ការទប់ស្កាត់ការឆបោកផ្នែកហិរញ្ញវត្ថុនៅកម្ពុជា

នៅក្នុងទិវាសន្តិសុខសាយប័រ (Cybersecurity Day) ឆ្នាំ ២០២៥ អ្នកជំនាញក្នុងវិស័យនេះបានលើកឡើងថា សុវត្ថិភាពហិរញ្ញវត្ថុមិនមែនជាការទទួលខុសត្រូវតែនៅលើប្រព័ន្ធប្រតិបត្តិការនៅក្នុងគ្រឹះស្ថានធនាគារទៀតនោះទេ ពោលគឺបញ្ហាប្រឈមក៏អាចកើតមានសម្រាប់អ្នកប្រើប្រាស់សេវាធនាគារនៅលើទូរសព្ទដៃ ហើយអ្នកជំនាញបានអះអាងទៀតថា អ្នកប្រើប្រាស់សេវាធនាគារឆ្លាតវៃ គឺជាអ្នកដែលចេះស្វែងយល់ និងដឹងពីវិធីទប់ស្កាត់ហានិភ័យទាំងនេះទុកជាមុន។

ចេញផ្សាយនៅ: Dec 26, 2025

នៅក្នុងទិវាសន្តិសុខសាយប័រ (Cybersecurity Day) ឆ្នាំ ២០២៥ អ្នកជំនាញក្នុងវិស័យនេះបានលើកឡើងថា សុវត្ថិភាពហិរញ្ញវត្ថុមិនមែនជាការទទួលខុសត្រូវតែនៅលើប្រព័ន្ធប្រតិបត្តិការនៅក្នុងគ្រឹះស្ថានធនាគារទៀតនោះទេ ពោលគឺបញ្ហាប្រឈមក៏អាចកើតមានសម្រាប់អ្នកប្រើប្រាស់សេវាធនាគារនៅលើទូរសព្ទដៃ ហើយអ្នកជំនាញបានអះអាងទៀតថា អ្នកប្រើប្រាស់សេវាធនាគារឆ្លាតវៃ គឺជាអ្នកដែលចេះស្វែងយល់ និងដឹងពីវិធីទប់ស្កាត់ហានិភ័យទាំងនេះទុកជាមុន។

 

សន្តិសុខសាយប័រលែងជាបញ្ហាផ្នែកព័ត៌មានវិទ្យា (IT) តែមួយមុខទៀតហើយ ប៉ុន្តែវាគឺជាកិច្ចសហការកម្រិតថ្នាក់ជាតិដែលត្រូវរួមគ្នាដោះស្រាយទាក់ទងនឹងការអភិវឌ្ឍសេវាធនាគារឆ្លាតវៃ សមាគមធនាគារនៅកម្ពុជា (ABC) និងធនាគារជាតិនៃកម្ពុជា (NBC) កំពុងពង្រឹងប្រព័ន្ធសុវត្ថិភាព ខណៈដែលឧក្រិដ្ឋជនសាយប័រកំពុងងាកមកកំណត់មុខសញ្ញាបោកប្រាស់ទៅលើអ្នកប្រើប្រាស់កាបូបលុយអេឡិចត្រូនិក (e-wallets) ផ្ទាល់តែម្តង។

 

លោក សុខ ចាន់ ប្រធានផ្នែកបរិយាប័ន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា (ABC) បានប្រាប់សារព័ត៌មាន Kiripost ថា៖ ស្របពេលជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃការទូទាត់តាមប្រព័ន្ធឌីជីថល យើងក៏កំពុងប្រឈមមុខនឹងបញ្ហា និងហានិភ័យថ្មីៗជាច្រើន ដែលពាក់ព័ន្ធនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញ សេវាធនាគារឌីជីថល បទល្មើសសាយប័រ និងការកើនឡើងនៃសកម្មភាពធនាគារក្រៅផ្លូវការផងដែរ។

 

