ប្រាក់បញ្ញើនៅតាមធនាគារក្នុងប្រទេសកម្ពុជាកំពុងមានសន្ទុះកើនឡើងរហូតដល់ ១៤,៥% នៅដើមឆ្នាំ២០២៥។ កំណើននេះ ត្រូវបានជំរុញដោយការប្រើប្រាស់អេបធនាគារឌីជីថល ជាពិសេស មុខងារ “គណនីសន្សំដើម្បីគោលដៅ” នៅក្នុងអេប ធនាគារ វីង កំពុងចូលរួមចំណែកកែប្រែទម្លាប់នៃការគ្រប់គ្រងហិរញ្ញវត្ថុ ដោយជួយបំប្លែងពីការគ្រាន់តែចង់សន្សំ ទៅជាការដាក់គោលដៅសន្សំបានយ៉ាងច្បាស់លាស់ ហើយមានប្រសិទ្ធភាពទៀតផង។
យោងតាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបក្នុងប្រព័ន្ធធនាគារបានកើនឡើង ៧,៣ ភាគរយ ស្មើនឹង ៩៧,១ ពាន់លានដុល្លារអាមេរិក ខណៈឥណទានអតិថិជនកើនឡើង ២,៩ ភាគរយ ស្មើនឹង ៦១,៨ ពាន់លានដុល្លារ។ ចំណែកឯប្រាក់បញ្ញើវិញបានកើនឡើង ១៤,៥ ភាគរយ ស្មើនឹង ៦១,៥ ពាន់លានដុល្លារ ហើយដើមទុនបានកើនឡើង ៥,៣ ភាគរយ ស្មើនឹង ១០,៣ ពាន់លានដុល្លារ។
លោក សុខ ចាន់ ប្រធានផ្នែកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជា បានពន្យល់អំពីដំណើរការស្នូលនៃចរន្តសាច់ប្រាក់នៅក្នុងប្រព័ន្ធធនាគារ។ លោកបានបញ្ជាក់ថា ការដាក់ប្រាក់បញ្ញើនឹងផ្តល់ជាការប្រាក់ជូនដល់អតិថិជន ខណៈដែលធនាគារនឹងប្រើប្រាស់សាច់ប្រាក់ទាំងនោះដើម្បីផ្តល់ជាឥណទាន សម្រាប់ជួយពង្រីកអាជីវកម្ម និងបំពេញតម្រូវការផ្សេងៗទៀត។
លោក សុខ ចាន់ បានប្រាប់ថា៖ “ធនាគារប្រមូលសាច់ប្រាក់ពីអតិថិជនដែលមិនទាន់មានតម្រូវការប្រើប្រាស់ ដើម្បីយកទៅផ្តល់ជាទុនដល់អ្នកដែលកំពុងត្រូវការ។ បន្ទាប់មក ធនាគារទទួលបានការប្រាក់ពីឥណទានទាំងនោះ ដើម្បីយកមកទូទាត់ជាការប្រាក់ជូនអតិថិជនដែលបានដាក់ប្រាក់បញ្ញើវិញ។ កំណើននៃប្រាក់បញ្ញើ និងឥណទាន ជួយជំរុញឱ្យចរន្តសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចដំណើរការបានយ៉ាងរលូន។”
លោកបានកត់សម្គាល់បន្ថែមថា ការទទួលប្រាក់បញ្ញើមិនមែនត្រឹមតែជាការប្រមូលសាច់ប្រាក់នោះទេ តែវាក៏បានបង្កើតជាទំនួលខុសត្រូវសម្រាប់ធនាគារ ក្នុងការទូទាត់ការប្រាក់ជូនដល់ម្ចាស់បញ្ញើផងដែរ។ លោកបានពន្យល់ទៀតថា នៅពេលដែលធនាគារមានប្រភពដើមទុនក្នុងស្រុកកាន់តែច្រើន ពួកគេអាចផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាបជាងមុនបន្តិច បើធៀបទៅនឹងការខ្ចីដើមទុនពីស្ថាប័នក្រៅប្រទេស។
បើតាមលោក សុខ ចាន់ ប្រសិនបើអតិថិជនដាក់ប្រាក់បញ្ញើជារៀល ហើយអ្នកខ្ចីក៏ទទួលយកឥណទានជាប្រាក់រៀលដែរនោះ អត្រាការប្រាក់ច្រើនតែមានកម្រិតទាបជាងគួរឱ្យកត់សម្គាល់។ នេះដោយសារតែធនាគារអាចទទួលបានប្រភពទុនដោយផ្ទាល់ពីធនាគារជាតិ នៃកម្ពុជា ដែលជួយសន្សំសំចៃការចំណាយបានល្អជាងការគ្រប់គ្រងឥណទានជាប្រាក់ដុល្លារអាមេរិក។
