ជម្រើសទូទាត់ឆ្លាតវៃ ជួយឱ្យក្រុមហ៊ុននាំចេញ-នាំចូល រក្សាប្រាក់ចំណេញបានពេញលេញ

នៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ជម្រើសទូទាត់ប្រាក់ដែលចំណាយអស់តិចជាងគេ មិនប្រាកដថាមានសុវត្ថិភាព ឬរហ័សទាន់ចិត្តជានិច្ចនោះទេ។

ចេញផ្សាយនៅ: Jun 16, 2026

ស្របពេលដែលវិស័យពាណិជ្ជកម្មកម្ពុជាកំពុងបន្តរីកចម្រើន ម្ចាស់អាជីវកម្មជាច្រើនកំពុងមើលឃើញថា ភាពជោគជ័យនៅលើទីផ្សារសកល គឺមិនមែនពឹងផ្អែកតែលើការស្វែងរកអ្នកទិញ ឬអ្នកផ្គត់ផ្គង់បាននោះទេ ប៉ុន្តែក៏អាស្រ័យលើការជ្រើសរើសទម្រង់នៃការទូទាត់ប្រាក់បានត្រឹមត្រូវផងដែរ។ នៅក្នុងប្រតិបត្តិការឆ្លងដែន ការយឺតយ៉ាវក្នុងការទូទាត់ ឬជម្លោះណាមួយ អាចប្រែក្លាយកិច្ចព្រមព្រៀងដែលធ្លាប់តែចំណេញ ទៅជាបញ្ហាហិរញ្ញវត្ថុភ្លាមៗ ជាពិសេសសម្រាប់ក្រុមហ៊ុនដែលធ្វើការជាមួយដៃគូថ្មីៗ ឬទីផ្សារដែលខ្លួនមិនសូវស្គាល់ច្បាស់។

 

សន្ទុះពាណិជ្ជកម្មរបស់កម្ពុជានៅតែរក្សាបានភាពរឹងមាំ។ តួយ៉ាង​ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបសម្រេចបាន ២៣,៣៨ ពាន់លានដុល្លារ គិតចាប់ពីខែមករាដល់ខែមេសា ក្នុងឆ្នាំ២០២៦ ពោលគឺកើនឡើង ១៩,% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទុះនេះបន្តពីឆ្នាំ២០២៥ ដែលទំហំពាណិជ្ជកម្មសរុបពេញមួយឆ្នាំសម្រេចបាន ៦៥,២ ពាន់លានដុល្លារ កើនឡើង ១៨,១៨% ធៀបនឹងឆ្នាំ២០២៤ ទោះបីស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់ហាក់មិនសូវអំណោយផលក៏ដោយ។

 

ប៉ុន្តែស្របពេលដែលទំហំពាណិជ្ជកម្មកើនឡើង ហានិភ័យក៏មានការកើនឡើងតាមហ្នឹងដែរ។ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានប៉ាន់ប្រមាណថា ហិរញ្ញប្បទានពាណិជ្ជកម្មគាំទ្រដល់ទៅ ៨០ ទៅ ៩០% នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ។ ហេតុនេះហើយ លក្ខខណ្ឌនៃការទូទាត់ប្រាក់ដែលជារឿយៗត្រូវបានគេចាត់ទុកថាជារឿងធម្មតានោះ ពេលនេះបានក្លាយជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយសម្រាប់អាជីវកម្ម។

 

ការជ្រើសរើសមធ្យោបាយទូទាត់បានត្រឹមត្រូវ ជួយការពារលំហូរសាច់ប្រាក់ និងប្រាក់ចំណេញ ធានាការទូទាត់ និងការដឹកជញ្ជូន ព្រមទាំងផ្តល់សាច់ប្រាក់ងាយស្រួលចរាចរ ចន្លោះពេលនៃការផលិត ការដឹកជញ្ជូន និងការបង់ប្រាក់ប៉ុន្តែ បើជ្រើសរើសខុសវិញ អាចនាំឱ្យមានការពន្យារពេល ជម្លោះ ឬមិនមានការបង់ប្រាក់តែម្តង។ រាល់ប្រតិបត្តិការពាណិជ្ជកម្មទាំងអស់ តែងតែទាមទារឱ្យមានការថ្លឹងថ្លែងលើកត្តាសំខាន់ៗ៣ គឺ៖ ការចំណាយ ហានិភ័យ និងការគ្រប់គ្រង។

 

