ក្រោយមានការបិទទ្វារធនាគារមួយចំនួនតូចជាបន្តបន្ទាប់ និងការចុះបង្ក្រាបបទល្មើសឆបោក ទំនុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារកម្ពុជាត្រូវបានចោទជាសំណួរ ដែលទាមទារឱ្យមានការពង្រឹងបន្ថែមលើការការពារអ្នកប្រើប្រាស់ ការត្រួតពិនិត្យ ការការពារប្រាក់បញ្ញើ និងការដោះស្រាយវិវាទនានា។
ចំណុចទាំងនេះ ត្រូវបានចាត់ទុកថាជាកំណែទម្រង់ដ៏ចាំបាច់ ដើម្បីរក្សាទំនុកចិត្តនៅក្នុងវិស័យហិរញ្ញវត្ថុឌីជីថលដែលកំពុងរីកចម្រើន ក៏ដូចជាវត្តមាននៃការបង្កើតឡើងនូវ មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ដោយធនាគារជាតិនៃ កម្ពុជា ក្នុងគោលបំណងលើកកម្ពស់ទំនុកចិត្តលើប្រព័ន្ធធនាគារ ហើយអាចធានាថាបញ្ហានានានឹងត្រូវបានដោះស្រាយដោយយុត្តិធម៌ និងតម្លាភាព។
កាលពីដើមឆ្នាំនេះ ប្រទេសកម្ពុជាបានបង្កើនការបង្ក្រាបបទល្មើសឆបោកតាមអនឡាញយ៉ាងសស្រាក់សស្រាំ ដែលនាំទៅដល់ការបណ្តេញជនបរទេសរាប់ពាន់នាក់ចេញពីប្រទេសកម្ពុជា ហើយធនាគារមួយចំនួនតូចត្រូវបានបិទទ្វារ ព្រោះរងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។
តួយ៉ាង ធនាគារ ព្រីនស៍ ម.ក ដែលមានថៅកែជាជនជាតិចិនឈ្មោះ Chen Zhi ត្រូវបានចាប់ខ្លួន និងបណ្តេញចេញទៅកាន់ប្រទេសចិនវិញ ហើយគ្រឹះស្ថានធនាគារមួយនេះបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនកាលពីថ្ងៃទី ៨ ខែមករា ដោយធនាគារជាតិនៃ កម្ពុជា បានតែងតាំងក្រុមហ៊ុន Morisonkak MKA Co., Ltd ជាអ្នកជម្រះបញ្ជី។
បន្ទាប់មកទៀត ធនាគារពាណិជ្ជ ផេនដា ម.ក ក៏ត្រូវបានដកហូតអាជ្ញាប័ណ្ណផងដែរ បន្ទាប់ពីប្រតិបត្តិការបាន ៧ឆ្នាំ ដោយសារតែស្ថានភាពហិរញ្ញវត្ថុមានការធ្លាក់ចុះជាបន្តបន្ទាប់។ នៅថ្ងៃទី ២០ ខែមីនា អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន H-Pay ត្រូវបានធនាគារជាតិនៃ កម្ពុជា ដកហូត ក្រោយពីការស៊ើបអង្កេតបានរកឃើញថាក្រុមហ៊ុននេះបានបំពានលើលក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិ។
ព្រឹត្តិការណ៍នានាដែលបានកើតឡើងពីខែមករា ដល់ខែមីនា រួមជាមួយនឹងទិដ្ឋភាពអតិថិជនរាប់រយនាក់តម្រង់ជួរគ្នានៅធនាគារ APD ក្នុងតំបន់បឹងកក់ ដើម្បីដកប្រាក់បន្ទាប់ពីមានការរអាក់រអួលសេវាកម្ម បានបង្កឱ្យមានក្តីបារម្ភពាក់ព័ន្ធនឹងទំនុកចិត្តមកលើប្រព័ន្ធធនាគារ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ធ្លាប់បានប្រាប់សារព័ត៌មាន គីរីប៉ុស្តិ៍ ថា ការដកហូតអាជ្ញាប័ណ្ណពីស្ថាប័នដែលមិនអនុលោមតាមច្បាប់ គឺជាវិធានការដ៏ចាំបាច់មួយដោយយោងតាមមាត្រា ៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីរក្សា និងពង្រឹងស្ថិរភាព ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់ប្រព័ន្ធធនាគារទាំងមូល។
