យុវជនសៀមរាបបង្កើត App ជួយអ្នកភូមិស្រះស្រង់ជាង ២០០ គ្រួសារ រកចំណូលពីទេសចរណ៍

ដោយប្រើប្រាស់នវានុវត្តន៍ឌីជីថល យុវជនសៀមរាប ៤ រូប បានបង្កើតថ្នាលឌីជីថល TechSquadso TH ដែលជាកម្មវិធីទេសចរណ៍ដើម្បីជួយគ្រួសារក្រីក្រនៅជនបទជាង ២០០ គ្រួសារឱ្យទាក់ទាញភ្ញៀវទេសចរ អាចឱ្យពួកគេរកប្រាក់ចំណូលតាមរយៈសកម្មភាពអេកូទេសចរណ៍ ដូចជាការស្នាក់នៅតាមផ្ទះជាដើម។ គំនិតច្នៃប្រឌិតនេះបានឈ្នះជ័យលាភីលេខ ១ ក្នុងកម្មវិធី Turing Hackathon រដូវកាលទី ៩ ដែលមានគោលបំណងធ្វើទំនើបកម្មសេដ្ឋកិច្ចទេសចរណ៍ជនបទឱ្យកាន់តែរីកចម្រើន។

ចេញផ្សាយនៅ: Nov 01, 2025

 ក្រុមយុវជនដែលមានគំនិតច្នៃប្រឌិតមួយក្រុមមកពីខេត្តសៀមរាប បានអភិវឌ្ឍថ្នាលឌីជីថលមួយឈ្មោះថា TechSquadso TH ដោយបានឈ្នះចំណាត់ថ្នាក់លេខ ១ សម្រាប់ភាពជោគជ័យក្នុងការភ្ជាប់ទំនាក់ទំនងភ្ញៀវទេសចរជាមួយសិប្បករ និងអ្នកផ្តល់សេវាស្នាក់នៅតាមផ្ទះ (Homestay) ឋិតនៅក្នុងភូមិស្រះស្រង់ ដែលជួយលើកកម្ពស់ជីវភាពប្រជាជននៅទីនោះតាមរយៈការស្តារនូវទេសចរណ៍សហគមន៍ឱ្យរស់រវើកឡើងវិញ 

 

កម្មវិធី Turing Hackathon រដូវកាលទី៩ ដែលគាំទ្រដោយ ធនាគារ វីង បានផ្តល់ជាវេទិកាសម្រាប់នវានុវត្តជន ឬអ្នកបង្កើតគំនិតច្នៃប្រឌិតថ្មីៗដើម្បីបង្កើត និងសម្រួចគំនិតអាជីវកម្ម តាមរយៈដំណោះស្រាយឌីជីថលដែលមានឥទ្ធិពលសម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងខេត្តសៀមរាប ហើយក៏ជាផ្នែកមួយនៃការភ្ជាប់ទំនាក់ទំនង ក៏ដូចជាកសាង​ប្រព័ន្ធអេកូឡូស៊ីអាជីវកម្មបង្កើតថ្មីឱ្យកាន់តែរឹងមាំថែមទៀត។ 

 

ឆ្នាំនេះ កម្មវិធី Hackathon បានផ្តោតលើប្រធានបទដំណោះស្រាយឌីជីថលសម្រាប់លើកកម្ពស់ខេត្តសៀមរាបដ៏រស់រវើក ដែលបើកឱកាសឱ្យយុវជននៅក្នុងខេត្តសៀមរាបផ្ទាល់ និងខេត្តផ្សេងៗទៀត ដើម្បីបង្កើត និងសាកល្បងគំនិតអាជីវកម្មឌីជីថលរបស់ពួកគេ ដើម្បីឆ្លើយតបនឹងតម្រូវការ និងដោះស្រាយបញ្ហាសហគមន៍ ជាពិសេសវិស័យទេសចរណ៍នៅក្នុងសហគមន៍ខេត្តសៀមរាប។ 