បញ្ហាប្រឈមធំបំផុតសម្រាប់ម្ចាស់អាជីវកម្ម គឺការស្វែងរកតុល្យភាពដ៏ស័ក្តិសមមួយ ដោយផ្អែកលើទំហំនៃប្រតិបត្តិការ ទំនុកចិត្តលើដៃគូ និងស្ថានភាពទីផ្សារជាក់ស្តែង។ ត្រង់ចំណុចនេះហើយ ដែលសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ផ្តល់ជូននូវឥណទាន ការធានាលើការទូទាត់ និងការធានារ៉ាប់រងចាំបាច់នានា ដើម្បីគាំទ្រដល់ប្រតិបត្តិការអន្តរជាតិអាចប្រព្រឹត្តទៅដោយរលូន និងសុវត្ថិភាព។

 

ការទូទាត់មុន/ក្រោយការដឹកជញ្ជូន៖ ចំណាយតិច តែទាមទារការទុកចិត្តខ្ពស់

 

ការទូទាត់ក្នុងទម្រង់ជា Open Account ឬការយល់ព្រមឱ្យទូទាត់ប្រាក់នៅពេលក្រោយ គឺជាជម្រើសមួយដែលសាមញ្ញ និងចំណាយអស់តិចបំផុត។ ក្នុងលក្ខខណ្ឌនេះ ទំនិញនឹងត្រូវដឹកជញ្ជូនទៅឱ្យអ្នកទិញមុន រួចទើបមានការទូទាត់ប្រាក់តាមក្រោយ ដែលជាទូទៅអាចមានរយៈពេល ៣០, ៦០ ឬ ៩០ថ្ងៃ។ វិធីសាស្ត្រនេះ ពិតជាមានភាពទាក់ទាញ និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកទិញ ប៉ុន្តែវាមានហានិភ័យខ្ពស់បន្តិចសម្រាប់អ្នកលក់។

 

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា (CAC) បានកត់សម្គាល់ថា អ្នកនាំចេញជាច្រើននៅតែបន្តពឹងផ្អែកលើការរៀបចំដោយផ្អែកលើការទុកចិត្តគ្នា។

 

លោកបាននិយាយថា៖ “អ្នកនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ភាគច្រើនជាដៃគូជាមួយអ្នកនាំចូលវៀតណាម ហើយការទូទាត់ប្រាក់ត្រូវបានធ្វើឡើងដោយពឹងលើការទុកចិត្តគ្នាសុទ្ធសាធ។ ពួកគេដោះដូរទំនិញនៅព្រំដែន ហើយធ្វើការទូទាត់នៅទីនោះតែម្តង។”

 

ទោះបីជាការអនុវត្តនេះធ្វើឱ្យពាណិជ្ជកម្មមានភាពសាមញ្ញក៏ដោយ វាក៏អាចធ្វើឱ្យភាគីទាំងពីរប្រឈមនឹងហានិភ័យផងដែរ នៅពេលដែលការទុកចិត្តចុះខ្សោយ។

 

លោកបានអះអាងថា៖ “រហូតមកដល់សព្វថ្ងៃនេះ នៅតែមានករណីដែលភាគីទាំងពីរបោកប្រាស់គ្នាទៅវិញទៅមក។”

 

ការលើកឡើងនេះ​បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការពិតមួយដែលថា ទោះបីជាការទូទាត់តាមរយៈ Open Account ដំណើរការយ៉ាងរលូនសម្រាប់ដៃគូចាស់ៗក៏ពិតមែន ក៏វានៅតែមានហានិភ័យខ្ពស់ និងអាចបង្កជាសម្ពាធដល់ទុនបង្វិលរបស់អ្នកនាំចេញដដែល នៅពេលដែលភាគីម្ខាងទៀតមានបញ្ហាក្នុងការបង់ប្រាក់។ ហេតុដូច្នេះហើយ ទើបសមាគមលើកទឹកចិត្តយ៉ាងទទូចដល់អាជីវករនានា ឱ្យងាកមកប្រើជម្រើសទូទាត់ប្រាក់ដែលមានលក្ខណៈផ្លូវការ និងមានការគាំទ្រពីគ្រឹះស្ថានធនាគារ។ ការធ្វើបែបនេះ មិនត្រឹមតែជួយការពារអាជីវកម្មឱ្យមានស្ថិរភាពប៉ុណ្ណោះទេ តែថែមទាំងជួយបង្កើនទំនុកចិត្តក្នុងការទាក់ទាញដៃគូពាណិជ្ជកម្មពីក្រៅប្រទេសថែមទៀតផង