លោកជំទាវបានលើកយកករណីដែលធនាគារជាតិនៃ កម្ពុជា ដកហូតអាជ្ញាប័ណ្ណ និងជម្រះបញ្ជីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១៦ ក្នុងឆ្នាំ ២០០០ ធ្វើជាឧទាហរណ៍ ដោយកត់សម្គាល់ថា ធនាគារកណ្តាលតែងតែមានភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការធានាឱ្យមានការអនុលោមតាមច្បាប់ និងតែងតែត្រួតពិនិត្យបទប្បញ្ញត្តិពាក់ព័ន្ធនានាជាប្រចាំ។
លោកជំទាវបានគូសបញ្ជាក់យ៉ាងមុតមាំថា៖ “ទោះបីជាមានការដកហូតអាជ្ញាប័ណ្ណពីធនាគារ ព្រីនស៍ និងធនាគារពាណិជ្ជ ផេនដា ក្តី ក៏ប្រព័ន្ធធនាគាររបស់កម្ពុជានៅតែមានភាពរឹងមាំ ដែលគាំទ្រដោយជំហរដើមទុនដ៏រឹងមាំ និងសាច់ប្រាក់សងគ្រប់គ្រាន់។”
យ៉ាងនេះក្តី លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានលើកឡើងថាការ ធ្លាក់ចុះនៃទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ម៉ាក្រូហិរញ្ញវត្ថុ ដែលក្នុងនោះរួមមាន ការថយចុះនៃកំណើនឥណទាន និងការវិនិយោគ ផងដែរ។
លោកស្រីបានបន្ថែមថា៖ “ក្រុមគ្រួសារ និងក្រុមហ៊ុនអាជីវកម្មនានានឹងមានការប្រុងប្រយ័ត្នខ្ពស់ជាងមុនចំពោះការខ្ចីប្រាក់ ការសន្សំ និងប្រាក់បញ្ញើរបស់ពួកគេ។” លោកស្រីបានបន្តទៀតថា កត្តានេះក៏បង្កើនភាពងាយរងគ្រោះដល់ក្រុមគ្រួសារផងដែរ ដោយសារតែ ទំនុកចិត្តថយមកកម្រិតទាប អាចរារាំងពួកគេក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។
លោកស្រីបានលើកឡើងថា៖ “ហានិភ័យនេះគឺកាន់តែខ្ពស់សម្រាប់គ្រួសារដែលមានចំណូលទាប និងប្រជាពលរដ្ឋនៅតាមជនបទ ខណៈដែលចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់នៅមានកម្រិតនៅឡើយ។”
ការពង្រឹងការការពារអតិថិជន និងការគាំទ្រការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ
លោកស្រី Yasmin បានលើកឡើងថា កម្ពុជាអាចរក្សាកំណើនវិស័យហិរញ្ញវត្ថុបាន តាមរយៈការពង្រឹងការការពារ និងការត្រួតពិនិត្យអតិថិជន ការកែលម្អតម្លាភាព ការដោះស្រាយវិវាទ និងការការពារប្រព័ន្ធឌីជីថល ស្របពេលជាមួយគ្នានេះ ក៏ត្រូវគាំទ្រដល់ការផ្តល់ឥណទានប្រកបដោយសុខុមាលភាព និងការពង្រីកទីផ្សារមូលធនឱ្យកាន់តែរឹងមាំផងដែរ។