 

បេក្ខជនចំនួន ៨៥ នាក់ ត្រូវបានជ្រើសរើសចូលរួមប្រកួតក្នុងរដូវកាលថ្មីនេះ ដែលរួមមាន ៤ ក្រុមមកពីភ្នំពេញ ៦ ក្រុមមកពីសៀមរាប និងបុគ្គល រួមទាំងបេក្ខជនចំនួន ៥ រូបផ្សេងទៀតបេក្ខជនទាំងនេះ បានបង្ហាញគំនិតច្នៃប្រឌិតរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Hackathon បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលលើវគ្គមួយចំនួនដូចជា វគ្គ Human Centred Design, Lean Canvas និងការធ្វើបទបង្ហាញគំនិតអាជីវកម្ម ដោយមានការណែនាំពីគ្រូបង្គោលមកពីវិស័យផ្សេងៗគ្នា។ 

 

លោក ស៊ា វ៉ាន់ហៃ ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង និងបម្រើការងារ IT ក្រៅម៉ោង នៅហាងលក់ទូរសព្ទមួយកន្លែងក្នុងតំបន់វត្តបូព៌ ខេត្តសៀមរាប មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការបង្កើតគំនិតអាជីវកម្មថ្មី ហើយចង់ពង្រីកជំនាញសហគ្រិនភាព និងនវានុវត្តន៍របស់ខ្លួន។ នៅខែកញ្ញា ឆ្នាំ ២០២៥ លោកបានចូលរួមក្នុងកម្មវិធី Turing Hackathon រដូវកាលទី ៩ ដែលផ្តួចផ្តើមឡើងដោយ មជ្ឈមណ្ឌលធុរកិច្ចថ្មី តេជោ ហើយកម្មវិធីនេះក៏មាននិស្សិតមកពីជំនាញផ្សេងទៀតចូលរួមផងដែរ 

បន្ទាប់ពីទទួលបានជ័យលាភី លោក វ៉ាន់ហៃ តំណាងឱ្យក្រុមការងារដែលមានសមាជិក ៣ នាក់ បានរៀបរាប់ថា ពួកគេបាននាំគ្នាជជែកវែកញែកយ៉ាងច្រើនពីបញ្ហាទេសចរណ៍នៅក្នុងសហគមន៍ ។ គឺចេញពីការពិភាក្សានេះហើយ ទើបក្រុមរបស់លោកនឹកឃើញគំនិតបង្កើតគម្រោងនេះឡើង ដើម្បីជួយដោះស្រាយបញ្ហា និងជួយដល់សហគមន៍ផ្ទាល់តែម្តង។ 

 

ប្រែក្លាយការលំបាករបស់អ្នកភូមិស្រះស្រង់ ទៅជាឱកាស 

 

 

សមាជិកក្រុមម្នាក់ទៀតគឺកញ្ញា សាវ៉ន ស្រីទូច និស្សិតឆ្នាំទី ៤ រៀនជំនាញអក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ បាននិយាយថា កញ្ញាធ្លាប់ធ្វើការងារស្ម័គ្រចិត្តនៅក្នុងភូមិស្រះស្រង់។ 

កញ្ញាបានកត់សម្គាល់ឃើញពីបញ្ហាប្រឈមដែលអ្នកភូមិជួបប្រទះ គឺការទទួលបានប្រាក់ចំណូលតិចតួចពីការធ្វើស្រែចម្ការប្រចាំថ្ងៃ និងការលក់សិប្បកម្មដែលធ្វើដោយដៃ។ ពួកគេភាគច្រើនមានជីវភាពក្រីក្រ និងជួបការលំបាកក្នុងការផ្គត់ផ្គង់ការសិក្សារបស់កូនៗ។ 

 