លោកបានបញ្ជាក់ផងដែរថា ធនាគារនីមួយៗសុទ្ធតែមានយុទ្ធសាស្ត្ររៀងៗខ្លួន ដើម្បីជំរុញទម្លាប់នៃការសន្សំក្នុងចំណោមយុវជន។ យុទ្ធសាស្ត្រទាំងនេះរួមមាន ការបង្កើតផលិតផលហិរញ្ញវត្ថុដ៏ទាក់ទាញ ការផ្តល់ការលើកទឹកចិត្តតាមរយៈអត្រាការប្រាក់ខ្ពស់ ការសម្រួលលក្ខខណ្ឌបើកគណនីឱ្យកាន់តែងាយស្រួល និងការជួយតម្រង់ទិសអតិថិជនក្នុងការរៀបចំផែនការ ឬកំណត់គោលដៅសន្សំប្រាក់ឱ្យបានច្បាស់លាស់។
លោក សុខ ចាន់ បានបន្តថា៖ “ការសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធធនាគារមួយដ៏រឹងមាំ និងមានស្ថិរភាពនៅកម្ពុជា ព្រមទាំងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។ ក្រៅពីនេះ វាក៏ធានាបាននូវសុវត្ថិភាពខ្ពស់សម្រាប់ប្រាក់សន្សំរបស់ពួកគេ ព្រមទាំងអនុញ្ញាតឱ្យពួកគេទទួលបានការប្រាក់ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតផងដែរ។”
លោកស្រី ហេង ស៊ីណាត ជាអាជីវករលក់ដូរតាមចិញ្ចើមផ្លូវម្នាក់ ដែលប្រើប្រាស់ធនាគារ វីង ដើម្បីទទួលប្រាក់ និងសន្សំប្រាក់តាមរយៈគណនីធនាគារ បានរៀបរាប់ថា រឿងដំបូងដែលអ្នកស្រីតែងតែធ្វើ គឺបើកកម្មវិធីធនាគារនៅលើទូរសព្ទ ដោយបែងចែកគណនីមួយសម្រាប់ការចំណាយប្រចាំថ្ងៃ និងមួយទៀតសម្រាប់ការសន្សំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទម្លាប់នេះបានជួយឱ្យលោកស្រីអាចសម្រេចគោលដៅ និងរក្សាសុវត្ថិភាពសាច់ប្រាក់បានយ៉ាងល្អ។
ស្រ្តីវ័យ ៥១ ឆ្នាំរូបនេះបាននិយាយថា៖ “ខ្ញុំតែងតែប្រើអេប Wing Bank ដើម្បីទទួលលុយ។ ពេលលក់ដាច់ខ្លាំង ខ្ញុំសន្សំទុកប្រហែល ៥០%។ បើលក់បានតិច ខ្ញុំក៏សម្រួលការសន្សំទៅតាមហ្នឹងដែរ ប៉ុន្តែការសន្សំគឺជារឿងអាទិភាពជានិច្ច។”
លោកស្រីបានផ្តើមប្រើប្រាស់គណនីសន្សំតាមប្រព័ន្ធឌីជីថល ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ សម្រាប់លោកស្រី ការសន្សំមិនមែនគ្រាន់តែទាមទារវិន័យប៉ុណ្ណោះទេ តែវាទាមទារឱ្យមានគោលបំណងច្បាស់លាស់។ “បើយើងមិនមានហេតុផលច្បាស់លាស់ក្នុងការសន្សំទេ វានឹងមិនអាចនៅបានយូរឡើយ។” អ្នកស្រី ហេង ស៊ីណាត បានបញ្ជាក់យ៉ាងដូច្នេះ ហើយបានបន្ថែមថា គោលដៅថ្មីៗរបស់អ្នកស្រីគឺការទិញទូរសព្ទថ្មីមួយ ដែលអ្នកស្រីអាចសម្រេចបានដោយការកំណត់គោលដៅច្បាស់លាស់ និងអនុវត្តវាយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ខែ។