ABC កំពុងសហការជាមួយភាគីពាក់ព័ន្ធ រួមមាន ធនាគារ និយតករ ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងស្ថាប័នអនុវត្តច្បាប់ ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើនឡើងនៃការឆបោកផ្នែកហិរញ្ញវត្ថុ និងផលប៉ះពាល់ដែលអាចកើតមានចំពោះទំនុកចិត្តរបស់អតិថិជន ក៏ដូចជាសុចរិតភាពនៃប្រព័ន្ធទូទាត់ឌីជីថល។

 

លោក សុខ​ ចាន់ បាននិយាយថា គ្រឹះស្ថានធនាគារនានាកំពុងអនុវត្តតាមយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិ និងវិធានការចំាបាច់ដែលត្រូវបានដាក់ចេញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីកសាងភាពធន់នៃប្រព័ន្ធធនាគារនៅកម្ពុជា។ ក្នុងនោះរួមមាន ទាំងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហានិភ័យរបស់ធនាគារជាតិនៃកម្ពុជា ដែលជួយឱ្យធនាគារនានាអាចទប់ទល់នឹងបញ្ហាប្រឈម រក្សាស្ថិរភាព និងកសាងទំនុកចិត្តសាធារណៈចំពោះវិស័យហិរញ្ញវត្ថុ។

 

លោកសុខ​​ ចាន់ បានបន្ថែមថា៖ លើសពីនេះទៅទៀត យើងបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីចំណេះដឹងផ្នែកឌីជីថល ហានិភ័យនៃការវាយប្រហារតាមអ៊ិធឺណិត និងវិធីសាស្ត្រនានាដើម្បីការពារការបោកប្រាស់តាមអនឡាញ។

 

លោកបានបញ្ជាក់ទៀតថា៖ “ការផ្តល់ចំណេះដឹងដល់អតិថិជន ដើម្បីឱ្យពួកគេអាចសម្គាល់ពីការប៉ុនប៉ងបោកប្រាស់ (Phishing) ការពារព័ត៌មានសម្ងាត់របស់ពួកគេ និងយល់ពីហានិភ័យដែលពាក់ព័ន្ធនឹងការប្រើប្រាស់មុខងារផ្ទៀងផ្ទាត់ គឺជាស្រទាប់ការពារចុងក្រោយដ៏សំខាន់បំផុត ដែលជួយទប់ស្កាត់ការឆបោកតាំងពីចំណុចចាប់ផ្តើម។

 

លោក ស៊ឹង សារឿន នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលធ្វើការលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ ការជជែកដេញដោល និងការតស៊ូមតិ បានកត់សម្គាល់ថា ការបោកប្រាស់ និងការឆបោកនៅក្នុងវិស័យធនាគារ បានកើតឡើងកាន់តែញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

 

លោកបានលើកឡើងថា៖ វាហាក់ដូចជាកើតឡើងជាពិសេសនៅពេលដែលអតិថិជនកាន់តែច្រើនងាកមកពឹងផ្អែកលើសេវាធនាគារឌីជីថល និងតាមទូរសព្ទចល័ត ដែលធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយរងគ្រោះពីការបោកប្រាស់យកព័ត៌មាន (Phishing) តំណភ្ជាប់ក្លែងក្លាយ ការប្រើប្រាស់ល្បិចបញ្ចុះបញ្ចូល (Social Engineering) និងការលួចអត្តសញ្ញាណជាដើម។” យ៉ាងនេះក្តី លោក ស៊ឹង សារឿន បានបង្ហាញការកោតសរសើរចំពោះធនាគារជាតិនៃកម្ពុជា ដែលបានខិតខំពង្រឹងក្របខ័ណ្ឌច្បាប់ ជួយផ្សព្វផ្សាយការយល់ដឹងដល់ពលរដ្ឋ និងជំរុញឱ្យធនាគារនានាពង្រឹងប្រព័ន្ធសុវត្ថិភាពដើម្បីទប់ស្កាត់បញ្ហានេះ។

 

