យុវជនខ្មែរមួយក្រុមបង្កើតកម្មវិធីជជែកឆ្លាតវៃ សម្រាប់តាមដានសុខភាពស្រ្តីមានផ្ទៃពោះ

និស្សិតសាកលវិទ្យាល័យមួយក្រុមបានបង្កើតកម្មវិធីជជែកឆ្លាតវៃ «មាតា» ជាភាសាខ្មែរ ហើយទទួលបានជ័យលាភីលេខ ១ ក្នុងកម្មវិធីប្រកួតប្រជែង «យុវជន ២១» ជំនាន់ទី ៤ ដែលឧបត្ថម្ភដោយធនាគារ វីង។

ចេញផ្សាយនៅ: Oct 23, 2025

កម្មវិធីនវានុវត្តន៍នេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានដែលអាចទុកចិត្តបានអំពីសុខភាពស្រ្តីមានផ្ទៃពោះ និងតាមដានពិនិត្យសុខភាព ដោយសារយុវជនមួយក្រុមនេះបានសិក្សាឃើញថា ៤២,% នៃស្ត្រីមានផ្ទៃពោះបានខកខានទៅពិនិត្យសុខភាពយ៉ាងតិចមួយដង និង ៧៥% ទទួលបានដំបូន្មានមិនត្រឹមត្រូវតាមអ៊ីនធឺណិត។ កម្មវិធីជំនួយឆ្លាតវៃនេះ ក៏មានគោលបំណងកាត់បន្ថយអត្រាមរណភាពមាតា ដែលបច្ចុប្បន្នមានចំនួន ១៥៤ នាក់ក្នុងចំណោម ១០០.០០០ កំណើតរស់នៅកម្ពុជា ដែលតួលេខនេះគឺខ្ពស់ជាងមធ្យមភាគនៅអាស៊ីប៉ាស៊ីហ្វិក។ 

 

ក្រុមនិស្សិតសុខាភិបាលកម្ពុជាចំនួន ៦ នាក់ បង្កើតបាននូវដំណោះស្រាយថ្មីមួយសម្រាប់ការតាមដានសុខភាពមាតា តាមរយៈ កម្មវិធីជជែកឆ្លាតវៃ «មាតា» ដែលជា Chatbot ភាសាខ្មែរ សម្រាប់ផ្តល់ព័ត៌មាន និងការតាមដានសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះនៅទូទាំងប្រទេសកម្ពុជា។ ការមើលឃើញពីការលំបាករបស់ម្តាយដែលប្រឈមនឹងហានិភ័យអំឡុងពេលមានផ្ទៃពោះ បានក្លាយជាកម្លាំងជំរុញចិត្តរបស់ក្រុមការងារយុវជនវ័យក្មេងទាំងនេះក្នុងការបង្កើតមគ្គុទេ្ទសក៍សុខភាពឌីជីថលសម្រាប់ស្ត្រីកម្ពុជា។

 

កញ្ញា អែល លីតា និស្សិតថ្នាក់បរិញ្ញាបត្រឆ្មប ជំនាញសុខភាពមាតា និងទារក នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កញ្ញាបានចូលរួមការប្រកួតនេះ ដោយសារ «យុវជន ២១» គឺជាកម្មវិធីដ៏ល្អមួយដែលផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យពីជំនាញផ្សេងៗគ្នា ក្នុងការទទួលបានផ្នត់គំនិតសហគ្រិនភាព។ ទោះបីជាកញ្ញារៀនជំនាញសុខាភិបាល ប៉ុន្តែកញ្ញាក៏ចង់ដឹងពីសហគ្រិនភាពផងដែរ។ 

 

កញ្ញាបានប្រាប់សារព័ត៌មាន Kiripost ថាបន្ទាប់ពីក្រុមរបស់កញ្ញាបានឈ្នះជ័យលាភីលេខ ១ ក្នុងកម្មវិធីប្រកួតប្រជែង «យុវជន ២១» ឆ្នាំ ២០២៥ ដែលឧបត្ថម្ភដោយធនាគារ វីង ថា៖ ខ្ញុំរៀនតែមុខវិជ្ជាទាក់ទងនឹងសុខភាពប៉ុណ្ណោះ ហើយមិនដែលរៀនពីជំនួញទេ។ ប៉ុន្តែការរៀនធ្វើជំនួញគឺជាផ្នែកមួយនៃក្តីស្រមៃរបស់ខ្ញុំ ដូច្នេះខ្ញុំក៏សម្រេចចិត្តចូលរួមកម្មវិធីនេះតែម្តង។” 