កញ្ញាបានលើកឡើងពីបញ្ហានេះជាមួយក្រុមការងារ ដើម្បីស្វែងរកវិធីសាស្រ្តថ្មីៗក្នុងការបង្កើនជីវភាពរបស់ប្រជាជនក្នុងសហគមន៍ តាមរយៈការលើកកម្ពស់សកម្មភាពទេសចរណ៍នៅទីនោះ។ កញ្ញាបានប្រាប់ Kiripost ថា៖ អ្នកភូមិផលិតវត្ថុអនុស្សាវរីយ៍ដោយដៃ លក់ទៅឱ្យឈ្មួញកណ្តាល ដែលយកទៅលក់បន្តឱ្យអ្នកផ្សេងទៀតនៅក្នុងក្រុងសៀមរាម។ នេះជារបៀបដែលពួកគេទ្រទ្រង់ចំណូលគ្រួសារ រួមទាំងការសិក្សារបស់កូនៗ។ 

 

មានប្រហែល ២០០ គ្រួសារ ដែលស្មើនឹងជាង ១.០០០ នាក់ រស់នៅក្នុងភូមិស្រះស្រង់។ ស្រះស្រង់ ឬ ព្រះរាជពិធីស្រង់ទឹកគឺជាបារាយណ៍ ឬអាងទឹកក្នុងតំបន់អង្គរ ដែលមានទីតាំងនៅភាគអាគ្នេយ៍នៃបារាយណ៍ និងខាងកើតប្រាសាទបន្ទាយក្តី។ 

 

កញ្ញា ស្រីទូច បាននិយាយថា សហគមន៍មូលដ្ឋានជួបការលំបាកក្នុងការលក់សិប្បកម្មរបស់ពួកគេ ដោយសារចំនួនភ្ញៀវទេសចរតិច។ ដូច្នេះ ពួកគេពឹងផ្អែកលើឈ្មួញកណ្តាលដើម្បីលក់ផលិតផលរបស់ពួកគេនៅក្នុងក្រុង ឬតំបន់ទេសចរណ៍ពេញនិយម ដែលធ្វើឱ្យពួកគេមិនអាចលក់បានក្នុងតម្លៃល្អដើម្បីទ្រទ្រង់ជីវភាព។ 

 

បើតាមកញ្ញា ភូមិស្រះស្រង់មិនមានកន្លែងទាក់ទាញទេសចរណ៍ច្រើនទេ បើធៀបនឹងភូមិផ្សេងទៀត ដូចជាភូមិព្រះដាក់ ដែលល្បីល្បាញខាងម្ហូបប្រពៃណីខ្មែរ រួមទាំងនំត្នោតខ្មែរផងដែរ។ 

កញ្ញា ស្រីទូច និយាយថា៖ “ដោយសារខ្វះទីផ្សារ ឬតម្រូវការ សិប្បកម្មនៅក្នុងភូមិស្រះស្រង់ត្រូវលក់ក្នុងតម្លៃទាប។ អ្នកខ្លះបានបោះបង់ចោលការផលិតតែម្តង។ 

 

ទោះជាយ៉ាងនេះក្តី បន្ទាប់ពីធ្វើការស្រាវជ្រាវ លោក វ៉ាន់ហៃ និងក្រុមការងារបានបង្កើតគំនិតច្នៃប្រឌិតមួយ គឺបង្កើតកម្មវិធី ដើម្បីធ្វើជាទីផ្សារសម្រាប់អ្នកភូមិស្រះស្រង់ក្នុងការផ្សព្វផ្សាយផលិតផលរបស់ពួកគេ។ ដាក់ឈ្មោះថា “TechSquadso TH” ថ្នាលឌីជីថលនេះផ្សព្វផ្សាយសិប្បកម្មក្នុងស្រុក និងការសម្តែងសិល្បៈប្រពៃណី ព្រមទាំងតភ្ជាប់អ្នកភូមិជាមួយភ្ញៀវទេសចរ និងបើកឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការបង្កើតប្រាក់ចំណូលថែមទៀតផង 