លោក សារឿន បានបន្ថែមថា៖ វាជារឿងចាំបាច់សម្រាប់អ្នកប្រើប្រាស់ក្នុងការតាមដានព័ត៌មាន និងរក្សាការប្រុងប្រយ័ត្នខ្ពស់នៅពេលប្រើប្រាស់សេវាធនាគារ ពីព្រោះការយល់ដឹងគឺជាខ្សែការពារទីមួយ។ សកម្មភាពសាមញ្ញៗ ដូចជាការការពារទិន្នន័យផ្ទាល់ខ្លួន ការផ្ទៀងផ្ទាត់ប្រតិបត្តិការ និងការស្គាល់ពីល្បិចកលបោកប្រាស់ អាចកាត់បន្ថយហានិភ័យបានយ៉ាងច្រើន ការពារលុយកាក់របស់យើង និងជួយកសាងទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូលផងដែរ។”

 

ចំណុចដែលសាធារណជនគួរជៀសវាង

 

យោងតាមគោលការណ៍ណែនាំស្តីពីចំណុចដែលសាធារណជនគួរជៀសវាងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យារបស់ធនាគារជាតិរៃកម្ពុជា (NBC) បានឱ្យដឹងថា ទោះបីជាកាបូបលុយឌីជីថលផ្តល់នូវភាពងាយស្រួល និងរហ័សទាន់ចិត្តយ៉ាងណាក្តី ប៉ុន្តែនៅពីក្រោយភាពងាយស្រួលនេះ ធនាគារត្រូវតែមានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតការចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងស្នូលរបស់ធនាគារ ត្រូវបានអនុញ្ញាតសម្រាប់តែបុគ្គលិកដែលចាំបាច់បំផុតប៉ុណ្ណោះ។ ពួកគាត់ត្រូវឆ្លងកាត់ការផ្ទៀងផ្ទាត់សុវត្ថិភាពច្រើនដំណាក់កាល ហើយមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់គណនី ឬលេខកូដសម្ងាត់រួមគ្នាឡើយ។ ចំណែកឯដៃគូសហការបច្ចេកវិទ្យាពីខាងក្រៅ ក៏ត្រូវតែមានការតាមដានយ៉ាងដិតដល់ផងដែរ។

 

គោលការណ៍ណែនាំនេះបានបន្ថែមថា ដើម្បីធានាបាននូវតម្លាភាព រាល់សកម្មភាពទាំងអស់នៅក្នុងប្រព័ន្ធ ត្រូវតែកត់ត្រាទុកជានិច្ច។ ដើម្បីការពារការលួចបន្លំ ឬលាក់បាំង ទោះបីជាបុគ្គលិកជាន់ខ្ពស់ក៏ដោយ ក៏មិនមានសិទ្ធិចូលទៅលុប ឬកែប្រែកំណត់ត្រាសកម្មភាពរបស់ខ្លួនឯងបានឡើយ។ ហើយជារួម រាល់ទិន្នន័យបម្រុងទុក (Backup Data) ទាំងអស់ ត្រូវតែចាក់សោរការពារឱ្យបានតឹងរ៉ឹងបំផុត ដើម្បីកុំឱ្យជនខិលខូចលួចចូលប្រើប្រាស់បាន។

ជាមួយគ្នានេះ លោក សុខ​ ចាន់ បានចង្អុលបង្ហាញថា អតិថិជនទាំងអស់ មិនថាស្ថិតក្នុងវ័យណាក៏ដោយ គួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងត្រូវផ្ទៀងផ្ទាត់ព័ត៌មានដោយប្រុងប្រយ័ត្នជានិច្ច មុនពេលធ្វើប្រតិបត្តិការតាមអេឡិចត្រូនិក ឬប្រព័ន្ធឌីជីថលណាមួយ។ លើសពីនេះ ពួកគេមិនត្រូវទម្លាយព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនឡើយ ដូចជាលេខអត្តសញ្ញាណប័ណ្ណ ថ្ងៃខែឆ្នាំកំណើត ពាក្យសម្ងាត់ ព័ត៌មានសុវត្ថិភាពផ្ទាល់ខ្លួន ឬលេខកូដ PIN ជាដើម

