺតយ៉ាវ និងបំពេញបែបបទស្មុគស្មាញ ដោយទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អដើម្បីជួយសម្រាលបន្ទុកគ្រួសារបានទាន់ពេលវេលា។

ចេញផ្សាយនៅ: Jan 26, 2026