 

នៅខែកុម្ភៈ ឆ្នាំ ២០២៥ កញ្ញា លីតា បានសហការជាមួយនិស្សិត ៦ នាក់ទៀតមកពីជំនាញសុខាភិបាលផ្សេងៗគ្នាក្នុងសាកលវិទ្យាល័យតែមួយ ដើម្បីបង្កើតជាក្រុម។ កម្មវិធីដែលមានរយៈពេល ៨ ខែនេះ បានចាប់ផ្តើមនៅខែកុម្ភៈ និងបញ្ចប់នៅខែតុលានេះ ដោយមានបេក្ខជនចូលរួមចំនួន ១០ ក្រុមមកពីសាកលវិទ្យាល័យផ្សេងៗគ្នាបានចូលរួមប្រកួតប្រជែងក្រោមប្រធានបទ «សហគ្រិនបច្ចេកវិទ្យា៖ នវានុវត្តន៍ដើម្បីនិរន្តរភាព»។ 

 

ក្នុងអំឡុងពេលចូលរួមកម្មវិធី កញ្ញា លីតា ទទួលបានជំនាញជាច្រើន ចាប់ពីការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្ត្រទីផ្សារ រហូតដល់ការគ្រប់គ្រងអាជីវកម្ម និងការវិភាគហិរញ្ញវត្ថុ រួមទាំងការវិភាគ SWOT (ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង) ក៏ដូចជាជំនាញទន់ដែលជាចំណូលចិត្តរបស់កញ្ញាផងដែរ។ 

 

ការលំបាកដែលស្ត្រីត្រូវស៊ូទ្រាំ 

 

ក្រុមរបស់កញ្ញាបានបង្កើត Chatbot ឈ្មោះថា MEADA ដែលមានន័យថា «ម្តាយ» «មាតា» ជាភាសាខ្មែរ ដើម្បីដោះស្រាយបញ្ហាដែលស្ត្រីកម្ពុជាជួបប្រទះ។ កម្មវិធីនេះផ្តោតលើស្ត្រីមានផ្ទៃពោះដែលខ្វះលទ្ធភាពទទួលបានព័ត៌មានអាចទុកចិត្តបានអំពីការតាមដានសុខភាពមាតា ដោយសង្កេតឃើញថាមានការផ្សព្វផ្សាយព័ត៌មានមិនពិត និងការយល់ច្រឡំជាច្រើនអំពីសុខភាពមានផ្ទៃពោះនៅលើបណ្តាញសង្គម។ កញ្ញាថា នេះអាចបង្កគ្រោះថ្នាក់ដល់សុខភាពស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃផងដែរ 

 

កញ្ញា លីតា បានពន្យល់ពីមូលហេតុដែលក្រុមរបស់កញ្ញាជ្រើសរើសគម្រោងនេះថា៖ យើងឃើញថាស្ត្រីមានផ្ទៃពោះគឺជាអ្នកដែលជួបការលំបាកខ្លាំងបំផុត។ កើតមកជាស្ត្រី ពួកគាត់ជួបការលំបាកសូម្បីតែមុនពេលមានផ្ទៃពោះ ព្រោះពួកគាត់ត្រូវស៊ូទ្រាំនឹងការមកវដ្តរដូវជារៀងរាល់ខែ។ បុរសនឹងមិនអាចយល់ពីការឈឺចាប់នេះដូចស្ត្រីឡើយ។

 

កញ្ញាបានបន្តរៀបរាប់ពីបញ្ហាប្រឈមផ្សេងទៀតដែលស្ត្រីត្រូវឆ្លងកាត់ រួមទាំងការប្រែប្រួលអារម្មណ៍នៅពេលមករដូវ ឬពេលមានផ្ទៃពោះ ទាំងការសប្បាយចិត្ត និងភ័យខ្លាចក្នុងការក្លាយជាម្តាយ និងការផ្លាស់ប្តូររាងកាយជាដើម 

 

កញ្ញាបានប្រាប់ Kiripost ថា៖ អំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវមើលថែខ្លួនឯង និងទារកក្នុងផ្ទៃ។ អារម្មណ៍ និងរូបរាងកាយរបស់នាងក៏ប្រែប្រួល។ ប៉ុន្តែអ្វីដែលពិបាកបំផុតអំឡុងពេលមានផ្ទៃពោះ គឺហានិភ័យនៃជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺក្រឡាភ្លើង ដែលជាស្ថានភាពគ្រោះថ្នាក់បំផុត ជាពិសេសអំឡុងពេលសម្រាល។ ប្រសិនបើពួកគាត់មិនទទួលបានការព្យាបាលបន្ទាន់ទេ ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់បាត់បង់ជីវិត។” 

