ធនាគារ វីង ៖ធនាគាររបស់ប្រជាជន ដែលបំពេញតម្រូវការគ្រប់គ្នា

ដោយ​ចាប់ផ្តើមពីក្រុមហ៊ុន​ផ្តល់​សេវាផ្ទេរប្រាក់តូចមួយ រហូតក្លាយជាធនាគារពាណិជ្ជពេញលេញ ធនាគារ វីង ដែលជាធនាគារក្នុងស្រុក កំពុង​បំពេញតម្រូវការរបស់ប្រជាជនគ្រប់ស្រទាប់ និងគ្រប់វិស័យអាជីវកម្មនៅប្រទេស​កម្ពុជា ដោយពង្រឹងតួនាទីរបស់ខ្លួនជាធនាគាររបស់ប្រជាជនរូប​។

ចេញផ្សាយនៅ: May 18, 2026

ធនាគារ វីង បានចាប់ផ្តើមដំបូង​នៅឆ្នាំ ២០០៨ ជាមួយគំនិតដ៏សាមញ្ញមួយ។ យើងចង់ធ្វើឱ្យការផ្ទេរប្រាក់មានភាពងាយស្រួល និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសប្រជាជនដែល​រស់​នៅតាមតំបន់ជនបទ ហើយ​មិនទាន់មានលទ្ធភាពប្រើប្រាស់សេវាធនាគារផ្លូវការ។ នៅពេលប្រជាជនកម្ពុជាកាន់តែច្រើនប្រើប្រាស់សេវារបស់យើងដើម្បីជួយ​ដល់​គ្រួសាររបស់ពួកគេ យើងក៏បានមើលឃើញ​ថាតម្រូវការនេះ​បាន​កើ​ន​ឡើង​កាន់តែច្រើន​ជាងមុន​។ ប្រជាជនចង់សន្សំប្រាក់ ខ្ចីប្រាក់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគេ ដូច្នេះហើយ យើងបានវិវត្តពីក្រុមហ៊ុន​ផ្តល់​សេវាហិរញ្ញវត្ថុតាមទូរសព្ទដៃ ទៅជាធនាគារពាណិជ្ជពេញលេញ នៅចុងឆ្នាំ ២០២០។

 

សព្វថ្ងៃនេះ ធនាគារ វីង បានរួមបញ្ចូលសេវាធនាគារឌីជីថល ជាមួយបណ្តាញភ្នាក់ងាររបស់​យើង​នៅ​ទូទាំងប្រទេស ដើម្បីធ្វើឱ្យសេវាធនាគារកាន់តែ​ខិតជិតសហគមន៍។ ភ្នាក់ងាររបស់​យើង​ភាគ​ច្រើនគឺជាស្ត្រី ហើយពួកគេមិនត្រឹមតែផ្តល់សេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអតិថិជនឱ្យស្វែងយល់ បង្កើនទំនុកចិត្ត និងចេះគ្រប់គ្រងលុយកាក់ ដោយខ្លួនឯងបាន​ទៀត​ផង។ យើងក៏អនុវត្តកម្មវិធីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ តាមរយៈភ្នាក់ងារ សាខា និងបណ្តាញឌីជីថលរបស់យើង ដើម្បីជួយឱ្យប្រជាជនអាចធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានកាន់តែឆ្លាតវៃ និងចូលរួមក្នុងសេដ្ឋកិច្ចបានកាន់តែពេញលេញ។

 

គោលដៅរបស់យើងនៅតែដដែលដូចកាលពីថ្ងៃដំបូង។ យើងនាំយកសេវាធនាគារឱ្យកាន់តែជិតប្រជាជនជាង​មុន​ បង្កើនទំនុកចិត្តផ្នែកហិរញ្ញវត្ថុ និងជួយប្រជាជនកម្ពុជាឱ្យឈានទៅមុខ។ ចាប់ពីសេវាផ្ទេរប្រាក់ រហូតដល់ការផ្តល់សេវាធនាគារពេញលេញ ដំណើររបស់យើងតែងតែផ្តោតលើភាពងាយស្រួលទំនុកចិត្ត និងបរិយាបន្ន។

 

ទំនួល​ខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) គឺជាចំណុចសំខាន់មួយសម្រាប់ធនាគារ វីង រួមជាមួយនឹងការអភិវឌ្ឍចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជន។ ហេតុអ្វីបានជាការងារនេះមានសារៈសំខាន់? ហើយតើក្រុមហ៊ុននានាគួរតែផ្តល់អាទិភាពដល់កិច្ចការទាំងនេះដែរឬទេ?

