ទោះបីជាកម្ពុជាកំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុបៃតងក៏ដោយ ប៉ុន្តែការសម្រេចឱ្យបាននូវគោលដៅអាកាសធាតុជាតិ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥ គឺត្រូវទាមទារកញ្ចប់ថវិការហូតដល់ ៣២ ពាន់លានដុល្លារអាមេរិក។ យ៉ាងនេះក្តី អ្នកជំនាញយល់ថា នេះជារឿងដែលអាចទៅរួចតាមរយៈគម្រោង “ហិរញ្ញប្បទានបៃតង” ខណៈដែលធនាគារជាតិ នៃកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុនានាកំពុងពង្រឹងក្របខ័ណ្ឌការងារនេះឱ្យកាន់តែរឹងមាំ។
បច្ចុប្បន្ន មានផលិតផលហិរញ្ញវត្ថុចំនួនពីរ គឺ ឥណទានបៃតង សម្រាប់គាំទ្រការវិនិយោគថាមពលពន្លឺព្រះអាទិត្យ និងការដឹកជញ្ជូនដោយអគ្គិសនី និងសញ្ញបណ្ណបៃតងសម្រាប់គាំទ្រគម្រោងវិនិយោគធំៗ ត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីផ្តល់នូវមូលនិធិគាំទ្របរិវត្តកម្មថាមពលរបស់កម្ពុជា ទោះបីមានការងារជាច្រើនទៀតដែលត្រូវធ្វើបន្តទៅមុខក៏ដោយ។
ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្ពុជាបានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% នៅត្រឹមឆ្នាំ ២០៣៥ ដែលជាមហិច្ឆតាមួយទាមទារថវិកាដល់ទៅ ៣២.២ ពាន់លានដុល្លារអាមេរិក។ ក្នុងន័យនេះ វិស័យហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ ដោយចាប់យក “ហិរញ្ញប្បទានបៃតង” ជាជំហានចាប់ផ្តើម ដើម្បីធានាថាការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថាន អាចដើរទន្ទឹមគ្នាបានប្រកបដោយចីរភាព។

យោងតាមរបាយការណ៍របស់ Cambodia Green ដែលជាផ្លេតហ្វមលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន បានឱ្យដឹងថា ធនាគារក្នុងស្រុកបានចូលរួមយ៉ាងសកម្មនៅក្នុងការធ្វើបរិវត្តកម្មថាមពលបៃតង ដោយផ្តល់ជូននូវកម្ចីបៃតង និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យថាមពលកកើតឡើងវិញអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ និងមានតម្លៃសមរម្យ។
លោក សុខ ចាន់ ប្រធានផ្នែកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា (ABC) បានប្រាប់សារព័ត៌មាន Kiripost ថា កម្ពុជាមានផលិតផលហិរញ្ញវត្ថុបៃតងសំខាន់ៗចំនួនពីរប្រភេទ។ លោកកត់សម្គាល់ថា ស្ថាប័ននានាកំពុងបង្កើនសមត្ថភាព និងក្របខ័ណ្ឌការងារ ខណៈដែលឥណទានបៃតង ដែលគាំទ្រការវិនិយោគថាមពលកកើតឡើងវិញ, ប្រសិទ្ធភាពថាមពល, អគារបៃតង, ការដឹកជញ្ជូនបៃតង និងកសិកម្មប្រកបដោយនិរន្តរភាព រួមជាមួយសញ្ញាបណ្ណបៃតង កំពុងលេចរូបរាងបណ្តើរៗហើយ។
លោក សុខ ចាន់ និយាយថា៖ “ឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានសារៈសំខាន់ណាស់ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងបៃតងគ្រប់វិស័យសំខាន់ៗនៅកម្ពុជា។” ទោះយ៉ាងណា លោកបានបន្ថែមថា នៅមានបញ្ហាប្រឈមមួយចំនួន រួមទាំងការខ្វះការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ការអនុវត្តគោលការណ៍ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ពីសំណាក់ម្ចាស់ភាគហ៊ុន នាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់។
