នៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយលោក Harrison White និពន្ធនាយកសារព័ត៌មាន Cambodia Investment Review កញ្ញា គិត វីននីដា នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានចែករំលែកការបំផុសគំនិតនៅពីក្រោយយុទ្ធនាការដែលឈ្នះពានរង្វាន់ ព្រមទាំងសមិទ្ធផលគួរឱ្យកត់សម្គាល់ និងចក្ខុវិស័យរបស់ធនាគារក្នុងការបន្តអភិវឌ្ឍវិស័យធនាគារឱ្យកាន់តែទំនើបសម្រាប់យុវជនកម្ពុជាទៅថ្ងៃអនាគត។
កិច្ចសម្ភាសន៍ជាមួយកញ្ញា គិត វីននីដា នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង
CIR: ការទទួលស្គាល់នៅលើឆាកអន្តរជាតិ៖ តើពានរង្វាន់នេះមានអត្ថន័យយ៉ាងណាសម្រាប់ធនាគារ វីង? ហើយហេតុអ្វីកញ្ញាយល់ថា យុទ្ធនាការ «ពុះពារ» អាចឆក់យកបេះដូង និងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅយ៉ាងដូច្នេះ?
វីននីដា៖ ការទទួលបានពានរង្វាន់ គឺជាមោទនភាពមួយ ប៉ុន្តែអ្វីដែលរឹតតែមានតម្លៃជាងនេះទៅទៀតនោះ គឺអត្ថន័យដែលបង្កប់នៅពីក្រោយពានរង្វាន់នេះ។ សម្រាប់ធនាគារ វីង ជ័យលាភីនេះគឺជាសក្ខីភាពដែលបង្ហាញពីសាច់រឿងដែលបានចាប់កំណើតចេញពីទឹកដីកម្ពុជាលាយឡំនឹងដួងព្រលឹងវប្បធម៌ជាតិខ្មែរដ៏ផូរផង់ និងការបន្លឺឡើងតាមរយៈសំនៀងពិតរបស់យើង ដែលទាំងនេះហើយគឺជាឥទ្ធិពលអង្រួនអារម្មណ៍មហាជន និងទទួលបានការស្ងើចសរសើរយ៉ាងពិតប្រាកដនៅលើឆាកអន្តរជាតិ។
ក្នុងនាមជាធនាគារកូនខ្មែរ 100% យើងចង់ឱ្យ យុទ្ធនាការ «ពុះពារ» បង្ហាញពីតថភាពនៃកម្ពុជាសម័យថ្មី នោះគឺ៖ ប្រជាជាតិមួយដែលមានមោទនភាពលើមរតកវប្បធម៌របស់ខ្លួន មានជំនឿចិត្តលើសក្តានុពលរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចក្នុងការឈានទៅមុខជានិច្ច។ យុទ្ធនាការនេះ លើសពីការផ្សព្វផ្សាយពាណិជ្ជកម្មទូទៅ វាគឺជាការអបអរសាទរស្មារតី ”ខ្មែរឆ្ពោះទៅមុខ” ដែលជាយុវវ័យជំនាន់ថ្មី ចេះថែរក្សាប្រាជ្ញាស្មារតីពីអតីតកាល ព្រមទាំងបើកចិត្តទទួលយកបច្ចេកវិទ្យា ភាពច្នៃប្រឌិត និងសក្តានុពលថ្មីៗសម្រាប់អនាគត។
ខ្ញុំជឿជាក់ថា យុទ្ធនាការនេះទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសាធារណជនក៏ព្រោះតែពួកគេអាចមើលឃើញពីរូបភាពខ្លួនឯង ព្រមទាំងក្តីស្រមៃរបស់ពួកគេ នៅក្នុងសាច់រឿងមួយនេះ។ យុទ្ធនាការនេះ គឺជាការអបអរសាទរចំពោះដំណើរដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់ អនាគតដែលយើងអាចកសាងរួមគ្នា ព្រមទាំងការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការជួយជ្រោមជ្រែងយុវជនជំនាន់ថ្មីឱ្យប្រែក្លាយគោលដៅរបស់ពួកគេទៅជាសមិទ្ធផលពិតប្រាកដ។
ការទទួលស្គាល់មួយនេះ មិនត្រឹមតែជាមោទនភាពរបស់ក្រុមការងារយើងប៉ុណ្ណោះទេ តែវាក៏ជារបស់អតិថិជនយើងដូចគ្នា។ ពួកគាត់បានផ្តល់ទំនុកចិត្តដោយចែករំលែកសាច់រឿងពិតរបស់ពួកគាត់មកកាន់យើង គាំទ្រយុទ្ធនាការនេះយ៉ាងពេញទំហឹង និងបានរំលឹកយើងជានិច្ចថា ទំនាក់ទំនងដ៏ស្មោះត្រង់និងស៊ីជម្រៅ គឺតែងតែផ្តើមចេញពីការស្ដាប់ដោយយកចិត្តទុកដាក់។
CIR: ចក្ខុវិស័យ” ខ្មែរឆ្ពោះទៅមុខ” ហេតុអ្វីបានជាធនាគារ វីង ជ្រើសរើស វប្បធម៌ តន្ត្រី និងការនិទានសាច់រឿង ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជា ជាជាងការផ្តោតសំខាន់តែលើសេវាកម្មហិរញ្ញវត្ថុ សម្រាប់យុទ្ធនាការមួយនេះ?