 

សេវាបេឡានិច័យ មានរចនាសម្ព័ន្ធច្បាស់លាស់ តែការធានានៅមានកម្រិត

 

សម្រាប់អាជីវកម្មដែលកំពុងស្វែងរកតុល្យភាព សេវាបេឡានិច័យ ផ្តល់នូវដំណោះស្រាយកម្រិតមធ្យម។

 

ធនាគារ ដើរតួជាភ្នាក់ងារសម្រាប់អ្នកនាំចេញ សម្របសម្រួលការផ្លាស់ប្តូរឯកសារដឹកជញ្ជូន និងសេចក្តីណែនាំអំពីការទូទាត់ ដោយស្របតាមស្តង់ដារអន្តរជាតិ (URC522) បោះពុម្ពផ្សាយដោយសភាពាណិជ្ជកម្មអន្តរជាតិ (ICC) លេខ ៥២២ ដែលជួយធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង និងកាត់បន្ថយការយល់ច្រឡំ។ ទោះយ៉ាងនេះក្តី ធនាគារមិនធានាលើការទូទាត់ប្រាក់នោះទេ។ វិធីសាស្ត្រនេះស័ក្តិសមបំផុតនៅពេលដែលដៃគូពាណិជ្ជកម្មមានទំនុកចិត្តលើគ្នាក្នុងកម្រិតមធ្យម ទំហំទឹកប្រាក់ប្រតិបត្តិការមិនធំពេក ហើយអាជីវកម្មចង់បានប្រព័ន្ធទូទាត់មួយដែលច្បាស់លាស់ តែមិនតម្រូវឱ្យមានការចំណាយខ្ពស់លើសេវាកម្ម។

 

ដូច្នេះ វិធីនេះស័ក្តិសមបំផុតសម្រាប់ដៃគូរកស៊ីដែលអាចទុកចិត្តគ្នាបានខ្លះៗ មានទំហំប្រតិបត្តិការកម្រិតមធ្យម និងចង់ឱ្យការរកស៊ីមានប្រព័ន្ធត្រឹមត្រូវ ដោយមិនចាំបាច់ចំណាយសេវាច្រើន។ 

 

ការផ្ទេរប្រាក់តាមប្រព័ន្ធ Telegraphic Transfer (TT) ៖ ទូទាត់លឿន តែហានិភ័យផ្អែកលើការទុកចិត្ត

 

អាជីវកម្មជាច្រើនប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ Telegraphic Transfer ដោយសារភាពរហ័ស និងបត់បែន ជាពិសេសនៅពេលដែលតម្រូវឱ្យមានការបង់ប្រាក់ជាមុនខ្លះៗ ហើយប្រាក់ដែលនៅសល់ត្រូវទូទាត់ក្រោយពេលដឹកជញ្ជូនលដល់ទិសដៅ

 

លោកស្រី ឃួន បូរ៉ាលីន ប្រធានផ្នែកនាំចេញក្រៅប្រទេសនៃក្រុមហ៊ុន TL Agri Food Import Export Co Ltd បានពន្យល់ថា៖ “ការទូទាត់ជាធម្មតាត្រូវបានធ្វើឡើងបន្ទាប់ពីទំនិញមកដល់កំពង់ផែគោលដៅ ដែលមានន័យថាទុនបង្វិលរបស់យើង ពឹងផ្អែកយ៉ាងខ្លាំងទៅលើពេលវេលាដឹកជញ្ជូន។ ប្រសិនបើការដឹកជញ្ជូនមកដល់លឿន យើងទទួលបានការទូទាត់លឿន។ ប៉ុន្តែប្រសិនបើមានការពន្យារពេល ការទូទាត់ក៏ត្រូវពន្យារពេលដូចគ្នា។”

 

ទោះបីជាការផ្ទេរប្រាក់តាម TT ជួយរក្សាលំហូរសាច់ប្រាក់ក៏ដោយ ក៏វានៅតែពឹងផ្អែកខ្លាំងលើការទុកចិត្ត។ គ្រឹះស្ថានធនាគារជួយសម្រួលដល់ការផ្ទេរប្រាក់ ប៉ុន្តែមិនធានាការទូទាត់ ឬផ្ទៀងផ្ទាត់លក្ខខណ្ឌនៃការដឹកជញ្ជូននោះទេ។ ជាលទ្ធផល ភាគីណាមួយអាចនឹងប្រឈមមុខនឹងហានិភ័យ អាស្រ័យលើការរៀបចំ។