ទន្ទឹមនឹងនេះ ធនធាននៅមានកម្រិតក្នុងការបង្កើត និងអនុវត្តគោលនយោបាយ គោលការណ៍ណែនាំ និងឧបករណ៍ពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យបរិស្ថាននិងសង្គម, បញ្ជីនៃការលើកលែង, ការពិនិត្យអតិថិជនលើការអនុវត្តបរិស្ថាននិងសង្គម និងការបង្ហាញព័ត៌មានអំពីចីរភាពជាដើម។ លើសពីនេះ លោកក៏បានគូសបញ្ជាក់ពីកង្វះធនធាន និងចំណេះដឹងក្នុងការរៀបចំគោលនយោបាយ និងឧបករណ៍វាយតម្លៃហានិភ័យបរិស្ថានជាដើម។
ដើម្បីជំរុញវឌ្ឍនភាពការងារនេះ ធនាគារជាតិ នៃកម្ពុជា កំពុងអភិវឌ្ឍន៍ “ប្រព័ន្ធវដ្តករសាស្រ្តសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព” និង “ការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព” ដើម្បីបង្កើតជាក្របខណ្ឌគ្រឹះសម្រាប់ការពង្រីកហិរញ្ញប្បទានបៃតងនៅក្នុងប្រទេសកម្ពុជា។
លោក សុខ ចាន់ បានឱ្យដឹងទៀតថា ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ដែលមានគោលដៅទប់ស្កាត់ការឡើងកម្តៅនៃភពផែនដី និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ “ហិរញ្ញប្បទានបៃតង” បានក្លាយជាកូនសោដ៏សំខាន់ដើម្បីសម្រេចគោលដៅសកលមួយនេះ។ លោកបញ្ជាក់ថា ហិរញ្ញប្បទានបៃតង គឺសំដៅលើការផ្តល់ទុនដល់គម្រោងវិនិយោគណាដែលមានផលវិជ្ជមានចំពោះបរិស្ថាន។
ចំណែកនៅកម្ពុជាវិញ លោក សុខ ចាន់ បានឱ្យដឹងថា ហិរញ្ញប្បទានបៃតងបានចាប់ផ្តើមលេចចេញជារូបរាងឡើង ភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ដោយទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានា។
គោលដៅប្រកបដោយចីរភាព
ដើម្បីសម្រេចបាននូវ ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានកំណត់ផែនការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% នៅត្រឹមឆ្នាំ ២០៣៥។ ដើម្បីឱ្យផែនការនេះក្លាយជាការពិត ប្រទេសកម្ពុជាត្រូវការទុនវិនិយោគប្រមាណ ៣២,២ ពាន់លានដុល្លារ សម្រាប់វិធានការកាត់បន្ថយ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។
ស្របតាមការប្តេជ្ញាចិត្តចំពោះថាមពលបៃតង យុទ្ធសាស្ត្ររយៈពេលវែងរបស់រដ្ឋាភិបាលសម្រាប់អព្យាក្រឹតភាពកាបូន ដែលបានគូសបញ្ជាក់នៅក្នុងផែនទីបង្ហាញផ្លូវយានយន្តអគ្គិសនី (EV Roadmap) បានចែងថា នៅលើដងផ្លូវគួរតែមានម៉ូតូអគ្គិសនី ៧០% និងរថយន្តអគ្គិសនី និងរថយន្តក្រុងក្នុងទីក្រុង ៤០% ដើម្បីឆ្លើយតបនឹងគោលដៅអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅត្រឹមឆ្នាំ ២០៥០។
ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនេះ របាយការណ៍ថ្មីៗរបស់រដ្ឋាភិបាលបានបង្ហាញថា យានយន្តអគ្គិសនី (EVs) ជាង ១០.០០០ គ្រឿងត្រូវបានចុះបញ្ជីក្នុងរយៈពេល ៩ ខែមកនេះ។ កម្ពុជាបានកត់សម្គាល់ព្រឹត្តិការណ៍សំខាន់មួយក្នុងការផ្លាស់ប្តូរទៅរកយានយន្តអគ្គិសនីនៅក្នុងខែកញ្ញា ដោយមានការចុះបញ្ជីរថយន្តអគ្គិសនីចំនួន ៤.៩៩៧ គ្រឿង ដែលធ្វើឱ្យចំនួនសរុបក្នុងឆ្នាំនេះកើនឡើងដល់ជាង ១០.០០០ គ្រឿង។
យុទ្ធសាស្ត្រចក្រា ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ផ្តោតលើការទាក់ទាញមូលនិធិអាកាសធាតុសកល ដោយប្រើប្រាស់ស្ថាប័នហិរញ្ញវត្ថុ និងអភិវឌ្ឍយុទ្ធសាស្ត្រដើម្បីកៀរគរហិរញ្ញប្បទានបៃតង ដើម្បីគាំទ្រកម្មវិធី និងគម្រោងពាក់ព័ន្ធនឹងបរិស្ថាន ការប្រែប្រួលអាកាសធាតុ ជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សុខ ចាន់ បានឱ្យដឹងថា នៅឆ្នាំ ២០១៦ សមាគមធនាគារបានដាក់ឱ្យអនុវត្តគំនិតផ្តួចផ្តើមហិរញ្ញវត្ថុប្រកបដោយចីរភាពកម្ពុជា (CSFI) ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ បន្ទាប់មកនៅឆ្នាំ ២០១៩ ក៏មានការបង្កើតគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព និងគោលការណ៍ណែនាំ ដោយលើកទឹកចិត្តឱ្យធនាគារពិចារណាលើកត្តាបរិស្ថាន និងសង្គមក្នុងការសម្រេចចិត្តអាជីវកម្ម រួមទាំងការផ្តល់កម្ចីផងដែរ។
លោកបានបន្តថា សមាគមធនាគារ ជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព ដោយប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ខ្លួន តាមដានការអនុវត្ត ESG អភិវឌ្ឍក្របខ័ណ្ឌបទប្បញ្ញត្តិសំខាន់ៗ និងរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពជាមួយដៃគូ ដូចជាសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
លោក សុខ ចាន់ បានបញ្ជាក់ថា៖ “វគ្គទាំងនេះមានគោលបំណងកសាងសមត្ថភាព ត្រៀមលក្ខណៈ និងគាំទ្រដល់ការរចនាផលិតផលហិរញ្ញវត្ថុបៃតង។ លោកបានកត់សម្គាល់ថា សមាជិកដែលអនុម័តគោលការណ៍ CSFP បានកើនឡើងពី ៤៨ ដល់ ៧៤ ស្ថាប័ននៅឆ្នាំ ២០២៤ ដែលរួមមានធនាគារពាណិជ្ជ ៥៧, ធនាគារឯកទេស ៨, ការិយាល័យតំណាង ៦ និងសមាគមចំនួន ២។
គំរូអាជីវកម្មថាមពលបៃតង
ក្រុមហ៊ុន EGE Cambodia ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ផ្តល់ដំណោះស្រាយតម្លៃសមរម្យដើម្បីកាត់បន្ថយការបំភាយកាបូន និងផ្តល់ថាមពលដល់សហគមន៍ទូទាំងប្រទេស។ លោក វ៉ន ច័ន្ទរស្មី ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន EGE Cambodia បានប្រាប់ Kiripost ថា ឥណទានបៃតងសម្រាប់គម្រោងដែលមានផលវិជ្ជមានដល់បរិស្ថាន ដូចជាថាមពលពន្លឺព្រះអាទិត្យ នៅតែជារឿងថ្មីនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ មាននិន្នាការរីកចម្រើនកំពុងបោះជំហានទៅមុខនៅកម្ពុជា ខណៈដែលគ្រឹះស្ថានធនាគារចាប់ផ្តើមបង្វែរការផ្តល់កម្ចីរបស់ពួកគេជាបណ្តើរៗ ដើម្បីឱ្យស្របនឹងគោលបំណងនៃចីរភាព និងអាកាសធាតុ។