កំណើននៃការប្រើប្រាស់គណនីសន្សំដើម្បីគោលដៅ
នៅទូទាំងប្រទេសកម្ពុជា អេបធនាគារឌីជីថល ដែលមានមុខងារពិសេសៗដូចជា “គណនីសន្សំដើម្បីគោលដៅ” របស់ធនាគារ វីង កំពុងកែប្រែផ្នត់គំនិតរបស់យុវជនជំនាន់ថ្មីដូចជាលោកស្រី ស៊ីណាត ក្នុងការចាត់ចែងលុយកាក់។ មុខងារគណនីសន្សំនៅលើអេប ធនាគារជីថលទាំងនេះ បានរួមបញ្ចូលគ្នានូវការផ្តល់អត្រាការប្រាក់ខ្ពស់រហូតដល់ ៥% ក្នុងមួយឆ្នាំ ជាមួយនឹងការកំណត់គោលដៅសន្សំច្បាស់លាស់ថែមទៀត។ អេប Wing Bank អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសន្សំជាលក្ខណៈបុគ្គល ឬចូលរួមសន្សំជាក្រុមរហូតដល់ ១០ នាក់ ហើយថែមទាំងអាចតាមដានវឌ្ឍនភាពនៃការសន្សំបានភ្លាមៗ និងទទួលបានអត្រាការប្រាក់បន្ថែមនៅពេលដែលពួកគេសម្រេចបានគោលដៅ។ មុខងារដ៏ពិសេសទាំងនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើចិត្តសាស្ត្ររបស់មនុស្សយើងផ្ទាល់តែម្តង ពោលគឺ អារម្មណ៍រំភើបពេលឃើញប្រាក់សន្សំកើនឡើង ការទទួលបានរង្វាន់លើកទឹកចិត្ត និងភាពជោគជ័យពេលសម្រេចបានគោលដៅ សុទ្ធសឹងជាកត្តាដ៏សំខាន់ជួយជំរុញឱ្យយើងមានទម្លាប់សន្សំប្រាក់បានខ្ជាប់ខ្ជួន។
អ្នកស្រី ស៊ីណាត លើកឡើងថា៖ “ខ្ញុំគិតថា ការសន្សំនៅលើអេបឌីជីថលគឺងាយស្រួលជាងឆ្ងាយណាស់។ វាងាយស្រួល សុវត្ថិភាព ហើយខ្ញុំអាចតាមដានរាល់ប្រតិបត្តិការទាំងអស់ ទាំងសមតុល្យប្រាក់ វឌ្ឍនភាពនៃការសន្សំ និងសូម្បីតែការប្រាក់ដែលខ្ញុំទទួលបាន។ ខែខ្លះ ខ្ញុំសន្សំបានតិចព្រោះមានតម្រូវការបន្ទាន់ ប៉ុន្តែខ្ញុំតែងតែសន្សំប៉ះប៉ូវវិញនៅខែក្រោយៗ។ ចំណុចសំខាន់ គឺត្រូវរក្សាទឹកចិត្តឱ្យស្រឡាញ់ការសន្សំ។”
លោកស្រី ស៊ីណាត មើលឃើញថាចំណុចនេះមានសារៈសំខាន់ណាស់ ដោយបានគូសបញ្ជាក់បន្ថែមថា៖ “ការសន្សំក្នុងធនាគារគឺមានសុវត្ថិភាពជាងការទុកលុយនៅផ្ទះ។ ទុកលុយនៅផ្ទះមិនបានការប្រាក់ទេ ហើយថែមទាំងប្រឈមនឹងហានិភ័យពេលយើងមិននៅផ្ទះទៀតផង។ ជាមួយអេបធនាគារ ឌីជីថល ដូចជាធនាគារ វីង ខ្ញុំអាចត្រួតពិនិត្យអ្វីៗគ្រប់យ៉ាង ហើយបើមានបញ្ហា ខ្ញុំគ្រាន់តែទូរសព្ទទៅធនាគារជាការស្រេច។”
លោកស្រីក៏បានយល់ឃើញដែរថា ការសន្សំតាមប្រព័ន្ធឌីជីថលផ្តល់ផលប្រយោជន៍ល្អដល់សេដ្ឋកិច្ច។ “ពេលយើងយកលុយទៅដាក់ធនាគារ ធនាគារអាចប្រើវាដើម្បីផ្តល់កម្ចីជួយដល់អាជីវកម្មផ្សេងៗ និងធ្វើឱ្យសេដ្ឋកិច្ចដើរទៅមុខ។ ការទុកលុយនៅផ្ទះ គឺប្រៀបដូចជាការបង្កកលុយចោលអ៊ីចឹង”។ លោកស្រីបន្ថែម។