 

ក្រឡាភ្លើង​ គឺជាការប្រកាច់ដែលអាចកើតឡើងលើស្ត្រីមានផ្ទៃពោះនៅពាក់កណ្តាលទីពីរនៃការពពោះ។ វាកើតឡើងនៅពេលដែលសម្ពាធឈាម និងកម្រិតប្រូតេអ៊ីនក្នុងទឹកនោមឡើងខ្ពស់ ដែលអាចបណ្តាលឱ្យឈឺក្បាល ស្រវាំងភ្នែក ប្រកាច់ និងឈានទៅដល់ការសន្លប់។ 

 

 

ព័ត៌មានមិនពិតលើបណ្តាញសង្គម បង្កហានិភ័យដល់ស្ត្រីមានផ្ទៃពោះ 

 

តាមរយៈការសង្កេតលើបណ្តាញសង្គម ជាពិសេស Facebook មួយរយៈ កញ្ញា លីតា បានឃើញមាតិកា និងដំបូន្មានទាក់ទងនឹងសុខភាពមានផ្ទៃពោះដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយ ប៉ុន្តែគ្មានប្រភពច្បាស់លាស់ពីវេជ្ជបណ្ឌិត ឬអ្នកជំនាញសុខភាពឡើយ។ 

 

កញ្ញាបាននិយាយថា៖ យើងក៏កត់សម្គាល់ឃើញដែរថា ស្ត្រីមានផ្ទៃពោះជាច្រើនមិនបានទៅពិនិត្យសុខភាពខ្លួនឯង ឬសុខភាពទារកក្នុងផ្ទៃឱ្យបានទៀងទាត់ទេ។ លើសពីនេះ មនុស្សជាច្រើនកំពុងតាមដានផេក Facebook ដែលបង្ហោះមាតិកាមិនត្រឹមត្រូវអំពីសុខភាពស្ត្រី និងកុមារ។ 

 

ស្ត្រីមានផ្ទៃពោះខ្លះមិនទៅជួបវេជ្ជបណ្ឌិត ឬអ្នកជំនាញទេ ប៉ុន្តែបែរជាបង្ហោះបញ្ហារបស់ពួកគេនៅលើបណ្តាញសង្គម ហើយសួរម្តាយផ្សេងទៀតថា តើពួកគេជួបបញ្ហាដូចគ្នាឬអត់។ ម្តាយខ្លះទុកចិត្តដំបូន្មានពីអ្នកប្រើប្រាស់អនឡាញ ជាងទៅជួបអ្នកជំនាញសុខភាព។ 

 

កញ្ញា លីតា បន្ថែមថា៖ អ្នកដែលផ្តល់មតិ និងដំបូន្មានមិនមែនសុទ្ធតែជាវេជ្ជបណ្ឌិត ឬឆ្មបដែលមានបទពិសោធន៍នោះទេ។ នៅពេលគេ Comment លើផុស ពួកគេអាចនឹងចាត់ទុកវាជាដំបូន្មានល្អ ហើយព្យាយាមធ្វើតាម ដែលអាចមានហានិភ័យ។ 

 

ខ្ញុំដឹងថាជារឿងល្អដែលអ្នកប្រើប្រាស់អនឡាញនៅកម្ពុជាមានក្រុមលើបណ្តាញសង្គមដើម្បីចែករំលែកចំណេះដឹង ប៉ុន្តែសម្រាប់ខ្ញុំ ក្នុងនាមជានិស្សិតឆ្មប ខ្ញុំគិតថាវាមិនទាន់គ្រប់គ្រាន់ និងល្អនៅឡើយទេ។ 

 

បញ្ហាប្រឈមរបស់ម្តាយ បំផុសគំនិតឱ្យមានការផ្លាស់ប្តូរ 

 

អំឡុងពេលចុះកម្មសិក្សានៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងរាជធានីភ្នំពេញ កញ្ញា លីតា បានឃើញបញ្ហាប្រឈមជាច្រើនដែលស្ត្រីមានផ្ទៃពោះជួបប្រទះ។ រឿងដែលខ្លោចចិត្តបំផុតគឺការឃើញស្ត្រីមានផ្ទៃពោះម្នាក់ធ្វើដំណើរទៅមន្ទីរពេទ្យតែម្នាក់ឯងទាំងដែលជិតដល់ពេលសម្រាល។ 