លោក ច័ន្ទរស្មី បានលើកឡើងថា៖ “នៅ EGE Cambodia យើងបានចូលរួមយ៉ាងសកម្មជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ដើម្បីស្វែងរកជម្រើសហិរញ្ញប្បទានពង្រីកគម្រោងថាមពលពន្លឺព្រះអាទិត្យ និងថាមពលស្អាតរបស់យើង។ ទោះបីជាកម្ចីទាំងអស់ដែលយើងទទួលបានមិនត្រូវបានចាត់ថ្នាក់ជាផ្លូវការថាជា [ឥណទានបៃតង] ក៏ដោយ ប៉ុន្តែមូលនិធិនោះត្រូវបានប្រើប្រាស់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ដែលគាំទ្រដោយផ្ទាល់ដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទានបៃតង។”
លោកច័ន្ទរស្មី បានបន្ថែមថា៖ “ក្នុងន័យនេះ យើងចាត់ទុក [ខ្លួនយើង] ជាផ្នែកមួយនៃចលនាអាជីវកម្មដែលកំពុងរីកចម្រើនក្នុងការអនុវត្តហិរញ្ញប្បទានបៃតងជាក់ស្តែង។ យើងក៏បានសហការជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ រួមទាំង ធនាគារ វីង ដើម្បីជំរុញការទទួលបានថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។”
ការទទួលបានហិរញ្ញប្បទានមានសារៈសំខាន់ណាស់ដើម្បីពន្លឿនការផ្លាស់ប្តូរទៅរកថាមពលបៃតង ខណៈដែល លោកច័ន្ទរស្មី បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ជាច្រើនមានគំនិតច្នៃប្រឌិត និងការលើកទឹកចិត្តខ្លាំងក្នុងការវិនិយោគលើថាមពលកកើតឡើងវិញ ប៉ុន្តែពួកគេប្រឈមកង្វះខាតដើមទុនដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ ឥណទានបៃតងអាចជួយបំពេញចន្លោះនេះបាន ដោយផ្តល់លក្ខខណ្ឌអនុគ្រោះ ដូចជាអត្រាការប្រាក់ទាបជាង រយៈពេលសងត្រឡប់វែងជាង ឬការគាំទ្រផ្នែកបច្ចេកទេសបន្ថែម។
លោកច័ន្ទរស្មី បានសង្កត់ធ្ងន់ថា៖ “ដូច្នេះ ការលើកទឹកចិត្តអាជីវកម្មឱ្យប្រើប្រាស់ហិរញ្ញប្បទានបៃតង មិនត្រឹមតែជួយឱ្យមានកំណើនប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងឯករាជ្យភាពថាមពល ភាពធន់ និងភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់លើវិស័យថាមពលកកើតឡើងវិញផងដែរ។”
រាល់ការវិនិយោគលើថាមពលបៃតង មិនថាតាមរយៈការដំឡើងប្រព័ន្ធសូឡា ការកែលម្អប្រសិទ្ធភាពថាមពល ឬប្រព័ន្ធបំប្លែងកាកសំណល់ទៅជាថាមពល ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តសាធារណៈជន និងបង្ហាញថាគម្រោងបៃតងអាចមាននិរន្តរភាពទាំងផ្នែកបរិស្ថាន និងសេដ្ឋកិច្ច។
លោកច័ន្ទរស្មីបានកត់សម្គាល់ថា៖ “នៅពេលដែលអាជីវកម្មអនុវត្តគម្រោងបែបនេះដោយជោគជ័យតាមរយៈហិរញ្ញប្បទានបៃតង ពួកគេក្លាយជាគំរូដ៏មានឥទ្ធិពល ដែលបំផុសគំនិតអ្នកដទៃ និងបង្កើតឥទ្ធិពលតៗគ្នា ដែលជួយពន្លឿននវានុវត្តន៍ ការបង្កើតការងារ និងការទទួលយកដំណោះស្រាយថាមពលកកើតឡើងវិញឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។”
ការចូលរួមពីសង្គមស៊ីវិល