 

សម្រាប់ធនាគារ វីង ទំនួល​ខុសត្រូវសង្គម មិនមែនជាការងារបន្ទាប់បន្សំនោះទេ។ វាគឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់យើងផ្ទាល់ និងជាតួនាទីដ៏សំខាន់ដែលយើងចង់ រួមចំណែកក្នុងការកសាងអនាគតរបស់ប្រទេសកម្ពុជា។ ដោយសារប្រជាជនកម្ពុជាភាគច្រើនមានអាយុក្រោម ៣០ ឆ្នាំ ការជួយជ្រោមជ្រែងយុវជនឱ្យមានជំនាញ និងទំនុកចិត្តផ្នែកហិរញ្ញវត្ថុ គឺមានសារៈសំខាន់ខ្លាំងណាស់​។ ហេតុនេះហើយបានជា យើងផ្តោតលើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការអភិវឌ្ឍយុវជន។ ជាក់ស្តែងក្នុងឆ្នាំ ២០២៤ យើងបានដាក់ឱ្យដំណើរការកម្មវិធី “Youth and Money” ដោយបានសហការជាមួយ Kot Luy ដើម្បីផ្តល់ចំណេះដឹងហិរញ្ញវត្ថុជាក់ស្តែងដល់សិស្សានុសិស្សមកពីសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងសាកលវិទ្យាល័យនានានៅក្នុងខេត្តចំនួន ៨។

 

ក្រៅពីនេះ​ យើងក៏វិនិយោគបន្ថែម​លើនវានុវត្តន៍ និងភាពជាសហគ្រិនផងដែរ។ ភាពជាដៃគូរយៈពេលវែងរបស់យើងជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោបានដំណើរការតាំងពីឆ្នាំ ២០២០ មក ដោយគាំទ្រកម្មវិធីនានា ដូចជាកម្មវិធីនវានុវត្តន៍បញ្រ្ចាសកម្មវិធីពន្លឿនអាជីវកម្មសហគ្រាសខ្នាតតូច និងមធ្យមឌីជីថល កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល កម្មវិធី Turning Hackathon និង ដំណើរទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធធុរកិច្ចថ្មីក្នុងតំបន់។ យើងមិនត្រឹមតែជាអ្នកឧបត្ថម្ភថវិកា​ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចូលរួមដោយ​ផ្ទាល់​ក្នុងនាម​ជា​គណៈកម្មការវាយតម្លៃ និងធ្វើការដោយផ្ទាល់ជាមួយនវានុវត្តន៍ជន​វ័យក្មេង ដោយ​បាន​ដើរតួនាទីយ៉ាងសកម្មក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី​របស់កម្ពុជា។

 

នៅធនាគារ វីង​ យើងបាន​អភិវឌ្ឍយុវជនប្រកបដោយ​សមត្ថភាព​តាមរយៈកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង។ កម្មវិធីនេះជួយដល់យុវជនដែលមានសក្តានុពលខ្ពស់ និងអ្នកដែល​ចាប់​ផ្តើម​ចូលក្នុង​អាជីពដំបូងៗ ឱ្យពួកគេទទួលបាន​នូវការសិក្សារៀនសូត្រ​ ការណែនាំពីអ្នកជំនាញ និងការបំពេញ​ការងារជាក់ស្តែងតាមរយៈ​គម្រោងផ្សេងៗ ដើម្បីត្រៀមខ្លួនឱ្យក្លាយជាអ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុឌីជីថល។ នេះគឺជាវិធីដែលយើងកសាងសមត្ថភាពក្នុងស្រុក និងបង្កើតធនធានអ្នក​ដឹកនាំជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

 

គំនិតផ្តួចផ្តើមមួយទៀតដែលយើងមានមោទនភាពយ៉ាងខ្លាំង គឺកម្មវិធី STEM របស់យើងក្រោមកិច្ចសហការជាមួយអង្គការមូលនិធិកុមារកម្ពុជា

 

ដែលយើងបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៥ ក្នុងឱកាសទិវានារីអន្តរជាតិ។ គោលបំណងនៃកម្មវិធីនេះ គឺជួយឱ្យយុវតី​មកពីសហគមន៍ងាយរងគ្រោះ ទទួលបានឱកាសក្នុងការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

 

តាមរយៈកម្មវិធីនេះ សាលា “Tomorrow Academy” កំពុងបណ្តុះ​បណ្តាល​ចំណេះ​ដឹង​ផ្នែក​ឌីជីថលសំខាន់ៗ​ដល់សិស្សានុសិស្ស​ ព្រម​ទាំង​ផ្តល់ឱកាសកម្មសិក្សានៅធនាគារ វីង សម្រាប់និស្សិតសាកលវិទ្យាល័យ។ កម្មវិធីនេះផ្តល់ឱ្យយុវនារីនូវបទពិសោធន៍ជាក់ស្តែងអំពីអាជីពនាពេលអនាគតក្នុងវិស័យបច្ចេកវិទ្យា និងធនាគារ ព្រមទាំងជួយពួកគេកសាងទំនុកចិត្ត និងជំនាញដើម្បីកំណត់អនាគតរបស់ខ្លួនឯង។

 

សម្រាប់យើង ការវិនិយោគលើយុវជន គឺជាកាតព្វកិច្ច និងការប្តេជ្ញាចិត្តរយៈពេលវែង។ នៅពេលយុវជនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ រៀនជំនាញបច្ចេកវិទ្យា និងមានទំនុកចិត្ត មនុស្សគ្រប់គ្នាក៏ទទួលបានអត្ថប្រយោជន៍ផងដែរ។ វាជួយពង្រឹងគ្រួសារ សហគមន៍ និងកម្លាំងពលកម្មនាពេលអនាគតរបស់កម្ពុជា។

 

ហើយតើ​ក្រុម​ហ៊ុននានាគួរតែផ្តល់អាទិភាពលើការងារនេះទេ? ប្រាកដណាស់។ សព្វថ្ងៃនេះ ក្រុមហ៊ុននានាត្រូវបានរំពឹងថា នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម មិនមែនផ្តោតតែលើប្រាក់ចំណេញប៉ុណ្ណោះទេ។ នៅពេលក្រុមហ៊ុន​វិនិយោគលើយុវជន និងសហគមន៍ដែលពួកគេបម្រើ ពួកគេកំពុងបង្កើតឱកាស គាំទ្រកំណើនសេដ្ឋកិច្ច និងកសាងអនាគតដែលមានចីរភាពជាងមុន សម្រាប់ប្រទេសជាតិ និងក្រុមហ៊ុន​ផងដែរ។

 

វិស័យធនាគារកំពុងប្រឈមនឹងសម្ពាធពីអត្រាឥណទានមិនដំណើរការ (NPL) ខ្ពស់ និងកំណើនឥណទានទាប ដោយមើលឃើញតែការកើនឡើងតិចតួចប៉ុណ្ណោះចាប់តាំងពីវិបត្តិកូវីដ-១៩ មក។ តើធនាគារកំពុងដោះស្រាយស្ថានភាពនេះ ក៏ដូចជា​ហានិភ័យនៃការកើនឡើងឥណទានខូចបាន​យ៉ាងដូចម្តេច? ហើយតើធនាគារបានត្រៀមថវិកាបម្រុង (Impairment provision) ប៉ុន្មានដែរ សម្រាប់ឆ្នាំ ២០២៥?

 

