ចំណេះដឹងហិរញ្ញវត្ថុ ជួយត្រួសត្រាយផ្លូវអនាគតដល់សិស្សានុសិស្សកម្ពុជា ឱ្យចេះទម្លាប់សន្សំតាំងពីក្មេង

ការដាក់បញ្ចូលមុខវិជ្ជាចំណេះដឹងហិរញ្ញវត្ថុនៅតាមគ្រឹះស្ថានសិក្សានៅក្នុងប្រទេសកម្ពុជា កំពុងជួយយុវជនឱ្យចេះចាត់ចែងលុយកាក់បានល្អ និងចេះរៀបចំផែនការអនាគតរបស់ខ្លួនបានយ៉ាងរឹងមាំទៀតផង។

ចេញផ្សាយនៅ: Nov 28, 2025

 

ការដាក់បញ្ចូលមុខវិជ្ជាចំណេះដឹងហិរញ្ញវត្ថុនៅតាមគ្រឹះស្ថានសិក្សានៅក្នុងប្រទេសកម្ពុជា កំពុងជួយយុវជនឱ្យចេះចាត់ចែងលុយកាក់បានល្អ  និងចេះរៀបចំផែនការអនាគតរបស់ខ្លួនបានយ៉ាងរឹងមាំទៀតផង។  

 

ស្របពេលដែលសេដ្ឋកិច្ច និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការបង្រៀនសិស្សឱ្យចេះពីរបៀបចាត់ចែងលុយកាក់កាន់តែមានសារៈសំខាន់ខ្លាំងឡើង ដើម្បីធានាថាពួកគាត់ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមមុខនឹងបញ្ហា ក៏ដូចជាចាប់យកឱកាសនានាទៅថ្ងៃអនាគត។

 

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាគ្រឹះស្ថានសិក្សាជាច្រើននៅកម្ពុជាបានដាក់បញ្ចូលចំណេះដឹងហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សា ដើម្បីជួយសិស្សឱ្យយល់កាន់តែច្បាស់ពីការគ្រប់គ្រងលុយកាក់ ការសន្សំ និងការវិនិយោគសម្រាប់ថ្ងៃអនាគត។

 

ការវិវឌ្ឍជាវិជ្ជមាននៅក្នុងវិស័យអប់រំនេះ បានជំរុញទឹកចិត្តសិស្សានុសិស្សឱ្យចាប់ផ្តើមអនុវត្តជាក់ស្តែង ដើម្បីធានាបាននូវអនាគតហិរញ្ញវត្ថុដ៏រឹងមាំ ដូចជាការបើកគណនីធនាគារ និងការដាក់គោលដៅសន្សំប្រាក់រយៈពេលវែងសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ ឬការវិនិយោគជាដើម ដែលនេះជាសញ្ញាដ៏ល្អមួយក្នុងការបណ្តុះយុវជនជំនាន់ថ្មីឱ្យឆ្លាតវៃគ្រប់គ្រង និងចាត់ចែងលុយកាក់ឱ្យបានល្អ ។

 

យុវសិស្ស អៀង អារីយ៉ាក់ និង លី ម៉ីជីង ជាសិស្សថ្នាក់ទី៨ នៅសាលាអន្តរជាតិ AUPP Liger Leadership Academy ដែលជាសាលាមធ្យមសិក្សាឯកជនមួយនៅកម្ពុជា បានចាប់ផ្តើមរៀនពីកម្មវិធីសិក្សាចំណេះដឹងហិរញ្ញវត្ថុរបស់ AUPP ដែលមានឈ្មោះថា “Money Tree” (ដើមឈើលុយ) តាំងពីពួកគេនៅថ្នាក់ទី៧ មកម្ល៉េះ។

 