លោកបានក្រើនរំលឹកថា៖ ចំណុចសំខាន់ សូមកុំឆ្លើយតបចំពោះសំណើគួរឱ្យសង្ស័យដែលសុំឱ្យអ្នកឆ្លើយសំណួរពាក់ព័ន្ធនឹងមុខងារសុវត្ថិភាព ឬសុំព័ត៌មានផ្ទាល់ខ្លួន ទោះបីជាពួកគេអះអាងថាមកពីគ្រឹះស្ថានហិរញ្ញវត្ថុណាមួយក៏ដោយ ហើយក៏ត្រូវជៀសវាងការចែករំលែកព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គមផងដែរ។

 

នៅពេលនិយាយអំពីគន្លឹះសំខាន់ៗដើម្បីការពារការឆបោក លោក សុខ ចាន់ បានលើកឡើងថា៖ សូមកុំចែករំលែកព័ត៌មានសម្រាប់ចូលគណនី (Login Credentials) ឬលេខកូដសុវត្ថិភាពរបស់អ្នកទៅកាន់នរណាម្នាក់ឱ្យសោះ សូមតាមដានគណនីរបស់អ្នក និងពិនិត្យមើលប្រវត្តិប្រតិបត្តិការជាប្រចាំ ហើយឧស្សាហ៍ត្រួតពិនិត្យសកម្មភាពទូទាត់របស់អ្នក ដើម្បីស្វែងរកប្រតិបត្តិការដែលមិនប្រក្រតី។

 

បន្ថែមពីនេះ លោកបានណែនាំដល់សាធារណជនឱ្យបន្តប្រុងប្រយ័ត្ននៅពេលធ្វើប្រតិបត្តិការតាមអនឡាញ កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានហិរញ្ញវត្ថុដល់ជនដែលមិនស្គាល់អត្តសញ្ញាណ និងត្រូវប្រុងប្រយ័ត្នចំពោះអ៊ីម៉ែល សារ ឬការហៅទូរសព្ទបោកប្រាស់។ លោក សុខ ចាន់ បានបន្ថែមថា៖ ប្រសិនបើការផ្តល់ជូនដំណឹងណាមួយស្តាប់ទៅល្អជ្រុលពេក វាអាចជាការបោកប្រាស់ហើយ។

 

ការពង្រឹងការការពារផ្នែកឌីជីថលជូនអតិថិជនឱ្យកាន់តែរឹងមាំ

 

វិស័យធនាគារនៅក្នុងប្រទេសកម្ពុជា កំពុងឈានចូលយុគសម័យឌីជីថលយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យការការពារអតិថិជនក្លាយជាអាទិភាពចម្បង។ ធនាគារ វីង កំពុងដើរតួនាទីឈានមុខគេ ជាមួយនឹងវិធានការសន្តិសុខដែលត្រូវបានពង្រឹង ក៏ដូចជាផ្តល់នូវចំណេះដឹងដល់អតិថិជន ដើម្បីធានាបាននូវប្រតិបត្តិការឌីជីថលប្រកបដោយសុវត្ថិភាព។

 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងបានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប ជាមួយនឹងការផ្តល់នូវចំណេះដឹងជាបន្តបន្ទាប់ ដើម្បីធានាថារាល់ប្រតិបត្តិការទាំងអស់មានសុវត្ថិភាព ហើយអតិថិជនគ្រប់រូបមានអារម្មណ៍ជឿជាក់ក្នុងការប្រើប្រាស់សេវាឌីជីថលរបស់យើង។ គោលដៅរបស់យើង គឺធ្វើឱ្យសុវត្ថិភាពក្លាយជារឿងសាមញ្ញ និងងាយស្រួលសម្រាប់អ្នកគ្រប់គ្នា។

 