 

លោកស្រី បូរ៉ាលីន បានកត់សម្គាល់ថា ក្រុមហ៊ុនរបស់អ្នកស្រីជួនកាលស្នើសុំលិខិតឥណទានដើម្បីសុវត្ថិភាពបន្ថែម ទោះបីជាអតិថិជនច្រើនតែចូលចិត្តទូទាត់តាម TT ដើម្បីចៀសវាងការចំណាយបន្ថែមយ៉ាងណាក្តី។ លោកស្រីបានបន្តថា៖ “យើងក៏សុំការទូទាត់តាមលិខិតឥណទានពីដៃគូរបស់យើងដែរ ព្រោះយើងចង់ធានាការទូទាត់ និងទុនបង្វិល ប៉ុន្តែអតិថិជនស្នើសុំការទូទាត់តាម TT ព្រោះពួកគេមិនចង់បង់ថ្លៃសេវាធនាគារបន្ថែមឡើយ។”

 

ថ្លែងប្រាប់សារព័ត៌មាន Kiripost លោក James Chan នាយកផ្នែកលក់ និងប្រឹក្សាយោបល់ហិរញ្ញប្បទានពាណិជ្ជកម្ម នៃធនាគារ វីង បានគូសបញ្ជាក់ថា អាជីវករជាច្រើននៅតែមានការយល់ច្រឡំ ដោយគិតថាការទូទាត់តាម TT ជាប្រព័ន្ធធានាការទូទាត់ប្រាក់ តែតាមការពិត វាគ្រាន់តែជាមធ្យោបាយនៃការផ្ទេរប្រាក់ប៉ុណ្ណោះ។ លោកបានពន្យល់ថា៖ “ TT គ្រាន់តែជាការផ្ទេរប្រាក់តាមរយៈប្រព័ន្ធ SWIFT ប៉ុណ្ណោះ។ ពិតមែនតែធនាគារជាអ្នកជួយសម្រួលដល់ការផ្ទេរប្រាក់នេះ ប៉ុន្តែធនាគារមិនទទួលរ៉ាប់រងលើហានិភ័យនៃប្រតិបត្តិការនោះឡើយ។”

 

លោក James Chan មើលឃើញថាការទូទាត់តាមវិធីនេះ តែងតែបង្កជាហានិភ័យសម្រាប់ដៃគូពាណិជ្ជកម្មទាំងសងខាង ព្រោះវានៅតែពឹងផ្អែកខ្លាំងលើទំនុកចិត្តជាចម្បងលោកបានបន្ថែមថា៖ "ទាំងការទូទាត់តាម TT និងវិធីសាស្ត្រ Open Account (ដឹកទំនិញមុន ទូទាត់តាមក្រោយ) សុទ្ធតែពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើការទុកចិត្តគ្នារវាងដៃគូអាជីវកម្ម ហើយជាទូទៅ តែងតែមានភាគីម្ខាងដែលត្រូវទទួលរងហានិភ័យខ្ពស់ជាងជានិច្ច។" 

 

សេវាលិខិតឥណទាន៖ ការការពារកាន់តែរឹងមាំសម្រាប់ភាគីទាំងសងខាង

 

សម្រាប់ប្រតិបត្តិការធំៗ ឬស្មុគស្មាញ អាជីវកម្មច្រើនតែពឹងផ្អែកលើលិខិតឥណទាន​ (LCs) ដើម្បីទទួលបានសុវត្ថិភាពខ្ពស់។ តាមរយៈការផ្តល់ការធានាការទូទាត់ដែលមានការគាំទ្រពីធនាគារ និងភ្ជាប់ជាមួយនឹងឯកសារដឹកជញ្ជូន LC កាត់បន្ថយការពឹងផ្អែកលើការទុកចិត្ត និងជួយការពារទាំងអ្នកទិញ និងអ្នកលក់ ជាពិសេសនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មថ្មីៗ ឬមានហានិភ័យខ្ពស់។ 

 

លោក James Chan បានលើកឡើងថា៖ សម្រាប់ទំនាក់ទំនងអាជីវកម្មជាលើកដំបូង ជាពិសេសមួយដៃគូថ្មីថ្មោង ការប្រើប្រាស់លិខិតឥណទាន គឺជាជម្រើសដែលយើងលើកទឹកចិត្តបំផុត ព្រោះវាត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងស្របតាមច្បាប់អន្តរជាតិ ដែលរួមមានវិធាន UCP600 និង ISBP812 របស់សភាពាណិជ្ជកម្មអន្តរជាតិ ICC ដែលជួយការពារសុវត្ថិភាពទាំងអ្នកទិញ និងអ្នកលក់ ពេញមួយដំណើរការនៃការទិញលក់តែម្តង។