 

កម្មវិធីនេះក៏ជាវេទិកាសម្រាប់តភ្ជាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីកក់សកម្មភាពកម្សាន្ត និងកញ្ចប់ស្នាក់នៅតាមផ្ទះរបស់ប្រជាជនក្នុងសហគមន៍នៅក្នុងភូមិស្រះស្រង់ ដូច្នេះប្រជាជនមិនត្រឹមតែរកចំណូលពីការលក់សិប្បកម្មប៉ុណ្ណោះទេ ហើយក៏អាចបង្កើតប្រភពចំណូលពីសកម្មភាពទេសចរណ៍ផងដែរ។ 

 

ក្រុមការងារបានរៀបចំសកម្មភាពសម្រាប់អ្នកភូមិដើម្បីផ្តល់ជូនភ្ញៀវ ដូចជាការរៀនធ្វើម្ហូបខ្មែរ ការជិះកង់កម្សាន្តក្នុងភូមិ និងការទស្សនាការសម្តែងវប្បធម៌។ 

 

លោក វ៉ាន់ហៃ បាននិយាយថា៖ យើងចង់បង្កើតកម្មវិធីមួយសម្រាប់ឱ្យពួកគាត់លក់សិប្បកម្ម ប៉ុន្តែមានបញ្ហាប្រឈមក្នុងការស្នើសុំអាជ្ញាបណ្ណសិប្បកម្ម និងទេសចរណ៍។ ដូច្នេះ យើងសម្រេចចិត្តបញ្ចូលវាចូលគ្នា។ មានសកម្មភាពសម្រាប់ភ្ញៀវទេសចរទិញវត្ថុធាតុដើមនៅក្នុងសហគមន៍ ហើយច្នៃជាវត្ថុអនុស្សាវរីយ៍ ដែលជួយឱ្យអ្នកស្រុកមានចំណូលផងដែរ។ ដូចគ្នានេះដែរ ពួកគាត់ក៏ផ្តល់សកម្មភាពផ្សេងទៀតដូចជា ការធ្វើម្ហូប ការជិះកង់ផ្សងព្រេង និងការចែករំលែកពីទំនៀមទម្លាប់ប្រពៃណីក្នុងស្រុកផងដែរ។” 

 

កម្មវិធីថ្មីអនុញ្ញាតឱ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ជីវិតរស់នៅក្នុងភូមិ 

 

លោក វ៉ាន់ហៃ បានលើកឡើងថា៖ យើងចង់ឱ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ ដូចជាការដាំបាយពីអង្ករដែលដាំដុះនៅទីនេះ [ស្រះស្រង់] ក្នុងរដូវប្រមូលផល ក៏ដូចជារៀនធ្វើម្ហូបតាមរូបមន្តខ្មែរជាដើម។” 

 

លោកបានរំលឹកពីបទពិសោធន៍ស្នាក់នៅតាមផ្ទះរបស់ប្រជាជននៅក្នុងសហគមន៍ នៅខេត្តកំពង់ស្ពឺ ដែលលោកបានរស់នៅ និងញ៉ាំអាហារស្នាដៃអ្នកផ្ទះជាមួយគ្រួសារមួយ។ លោកនិយាយថា៖ វាជាពេលវេលាដែលមិនអាចបំភ្លេចបាន ព្រោះវាបានបង្កើតសកម្មភាពល្អៗ ហើយផ្តល់នូវអារម្មណ៍ស្រស់ស្រាយ។” លោកទទួលបានអារម្មណ៍ស្ងប់ស្ងាត់ក្នុងការរស់នៅបែបសាមញ្ញៗ អមដោយទិដ្ឋភាពធម្មជាតិដ៏ស្រស់បំព្រង បើធៀបនឹងការរស់នៅភ្នំពេញដែលមានភាពមមាញឹក និងកកស្ទះ 