ក្នុងនោះ ធនាគារ វីង​ ក៏បានប្រើប្រាស់វិធានការសន្តិសុខដ៏រឹងមាំ រួមទាំងប្រព័ន្ធ Zero-Trust Architecture ដែលជាទម្រង់សុវត្ថិភាពដែលត្រួតពិនិត្យរាល់សំណើចូលប្រើប្រាស់ជានិច្ច ដើម្បីការពារការបើកចូលដោយគ្មានការអនុញ្ញាត និងកាត់បន្ថយហានិភ័យនៃការលួចចូលប្រព័ន្ធ ទន្ទឹមនឹងការប្រើប្រាស់បច្ចេកវិទ្យាសន្តិសុខកម្រិតខ្ពស់ ការផ្ទៀងផ្ទាត់អត្តសញ្ញាណពីរជាន់ (2FA) ការរកឃើញ និងការឆ្លើយតបដោយស្វ័យប្រវត្តិ ការធ្វើកូដរូបនីយកម្មប្រតិបត្តិការ (Encrypted Transactions) និងការតាមដានត្រួតពិនិត្យជាប្រចាំ ២៤ម៉ោង/៧ថ្ងៃពេញតែម្តង។ ធនាគារ វីង តែងតែរក្សាបាននូវអនុលោមភាពតាមស្តង់ដារ SWIFT CSP និង PCI DSS ជាប់ជានិច្ច ដែលជាស្តង់ដារអន្តរជាតិសម្រាប់ការការពារទិន្នន័យម្ចាស់កាត និងការធានាសុវត្ថិភាពប្រតិបត្តិការសកល។ បន្ថែមពីលើនេះ ធនាគារ វីង ក៏បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូល (Core Banking Systems) របស់ខ្លួន ដើម្បីបង្កើនល្បឿន និងភាពជឿជាក់ផងដែរ។

 

លោក ប៊ុនថែ បានបន្ថែមថា៖ យើងតែងតែលើកទឹកចិត្តឱ្យអតិថិជនរក្សាការប្រុងប្រយ័ត្ន ជៀសវាងការចុចលើតំណភ្ជាប់គួរឱ្យសង្ស័យ ការពារព័ត៌មានផ្ទាល់ខ្លួន និងត្រួតពិនិត្យសកម្មភាពគណនីជាប្រចាំ។ ពួកគេមិនត្រូវចែករំលែកព័ត៌មានចូលគណនី លេខ PIN ឬលេខកូដ OTP ឡើយ ហើយត្រូវផ្ទៀងផ្ទាត់រាល់ការផ្តល់ជូន និងប្រតិបត្តិការជានិច្ច។

 

ប្រសិនបើព័ត៌មានផ្ទាល់ខ្លួនត្រូវបានលេចធ្លាយដោយចៃដន្យ ការចាត់វិធានការភ្លាមៗគឺជារឿងចាំបាច់បំផុត។ គណនីត្រូវតែត្រូវបានបង្កកភ្លាមៗ តាមរយៈអេប Wing Bank ឬដោយទាក់ទងទៅកាន់សេវាកម្មអតិថិជន (Call Center)។ ពាក្យសម្ងាត់គួរតែត្រូវបានផ្លាស់ប្តូរដោយមិនបង្អង់យូរ ហើយរាល់ភស្តុតាងនានា ដូចជារូបថតអេក្រង់ (Screenshots)​ គួរតែត្រូវបានរក្សាទុក។ ហេតុការណ៍នេះ អាចរាយការណ៍តាមរយៈមុខងារជំនួយ (Help) នៅក្នុងអេប Wing Bank ដោយគ្រាន់តែជ្រើសរើស "រាយការណ៍ពីបញ្ហា (Report Issues)" ឬហៅទូរសព្ទទៅលេខ ០២៣ ៩៩៩ ៩៨៩ ឬផ្ញើអ៊ីមែលទៅកាន់ security@wingbank.com.kh។ ធនាគារ វីង នឹងធ្វើការស៊ើបអង្កេតភ្លាមៗ និងចាត់វិធានការចាំបាច់នានាដើម្បីការពារគណនីរបស់អ្នកប្រើប្រាស់

 