លោក សឿង សារឿន នាយកប្រតិបត្តិ អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ដែលធ្វើការយ៉ាងសកម្មលើភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ បានមើលឃើញថា ហិរញ្ញប្បទានបៃតង នៅកម្ពុជាកំពុងតែទទួលបានសន្ទុះខ្លាំង។
លោកយល់ឃើញថា ការផ្សារភ្ជាប់រវាងគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ធនាគារជាតិ និងស្តង់ដារបៃតងអាស៊ាន (ASEAN Green Taxonomy) គឺជាជំហានដ៏សំខាន់មួយ។ ស្ថាប័នហិរញ្ញវត្ថុចាប់ផ្តើមមើលឃើញហើយថា “ចីរភាព” មិនមែនគ្រាន់តែជាការទទួលខុសត្រូវសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យស្ថាប័នហិរញ្ញវត្ថុខ្លួនឯងមានភាពរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងផងដែរ។
នៅពេលសួរថា តើអង្គការនេះបានជួយជំរុញ ការទទួលបាន និងការបំពេញលក្ខខណ្ឌសម្រាប់កម្ចីបៃតងយ៉ាងដូចម្តេច? លោក សារឿន បាននិយាយថា ពួកអះអាងថាហិរញ្ញប្បទានបៃតងបានពង្រីកទៅដល់អ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយបញ្ហាអាកាសធាតុ និងបរិស្ថាន។
អង្គការនេះក៏បានចាប់ដៃសហការជាមួយរដ្ឋាភិបាល ធនាគារជាតិ សមាគមធនាគារ អង្គការសង្គមស៊ីវិល អង្គការសហគមន៍មូលដ្ឋាន និងសហគមន៍កសិកម្ម ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការរៀបចំឯកសារ និងការត្រៀមលក្ខណៈផ្សេងៗ របស់ប្រជាពលរដ្ឋសម្រាប់ការវិនិយោគបៃតងលើគម្រោងអាជីវកម្មខ្នាតតូច ដូចជាប្រព័ន្ធសូឡាតាមផ្ទះ ចង្ក្រានបៃតង និងឧបករណ៍កសិកម្មដែលសន្សំសំចៃទឹកជាដើម។
លោក សារឿន បានបន្ថែមថា៖ “យើងក៏ចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយជាមួយធនាគារជាតិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យផលិតផលកម្ចីកាន់តែមានបរិយាបន្ន ដោយកែសម្រួលតម្រូវការទ្រព្យបញ្ចាំ ការធ្វើឱ្យអត្រាការប្រាក់មានតម្លាភាព និងការដាក់បញ្ចូលវិធានការ ESG ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ យើងមានបំណងធ្វើឱ្យគោលគំនិត “បៃតង” មិនមែនគ្រាន់តែជាពណ៌សម្រាប់ហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវឆ្ពោះទៅរកបរិយាបន្ន ផ្តល់ការគាំទ្រ និងលើកម្ពស់ចីរភាព។”
ហិរញ្ញប្បទានរបស់ធនាគារ វីង សម្រាប់ “កសិកម្មឆ្លាតវៃនឹងអាកាសធាតុ”
កាលពីខែតុលា ធនាគារ វីង និងអង្គភាពគាំទ្រគម្រោងក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមហិរញ្ញប្បទានថ្មីមួយ ដើម្បីផ្តល់លទ្ធភាពដល់សហគមន៍កសិកម្មក្នុងខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ធំ ព្រៃវែង និងតាកែវ ក្នុងការវិនិយោគលើបច្ចេកវិទ្យាឆ្លាតវៃទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ វីង បានបញ្ចេញឥណទានចំនួន ៣ លានដុល្លារ ដោយមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ឬថ្លៃសេវាអនុម័ត ព្រមទាំងផ្តល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែង ៨.៥% ក្នុងមួយឆ្នាំ និងរយៈពេលសងត្រឡប់រហូតដល់ ៤២ ខែថែមទៀតផង។