 

ជាអកុសល ស្ត្រីរូបនោះទើបតែដឹងនៅពេលនោះថា គាត់មានជំងឺស្វាយ (Syphilis) ដែលជាជំងឺកាមរោគ និងមានគ្រោះថ្នាក់ដល់អាយុជីវិតគាត់ និងកូន។ 

 

កញ្ញាបាននិយាយថា៖ ទារកបានកើតមកដោយជោគជ័យ ប៉ុន្តែក៏បានឆ្លងជំងឺនេះដែរ និងត្រូវការការថែទាំបន្ថែម។ កញ្ញាបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្រើប្រាស់ព័ត៌មានប្រភពច្បាស់លាស់ និងមានប្រសិទ្ធភាពសម្រាប់ស្ត្រីមានផ្ទៃពោះ។ ប្រសិនបើស្ត្រីនោះបានទៅពិនិត្យសុខភាពទៀងទាត់អំឡុងពេលពពោះ គាត់ប្រហែលជាបានដឹងពីស្ថានភាពរបស់គាត់ហើយ។ 

 

បើតាមកញ្ញា លីតា ដែលបានជួយក្នុងដំណើរការសម្រាលកូន ស្ត្រីរូបនោះមិនបានពិនិត្យសុខភាពអំឡុងពេលពពោះទេ ដោយសារគាត់ក្រីក្រ និងប្រកបរបររើសអេតចាយ។ ស្ត្រីរូបនោះបានសម្តែងការសោកស្តាយដែលមិនបានមើលថែសុខភាពខ្លួនឯងទាំងមុន និងអំឡុងពេលមានផ្ទៃពោះ។ 

 

គម្លាតឌីជីថល និងព័ត៌មានដែលនាំឱ្យមានការភាន់ច្រឡំ 

 

ដើម្បីស្វែងយល់ពីតម្រូវការរបស់ស្ត្រីមានផ្ទៃពោះនៅកម្ពុជា និងដោះស្រាយឧបសគ្គរបស់ពួកគេដោយបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ក្រុមការងារ MEADA បានធ្វើការស្ទង់មតិលើស្ត្រីមានផ្ទៃពោះចំនួន ៣៤១ នាក់ មកពីមន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៥ ក្នុងរាជធានីភ្នំពេញ។ 

 

ការស្ទង់មតិនេះមានគោលបំណងស្វែងយល់ពីបទពិសោធន៍របស់ស្ត្រីក្នុងការថែទាំមុនសម្រាល លទ្ធភាពទទួលបានព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យា សុខភាពផ្លូវចិត្ត និងចំណាប់អារម្មណ៍លើដំណោះស្រាយសុខភាពមាតាតាមប្រព័ន្ធឌីជីថល ដោយមានជំនួយពី Chatbot គំរូឈ្មោះ MEADA។ 

 

ការសិក្សារកឃើញថា ៤២,៤ ភាគរយនៃស្ត្រីមានផ្ទៃពោះបានខកខានការទៅពិនិត្យសុខភាពយ៉ាងតិចមួយដង។ មូលហេតុចម្បងដែលពួកគេខកខានគឺដោយសារភ្លេចការណាត់ជួប (៤១,២ ភាគរយ) ខណៈ ២៧,១ ភាគរយទៀតនិយាយថាពួកគេខកខានដោយសាររវល់នឹងការងារ និងគ្រួសារ។ 

 

ទន្ទឹមនឹងនេះ ជិត ៧៥ ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិ បានរាយការណ៍ថាធ្លាប់ទទួលបានព័ត៌មានមិនពិត យល់ច្រឡំ ឬមានភាពស្រពិចស្រពិល បើធៀបនឹងព័ត៌មានពិតពីអ្នកជំនាញសុខភាព។ នេះបណ្តាលឱ្យពួកគេជាងពាក់កណ្តាលសម្រេចចិត្តពន្យារពេលទៅជួបគ្រូពេទ្យដើម្បីពិគ្រោះយោបល់ឱ្យបានត្រឹមត្រូវ ឬស្វែងរកការព្យាបាលទាន់ពេលវេលា។ 

 