ដើម្បីរក្សាអតិថិជនឱ្យទទួលបានព័ត៌មានថ្មីៗ ធនាគារ វីង តែងតែផ្ញើសារព្រមានអំពីការបោកប្រាស់ជាក់ស្តែងភ្លាមៗ និងធ្វើបច្ចុប្បន្នភាពមុខងារសុវត្ថិភាពលើអេប Wing Bank ជាប្រចាំផងដែរ។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយនិយតករ និងភ្នាក់ងារអនុវត្តច្បាប់ ធនាគារ វីង អាចធានាបាននូវការឆ្លើយតបយ៉ាងរឹងមាំចំពោះការឆបោក ស្របពេលដែលកំពុងកសាងទំនុកចិត្តលើប្រព័ន្ធធនាគារឌីជីថលរបស់កម្ពុជា។

 

ការចេះការពារខ្លួន គឺជាប្រការដ៏ប្រសើរបំផុត

 

លោក សុខ និត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់សារព័ត៌មាន Kiripost ថា៖ ខ្ញុំសង្កេតឃើញថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកប្រើប្រាស់គណនីធនាគារភាគច្រើន ចេះការពារខ្លួនបានប្រសើរជាងមុន ប៉ុន្តែការយល់ដឹងស៊ីជម្រៅអំពីបច្ចេកវិទ្យាធនាគារនៅមានកម្រិតនៅឡើយ។

 

លោកបានបន្តថា អ្នកប្រើប្រាស់ភាគច្រើនមិនទាន់យល់ច្បាស់ពីលក្ខណៈបច្ចេកទេស និងមុខងារផ្សេងៗដែលមាននៅក្នុងកម្មវិធីធនាគារ (App) នោះទេ។ ជួនកាល បងប្អូនខ្លះតែងតែពឹងពាក់សាច់ញាតិ មិត្តភក្តិ ឬអ្នកលក់ទូរសព្ទ ឱ្យជួយដំឡើងកម្មវិធីធនាគារឱ្យ ដែលចំណុចនេះហើយបានបង្កើតជា ចន្លោះប្រហោងសុវត្ថិភាព ដែលផ្តល់ឱកាសឱ្យជនខិលខូចកេងចំណេញ ឬលួចចូលគណនីបានដោយងាយ។

 

លោក និត្យា បានបញ្ជាក់ថា៖ លើសពីនេះ កម្មវិធីធនាគារតែងតែត្រូវបានធ្វើបច្ចុប្បន្នភាពជាញឹកញាប់ ដែលនេះកាន់តែកំណត់ការយល់ដឹងរបស់អ្នកប្រើប្រាស់ និងសមត្ថភាពរបស់ពួកគេក្នុងការប្រើប្រាស់កម្មវិធីទាំងនោះឱ្យមានប្រសិទ្ធភាព។

 

ខណៈពេលដែលមានការផ្សព្វផ្សាយ និងការអប់រំជាច្រើនអំពីការគ្រប់គ្រងហានិភ័យនៅពេលប្រើប្រាស់គណនីធនាគារ លោក និត្យា បានចង្អុលបង្ហាញថា វិធីសាស្ត្រក្នុងការសម្គាល់ការឆបោក និងការរក្សាទម្លាប់សុវត្ថិភាពផ្ទាល់ខ្លួនដ៏ល្អ រួមមានចំណុចដូចខាងក្រោម៖

 

ទីមួយ សូមកុំចុចលើគេហទំព័រ ឬតំណភ្ជាប់ណាដែលមានប្រភពមិនច្បាស់លាស់ ឬមិនស្គាល់អត្តសញ្ញាណ ដែលតម្រូវឱ្យអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួន ជាពិសេសឈ្មោះគណនីធនាគារ លេខគណនីធនាគារ ពាក្យសម្ងាត់គណនីធនាគារ និងលេខកូដ OTP ដែលបានផ្ញើមកកាន់ទូរសព្ទដៃរបស់អ្នក។» លោកបានណែនាំ។