វិស័យធនាគារកំពុងស្ថិតក្នុងដំណាក់កាលនៃការវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីបន្តិចម្តងៗ ក្រោយកូវីដ-១៩ ដោយនិន្នាការឥណទាន និងអត្រាឥណទានមិនដំណើរការ (NPL) មានការប្រែប្រួលខុសៗគ្នាតាមប្រភេទនៃការផ្តល់កម្ចី។ នៅធនាគារ វីង យើងកំពុងគ្រប់គ្រងស្ថានភាពនេះដោយការអនុវត្តការគ្រប់គ្រងហានិភ័យយ៉ាងតឹងរ៉ឹង និងប្រកបដោយភាពបុរេសកម្ម។ យើងបានពង្រឹងស្តង់ដាវាយតម្លៃឥណទានតាំងពីដំបូង បង្កើនការតាមដានតាមវិស័យជាក់លាក់ និងគាំទ្រអតិថិជនដែលមានសក្តានុពល ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈការរៀបចំឥណទានឡើងវិញដោយមានទំនួលខុសត្រូវ ក្នុង​ករណី​ដែលចាំបាច់​។ ផលប័ត្រឥណទានរបស់យើងមានការបែងចែកបានល្អលើវិស័យឥណទានបុគ្គល សហគ្រាស​ខ្នាតតូច និង​មធ្យម​ ក៏ដូចជា​ឥណទានផ្អែកលើប្រាក់បៀវត្ស ដែលផ្តល់ភាពរឹងមាំជាងការផ្តោតខ្លាំងលើវិស័យណាមួយតែមួយ។

 

សម្រាប់ការបម្រុងទុកសម្រាប់ការខាតបង់ឥណទាន យើងអនុវត្តតាមអភិក្រមប្រុងប្រយ័ត្នខ្ពស់ ដោយអនុលោមតាមបទប្បញ្ញត្តិ និងស្តង់ដា IFRS 9។ កម្រិតនៃការការពាររបស់យើងនៅតែរឹងមាំ ហើយយើងមានទំនុកចិត្តលើសមត្ថភាពក្នុងការទប់ទល់នឹងសម្ពាធដែលអាចកើតមាន។ ការគ្រប់គ្រងឥណទានយ៉ាង ហ្មត់ចត់ និងឧបករណ៍តាមដានឌីជីថលរបស់យើង បានជួយ​យើងឱ្យស្ថិតក្នុងទីតាំងរឹងមាំមួយដើម្បីឆ្លងកាត់វដ្តសេដ្ឋកិច្ចនេះ និងបន្តគាំទ្រអតិថិជនប្រកបដោយទំនួលខុសត្រូវ។

 

តើសមតុល្យឥណទានដែលនៅជំពាក់សម្រាប់ឆ្នាំ ២០២៥ មានចំនួនប៉ុន្មាន ហើយអត្រាកំណើនធៀបនឹងឆ្នាំមុនមានកម្រិតប៉ុន្មាន? ហើយតើការរំពឹងទុកចំពោះកំណើនឥណទានសម្រាប់ឆ្នាំនេះ មានលក្ខណៈយ៉ាងដូចម្តេច ក្នុងបរិបទស្ថានភាពបច្ចុប្បន្ននេះ?

 

គិតត្រឹមចុងឆ្នាំហិរញ្ញវត្ថុ ២០២៥ ផលប័ត្រឥណទានរបស់ធនាគារ វីង មានទំហំប្រមាណ ២,២ ពាន់លានដុល្លារអាមេរិក ដែលបង្ហាញពីកំណើនជិត ៨០ ភាគរយ ធៀបនឹងឆ្នាំមុន។ កំណើននេះត្រូវបានវាស់វែង និងគ្រប់គ្រងដោយវិន័យច្បាស់លាស់ ដើម្បីធានាថា យើងអាចរក្សាតុល្យភាពរវាងការពង្រីកអាជីវកម្ម និងគុណភាពទ្រព្យសកម្មដ៏រឹងមាំ។

 

សម្រាប់ឆ្នាំ ២០២៦ យើងរំពឹងថា នឹងមានកំណើនឥណទានក្នុងកម្រិតមធ្យមប៉ុន្តែប្រសើរឡើងជាងមុន​ប្រមាណ ៣០ ភាគរយ ដោយអាស្រ័យលើការងើបឡើងវិញនៃម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនៃវិស័យអចលនទ្រព្យ សកម្មភាពរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។

 

យើងរំពឹងថា សន្ទុះកំណើនខ្លាំងជាងគេនឹងស្ថិតនៅក្នុងវិស័យឥណទានបុគ្គល ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) និងឥណទានឌីជីថល ខណៈដែលយើងនៅតែប្រកាន់ជំហរប្រុងប្រយ័ត្នចំពោះឥណទានធំៗ ។ការយកចិត្តទុកដាក់របស់យើងនៅតែបន្តផ្តោតលើកំណើនដែលមានគុណភាពខ្ពស់ និងនិរន្តរភាព។

 

តើទំហំនៃប្រភេទឥណទាននីមួយៗរបស់ធនាគារមានប៉ុន្មានដែរ? តើធនាគារ វីង កំពុងពង្រីកផលប័ត្រសម្រាប់​សហគ្រាសធុនតូច និងមធ្យមក៏ដូចជា​គាំទ្រអាជីវកម្មក្នុងវិស័យណាខ្លះ? ហើយតើមានការបង្កើនថវិកាផ្តល់ហិរញ្ញប្បទានដែរឬទេ?