ភាគច្រើននៃពួកគេជួបបញ្ហាស្រដៀងគ្នាក្នុងការស្វែងរកមន្ទីរពេទ្យឯកជន ឬរដ្ឋដែលត្រឹមត្រូវសម្រាប់ការព្យាបាល និងខ្លាចចំណាយពេលយូរក្នុងការរង់ចាំពិនិត្យ។ 

 

គួរកត់សម្គាល់ថា ជាង ៨០ ភាគរយនៃស្ត្រីមានផ្ទៃពោះក្នុងការស្ទង់មតិ បាននិយាយថាពួកគេមកពីគ្រួសារដែលមានចំណូលតិចជាង ៣០០ ដុល្លារក្នុងមួយខែ។ 

 

ការស្ទង់មតិបានរកឃើញថា៖ «ជិត ៩០ ភាគរយនៃស្ត្រីមានផ្ទៃពោះនៅកម្ពុជា រាយការណ៍ថាមានអារម្មណ៍តានតឹង និងថប់បារម្ភអំឡុងពេលមានផ្ទៃពោះ ដោយសារបញ្ហាហិរញ្ញវត្ថុ ការព្រួយបារម្ភអំពីការងារ និងសុខភាព ក៏ដូចជាសម្ពាធគ្រួសារ»។ 

 

ព័ត៌មានដែលអាចទុកចិត្តបានពី WHO និងក្រសួងសុខាភិបាល 

 

ក្រុមការងារបានបង្កើត Chatbot ឌីជីថលឆ្លាតវៃនៅលើ Telegram ដើម្បីផ្តល់ព័ត៌មានទាន់ពេលវេលា និងគួរឱ្យទុកចិត្តអំពីគន្លឹះថែទាំសុខភាពមាតា ដោយមានមុខងារឆ្លើយតបចំពោះក្តីបារម្ភ និងរោគសញ្ញានានាអំឡុងពេលមានផ្ទៃពោះ។ 

 

ដំបូន្មានទាំងនេះត្រូវបានផ្តល់ដោយអ្នកជំនាញសុខភាពមាតា ព្រមទាំងជួយស្ត្រីក្នុងការតាមដានវដ្តរដូវ ការព្យាករណ៍ថ្ងៃសម្រាល និងអាយុទារកក្នុងផ្ទៃ។ មុខងារពិសេសមួយទៀតរបស់ MEADA គឺការដាស់តឿនស្ត្រីមានផ្ទៃពោះអំពីការណាត់ជួបពិនិត្យសុខភាពនៅមន្ទីរពេទ្យ។ 

 

ដើម្បីធានាថាព័ត៌មាន និងអនុសាសន៍ទាំងអស់ដែលផ្តល់ដោយ Chatbot គឺគួរឱ្យទុកចិត្ត ក្រុមការងារបានដកស្រង់ចេញពីស្ថាប័នផ្លូវការដូចជា អង្គការសុខភាពពិភពលោក (WHO), សៀវភៅ «មាតាគំរូ» របស់ក្រសួងសុខាភិបាល និងអ្នកជំនាញសុខភាពផ្សេងទៀត។ 

 

ការស្ទង់មតិបានបង្ហាញថា ជិត ៨៧ ភាគរយនៃស្ត្រីដែលត្រូវបានសួរ បាននិយាយថាពួកគេចាប់អារម្មណ៍លើការពិគ្រោះយោបល់ និងពិភាក្សាតាមអ៊ីនធឺណិតជាមួយវេជ្ជបណ្ឌិតជាភាសាខ្មែរ។ លើសពីនេះ ប្រហែល ៧២ ភាគរយបានសម្តែងការចាប់អារម្មណ៍លើ MEADA ដោយសារវាឥតគិតថ្លៃនៅលើ Telegram ដើម្បីទទួលបានព័ត៌មានថែទាំសុខភាពមាតាបានកាន់តែប្រសើរ។ 

 

ទោះជាយ៉ាងណា កញ្ញា លីតា នៅតែជំរុញឱ្យស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីអាចព្យាបាលបញ្ហាសុខភាពបានទាន់ពេលវេលា និងកាត់បន្ថយហានិភ័យអំឡុងពេលពពោះ និងសម្រាល។ 

 

ប្រធានក្រុម លោក ហៀង លីហុង និស្សិតឆ្នាំទី ៥ ជំនាញវេជ្ជសាស្ត្រទូទៅ នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ បាននិយាយថា ការស្ទង់មតិបានបង្ហាញថា របាំងភាសាធ្វើឱ្យស្ត្រីពិបាកទទួលបានព័ត៌មានអំពីការថែទាំសុខភាពមាតា។ 