ចំណែកឯ លោក ឡុង ឧស្សាហ៍ បុគ្គលិកក្រុមហ៊ុនមួយរូប បានប្រាប់ Kiripost ថាលោកបានបើកគណនីសន្សំជាមួយធនាគារ វីង ទោះបីជាលោកមានគណនីនៅធនាគារផ្សេងរួចហើយក៏ដោយ។ គោលបំណងរបស់លោកគឺសន្សំសម្រាប់ទិញរបស់ប្រើប្រាស់ចាំបាច់។
លោក ឡុង ឧស្សាហ៍ និយាយថា៖ “ខ្ញុំបើកគណនីធនាគារ វីង មួយសម្រាប់សន្សំ និងមួយគណនីផ្សេងទៀតសម្រាប់ចាយវាយប្រចាំថ្ងៃ។” លោកបានពន្យល់ ដោយបន្ថែមថាគោលដៅរបស់លោកគឺសន្សំទិញម៉ូតូថ្មីមួយគ្រឿង។
លោក ឧស្សាហ៍ បានបើកគណនីដាច់ដោយឡែកមួយសម្រាប់តែការសន្សំប៉ុណ្ណោះ ដោយរក្សាប្រាក់សន្សំសម្រាប់អនាគតនៅក្នុងគណនីនោះ។ វិធីនេះជួយឱ្យលោកចៀសវាងការច្រឡំយកលុយសន្សំមកចាយវាយ ព្រោះវាស្ថិតក្នុងកម្មវិធីធនាគារតែមួយនៅលើទូរសព្ទ។
លោកបានបន្ថែមថា៖ “ខ្ញុំជ្រើសរើសប្រើ វីង ថ្វីត្បិតតែខ្ញុំមានគណនីផ្សេងក៏ដោយ ព្រោះវាមានភាពងាយស្រួលក្នុងការប្រើប្រាស់។ វីង មាននៅគ្រប់ទីកន្លែង ដែលធ្វើឱ្យងាយស្រួលក្នុងការដាក់ប្រាក់ និងដកប្រាក់ ផងដែរ។”
លើសពីការប្រើប្រាស់អេប លោកក៏បានចូលរួមតាមដំណឹងក្នុងឆានែល Telegram របស់ធនាគារ វីង ដើម្បីទទួលបានព័ត៌មានថ្មីៗ គន្លឹះហិរញ្ញវត្ថុ និងការជូនដំណឹងនានា។ លោក ឧស្សាហ៍ បានបន្ថែមថា វាពិតជាងាយស្រួលក្នុងការធ្វើប្រតិបត្តិការដោយមិនចាំបាច់ទៅដល់សាខាធនាគារផ្ទាល់ ហើយវាថែមទាំងបង្កើតបានជាលំហថ្មីមួយសម្រាប់ការរៀនសូត្រ និងទទួលបានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុផងដែរ។

ដំណោះស្រាយជំរុញកំណើនហិរញ្ញវត្ថុប្រកបដោយគោលដៅច្បាស់លាស់
បើតាមការអះអាងពី ធនាគារ វីង មុខងារគណនីសន្សំដើម្បីគោលដៅ ត្រូវបានបង្កើតឡើង មិនត្រឹមតែជាឧបករណ៍ហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្រ្តមួយដើម្បីជួយប្រជាជនកម្ពុជាក្នុងការគ្រប់គ្រងលុយកាក់របស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង បានលើកឡើងថា៖ “យើងយល់ច្បាស់ថា ការសន្សំពិតជាមានអត្ថន័យសម្រាប់បុគ្គលម្នាក់ៗ ព្រោះវាផ្សារភ្ជាប់ទៅនឹងក្តីស្រមៃ និងភាពជោគជ័យក្នុងជីវិត។ តាមរយៈការផ្តល់ឱកាសឱ្យអ្នកប្រើប្រាស់អាចកំណត់គោលដៅជាក់លាក់ តាមដានមើលការកើនឡើងនៃប្រាក់សន្សំរបស់ខ្លួន ហើយសាទររាល់ពេលដែលពួកគាត់សម្រេចបានគោលដៅ យើងកំពុងជួយប្រែក្លាយពីការគ្រាន់តែនឹកចង់សន្សំឱ្យក្លាយជាលទ្ធផលពិតប្រាកដ។”