កម្មវិធីនេះមានបង្រៀនទាំងភាសាខ្មែរ និងអង់គ្លេស ហើយតម្រូវឱ្យសិស្សរៀនពេញមួយឆ្នាំតែម្តង ដែលជាផ្នែកមួយនៃការសិក្សាតាមបែបអនុវត្តជាក់ស្តែង។ តាមរយៈថ្នាក់រៀននេះ ពួកគេទទួលបានការយល់ដឹងច្រើនពីសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចកម្ពុជា ពាណិជ្ជកម្ម ពន្ធគយ ស្ថាប័នហិរញ្ញវត្ថុ ទីផ្សារភាគហ៊ុន និងការសិក្សាស្វែងយល់ពីអង្គការពាណិជ្ជកម្មពិភពលោកជាដើម។

 

យុវសិស្ស ម៉ីជីង បានរៀបរាប់ថា៖ “ដំបូងឡើយ យើងរៀនពីរបៀបចាត់ចែងលុយកាក់របស់យើង បន្ទាប់មកយើងរៀនកាន់តែស៊ីជម្រៅបន្ថែមទៀត ដូចជាការវិនិយោគ របៀបដំណើរការរបស់ប្រព័ន្ធធនាគារ និងបញ្ហាពន្ធដារ ជាដើម។”

 

ទោះបីជា យុវសិស្សរូបនេះធ្លាប់បានដឹងពីសារៈសំខាន់នៃការសន្សំក៏ដោយ ក៏ចំណេះដឹងហិរញ្ញវត្ថុមានកម្រិត ព្រោះមិនទាន់យល់ច្បាស់ពីនីតិវិធីផ្សេងៗ ថាតើគួរសន្សំលុយក្នុងកូនជ្រូក ឬក្នុងធនាគារ? តើ អាចយកលុយទៅសន្សំទុកនៅឯណាទើបបានការប្រាក់?។​ សំណួរទាំងនេះជាអ្វីដែល យុវសិស្ស រូបនេះធ្លាប់មានចម្ងល់ មុនពេលទទួលបានការអប់រំផ្នែកចំណេះដឹងហិរញ្ញវត្ថុ។ តែពេលនេះ ម៉ីជីង បានយល់ច្បាស់ពីប្រភេទគណនីធនាគារជាច្រើន រួមទាំងគណនីប្រាក់បញ្ញើមានកាលកំណត់។

 

ការចូលរួមក្នុងវគ្គសិក្សានេះ បានជួយពង្រីកការយល់ដឹងរបស់ ម៉ីជីង លើគោលគំនិតសាមញ្ញៗដែលប្អូនធ្លាប់បានដឹងខ្លះៗរួចមកហើយ។

 

ស្រដៀងគ្នានេះដែរ យុវសិស្ស អារីយ៉ាក់ មិនសូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុពីមុនមកទេ ដោយដំបូងឡើយយុវសិស្សរូបនេះគិតថា វាគ្រាន់តែជារឿងទាក់ទងនឹងការសន្សំ សេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ។ បន្ទាប់ពីរៀនបានមួយឆ្នាំ បទពិសោធន៍ និងទស្សនៈរបស់ អារីយ៉ាក់ លើប្រធានបទនេះកាន់តែមានភាពទូលំទូលាយ។

 

យុវសិស្ស អារីយ៉ាក់ និយាយថា៖ “មុខវិជ្ជានេះជួយឱ្យខ្ញុំស្វែងយល់អំពីប្រភេទគណនីធនាគារផ្សេងៗគ្នា ក៏ដូចជាឥទ្ធិពលរបស់ធនាគារ និស្ថាប័នឯកជននានាមកលើសេដ្ឋកិច្ច និងតួនាទីរបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។”

 

 

ការសន្សំសម្រាប់ការបន្តការសិក្សា និងការវិនិយោគ

 

បន្ទាប់ពីទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិស្សានុសិស្សបានសុំឱ្យឪពុកម្តាយបើកគណនីធនាគារសម្រាប់ពួកគេ ដើម្បីពួកគេអាចសន្សំប្រាក់សម្រាប់អនាគត។

 

ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកទឹកចិត្តឱ្យនិស្សិតសាកលវិទ្យាល័យចូលរួមក្នុងគម្រោងសាកល្បងប្រព័ន្ធទូទាត់ “បាគងយុវជន” (Bakong Junior) របស់ធនាគារជាតិ នៃកម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបណ្តុះទម្លាប់នៃការសន្សំ ការរៀបចំកញ្ចប់ថវិកា និងការធ្វើផែនការហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព។

 

សិស្សានុសិស្សអាចចុះឈ្មោះប្រើប្រាស់កម្មវិធីនេះ ដែលផ្តល់នូវមុខងារទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព រួមជាមួយ និងមេរៀនអប់រំហិរញ្ញវត្ថុនានា។  

 

អារីយ៉ាក់ បានរៀបរាប់ថា៖ “ខ្ញុំបានសុំការអនុញ្ញាតពីប៉ាម៉ាក់ ដើម្បីបើកគណនីប្រាក់បញ្ញើមានកាលកំណត់មួយ សម្រាប់សន្សំរាល់លុយដែលខ្ញុំទទួលបាន ដើម្បីយកទៅវិនិយោគសម្រាប់អនាគត និងគាំទ្រដល់ការសិក្សានៅសាកលវិទ្យាល័យរបស់ខ្ញុំ។”

 

ដូចគ្នាដែរ ម៉ីជីង ក៏បានសុំឱ្យប៉ាម៉ាក់របស់ខ្លួនបើកគណនីសន្សំមួយសម្រាប់នាងផងដែរ។ ដោយសារបច្ចុប្បន្នយុវសិស្សរូបនេះកំពុងស្នាក់នៅរៀនសូត្រនៅសាលា AUPP Liger Leadership Academy ចំណេះដឹងហិរញ្ញវត្ថុដែលទទួលបាន បានជួយឱ្យនាងចេះគ្រប់គ្រងប្រាក់ហោប៉ៅដែលប៉ាម៉ាក់ឱ្យយ៉ាងមានប្រសិទ្ធភាព។ យុវសិស្ស មីជីង បានបញ្ជាក់ថា៖ “ខ្ញុំអាចគ្រប់គ្រងប្រាក់ហោប៉ៅរបស់ខ្ញុំបានល្អ ហើយថែមទាំងអាចសន្សំបានខ្លះៗទៀតផងនៅចុងឆមាស។”

 

លោក សុខ ចាន់ ប្រធានផ្នែកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ​នៃសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ថា ចំណេះដឹងហិរញ្ញវត្ថុជួយឱ្យកុមារចេះប្រើប្រាស់ និងគ្រប់គ្រងសេវាហិរញ្ញវត្ថុឌីជីថលប្រកបដោយភាពវៃឆ្លាត។

 

លោក សុខ ចាន់ បានលើកឡើងថា៖ “ការអប់រំកុមារ និងយុវជនកម្ពុជាអំពីការគ្រប់គ្រងលុយកាក់ និងការយល់ដឹងពីសិទ្ធិរបស់ខ្លួនតាំងពីក្មេង គឺជួយពួកគេក្នុងការកសាងជំនាញហិរញ្ញវត្ថុដ៏ឆ្លាតវៃសម្រាប់អនាគត។ ពួកគេក៏អាចចែករំលែកចំណេះដឹងនេះទៅកាន់ក្រុមគ្រួសាររបស់ពួកគេបានផងដែរ។”

 

យោងតាមធនាគារជាតិ នៃកម្ពុជា ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើនឡើង ៧,៣ ភាគរយ ដល់ ៩៧,១ ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៥។ ប្រាក់បញ្ញើអតិថិជនក៏មានការកើនឡើង ១៤,៥ ភាគរយ ស្មើនឹង ៦១,៥ ពាន់លានដុល្លារ ជាមួយគណនីប្រាក់បញ្ញើកើនដល់ ២៨,២ លានគណនី ខណៈគណនីឥណទានកើនដល់ ៤,៣ លានគណនីផងដែរ។

 