 

នេះបានជំរុញឱ្យក្រុមការងារបង្កើត MEADA សម្រាប់ស្ត្រីមានផ្ទៃពោះ និងសាធារណជន ដើម្បីឱ្យពួកគេទទួលបានការយល់ដឹងកាន់តែច្បាស់នៅគ្រប់ពេលវេលា ដោយមិនចាំបាច់ចំណាយពេលស្វែងរកព័ត៌មានលម្អិតលើអ៊ីនធឺណិត ឬទទួលព័ត៌មានមិនពិតលើបណ្តាញសង្គម។ 

 

លោកបាននិយាយថា៖ «យើងបានរកឃើញថា ព័ត៌មានភាគច្រើននៅលើអ៊ីនធឺណិតអំពីប្រធានបទសុខភាព គឺមានជាភាសាអង់គ្លេស និងមានពាក្យបច្ចេកទេសដែលពិបាកយល់សម្រាប់ស្ត្រីមានផ្ទៃពោះនៅកម្ពុជា។ នោះហើយជាមូលហេតុដែលយើងបង្កើត Chatbot ជាភាសាខ្មែរ ដែលអាចប្រើប្រាស់បានគ្រប់ទីកន្លែង»។ 

 

អត្រាមរណភាពមាតានៅកម្ពុជាគឺ ១៥៤ នាក់ក្នុងចំណោម ១០០,០០០ កំណើតរស់ ដែលខ្ពស់ជាងមធ្យមភាគ ១១៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វេជ្ជបណ្ឌិត ប៊ីន ស័ក្កវិសិដ្ឋ វេជ្ជបណ្ឌិតជំនាញទារកទើបកើតនៅមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍កាលពីដើមឆ្នាំនេះថា៖ «កត្តារួមចំណែកមានភាពខុសគ្នាតាមបណ្តាខេត្ត ដោយសារគម្លាតនៃឥរិយាបថស្វែងរកសេវាសុខភាព ហេដ្ឋារចនាសម្ព័ន្ធមានកម្រិត ជំនាញសង្គ្រោះជីវិតមានកម្រិត និងលទ្ធភាពទទួលបានការបញ្ជូនបន្តទាន់ពេលវេលានៅមានកម្រិត»។ 

 

ដោយកត់សម្គាល់ថាតួលេខនេះគឺខ្ពស់ជាងប្រទេសដទៃ លោក លីហុង បាននិយាយថា តាមរយៈការបង្កើត MEADA ពួកគេសង្ឃឹមថានឹងជួយក្រសួងសុខាភិបាលសម្រេចបានគោលដៅឆ្នាំ ២០៣០ ដោយកាត់បន្ថយអត្រាមរណភាពមកត្រឹម ៧០ នាក់ក្នុងចំណោម ១០០,០០០ កំណើតរស់។ 

 

ពីសុខភាព ទៅសហគ្រិនភាព៖ កម្មវិធី «យុវជន ២១» ផ្តល់អំណាចដល់និស្សិតកម្ពុជា 

 

ទន្ទឹមនឹងនេះ លោក លីហុង បានកត់សម្គាល់ថា៖ «ការចូលរួមកម្មវិធីយុវជន ២១ គឺលើសពីការប្រកួតប្រជែង។ ខ្ញុំទទួលបានជំនាញសហគ្រិនភាពថ្មីៗ ជំនាញទន់ និងអាចបង្កើតបណ្តាញទំនាក់ទំនងជាមួយនិស្សិតសាកលវិទ្យាល័យ ១០ ក្រុមផ្សេងទៀត អំឡុងពេលបណ្តុះបណ្តាលរបស់យើងនៅសៀមរាប។ 

 

បន្ទាប់ពីឈ្នះចំណាត់ថ្នាក់លេខ ១ ក្រុមការងារចង់ប្រែក្លាយ Chatbot របស់ពួកគេទៅជាអាជីវកម្មមួយនាពេលអនាគត ប្រសិនបើពួកគេអាចទទួលបានមូលនិធិបន្ថែម។ ចាប់តាំងពីដាក់ឱ្យប្រើប្រាស់គំរូសាកល្បងមក MEADA មានអ្នកប្រើប្រាស់ (Subscriber) ជាង ៥០០ នាក់ ដោយ ៧៨ ភាគរយជាស្ត្រីមានផ្ទៃពោះ និងសល់ពីនោះជាបុរសដែលចង់ស្វែងយល់បន្ថែមអំពីការថែទាំសុខភាពមាតា។ 