មុខងារគណនីសន្សំដើម្បីគោលដៅ អនុញ្ញាតឱ្យប្រើប្រាស់អាចសន្សំជាក្រុម និងផ្តល់អត្រាការប្រាក់បន្ថែមជាការលើកទឹកចិត្ត ដែលត្រូវបានរចនាឡើងដើម្បីជំរុញទាំងវិន័យផ្ទាល់ខ្លួន ក៏ដូចជាការជំរុញទឹកចិត្តពីអ្នកជុំវិញខ្លួន។ លោក ហោ ប៊ុនថែ បានបន្ថែមថា៖ “យើងសង្កេតឃើញថា ពេលដែលយើងសន្សំដោយមានគោលដៅច្បាស់លាស់ មិនថាការសន្សំនោះដើម្បីទុកឱ្យកូនរៀនសូត្រ ទិញផ្ទះថ្មី ឬក៏គ្រាន់តែចង់បានសេចក្តីស្ងប់ផ្លូវចិត្តនោះទេ យើងតែងតែមានកម្លាំងចិត្តសន្សំបានខ្ជាប់ខ្ជួនជាងមុន។”
ក្រៅពីគណនីសន្សំតាមគោលដៅ ដែលផ្តល់អត្រាការប្រាក់រហូតដល់ ៥% ក្នុងមួយឆ្នាំ អេបWing Bank ក៏មានផ្តល់ជូននូវគណនីសន្សំធម្មតា ជាមួយនឹងអត្រាការប្រាក់រហូតដល់ ៣% ក្នុងមួយឆ្នាំផងដែរ។ ជម្រើសនេះ ផ្តល់ភាពបត់បែនខ្ពស់ ដោយជួយឱ្យប្រាក់សន្សំរបស់អតិថិជនបន្តកើនឡើង ខណៈដែលពួកគាត់នៅតែអាចដកលុយយកមកប្រើប្រាស់បានគ្រប់ពេលវេលាយ៉ាងងាយស្រួល។ វាពិតជាជម្រើសដ៏ស័ក្តិសមបំផុត សម្រាប់អ្នកដែលចូលចិត្តទម្លាប់សន្សំបែបទូទៅ ប៉ុន្តែនៅតែចង់ទទួលបានអត្ថប្រយោជន៍ពីអត្រាការប្រាក់ខ្ពស់។
លោកបានបន្ថែមទៀតថា៖ “មុខងារនៅក្នុងអេប Wing Bank ដូចជាគណនីសន្សំដើម្បី និងគណនីសន្សំផ្សេងៗទៀតរបស់យើង មិនគ្រាន់តែបង្កើតឡើងត្រឹមតែដើម្បីផ្តល់នូវភាពងាយស្រួលប៉ុណ្ណោះទេ តែវាផ្តោតសំខាន់លើបរិយាបន្នហិរញ្ញវត្ថុ ពោលគឺការបើកឱកាសឱ្យប្រជាជនគ្រប់រូបអាចទទួលបានសេវាធនាគារយ៉ាងទូលំទូលាយទៀតផង។ មុខងារទាំងនេះ ជួយឱ្យពួកគាត់អាចគ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់ខ្លួនឯងបានយ៉ាងល្អ ចូលរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ និងជួយបណ្តុះទម្លាប់សន្សំប្រាក់ដ៏ល្អមួយ ដែលផ្តល់ប្រយោជន៍ដល់ពួកគាត់ពេញមួយជីវិត។”
គំនិតផ្តួចផ្តើមទាំងនេះ គាំទ្រយ៉ាងពេញទំហឹងដល់គោលដៅនៃយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០១៩-២០២៥ ដែលមានគោលបំណងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ខណៈពេលដែលកាត់បន្ថយអត្រានៃការមិនទទួលបានសេវាហិរញ្ញវត្ថុក្នុងចំណោមស្ត្រីពី ២៧% មកត្រឹម ១៣%។ តាមរយៈការលើកកម្ពស់ការសន្សំ ការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងផ្តល់សិទ្ធអំណាចដល់អ្នកប្រើប្រាស់ ហើយដំណោះស្រាយឌីជីថលទាំងនេះកំពុងជួយប្រែក្លាយនយោបាយជាតិឱ្យលេចចេញជារូបរាងយ៉ាងពិតប្រាកដ។
ធនាគារឌីជីថល ត្រូវការគោលដៅច្បាស់លាស់ មិនមែនគ្រាន់តែផ្តល់នូវភាពងាយស្រួលប្រើនោះ