កំណើននៃគណនីប្រាក់បញ្ញើនេះ បង្ហាញថាមនុស្សកាន់តែច្រើនកំពុងបណ្តុះទម្លាប់សន្សំ និងយល់ដឹងពីការគ្រប់គ្រងលុយកាក់ប្រកបដោយសុវត្ថិភាព។

 

បើកឱកាសឱ្យយុវជនស្វែងយល់ពីរឿងលុយកាក់

 

យុវសិស្ស អារីយ៉ាក់ ជឿជាក់ថា ការទទួលបានចំណេះដឹងហិរញ្ញវត្ថុពីក្មេងគឺជារឿងដ៏សំខាន់ ព្រោះការអនុវត្តជាក់ស្តែងនឹងកាន់តែងាយស្រួលនៅពេលពួកគេធំឡើង។

 

យុវសិស្ស រូបនេះ រៀបរាប់ថា៖ “ឧទាហរណ៍ បើយើងមានចំណេះដឹងស្រាប់ យើងអាចបើកគណនីធនាគារ សន្សំលុយ និងអាចយកទៅវិនិយោគលើទីផ្សារភាគហ៊ុនទៀតផង។ លុយរបស់យើងនឹងកើនឡើង ហើយវាក៏ជួយទប់ទល់ពេលសេដ្ឋកិច្ចមានបញ្ហាធ្លាក់ចុះផងដែរ។”

 

ចំណែកឯ ម៉ីជីង បានលើកឡើងថា ការទទួលបានចំណេះដឹងហិរញ្ញវត្ថុតាំងពីក្មេង អនុញ្ញាតឱ្យពួកគេអាចចាប់ផ្តើមសន្សំបានលឿន និងចេះគ្រប់គ្រងលុយកាក់ប្រកបដោយប្រសិទ្ធភាពនៅពេលពួកគេចូលបម្រើការងារនៅថ្ងៃណាមួយ។

 

យុវសិស្ស ម៉ីជីង រៀបរាប់ថា៖ “បើអនាគតទៅ យើងចង់បើកអាជីវកម្ម ហើយយើងចេះរឿងលុយកាក់តាំងពីក្មេង យើងអាចចាប់ផ្តើមសន្សំ និងសុំឱ្យប៉ាម៉ាក់បើកគណនីបញ្ញើមានកាលកំណត់ឱ្យ។ ដល់ពេលនោះ យើងអាចយកលុយនោះទៅបើកអាជីវកម្ម ឬបង់ថ្លៃសាលាបានតែម្តង។”

 

គួររំលឹកថា របាយការណ៍អក្ខរកម្មហិរញ្ញវត្ថុសកលឆ្នាំ២០១៥ បង្ហាញថា កម្ពុជាមានអត្រាអ្នកយល់ដឹងពីហិរញ្ញវត្ថុត្រឹមតែ ១៨% ប៉ុណ្ណោះ ដែលឈរនៅលេខរៀងទី ១៣៥ ក្នុងចំណោម ១៤៤ ប្រទេស។ ចំណែករបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានបង្ហាញដែរថា ពិន្ទុយល់ដឹងផ្នែកហិរញ្ញវត្ថុសរុបរបស់កម្ពុជាស្ថិតនៅកម្រិតទាបនៅឡើយ បើប្រៀបធៀបជាមួយប្រទេសចំនួន ៣០ ផ្សេងទៀត។

 

ត្រួសត្រាយផ្លូវយុវជន ឆ្ពោះទៅកាន់អនាគតហិរញ្ញវត្ថុដ៏ឆ្លាតវៃ

 

ក្នុងយុគសម័យឌីជីថលដ៏ជឿនលឿននេះ ចំណេះដឹងហិរញ្ញវត្ថុគឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់យុវជនកម្ពុជា។ ពេលដែលការទូទាត់តាមទូរសព្ទ និងសេវាធនាគារអនឡាញកំពុងពេញនិយមខ្លាំង យុវជនមិនគ្រាន់តែត្រូវការភាពងាយស្រួលក្នុងការប្រើប្រាស់ប៉ុណ្ណោះទេ តែពួកគេត្រូវការជាចាំបាច់នូវចំណេះដឹង។

