ក្រុម Wing Bank Personal Banking បានក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ «ពានរង្វាន់បាល់ទាត់ធនាគារ វីង ឆ្នាំ២០២៦» បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងយ៉ាងជក់ចិត្តអស់រយៈពេលជិត ២ ខែ រវាងបុគ្គលិកមកពីទីស្នាក់ការកណ្តាល និងបណ្តាសាខាតាមបណ្តាខេត្ត។
ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែមិថុនា នេះ មានការចូលរួមពីក្រុមចំនួន ២៥ ដោយក្នុងមួយក្រុមៗមានកីឡាករ ១៨ នាក់។ លើសពីការដណ្តើមជ័យជម្នះនៅលើទីលាន នេះគឺជាវេទិកាដ៏សំខាន់ដែលអនុញ្ញាតឱ្យបុគ្គលិកមកពីផ្នែកផ្សេងៗគ្នា បានជួបជុំគ្នា បង្កើនភាពស្និទ្ធស្នាល និងស្វែងយល់កាន់តែច្បាស់ពីតួនាទីរបស់គ្នាទៅវិញទៅមក ក្នុងការជំរុញឱ្យធនាគារទាំងមូលដំណើរការទៅមុខដោយរលូន។
ម្ចាស់ជ័យលាភីក្នុងការប្រកួតរួមមាន៖
- ជើងឯក៖ ក្រុម Wing Bank Personal Banking ទទួលបានមេដាយមាស និងប្រាក់រង្វាន់ ១,២០០ ដុល្លារ
- ចំណាត់ថ្នាក់លេខ១៖ ធនាគារ វីង សាខាកំពង់ចាម ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ៨០០ ដុល្លារ
- ចំណាត់ថ្នាក់លេខ២៖ ធនាគារ វីង ស្ទឹងសែន ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់ ៦០០ ដុល្លារ
- ចំណាត់ថ្នាក់លេខ៣៖ ក្រុមតំណាងខេត្តក្រចេះ ទទួលបានប្រាក់រង្វាន់ ៤០០ ដុល្លារ
- រង្វាន់លើកទឹកចិត្ត: ក្រុមដែលមិនបានទទួលជ័យលាភី ក៏ទទួលបានថវិកាលើកទឹកចិត្តចំនួន ២០០ ដុល្លារ ក្នុងមួយក្រុមផងដែរ។
កីឡាបាល់ទាត់បានផ្តល់ជាមេរៀនដ៏មានតម្លៃថា ទោះបីជាមានតែកីឡាករម្នាក់ជាអ្នកស៊ុតបញ្ចូលទី ប៉ុន្តែរាល់គ្រាប់បាល់ជោគជ័យ សុទ្ធតែជាលទ្ធផលនៃការបញ្ជូនបាល់ និងការសហការគ្នាយ៉ាងល្អពីមិត្តរួមក្រុម។ ស្រដៀងគ្នានេះដែរ ការបម្រើសេវាកម្មជូនអតិថិជនឱ្យបានល្អបំផុត គឺអាស្រ័យលើការគាំទ្រគ្នាទៅវិញទៅមកពីមិត្តរួមការងារនៅគ្រប់ផ្នែកទាំងអស់ ដើម្បីធានាថាគ្រប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជនមានភាពរលូន សុវត្ថិភាព និងរហ័សទាន់ចិត្ត។
ក្រៅពីការពង្រឹងស្មារតីក្រុម ការប្រកួតនេះក៏បានជំរុញឱ្យបុគ្គលិករក្សានូវសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ នេះគឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ធនាគារ វីង ដែលផ្តោតសំខាន់លើការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ការទទួលស្គាល់ស្នាដៃ និងការបង្កើតបរិយាកាសការងារដ៏ល្អប្រពៃ។
តាមរយៈការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ធនាគារ វីង កំពុងកសាងកម្លាំងចលករដ៏រឹងមាំមួយ ដើម្បីត្រៀមខ្លួនផ្តល់ជូននូវសេវាធនាគារដ៏គួរឱ្យទុកចិត្ត និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជូនដល់អតិថិជន និងសហគមន៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ 