ថ្លែងក្នុងកម្មវិធីនោះ លោកបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ដោយសារការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមជាសកលនាសម័យកាលរបស់យើង យើងត្រូវតែជួយគាំទ្រដល់សហគមន៍របស់យើងនូវឧបករណ៍ និងបច្ចេកវិទ្យាដើម្បីរីកចម្រើនប្រកបដោយចីរភាព លើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាកសាងភាពធន់យូរអង្វែងសម្រាប់សហគមន៍កម្ពុជា។”
សម្រាប់អ្នកដាក់ស្នើឥណទានដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចទទួលបានទំហំឥណទានរហូតដល់ ២០០.០០០ ដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដូចជាប្រព័ន្ធស្រោចស្រពប្រើថាមពលពន្លឺព្រះអាទិត្យ, ផ្ទះសំណាញ់, ប្រព័ន្ធគ្រប់គ្រងទឹកដែលមានប្រសិទ្ធភាព, ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការអនុវត្តកសិកម្មទំនើប។ បច្ចេកវិទ្យាទាំងនេះត្រូវបានរចនាឡើងដើម្បីជួយកសិករសម្របខ្លួនទៅនឹងលក្ខខណ្ឌអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន បង្កើនផលិតភាពកសិកម្ម និងធានាប្រាក់ចំណូលដែលមានស្ថិរភាពសម្រាប់គ្រួសារ និងសហគមន៍របស់ពួកគេ។
កសិករ និងម្ចាស់កសិពាណិជ្ជកម្មដែលចាប់អារម្មណ៍ដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ អាចទាក់ទងអង្គភាពគាំទ្រគម្រោង ឬអាចអញ្ជើញទៅសាកសួរព័ត៌មានដោយផ្ទាល់នៅសាខាធនាគារ វីង ណាមួយនៅជិតបំផុត ឬក៏ទាក់ទងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង៖ WingBankKH សម្រាប់ការសាកសួរព័ត៌មានផ្សេងៗ។
ការកសាងមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុបៃតងនៅកម្ពុជា
លោក សារឿន សង្កេតឃើញថា ទីផ្សារនៅតែតូចនៅឡើយ ដូច្នេះការទទួលបាននៅមានកម្រិតសម្រាប់អតិថិជន ហើយធនាគារពាណិជ្ជជាច្រើនផ្តោតលើគម្រោងថាមពលកកើតឡើងវិញសម្រាប់ការវិនិយោគខ្នាតធំ ឬអចលនទ្រព្យ ជាជាងគម្រោងសហគមន៍ ឬអាជីវកម្មគ្រួសារ។
លោកបានបន្ថែមថា ចាំបាច់ត្រូវមានការលើកទឹកចិត្តខ្លាំងជាងមុន ស្តង់ដារច្បាស់លាស់ និងការសហការរវាងវិស័យសាធារណៈនិងឯកជន ដើម្បីពង្រីកហិរញ្ញប្បទានបៃតងឱ្យលើសពីវិស័យនៅក្នុងទីក្រុង និងសាជីវកម្ម ដោយបញ្ជាក់ថា កម្ពុជាអាចស្វែងយល់បន្ថែមពីប្រទេសក្នុងតំបន់។
លោកបានចង្អុលបង្ហាញថា ប្រទេសម៉ាឡេស៊ីបានបង្ហាញពីសារៈសំខាន់នៃក្របខ័ណ្ឌសញ្ញបណ្ណបៃតងដែលគាំទ្រដោយរដ្ឋាភិបាល និងការធានាឥណទានដែលកាត់បន្ថយហានិភ័យនៃការវិនិយោគឯកជន ខណៈដែលឥណ្ឌូនេស៊ីបានបង្ហាញពីរបៀបដែលហិរញ្ញវត្ថុឌីជីថលអាចតភ្ជាប់កសិករខ្នាតតូចជាមួយឥណទានបៃតងដែលមានតម្លៃសមរម្យ តាមរយៈផ្លេតហ្វមបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)។