 

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានលើកឡើងថា៖ “យុវជនរបស់យើងកំពុងឈានចូលទៅកាន់ពិភពនៃការទូទាត់តាមប្រព័ន្ធឌីជីថល ឥណទាន និងឱកាសវិនិយោគផ្សេងៗ។ ប្រសិនបើគ្មានចំណេះដឹងត្រឹមត្រូវទេ ពួកគេអាចប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងបំណុល ឬបាត់បង់ឱកាសក្នុងការកសាងទ្រព្យសម្បត្តិ។”

 

ដើម្បីចូលរួមដោះស្រាយបញ្ហានេះ ធនាគារ វីង បានសហការជាមួយ អេប កត់លុយ (Kot Luy) ដោយបានដាក់ឱ្យដំណើរការគម្រោង “យុវជន និងលុយកាក់” (Youth & Money) កាលពីខែតុលា ឆ្នាំ២០២៤ ដែលតាមផែនការ កម្មវិធីនេះបានបណ្តុះបណ្តាលសិស្ស-និស្សិតជាង ៥.០០០ នាក់ ដែលមកពីវិទ្យាស្ថាន TVET និងមកពីសាកលវិទ្យាល័យនានាក្នុងខេត្តចំនួន ៨ ដើម្បីផ្តល់ជំនាញហិរញ្ញវត្ថុចាំបាច់ដល់ពួកគេ ហើយអាចរីកលូតលាស់ក្នុងបរិការណ៍សេដ្ឋកិច្ចឌីជីថលដែលកំពុងវិវឌ្ឍយ៉ាងរហ័ស។

 

លោក ហោ ប៊ុនថែ បានបន្ថែមថា៖ “ការបង្រៀនយុវជនកម្ពុជា ឱ្យចេះរៀបចំកញ្ចប់ថវិកា សន្សំ និងធ្វើផែនការអនាគត យើងមិនត្រឹមតែចូលរួមកសាងធនធានមនុស្សប្រកបដោយការទទួលខុសត្រូវប៉ុណ្ណោះទេ តែយើងកំពុងតែវិនិយោគលើភាពធន់ និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។”

 

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុក្នុងសហគមន៍ ធនាគារ វីង បានដាក់ឱ្យដំណើរការ “គណនីសន្សំដើម្បីគោលដៅ” (Save for a Goal) ដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់ឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេបន្តិចម្តងៗ ព្រមទាំងទទួលបានការប្រាក់ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេបន្ថែមទៀត។

 

លោក ហោ ប៊ុនថែ បានមានប្រសាសន៍បន្តថា៖ “ការសន្សំគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់វ័យ។ សម្រាប់យុវជន វាជួយពួកគេចេះរៀបចំផែនការ រក្សាវិន័យ និងសម្រេចគោលដៅជាក់លាក់។ នេះជាមូលហេតុដែលយើងបង្កើត “គណនីសន្សំដើម្បីគោលដៅ” នេះឡើង ដើម្បីធ្វើឱ្យការសន្សំប្រាក់កាន់តែមានភាពងាយស្រួល ទទួលបានផលចំណេញ និងងាយស្រួលចូលប្រើប្រាស់បំផុតផងដែរ។”

 

ជាមួយ គណនីសន្សំដើម្បីគោលដៅ អតិថិជនបង្កើតគណនីសន្សំផ្ទាល់ខ្លួន ឬសន្សំជាក្រុម ដោយផ្តល់ជូននូវភាពបត់បែនក្នុងការបន្ថែមលុយសន្សំបានគ្រប់ពេលវេលា មិនថាប្រចាំថ្ងៃ ឬប្រចាំខែឡើយ។ មិនតែប៉ុណ្ណោះ អតិថិជនអាចទទួលបានអត្រាការប្រាក់រហូតដល់ ៥% ក្នុងមួយឆ្នាំ ដែលជួយឱ្យពួកគេសម្រេចគោលដៅហិរញ្ញវត្ថុបានកាន់តែលឿន។