 

លោក James Chan បានបន្ថែមថា៖នៅធនាគារ វីង យើងជួយម្ចាស់អាជីវកម្មក្នុងការវាយតម្លៃ និងជ្រើសរើសទម្រង់ទូទាត់ប្រាក់ ទៅតាមទំហំប្រតិបត្តិការ ទំនាក់ទំនងជាមួយដៃគូ និងតម្រូវការជាក់ស្តែងរបស់ពួកគាត់។ គោលដៅរបស់យើង គឺមិនត្រឹមតែចង់ឱ្យប្រតិបត្តិការទិញលក់ចប់សព្វគ្រប់នោះទេ ប៉ុន្តែថែមទាំងចង់ជួយអាជីវករឱ្យរក្សាបាននូវប្រាក់ចំណេញពេញលេញ និងបន្តពង្រីកទីផ្សារអន្តរជាតិដោយភាពជឿជាក់ផងដែរ។”

 

ដើម្បីជួយឱ្យអាជីវករកាន់តែងាយស្រួលទទួលបានសេវាហិរញ្ញប្បទានពាណិជ្ជកម្មនេះ ធនាគារ វីង ក៏មានយុទ្ធនាការផ្តល់ជូនពិសេស ដែលជួយសន្សំសំចៃការចំណាយរហូតដល់ ៥០% លើសេវាកម្មមួយចំនួនផងដែរ។ ការផ្តល់ជូនទាំងនោះរួមមាន៖ ការមិនគិតថ្លៃសេវាចេញឯកសារក្នុងខែដំបូង ការបញ្ចុះតម្លៃលើការប្រើប្រាស់លិខិតឥណទាន លិខិតធានាពីធនាគារ និងសេវាបេឡានិច័យ ព្រមទាំងការលើកលែងថ្លៃសេវារៀបចំឯកសារថែមទៀតផង។

 

លោក ចាន់ ជេមស៍ បានបញ្ជាក់ថា៖ “សេវាកម្មទាំងនេះ ត្រូវបានផ្តល់ជូនដោយអនុលោមយ៉ាងពេញលេញទៅតាមស្តង់ដារធនាគារអន្តរជាតិ ដើម្បីធានាថាអតិថិជនរបស់យើងអាចធ្វើពាណិជ្ជកម្មប្រកបដោយភាពជឿជាក់ ច្បាស់លាស់​ និងប្រកបដោយទំនុកចិត្ត។”

 

លោកបានសង្កត់ធ្ងន់ថា ការចាត់ចែងការទូទាត់ពាណិជ្ជកម្មដោយខ្លួនឯង អាចធ្វើឱ្យអាជីវកម្មងាយប្រឈមនឹងកំហុសឆ្គង ជម្លោះឯកសារ ការយឺតយ៉ាវក្នុងការទទួលបានប្រាក់ និងហានិភ័យហិរញ្ញវត្ថុផ្សេងៗ។ តាមរយៈការដើរតួជាអ្នកសម្របសម្រួលដែលអាចទុកចិត្តបាន ជាមួយនឹងប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ និងមានអ្នកជំនាញប្រកបដោយវិជ្ជាជីវៈ ធនាគារ វីង អាចជួយកាត់បន្ថយហានិភ័យទាំងនោះ ព្រមទាំងជំរុញប្រសិទ្ធភាពតាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយ

 

ជាការអនុវត្តជាក់ស្តែង អាជីវករអាចអនុវត្តតាមរូបមន្តងាយៗគឺ៖ សម្រាប់ប្រតិបត្តិការតូចៗជាមួយដៃគូដែលជិតស្និទ្ធ អាចប្រើការទូទាត់បែប Open Account TT ក៏បាន ប៉ុន្តែសម្រាប់កិច្ចព្រមព្រៀងធំៗ ដៃគូថ្មីថ្មោង ឬទីផ្សារដែលប្រឈមហានិភ័យខ្ពស់ គួរតែងាកមកប្រើជម្រើសដែលមានសុវត្ថិភាពច្បាស់លាស់ ដូចជា សេវាបេឡានិច័យ ឬលិខិតឥណទាន ទើបជាការប្រសើរ និងមានសុវត្ថិភាពជាង។

 