លោក កេង វីរៈ អាយុ ៤០ ឆ្នាំ ដែលជាគ្រូណែនាំ (Mentor) របស់ក្រុម MEADA បាននិយាយថា លោកបានលើកទឹកចិត្តនិស្សិតឱ្យចូលរួមក្នុងការប្រកួតនេះ ព្រោះកម្មវិធីនេះជាឱកាសល្អសម្រាប់និស្សិតសុខាភិបាលក្នុងការអភិវឌ្ឍផ្នត់គំនិតសហគ្រិន និងជំនាញទន់ ដូចជាការនិយាយជាសាធារណៈ។ 

 

និស្សិតបានរចនា Chatbot នេះឡើងដើម្បីឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិចំនួនពីរ គឺ SDG3 (ធានាឱ្យមានជីវិតរស់នៅប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់មនុស្សគ្រប់វ័យ) និង SDG4 (ផ្តោតលើការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌)។ 

 

លោកបាននិយាយថា៖ «ខ្ញុំគិតថា យុវជន ២១ គឺជាកម្មវិធីដ៏ល្អមួយ។ ខ្ញុំបានដឹកនាំនិស្សិតឱ្យចូលរួមក្នុងកម្មវិធីនេះរយៈពេល ៣ ឆ្នាំមកហើយ។ វាផ្តោតលើយុវជន ហើយខ្ញុំគិតថានៅពេលដែលយើងចាប់ផ្តើមយកចិត្តទុកដាក់លើយុវជន វានឹងជួយអភិវឌ្ឍប្រទេសរបស់យើង»។ 

 

លោក វីរៈ មានមោទនភាព និងរីករាយដែលបានណែនាំយុវជន ៦ នាក់ ឱ្យបង្កើតគំនិតរបស់ពួកគេទៅជាឧបករណ៍ឌីជីថលដែលមានប្រយោជន៍ ដែលអាចដោះស្រាយអត្រាមរណភាពរបស់ម្តាយ និងកុមារនៅកម្ពុជា។ 

 

លោក ថេង សេងហុង ប្រធានផ្នែកផ្សព្វផ្សាយរបស់ «យុវជន ២១» បានប្រាប់ Kiripost ថា កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការដោយ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ ២០២១ ដើម្បីឱ្យនិស្សិតបណ្ដុះផ្នត់គំនិតអាជីវកម្មស្របតាមជំនាញចាំបាច់ក្នុងសតវត្សរ៍ទី ២១ ដើម្បីជួយពួកគេនាពេលអនាគត។ 

 

«យុវជន ២១» បានបណ្តុះបណ្តាលនិស្សិតកម្ពុជារាប់រយនាក់មកពីសាកលវិទ្យាល័យផ្សេងៗលើជំនាញសហគ្រិនភាពចាប់តាំងពីឆ្នាំ ២០២១ ដល់ ២០២៥ ដើម្បីអភិវឌ្ឍវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ក្នុងការដោះស្រាយបញ្ហាសង្គម តាមរយៈការរួមបញ្ចូលគ្នានៃការគិតបែបត្រិះរិះ និងជំនាញឌីជីថល។ 

 

លោកបាននិយាយថា៖ «យើងលើកទឹកចិត្តយុវជនឱ្យសាកល្បងអ្វីដែលថ្មី តាមរយៈកម្មវិធីដែលរៀបចំដោយនាយកដ្ឋានអប់រំ ដើម្បីតាមឱ្យទាន់ពិភពលោកទំនើប។ សង្ឃឹមថាយុវជនកាន់តែច្រើននឹងចូលរួមក្នុងកម្មវិធីបែបនេះ»។ 

 

លោក ជីវ តារា អគ្គនាយកហិរញ្ញវត្ថុនៃធនាគារ វីង ដែលបានចូលរួមជាគណៈកម្មការក្នុងវគ្គផ្តាច់ព្រ័ត្រ បានមានប្រសាសន៍ថា៖ «អនាគតរបស់កម្ពុជាស្ថិតនៅលើភាពច្នៃប្រឌិត ភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់យុវជន។ ដូច្នេះ យើងត្រូវតែផ្តល់ឱ្យពួកគេនូវឧបករណ៍ ការណែនាំ និងឱកាសដើម្បីប្រែក្លាយចក្ខុវិស័យឱ្យទៅជាការពិត»។ 