 

លោក ហោ ប៊ុនថែ បានបន្ថែមទៀតថា៖ “វិធីសាមញ្ញមួយសម្រាប់យុវជនក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ គឺការចាប់ផ្តើមបង្កើតគម្រោងថវិកាឱ្យបានច្បាស់លាស់ សន្សំមុនពេលចាយវាយ ស្វែងយល់ដំណើរការឥណទាន ប្រើប្រាស់ធនាគារឌីជីថលប្រកបដោយការទទួលខុសត្រូវ និងកំណត់គោលដៅហិរញ្ញវត្ថុដែលអាចសម្រេចបាន។ ទម្លាប់ទាំងអស់នេះ នឹងជួយឱ្យពួកគេទទួលបាននូវទំនុកចិត្ត ភាពឯករាជ្យ និងភាពជោគជ័យរយៈពេលវែង។”

 

 

ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់ប្រជាជនគ្រប់រូប

 

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរៀបចំ "គម្រោងបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ-ដំណាក់កាលទី៣"។

 

គម្រោងនេះដំណើរការពីឆ្នាំ ២០២៤ ដល់ ២០២៦ ហើយត្រូវបានអនុវត្តចាប់ពីថ្នាក់ទី ៥ ដល់ទី ១២ ដែលជួយឱ្យសិស្សានុសិស្សយល់ដឹងអំពីគោលគំនិតពាក់ព័ន្ធនឹងការសន្សំ ការកម្ចី និងការគ្រប់គ្រងហិរញ្ញវត្ថុ តាមរយៈការបញ្ជ្រាបប្រធានបទទាំងនេះទៅក្នុងមុខវិជ្ជាស្នូល ដូចជា គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងបំណិនជីវិតជាដើម។

 

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ធ្លាប់បានលើកឡើងថា ការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុទៅក្នុងប្រព័ន្ធអប់រំ ជួយបណ្តុះស្មារតីទទួលខុសត្រូវ ការគិតពិចារណា និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា ដោយលោកជំទាវបានសង្កត់ធ្ងន់ថា វាផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ភាពជោគជ័យរបស់ប្រជាជនម្នាក់ៗ។

 

លោកជំទាវបានមានប្រសាសន៍ថា៖ “ការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ គឺជាការវិនិយោគរយៈពេលវែង ព្រោះវាមិនត្រឹមតែជួយបុគ្គលម្នាក់ៗឱ្យចេះសម្រេចចិត្តរឿងលុយកាក់បានត្រឹមត្រូវទេ តែថែមទាំងចូលរួមចំណែកដល់សុខុមាលភាព និងស្ថិរភាពសង្គមជាតិទាំងមូលទៀតផង។”

 

ធនាគារជាតិ នៃកម្ពុជា បានលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ តាមរយៈយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដោយសហការជាមួយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា  និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។

 

កម្មវិធីទាំងនេះរួមមាន យុទ្ធនាការ "តោះនិយាយពីលុយ" (Let's Talk Money), កម្មវិធី Financial Street, ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនស្ត្រី, កម្មវិធីវិស័យធនាគារសម្រាប់ចំណេះដឹងសេដ្ឋកិច្ច, និងការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សានៅតាមគ្រឹះស្ថានសិក្សាជាដើម។

 