លោក ង៉ែត ជូ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន F.I Vision Capital Plc បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍ដ៏ធំធេងនៃប្រព័ន្ធឌីជីថលចំពោះសេដ្ឋកិច្ចទាំងមូល។ លោកបានបញ្ជាក់ថា សព្វថ្ងៃនេះ ប្រជាជនអាចបើកគណនី និងផ្ទេរប្រាក់បានយ៉ាងងាយស្រួល ដែលនេះជាចំណែកដ៏ល្អមួយសម្រាប់សេដ្ឋកិច្ចជាតិ ព្រោះវាជួយកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ផ្ទាល់។
លោកបានពន្យល់ពីតួនាទីរបស់ធនាគារនៅក្នុងដំណើរការនេះថា នៅពេលដែលប្រជាជនយកលុយទៅដាក់ធនាគារ វាបានបំប្លែងពីសាច់ប្រាក់ជាក់ស្តែងទៅជាទិន្នន័យឌីជីថល។ មានន័យថា អតិថិជនជាអ្នកកាន់កាប់ទិន្នន័យទឹកប្រាក់នៅលើអេប ចំណែកឯធនាគារជាអ្នកកាន់កាប់សាច់ប្រាក់ពិតប្រាកដ ដើម្បីយកទៅធ្វើប្រតិបត្តិការបន្ត។
លោក ង៉ែត ជូ បានលើកឡើងថា៖ “ធនាគារធំៗ អាចប្រើប្រាស់សាច់ប្រាក់ទាំងនេះ ដើម្បីបញ្ចេញជាឥណទានជួយរុញច្រានកំណើនសេដ្ឋកិច្ច។ អតិថិជនគ្រាន់តែជាអ្នកសន្សំ ប៉ុន្តែធនាគារជាអ្នកយកប្រាក់ទាំងនោះទៅប្រើប្រាស់ ដើម្បីផ្តល់កម្ចី និងបង្កើតកំណើនបន្ត។”
ទោះបីជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ក៏ដោយ លោក ង៉ែត ជូ បានចង្អុលបង្ហាញថា យុវជនជារឿយៗមិនសូវចាប់អារម្មណ៍នឹងអត្រាការប្រាក់ចន្លោះពី ២ ទៅ ៥ ភាគរយ ដែលធនាគារផ្តល់ជូននោះទេ។ ផ្ទុយទៅវិញ អ្វីដែលទាក់ទាញពួកគេគឺភាពងាយស្រួលនៃអេបធនាគារ ដែលធ្វើឱ្យពួកគេងាយស្រួលក្នុងការចាយវាយ ឬសន្សំជាដើម។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា៖ “ប្រសិនបើគោលបំណងគឺដើម្បីសន្សំ ពួកគេត្រូវតែមានវិន័យឱ្យបានល្អ។ បើមិនដូច្នោះទេ ពួកគេនឹងចាយវាអស់ជាមិនខាន។”
លោក ង៉ែត ជូ បានលើកឡើងថា ភាពងាយស្រួលប្រើប្រាស់ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងចំណេះដឹង ដោយលោកបន្ថែមថា ការសន្សំមិនមែនកើតឡើងដោយស្វ័យប្រវត្តិនោះទេ។ ដើម្បីឱ្យការសន្សំមានប្រសិទ្ធភាព អ្នកប្រើប្រាស់ចាំបាច់ត្រូវទទួលការបណ្តុះបណ្តាល។ លោកបានសង្កត់ធ្ងន់ថា គន្លឹះឆ្ពោះទៅរកភាពជោគជ័យ គឺការកំណត់គោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រជាជនចេះសន្សំសម្រាប់តម្រូវការជាក់លាក់នាពេលអនាគត ដូចជាការទិញអចលនទ្រព្យ ការអប់រំ ការវិនិយោគ ការចូលនិវត្តន៍ និងសម្រាប់ករណីបន្ទាន់ផ្សេងៗ។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុទេ វាពិតជាលំបាកណាស់ក្នុងការសន្សំ។ ហេតុដូច្នេះហើយ ធនាគារត្រូវតែជួយតាមរយៈការបង្កើតផលិតផលថ្មីៗ ដើម្បីតម្រង់ទិសពួកគេជាមួយនឹងដំណោះស្រាយ ដែលធ្វើឱ្យការសន្សំប្រាក់ ឬការចាយវាយតាមអេប កាន់តែងាយស្រួល។”