ងាកមកជិតប្រទេសជិតខាងកម្ពុជាវិញ ប្រទេសវៀតណាម បានបង្ហាញឱ្យឃើញពីសារៈសំខាន់នៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងធនាគារកណ្តាល និងក្រសួងជំនាញ ដើម្បីពង្រឹងការអនុវត្តគោលការណ៍ឥណទានបៃតង។
ប្រទេសវៀតណាមបានគូសបញ្ជាក់ពីតួនាទីនៃការសម្របសម្រួលដ៏រឹងមាំរវាងធនាគារកណ្តាល និងក្រសួងជំនាញក្នុងការអនុវត្តគោលការណ៍ណែនាំនៃការផ្តល់កម្ចីបៃតង។ លោក សារឿន បានសង្កត់ធ្ងន់ថា ចំណុចសំខាន់គឺការពង្រីកហិរញ្ញប្បទានបៃតងតម្រូវឱ្យមានប្រព័ន្ធអេកូឡូស៊ីរួមគ្នារឹងមាំមួយ។ នេះមានន័យថា អ្នកតាក់តែងច្បាប់, ធនាគារ, សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ត្រូវតែធ្វើការរួមគ្នា ដើម្បីធានាថាការវិនិយោគនោះពិតជាជួយដល់បរិស្ថាន និងសង្គមប្រាកដមែន មិនមែនសម្លឹងឃើញតែប្រាក់ចំណេញមួយមុខនោះទេ។
ឆ្លើយបតទៅនឹងការសាកសួរពីសារព័ត៌មាន Kiripost អង្គការ EnergyLab Asia បាននិយាយថា ការទទួលបានដើមទុនគឺជាឧបសគ្គដ៏សំខាន់ចំពោះការវិនិយោគលើបច្ចេកវិទ្យា ឬហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងកម្រិតធំ ជាពិសេសការវិនិយោគគម្រោងបៃតងតែម្តង ខណៈដែលកម្ពុជាត្រូវការថវិកាប្រមាណ ១១ ពាន់លានដុល្លារ ឯណោះ ដើម្បីធ្វើបរិវត្តកម្មវិស័យថាមពលរបស់ខ្លួន។
ទោះបីជា “ហិរញ្ញប្បទានបៃតង” មិនទាន់ក្លាយជាប្រធានបទដែលគេនិយាយទូលំទូលាយនៅកម្ពុជាក៏ដោយ ប៉ុន្តែស្ថានភាពកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារកម្ពុជាគឺជាប្រទេសនាំមុខគេមួយក្នុងការអភិវឌ្ឍ “ទីផ្សារកាបូន”។ ជាក់ស្តែង យើងឃើញមានគំរូកម្ចីបៃតងជាច្រើនសម្រាប់អ្នកប្រើប្រាស់ទូទៅ ដែលគាំទ្រដោយស្ថាប័នពហុភាគី និងកញ្ចប់ហិរញ្ញប្បទានសម្បទានធំៗពី មូលនិធិអាកាសធាតុបៃតង។
ក្រុមហ៊ុន EnergyLab Asia បានគូសបញ្ជាក់ថា៖ “បច្ចុប្បន្ន ទីផ្សារមានការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងការទទួលយកផលិតផលហិរញ្ញប្បទានបៃតង។ ប៉ុន្តែយើងចាំបាច់ត្រូវធ្វើឱ្យការទទួលបានផលិតផលទាំងនេះកាន់តែងាយស្រួលជាងមុន ព្រោះដំណើរការសព្វថ្ងៃនៅមានភាពស្មុគស្មាញ និងចំណាយពេលយូរពេក។ យើងក៏ត្រូវកាត់បន្ថយថ្លៃដើមនៃការសម្របខ្លួនជាមួយគម្រោងវិនិយោគបៃតងផងដែរ។”
EnergyLab Asia បានចង្អុលបង្ហាញថា ឥណទានបៃតងមានផលប៉ះពាល់បរិស្ថានដែលអាចវាស់វែងបាន ដោយកត់សម្គាល់ថា ស្ថាប័នហិរញ្ញវត្ថុអាចវាយតម្លៃឥណទានបៃតងដែលមានសក្តានុពលធៀបនឹងលក្ខខណ្ឌតម្រូវ។ លក្ខខណ្ឌទាំងនេះត្រូវតែរឹងមាំ ដើម្បីចៀសវាងការបន្លំជាគម្រោងវិនិយោគបៃតង (Greenwashing)។
អង្គការនេះបានបន្ថែមថា ដើម្បីឱ្យកម្ចីបៃតងទទួលបានជោគជ័យ រដ្ឋាភិបាលបានដាក់ចេញនូវគោលដៅធំឱ្យបានច្រើន ដូចជាការជំរុញការប្រើប្រាស់ថាមពលបៃតង ការកែលម្អប្រសិទ្ធភាពថាមពល និងការបង្កើនចំនួនយានយន្តអគ្គិសនីឱ្យកាន់តែច្រើននៅកម្ពុជា៕