ជាមួយគ្នានេះ​ យុវសិស្ស ម៉ីជីង យល់ស្របថា ចំណេះដឹងហិរញ្ញវត្ថុគួរតែជាផ្នែកមួយនៃកម្មវិធីសិក្សានៅសាលា ព្រោះវាបង្រៀនសិស្សឱ្យចេះឱ្យតម្លៃលើការចាត់ចែងលុយកាក់។ យុវសិស្សរូបនេះនិយាយថា៖ “ចំណេះដឹងហិរញ្ញវត្ថុនឹងផ្តល់ប្រយោជន៍ដល់ពួកគេ [សិស្សានុសិស្ស] នៅថ្ងៃអនាគត ជួយឱ្យពួកគេដឹងពីការចំណាយប្រចាំថ្ងៃ និងចេះសន្សំប្រាក់ដែលប៉ាម៉ាក់ផ្តល់ឱ្យ។”

 

ស្រដៀងគ្នានេះដែរ អារីយ៉ាក់ យល់ឃើញថា ការបញ្ចូលចំណេះដឹងហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សានៅសាលាពិតជាមានសារៈសំខាន់សម្រាប់អនាគត។ យុវសិស្សរូបនេះរៀបរាប់ថា៖ “វានឹងបង្រៀនពួកគេ [សិស្សានុសិស្ស] ពីរបៀបសន្សំ និងរបៀបប្រើប្រាស់ប្រាក់ដើម្បីវិនិយោគសម្រាប់អនាគតរបស់ពួកគេ។”

 

លោក សុខ ចាន់ ប្រធានផ្នែកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ​នៃសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា វឌ្ឍនភាពជាច្រើនត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងឌីជីថល ប៉ុន្តែការងារជាច្រើនទៀតក៏នៅតែត្រូវបន្តអនុវត្តផងដែរ ដោយលោកបានលើកឡើងពីគំនិតផ្តួចផ្តើមនានា ដូចជា ការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សានៅសាលា ការផលិតសៀវភៅតុក្កតាសម្រាប់កុមារដែលមានចំណងជើងថា “យល់ដឹងពីលុយកាក់” ការអនុវត្តគម្រោងសហគមន៍ហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពនៅតំបន់ដាច់ស្រយាល និងការចុះធ្វើបាឋកថានៅតាមសាកលវិទ្យាល័យនានា។

 

លោកបានបញ្ជាក់បន្ថែមថា៖ “តួនាទីដ៏សំខាន់មួយ គឺការលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុនៅទូទាំងប្រទេស ដោយផ្តោតលើការសន្សំ ការរៀបចំកញ្ចប់ថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុ ការខ្ចីប្រាក់ប្រកបដោយការទទួលខុសត្រូវ ការយល់ដឹងពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ព្រមទាំងការស្គាល់ពីហានិភ័យនានាដែលពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទាន។” 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ទោះមានមុខរបរក្តី ស្រ្តីជាអាជីវករនៅតែមិនទាន់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការទិញលំនៅឋានផ្ទាល់ខ្លួន

ស្ត្រីជាប្រកបមុខរបរជាច្រើនបាននិយាយថា ពួកគាត់ខិតខំធ្វើការមិនគិតពីភាពហត់នឿយ ប៉ុន្តែនៅតែមិនអាចមានផ្ទះសម្បែងសមរម្យមួយសម្រាប់រស់នៅ ឬពង្រីកមុខរបរបានឡើយ។

ចេញផ្សាយនៅ: Nov 25, 2025

អានរហ័ស

ពីការចាយលុយសុទ្ធ មកស្កេន QR៖ តើអាជីវករតាមដងផ្លូវយល់ឃើញយ៉ាងណាចំពោះការទូទាត់តាមឌីជីថល?

សេវាធនាគារតាមទូរសព្ទ ដែលសព្វថ្ងៃមានអ្នកប្រើប្រាស់ជាង ១០ លាននាក់ ដោយចំនួននេះបានគ្របដណ្តប់លើប្រជាជនពេញវ័យនៅកម្ពុជាជាង ៦០ ភាគរយ ហើយនេះជាសញ្ញាបង្ហាញថា ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងការសម្របខ្លួនទៅនឹងគន្លងសេដ្ឋកិច្ចមិនប្រើប្រាស់ក្រដាស់ប្រាក់។

ចេញផ្សាយនៅ: Nov 25, 2025