 

ផលប័ត្រឥណទានរបស់យើងមានតុល្យភាពល្អរវាងអតិថិជនម្នាក់ៗ សហគ្រាសធុនតូច និងមធ្យម និងអតិថិជនសាជីវកម្ម ហើយការផ្តោតសំខាន់របស់យើងគឺការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានមួយណា​ដែលតម្រូវ​ការចាំបាច់​បំផុត។ ប្រទេសកម្ពុជាមានសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ជាង ៧៥៣,០០០ ដែលផ្តល់ការងារដល់ប្រជាជនជិត ៣ លាននាក់ ហើយ​ក្នុងនោះមានប្រមាណ ៦០ ភាគរយជាស្ត្រី និងរួមចំណែកប្រហែល ៦៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ហេតុនេះហើយបានជាសហគ្រាសធុនតូច និងមធ្យម SMEs គឺជាចំណុចស្នូលសម្រាប់ធនាគារ វីង។ យើងបានសម្រួល​ឱ្យការស្នើសុំឥណទានកាន់តែងាយស្រួល តាមរយៈការចុះឈ្មោះឌីជីថល ការអនុម័តលឿនជាងមុន ឥណទានផ្អែកលើលំហូរសាច់ប្រាក់ និងការផ្តល់ហិរញ្ញប្បទានអាច​ធ្វើ​បាន​នៅ​ក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ធនាគារ វីង។

 

នៅឆ្នាំ ២០២៥ យើងបានដាក់ឱ្យដំណើរការគម្រោង​ធានាឥណទានបោះដុំ ដែល​ទំហំ ៥០ លានដុល្លារអាមេរិក ជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីពង្រីកការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងកាត់បន្ថយហានិភ័យសម្រាប់សហគ្រិន។ ​បន្ថែមពីនេះ​ទៀត​ យើងក៏កំពុងគាំទ្រវិស័យកសិកម្ម និងវារីវប្បកម្ម តាមរយៈភាពជាដៃគូជាមួយសមាគមវារីវប្បករនៅកម្ពុជា, ក្រុមហ៊ុន LIONPRO និងក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយផ្តល់ហិរញ្ញប្បទានរហូតដល់ ៥០០,០០០ ដុល្លារអាមេរិក សម្រាប់វារីវប្បកម្ម និង ២០០,០០០ ដុល្លារអាមេរិក សម្រាប់កសិកម្មឆ្លាតវៃដែល​ធន់នឹងអាកាសធាតុ។

 

ហើយនៅខែធ្នូ ឆ្នាំ ២០២៥ យើងបានប្រកាសផ្តល់ថវិកា ៥០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រ SME និងធុរកិច្ចថ្មី​ តាមរយៈ​កិច្ច​សហការ​ជាមួយក្រសួងកិច្ចការនារី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏

 

សម្រាប់ឆ្នាំ ២០២៦ យើងនឹងបន្តពង្រីកហិរញ្ញប្បទានសម្រាប់ SME ពង្រឹងភាពជាដៃគូ និងជួយម្ចាស់អាជីវកម្មឱ្យរីកចម្រើន ព្រោះថា​នៅ​ពេលដែល SMEs រីកលូតលាស់ មានន័យថា សហគមន៍ក៏​កាន់តែរឹងមាំ ហើយប្រទេសជាតិទាំងមូលក៏រីកចម្រើនដូចគ្នា

 

តើមានផែនការនាំយកធនាគារ វីង ចុះបញ្ជីក្នុងទីផ្សារមូលបត្រនាពេលអនាគតដែរឬទេ?