ទីពីរ សូមកុំធ្វើតាមការណែនាំដែលទទួលបានតាមរយៈបណ្តាញសង្គម ពីបុគ្គលដែលក្លែងបន្លំជាបុគ្គលិកធនាគារ ដែលពួកគេអាចនឹងណែនាំអ្នកឱ្យធ្វើសកម្មភាពផ្សេងៗនៅក្នុងកម្មវិធីធនាគារ ដូចជាការផ្ទេរប្រាក់ទៅកាន់គណនីធនាគារផ្សេងទៀត ដើម្បីទទួលបានរង្វាន់ ឬអំណោយ ជាដើម។

 

ការអនុវត្តខាងក្រោមនេះ ក៏មានសារៈសំខាន់ផងដែរសម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ខណៈដែលលោកបានលើកឡើងថា មានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីកែលម្អការគ្រប់គ្រងហានិភ័យសន្តិសុខ ដូចជាការធ្វើបច្ចុប្បន្នភាពមុខងារសុវត្ថិភាពនៅក្នុងកម្មវិធីធនាគារជាប្រចាំ។

 

លោក និត្យា បានបន្ថែមថា៖ ការផ្ញើសារព្រមាន និងសាររំលឹកតាមរយៈកម្មវិធីធនាគារនៅលើទូរសព្ទដៃ ដើម្បីលើកទឹកចិត្តឱ្យសាធារណជនរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោក រួមទាំងការផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធបណ្តាញសង្គម ទាក់ទងនឹងវិធីសាស្ត្រនានាដែលត្រូវបានប្រើប្រាស់ក្នុងការឆបោកផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា គឺជារឿងចាំបាច់ណាស់៕”

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

កម្ចីធនាគារ ជួយជំរុញកំណើនអាជីវកម្មសហគ្រាសធុនតូច និងមធ្យម

សហគ្រាសធុនតូច និងមធ្យម (SME) គឺជាផ្នែកមួយដ៏សំខាន់នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្នគេសង្កេតឃើញថាសហគ្រាស SME ជាច្រើនបានងាកមករកប្រភពទុនពីកម្ចីធនាគារដើម្បីជំរុញកំណើនអាជីវកម្មរបស់ពួកគេ។

ចេញផ្សាយនៅ: Jan 05, 2026

អានរហ័ស

តើទំនុកចិត្តសាធារណជនលើវិស័យធនាគារ កំពុងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាយ៉ាងដូចម្តេចខ្លះ?

សេវារក្សាសុវត្ថិភាព ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា បានជួយពង្រឹងទំនុកចិត្តសាធារណជនទៅលើប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ ព្រមទាំងជួយលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង ទោះបីជាការយល់ដឹងរបស់សាធារណជន និងការអនុវត្តបទប្បញ្ញត្តិច្បាប់នៅតែជាបញ្ហាប្រឈមចម្បងក៏ដោយ។

ចេញផ្សាយនៅ: Dec 08, 2025

អានរហ័ស

កសិករកម្ពុជាកំពុងបោះជំហានបន្តិចម្តងៗក្នុងការប្រើប្រាស់សេវាធនាគារឌីជីថល

ស្របពេលដែលពិភពលោកកំពុងបោះជំហានចូលក្នុងយុគសម័យឌីជីថល ប្រទេសកម្ពុជាក៏កំពុងងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថលទៅលើវិស័យជាច្រើនផងដែរ ជាពិសេសគឺការទូទាត់ប្រាក់តែម្តង។ នៅតាមបណ្តាខេត្តមួយចំនួន ប្រជាកសិករបានចាប់ផ្តើមងាកមកប្រើប្រាស់អេបធនាគារលើទូរសព្ទដៃ ដើម្បីវេរ និងទទួលលុយ។ ដ្បិតចំណេះដឹងបច្ចេកវិទ្យាឌីជីថលនៅមានកម្រិតក៏ពិតមែន ប៉ុន្តែកសិករមួយចំនួនបានលើកឡើងថា សេវាធនាគារលើទូរសព្ទដៃនេះពិតជាងាយស្រួលប្រើ ហើយថែមទាំងជួយចំណេញពេលវេលាបានច្រើនទៀតផង។

ចេញផ្សាយនៅ: Dec 01, 2025