លោកស្រីបានបន្តទៀតថា ក្របខ័ណ្ឌការពារអតិថិជនដ៏រឹងមាំ ដែលគួបផ្សំជាមួយនឹងការការពារប្រាក់បញ្ញើប្រកបដោយប្រសិទ្ធភាព គឺជារឿងដ៏សំខាន់បំផុតដើម្បីរក្សាទំនុកចិត្តនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ ស្របពេលដែលហិរញ្ញវត្ថុឌីជីថល និងស្ថាប័នទទួលប្រាក់បញ្ញើទូទៅកំពុងមានការពង្រីកខ្លួនផងដែរ។
លោកស្រីបានសង្កត់ធ្ងន់ថា ចំណុចនេះរំលេចឱ្យឃើញពីសារៈសំខាន់នៃការបង្កើតមុខងារការពារអតិថិជនហិរញ្ញវត្ថុ នៅក្នុងធនាគារជាតិនៃ កម្ពុជា និងមជ្ឈមណ្ឌលការពារអតិថិជនហិរញ្ញវត្ថុ ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធជាច្រើននៅក្នុងវិស័យនេះ។
លោកស្រីបានពន្យល់ថា មជ្ឈមណ្ឌលនេះ ដែលត្រូវបានទទួលស្គាល់ថាជាកំណែទម្រង់គោលនយោបាយដ៏សំខាន់របស់រដ្ឋាភិបាល ក្រោមអនុកម្មវិធីទី១ នៃកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន និងចីរភាព របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅកម្ពុជា នឹងដើរតួនាទីជាថ្នាលកណ្តាលសម្រាប់ដោះស្រាយបណ្តឹង ការសម្របសម្រួល និងការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ។
លោកស្រីបានបញ្ជាក់បន្ថែមថា៖ “ការរៀបចំយន្តការដោះស្រាយបណ្តឹងឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព នឹងជួយពង្រឹងទំនុកចិត្តបានយ៉ាងច្រើន ព្រោះវាធ្វើឱ្យអតិថិជនជឿជាក់ថា គ្រប់បញ្ហារបស់ពួកគាត់នឹងត្រូវបានដោះស្រាយដោយយុត្តិធម៌ និងតម្លាភាព។”
បន្ថែមពីនេះ បទប្បញ្ញត្តិស្តីពីការការពារប្រាក់បញ្ញើដ៏រឹងមាំ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ដោយធានាដល់អ្នកដាក់ប្រាក់បញ្ញើថាប្រាក់សន្សំរបស់ពួកគេត្រូវបានការពារ ដែលចំណុចនេះជួយកាត់បន្ថយហានិភ័យនៃការសម្រុកដកប្រាក់ពីប្រព័ន្ធធនាគារដោយភ័យស្លន់ស្លោ ក៏ដូចជាលើកទឹកចិត្តឱ្យមានការប្រើប្រាស់គ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់កាន់តែច្រើនឡើងទៀតផង។
លោកស្រីបានលើកឡើងថា៖ “នៅពេលដែលយើងមានស្ថាប័នការពារអតិថិជនដែលដំណើរការបានល្អ ព្រមទាំងមានប្រព័ន្ធការពារប្រាក់បញ្ញើដែលអាចទុកចិត្តបាន នោះវានឹងជួយលើកកម្ពស់សណ្តាប់ធ្នាប់ទីផ្សារ និងកសាទំនុកចិត្តកាន់តែរឹងមាំ។ ការធ្វើបែបនេះ គឺល្អជាងការប្រើប្រាស់វិធានការរឹតបន្តឹងឥណទានខ្លាំងពេក ដែលអាចរារាំងដល់ការផ្តល់ប្រាក់កម្ចី និងធ្វើឱ្យរាំងស្ទះដល់ការរីកចម្រើននៃវិស័យហិរញ្ញវត្ថុ។”

ការប្តេជ្ញាចិត្តរបស់តួអង្គក្នុងវិស័យធនាគារ និងការបន្តកសាងទំនុកចិត្ត
ស្ថាប័ននានាក្នុងវិស័យនេះ បានសាទរពីសារៈសំខាន់នៃ