ការរក្សាតុល្យភាពរវាងការចំណាយ ទំនុកចិត្ត និងការការពារហានិភ័យ

 

ស្របពេលដែលកម្ពុជាកំពុងបន្តបោះជំហានកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ការសម្រេចចិត្តជ្រើសរើសវិធីទូទាត់ប្រាក់ លែងត្រឹមតែជារឿងប្រតិបត្តិការប្រចាំថ្ងៃធម្មតាទៀតហើយ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រអាជីវកម្មដ៏សំខាន់។

 

អាជីវកម្មដែលជោគជ័យបំផុត មិនមែនជាអាជីវកម្មដែលជ្រើសរើសជម្រើសមានការចំណាយទាបបំផុតនោះទេ ប៉ុន្តែគឺជាអ្នកដែលធ្វើការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ ដោយរក្សាតុល្យភាពរវាងការចំណាយ ហានិភ័យ និងការគ្រប់គ្រង។ អាជីវកម្មដែលកំពុងស្វែងរកតុល្យភាពដ៏ត្រឹមត្រូវរវាងកត្តាទាំងបីនេះ អាចទាក់ទងមកធនាគារ វីង ដើម្បីទទួលបានការប្រឹក្សាយោបល់ ងាយស្រួល ដែលឆ្លើយគ្រប់តម្រូវការពាណិជ្ជកម្មជាក់ស្តែងរបស់លោកអ្នក

 

អត្ថបទនេះត្រូវបានបកប្រែទាំងស្រុងពីអត្ថបទដើមដែលចុះផ្សាយដោយសារព័ត៌មានគិរីផូស

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ហេតុផលអ្វីខ្លះដែលអាជីវកម្មខ្នាតតូចក្នុងស្រុកត្រូវការគាំទ្រពីធនាគារ ដើម្បីពង្រីកទីផ្សារ

អាជីវករក្នុងស្រុកជាច្រើននៅតែត្រូវបង់ប្រាក់ថ្លៃទំនិញពេញលេញជាមុនទៅឱ្យអ្នកផ្គត់ផ្គង់នៅក្រៅប្រទេស ដែលធ្វើឱ្យពួកគាត់ខ្វះខាតសាច់ប្រាក់ ខណៈត្រូវរង់ចាំទំនិញមកដល់រាប់សប្តាហ៍។ អ្នកជំនាញ និងសហគ្រិនក្នុងស្រុកបានយល់ស្របថា ស្ថាប័នហិរញ្ញវត្ថុចាំបាច់ត្រូវផ្តល់នូវដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដែលងាយស្រួលទទួលបានជាងមុន ដូចជាលិខិតឥណទាន និងកម្ចីរយៈពេលខ្លី ដើម្បីជួយឱ្យអាជីវកម្មខ្នាតតូចអាចរីកចម្រើននៅក្នុងទីផ្សារដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស។

ចេញផ្សាយនៅ: Jun 16, 2026

អានរហ័ស

ធនាគារជាច្រើននៅកម្ពុជា បង្កើនការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីគាំទ្រដល់កំណើនចីរភាព

វិស័យធនាគារកំពុងបោះជំហានយ៉ាងលឿនក្នុងការបង្កើនការផ្តល់ ហិរញ្ញប្បទានបៃតង ក្នុងគោលបំណងទាក់ទាញការវិនិយោគថ្មីៗ ក៏ដូចជាលើកកម្ពស់ការអនុវត្តស្របតាមស្តង់ដាសកល សំដៅគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា។

ចេញផ្សាយនៅ: May 19, 2026

អានរហ័ស

ការពង្រឹងទំនុកចិត្តវិស័យធនាគារកាន់តែមានភាពចាំបាច់ខ្ពស់ ស្របពេលមានការបង្ក្រាបបទល្មើសឆបោក

ការបិទទ្វារធនាគារមួយចំនួនតូចកាលពីពេលថ្មីៗនេះ រួមជាមួយនឹងការចុះអនុវត្តច្បាប់លើបណ្តាញឆបោកតាមអនឡាញ ហាក់កំពុងសាកល្បងទំនុកចិត្តពី​សាធារណជនមកលើវិស័យធនាគារនៅកម្ពុជា ដែលចំណុចនេះបានរំលេចឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹងកិច្ចការពារអតិថិជន ការត្រួតពិនិត្យបទប្បញ្ញត្តិ ការការពារប្រាក់បញ្ញើ និងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទ។

ចេញផ្សាយនៅ: May 18, 2026