 

បច្ចុប្បន្ន ធនាគារ វីង កំពុងផ្តោតលើការពង្រឹងប្រតិបត្តិការ ជំរុញការផ្លាស់ប្តូរឌីជីថល និងកសាងកំណើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។ ការចុះបញ្ជីក្នុងទីផ្សារមូលបត្រ គឺតែងតែជាជម្រើសមួយដែលស្ថាប័នមានអភិបាលកិច្ចល្អអាចពិចារណានាពេលអនាគត ពីព្រោះវាផ្តល់លទ្ធភាពយ៉ាង​ទូលំទូលាយក្នុងការទទួលបានដើមទុន និងគាំទ្រប្រកបដោយ​តម្លាភាព។ ប៉ុន្តែនៅពេលនេះ មិនទាន់មានផែនការភ្លាមៗ ឬសេចក្តីប្រកាសណាមួយទាក់ទងនឹងការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO) នោះទេ។ យើងបន្តពិនិត្យមើលជម្រើសដើមទុនជា​យុទ្ធសាស្ត្រទាំងអស់ ស្របតាមអាទិភាពរបស់ម្ចាស់ភាគហ៊ុន ស្ថានភាពទីផ្សារ និងយុទ្ធសាស្ត្ររយៈពេលវែងរបស់យើង។

 

តើទស្សនវិស័យរបស់ធនាគារ វីង និងវិស័យធនាគារសម្រាប់ឆ្នាំ ២០២៦ មានលក្ខណៈយ៉ាងដូចម្តេច? ហើយតើមានផែនការពង្រីកប្រព័ន្ធធនាគារឌីជីថល និង/ឬធនាគារតាមទូរសព្ទ ដែរឬទេ?

 

យើងមើលឃើញថា ឆ្នាំ ២០២៦ នឹងក្លាយជាឆ្នាំដែលមានសក្តានុពលល្អសម្រាប់វិស័យធនាគារ ដោយមានការគាំទ្រពីមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា រួមមានប្រជាជនវ័យក្មេង ការទទួលយកបច្ចេកវិទ្យាឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការកើនឡើងនៃនគរូបនីយកម្ម និងការផ្តោតសំខាន់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍSME។

 

សម្រាប់ធនាគារ វីង ឆ្នាំ ២០២៦ គឺជាឆ្នាំនៃការពន្លឿនយុទ្ធសាស្ត្រឌីជីថលជាចម្បងរបស់យើង ការពង្រឹងប្រព័ន្ធអេកូឡូស៊ីគំរូធនាគារ ព្រមទាំង​ពង្រីកការគាំទ្ររបស់យើងចំពោះSME រួមទាំងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ នៅ​ខាង​ផ្នែកឌីជីថល យើងកំពុងអភិវឌ្ឍអេប​ធនាគារ វីង ឱ្យកាន់តែប្រសើរឡើងជាមួយប្រព័ន្ធវាយតម្លៃឥណទានឆ្លាតវៃជាងមុន ការផ្តល់សេវាផ្ទាល់ខ្លួនកាន់តែច្រើន ការពង្រីកឥណទានតាម​ប្រព័ន្ធឌីជីថល ការពង្រឹងសុវត្ថិភាពសាយប័រ និងសេវាកម្មបន្ថែមសម្រាប់អាជីវករ និងសេវាកម្មផ្សេងៗក្នុងប្រព័ន្ធអេកូឡូស៊ីតែមួយ

 

ជាមួយនឹងមូលដ្ឋានគ្រឹះ​សេវាទូទាត់ឌីជីថលដ៏រឹងមាំ ធនាគារ វីង មានជំហរដ៏ល្អប្រសើរក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលត្រូវ​បាន​ធ្វើ​សមាហរណកម្ម​​យ៉ាងពេញលេញ ហើយយើងជឿជាក់ថា នឹងមានឱកាសល្អៗជាច្រើននាខាងមុខ

 

 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ទទួលបានការកោតសរសើរពីសម្តេចធិបតីក្នុងនាមជាស្ថាប័នបង់ពន្ធច្រើនជាងគេមួយដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ

ជាមោទនភាពមួយ ដែលធនាគារ វីង ទទួលបាន “វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស” ឆ្នាំ២០២៥ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលស្គាល់នូវការប្រកាន់ខ្ជាប់នូវតម្លាភាព និងគណនេយ្យភាពដ៏ល្អប្រសើរ។

ចេញផ្សាយនៅ: May 19, 2026

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026