 

ចាប់តាំងពីឆ្នាំ ២០២១ មក ធនាគារ វីង គឺជាដៃគូសហការដ៏ទៀងទាត់របស់កម្មវិធី «យុវជន ២១» ដោយបានជួយគាំទ្រដល់និស្សិតរាប់រយនាក់ក្នុងការពង្រឹងជំនាញសហគ្រិនភាព និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនាពេលអនាគត។ ធនាគារបានចូលរួមយ៉ាងសកម្មក្នុងនាមជាអ្នកណែនាំ អ្នកបណ្តុះបណ្តាល និងអ្នកវាយតម្លៃ ដើម្បីធានាថានិស្សិតទទួលបានចំណេះដឹងពីពិភពពិត ជំនាញអាជីវកម្មជាក់ស្តែង និងទំនុកចិត្តក្នុងការបន្តដំណើរលើវិថីសហគ្រិនភាព៕ 

 

 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តាមរយៈឱកាសិក្សាមុខវិជ្ជា STEM យុវតីកំព្រាម្នាក់កំពុងជម្នះភាពក្រីក្រ ដើម្បីសម្រេចក្តីស្រមៃ

នៅពេលដែលយុវតី ឃុន មនោរម្យ បានប្រើប្រាស់កុំព្យូទ័រជាលើកដំបូង យុវតីរូបនេះបានមើលឃើញពីពិភពលោកដ៏ធំទូលាយមួយ ដោយមានការជួយជ្រោមជ្រែងពីអង្គការមូលនិធិកុមារកម្ពុជា (CCF)។ ឱកាសក្នុងការក្រេបជញ្ជក់ចំណេះដឹងលើជំនាញ STEM និងបច្ចេកវិទ្យាឌីជីថល បានក្លាយជាស្ពានចម្លងសិស្សានុសិស្សដូចជាយុវតីរូបនេះ ឱ្យរើបម្រាសពីភាពក្រីក្រ និងភាពលំបាក ដើម្បីចាប់យកអនាគតការងារនៃក្តីស្រមៃក្នុងវិស័យហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Feb 23, 2026

អានរហ័ស

ធ្លាប់ត្រូវគេឆបោកទិញទំនិញតាមអនឡាញ សហគ្រិនស្រ្តីម្នាក់បង្កើតផ្លេតហ្វមទិញ-លក់អីវ៉ាន់តាមអ៊ិនធឺណិតរហូតមានការគាំទ្រពីអ្នកប្រើប្រាស់ខ្ទង់ម៉ឺននាក់

បន្ទាប់ពីបាត់បង់លុយអស់ ៥០០ ដុល្លារក្នុងការទិញទំនិញតាមប្រព័ន្ធអនឡាញ សហគ្រិនស្ត្រីកម្ពុជាម្នាក់គឺលោកស្រីសែម ពុទ្ធារី មិនបានបណ្តោយឱ្យបទពិសោធន៍ដ៏អាក្រក់នេះបង្អាក់ស្មារតីរបស់គាត់ឡើយ។ ផ្ទុយទៅវិញ លោកស្រីបានប្រែក្លាយបញ្ហានេះទៅជាគំនិតអាជីវកម្ម ដោយបង្កើតនូវផ្លេតហ្វមសេវាកម្មអនឡាញមួយ ដែលមានគោលបំណងជួយការពារអតិថិជនពីការឆបោក និងគាំទ្រដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មខ្លួនឯង។

ចេញផ្សាយនៅ: Jan 30, 2026

អានរហ័ស

MyLekha ផ្តល់ដំណោះស្រាយដ៏សំបូរបែប និងងាយស្រួលសម្រាប់អាជីវករសម័យថ្មី

បង្កើតឡើងក្នុងអំឡុងពេលកូវីដ-១៩ MyLekha ដែលជាធុរកិច្ចបង្កើតថ្មីក្នុងស្រុកមួយ បានកែប្រែពីស្ថានភាពហៀបនឹងបោះបង់ ក្លាយជាប្រព័ន្ធគ្រប់គ្រងការលក់ (POS) ដែលផ្តល់ជូនអ្នកប្រើប្រាស់ក្នុងតម្លៃត្រឹមតែ ៥ ដុល្លារក្នុងមួយខែ។

ចេញផ្សាយនៅ: Jan 29, 2026