 

លោកបានរំលឹកថា៖ ខ្ញុំដេកលក់ស្រួលណាស់ ហើយភ្ញាក់ឡើងដោយមិនឈឺក្បាល និងមានអារម្មណ៍ធូរស្រាលបំផុត បន្ទាប់ពីភាពមមាញឹកពីទីក្រុង និងសម្ពាធការងារ។ ពេលស្នាក់នៅជាមួយផ្ទះអ្នកភូមិ ខ្ញុំភ្ញាក់ពីព្រលឹមដើម្បីមើលថ្ងៃរះ និងស្តាប់សំឡេងសត្វស្លាបយំ ហើយធ្វើម្ហូបជាមួយម្ចាស់ផ្ទះ។ ខ្ញុំមានអារម្មណ៍ខុសប្លែកទាំងស្រុងតែម្តង។” 

 

បទពិសោធន៍ស្នាក់នៅក្នុងផ្ទះអ្នកភូមិរបស់លោកនៅកំពង់ស្ពឺ បានធ្វើឱ្យលោកមើលឃើញពីបញ្ហាដែលលោកបានចែករំលែកជាមួយក្រុមការងារអំពីភូមិនៅសៀមរាប ដែលគួរតែត្រូវបានដោះស្រាយ។ 

ទីមួយ លោកថា កម្មវិធីនេះគួរតែតភ្ជាប់ភ្ញៀវទេសចរទៅកាន់ Homestay និងសកម្មភាពក្នុងស្រុកនៅភូមិស្រះស្រង់ និងទីពីរ ធានាថាចំណូលគ្រួសាររបស់ពួកគាត់កើនឡើងតាមរយៈសកម្មភាពទាំងនេះ។ ពួកគាត់គួរតែអាចទទួលបានចំណូល ៦០ ភាគរយពីសកម្មភាពទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ នៅពេលដែលភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅក្នុងសហគមន៍ 

 

លោក វ៉ាន់ហៃ បានប្រាប់ Kiripost ថា៖ «យើងសង្កេតឃើញថា មិនទាន់មានកម្មវិធីកក់ការធ្វើដំណើរណាដែលអនុញ្ញាតឱ្យភ្ញៀវទេសចរដែលចង់ទទួលបានបទពិសោធន៍ជីវិតពិតក្នុងភូមិ ដោយការស្នាក់នៅក្នុងផ្ទះរបស់គ្រួសារអ្នកស្រុកនៅឡើយទេ។ មានតែមគ្គុទ្ទេសក៍ទេសចរណ៍ប៉ុណ្ណោះដែលរៀបចំសកម្មភាព Homestay សម្រាប់ភ្ញៀវទេសចរ ប្រសិនបើពួកគេស្នើសុំ»។ 

 

ដំបូងឡើយ ក្រុមការងារគិតថា ភ្ញៀវទេសចរអឺរ៉ុប និងជប៉ុន ប្រហែលជាចង់សាកល្បងស្នាក់នៅ Homestay ក្នុងសកម្មភាពអេកូទេសចរណ៍ ប៉ុន្តែក្រោយមកបានដឹងពីទិន្នន័យថ្មីៗរបស់ក្រសួងទេសចរណ៍ថា ក្នុងចំណោមអ្នកទស្សនា ៣០.០០០ នាក់ដែលត្រូវបានកត់ត្រាថាស្រលាញ់អេកូទេសចរណ៍ ភាគច្រើនគឺជាជនជាតិខ្មែរ។ 

 

ពួកគេក៏បានរកឃើញថា មាន Homestay មួយរួចទៅហើយនៅក្នុងភូមិស្រះស្រង់។ ទោះជាយ៉ាងណា មិនមានមនុស្សច្រើនទេដែលដឹងពីវា ដូច្នេះក្រុមការងារមានចក្ខុវិស័យក្នុងការលើកទឹកចិត្តគ្រួសារផ្សេងទៀតឱ្យប្រែក្លាយផ្ទះរបស់ពួកគេទៅជា Homestay ដើម្បីលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍។ 

 

កិច្ចខិតខំប្រឹងប្រែង និងដំណោះស្រាយប្រកបដោយនវានុវត្តន៍នេះ បានធ្វើឱ្យ TechSquadso TH ឈ្នះជ័យលាភីលេខ ១ ក្នុងកម្មវិធី Turing Hackathon សម្រាប់រដូវកាលថ្មីនេះ ហើយទទួលបានប្រាក់រង្វាន់ ៤ លានរៀល (ប្រហែល ៩៩៥ ដុល្លារអាមេរិក)។ 

 

ក្រុមការងារសង្ឃឹមថានឹងធ្វើឱ្យគម្រោងនេះដំណើរការ ដោយប៉ាន់ប្រមាណថាត្រូវការប្រាក់ពី ២.០០០ ទៅ ៣.០០០ ដុល្លារក្នុងមួយខែ ដើម្បីដំណើរការអាជីវកម្មថ្មីនេះ រួមទាំងប្រាក់ខែបុគ្គលិក និងចំណូលសម្រាប់អ្នកភូមិដើម្បីទូទាត់ថ្លៃសម្ភារៈធ្វើម្ហូប និងគ្រឿងផ្សំ មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងតំបន់ ការតុបតែងផ្ទះ និងសកម្មភាពផ្សេងៗទៀត។ 

 

ក្រុមការងារ TechSquadso TH សង្ឃឹមថានឹងប្រែក្លាយអាជីវកម្មថ្មីនេះ ទៅជាអាជីវកម្មពិតប្រាកដមួយ ប៉ុន្តែវាទាមទារការគាំទ្រផ្នែកហិរញ្ញវត្ថុពីភាគីពាក់ព័ន្ធផ្សេងទៀត។ 

 

ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាទេសចរណ៍ 

 

យោងតាមធនាគារពិភពលោក វិស័យទេសចរណ៍បានរួមចំណែកប្រហែល ១៧% នៃផលិតផលក្នុងស្រុកសរុប  មុនពេលផ្ទុះកូវីដ-19។ អេកូទេសចរណ៍ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍ផងដែរ ដោយ ១៦% នៃភ្ញៀវទេសចរទាំងអស់បានទៅទស្សនាតំបន់អេកូទេសចរណ៍ ដែលតួលេខនេះកើនឡើងទ្វេដងនៅចន្លោះឆ្នាំ ២០១៤ និង ២០១៩។ 

 

ទោះជាយ៉ាងណា ការថមថយនៃវិស័យទេសចរណ៍បច្ចុប្បន្ន បានជំរុញឱ្យមានតម្រូវការក្នុងការធ្វើពិពិធកម្មវិស័យទេសចរណ៍កម្ពុជា ដែលរួមបញ្ចូលទាំងការបង្កើនតំបន់អេកូទេសចរណ៍ផងដែរ 

 

ធនាគារពិភពលោកបានលើកឡើងថា៖ ការអភិវឌ្ឍឧស្សាហកម្មអេកូទេសចរណ៍អាចបង្កើតការងារ និងផ្តល់ការជំរុញដល់សេដ្ឋកិច្ចជនបទ ហើយការកសាងជីវភាពរស់នៅនៅតំបន់ជនបទគឺមានសារៈសំខាន់ជាពិសេសនៅពេលនេះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-19។” 

 

ទន្ទឹមនឹងនេះ បេក្ខជនប្រកួតឈ្មោះ ឡី សាលីត ជាសិស្សនៃអង្គការសហគមន៍យើង (Journeys Within Our Community) បានអំពាវនាវឱ្យមានការរៀបចំកម្មវិធីអាជីវកម្មដូចជា Hackathon ឱ្យបានច្រើន ដើម្បីឱ្យយុវជនសៀមរាបមានឱកាសកាន់តែច្រើនឡើងទទួលបានឱកាសចូលរួមអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានសម្រាប់អនាគត 

 

លោក សាលីត បាននិយាយថា៖ យុវជនជាច្រើននៅសៀមរាបមិនសូវមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍អាជីវកម្មធំៗបែបនេះដើម្បីពង្រីកគំនិតរបស់ពួកគេទេ។ ជាធម្មតាយើងមានតែសិក្ខាសាលា ឬអង្គុយស្តាប់គេចែករំលែកពីគំនិតអាជីវកម្ម។ ប៉ុន្តែ Hackathon តម្រូវឱ្យយើងប្រើប្រាស់ការគិតបែបត្រិះរិះ ដើម្បីបង្កើតគំនិតច្នៃប្រឌិតសម្រាប់អាជីវកម្មបង្កើតថ្មី។ 

 

 

លោក ហោ ប៊ុនថែ អគ្គនាយករងនៃ ធនាគារ វីង បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងដែលឃើញយុវជនកម្ពុជាវ័យ ២០ ឆ្នាំស្តើង មានសមត្ថភាពដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងសហគមន៍របស់ពួកគេ និងធ្វើបទបង្ហាញគំនិតរបស់ពួកគេក្នុងរយៈពេល ៥ នាទីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Turing Hackathon រដូវកាលទី ៩។ 

 

លោក ហោ ប៊ុនថែ បានលើកឡើងថា៖ “វិស័យទេសចរណ៍អាចមានបញ្ហាប្រឈមខ្លះនាពេលបច្ចុប្បន្ន។ ប៉ុន្តែជាឧស្សាហកម្មគ្មានផ្សែង វិស័យទេសចរណ៍នៅសៀមរាបមានសក្តានុពលរីកចម្រើនខ្លាំងណាស់ ដោយយុវជនរបស់យើងបានស្នើគំនិតច្នៃប្រឌិតដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវកម្ម និងភ្ញៀវទេសចរ តាមរយៈគំនិតច្នៃប្រឌិតឌីជីថល។ 

 

កម្មវិធី Turing Hackathon រដូវកាលទី៩ បានបញ្ចប់ជាផ្លូវការនៅចុងខែតុលា ឆ្នាំ ២០២៥ ដោយបង្ហាញពីនវានុវត្តន៍ និងដំណោះស្រាយដែលផ្តល់នូវផលវិជ្ជមាននៅក្នុងសហគមន៍។ 

 

បន្ទាប់ពីទទួលបានការវាយតម្លៃយ៉ាងហ្មត់ចត់ពីគណៈកម្មការ TechSquadso TH បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ ១។ ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុម Rent Me ដោយទទួលបានប្រាក់រង្វាន់ ៣ លានរៀល សម្រាប់ដំណោះស្រាយជួយដល់ម្ចាស់ផ្ទះជួលក្នុងការផ្ញើវិក្កយបត្រទៅកាន់អ្នកជួលជាច្រើននាក់ប្រកបដោយប្រសិទ្ធភាព។ 

 

ចំណែកបេក្ខជនក្រុម Local Grew ទទួលបានចំណាត់ថ្នាក់លេខ ៣ សម្រាប់ការបង្កើតផ្លេតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) របស់ពួកគេ ដើម្បីគាំទ្រសហគមន៍នៅសៀមរាបក្នុងការលក់ផលិតផលនៅរាជធានីភ្នំពេញ ដោយទទួលបានប្រាក់រង្វាន់ ២ លានរៀល។ 

 

ដោយបានឆ្លងកាត់ ៩ រដូវកាលរួចមក កម្មវិធី Turing Hackathon បានផ្តល់ឱកាសដល់សិស្សនិស្សិតជាង ៥០០ នាក់ និងបានជួយបង្កើតគំនិត អាជីវកម្មជាង ១០៨ អាជីវកម្មហើយ ដោយគិតចាប់តាំងពីការចាប់ផ្តើមកាលពី ៥ ឆ្នាំមុន។ ធនាគារ វីង នៅតែបន្តគាំទ្រកម្មវិធី Turing Hackathon នេះ ដើម្បីលើកកម្ពស់ផ្នត់គំនិតសហគ្រិនភាព និងនវានុវត្តន៍ ក្នុងគោលដៅជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត៕  
 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តាមរយៈឱកាសិក្សាមុខវិជ្ជា STEM យុវតីកំព្រាម្នាក់កំពុងជម្នះភាពក្រីក្រ ដើម្បីសម្រេចក្តីស្រមៃ

នៅពេលដែលយុវតី ឃុន មនោរម្យ បានប្រើប្រាស់កុំព្យូទ័រជាលើកដំបូង យុវតីរូបនេះបានមើលឃើញពីពិភពលោកដ៏ធំទូលាយមួយ ដោយមានការជួយជ្រោមជ្រែងពីអង្គការមូលនិធិកុមារកម្ពុជា (CCF)។ ឱកាសក្នុងការក្រេបជញ្ជក់ចំណេះដឹងលើជំនាញ STEM និងបច្ចេកវិទ្យាឌីជីថល បានក្លាយជាស្ពានចម្លងសិស្សានុសិស្សដូចជាយុវតីរូបនេះ ឱ្យរើបម្រាសពីភាពក្រីក្រ និងភាពលំបាក ដើម្បីចាប់យកអនាគតការងារនៃក្តីស្រមៃក្នុងវិស័យហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Feb 23, 2026

អានរហ័ស

ធ្លាប់ត្រូវគេឆបោកទិញទំនិញតាមអនឡាញ សហគ្រិនស្រ្តីម្នាក់បង្កើតផ្លេតហ្វមទិញ-លក់អីវ៉ាន់តាមអ៊ិនធឺណិតរហូតមានការគាំទ្រពីអ្នកប្រើប្រាស់ខ្ទង់ម៉ឺននាក់

បន្ទាប់ពីបាត់បង់លុយអស់ ៥០០ ដុល្លារក្នុងការទិញទំនិញតាមប្រព័ន្ធអនឡាញ សហគ្រិនស្ត្រីកម្ពុជាម្នាក់គឺលោកស្រីសែម ពុទ្ធារី មិនបានបណ្តោយឱ្យបទពិសោធន៍ដ៏អាក្រក់នេះបង្អាក់ស្មារតីរបស់គាត់ឡើយ។ ផ្ទុយទៅវិញ លោកស្រីបានប្រែក្លាយបញ្ហានេះទៅជាគំនិតអាជីវកម្ម ដោយបង្កើតនូវផ្លេតហ្វមសេវាកម្មអនឡាញមួយ ដែលមានគោលបំណងជួយការពារអតិថិជនពីការឆបោក និងគាំទ្រដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មខ្លួនឯង។

ចេញផ្សាយនៅ: Jan 30, 2026

អានរហ័ស

MyLekha ផ្តល់ដំណោះស្រាយដ៏សំបូរបែប និងងាយស្រួលសម្រាប់អាជីវករសម័យថ្មី

បង្កើតឡើងក្នុងអំឡុងពេលកូវីដ-១៩ MyLekha ដែលជាធុរកិច្ចបង្កើតថ្មីក្នុងស្រុកមួយ បានកែប្រែពីស្ថានភាពហៀបនឹងបោះបង់ ក្លាយជាប្រព័ន្ធគ្រប់គ្រងការលក់ (POS) ដែលផ្តល់ជូនអ្នកប្រើប្រាស់ក្នុងតម្លៃត្រឹមតែ ៥ ដុល្លារក្នុងមួយខែ។

ចេញផ្សាយនៅ: Jan 29, 2026