វីននីដា៖ មូលហេតុដែលធនាគារ វីង ជ្រើសរើសយកវប្បធម៌ តន្ត្រី និងការរៀបរាប់សាច់រឿងមកប្រើប្រាស់ក្នុងយុទ្ធនាការនេះ គឺដើម្បីផ្សាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជា តាមរយៈអត្តសញ្ញាណ អារម្មណ៍ និងក្តីស្រមៃរបស់ពួកគេផ្ទាល់ ជាជាងការផ្តោតតែលើការផ្សព្វផ្សាយពីមុខងារនៃសេវាកម្មហិរញ្ញវត្ថុ។ ជាការពិត ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ គឺជារឿងផ្ទាល់ខ្លួនបំផុត ព្រោះថាមនុស្សម្នាក់ៗតែងមានគោលដៅរៀងៗខ្លួន មិនថាជាការសន្សំដើម្បីការសិក្សា ការទិញផ្ទះដំបូង ការបង្កើតអាជីវកម្ម ឬដើម្បីអនាគតដ៏រឹងមាំសម្រាប់គ្រួសារឡើយ។ ក្នុងដំណើរជីវិតក្នុងយុទ្ធនាការរបស់យើង ធនាគារមិនមែនជាតួអង្គសំខាន់ឡើយ មានតែអតិថិជនប៉ុណ្ណោះដែលជាតួអង្គសំខាន់ដ៏ពិតប្រាកដនៃរាល់សាច់រឿងដែលយើងចង់បង្ហាញ។
ដើម្បីសម្រេចបាននូវគោលដៅនេះ យើងបានប្រើប្រាស់ការរៀបរាប់សាច់រឿង ដើម្បីរំលេចពីយុវជនកម្ពុជាដែលមានមោទនភាពចំពោះមរតកវប្បធម៌របស់ខ្លួន ព្រមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតភាពច្នៃប្រឌិត និងឈានមុខលើឆាកអន្តរជាតិ។ តាមរយៈការបង្ហាញពីសិល្បៈល្ខោនស្រមោលស្បែកធំ ការត្បាញហូលផាមួង និងការធ្វើស្រែចម្ការ យើងបានលើកតម្កើងស្មារតីតស៊ូ និងភាពរឹងមាំដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ បន្ទាប់មក យើងបានភ្ជាប់មូលដ្ឋានវប្បធម៌នេះជាមួយនឹងការសហការផ្នែកតន្ត្រីជាមួយ ក្រុមចម្រៀងសម័យ La Cima Cartel ដោយនាំយកស្មារតីដ៏មានតម្លៃនេះមកបង្ហាញក្នុងទម្រង់បែបទំនើប ដែលអាចផ្សារភ្ជាប់ជាមួយរបៀបរស់នៅនៃយុវជនជំនាន់ថ្មី។
យើងជឿជាក់ថា នវានុវត្តន៍មិនមែនកំណត់ត្រឹមតែការអភិវឌ្ឍបច្ចេកវិទ្យាប៉ុណ្ណោះទេ តែវាក៏ជាសិល្បៈនៃការកសាងទំនាក់ទំនងឱ្យកាន់តែមានអត្ថន័យ និងស្អិតរមួត រវាងសាធារណជន និងម៉ាកយីហោនៃសា្ថប័នមួយផងដែរ។ នៅពេលដែលយុវជនកម្ពុជា បានឃើញអត្តសញ្ញាណវប្បធម៌ ព្រមទាំងគោលដៅរបស់ពួកគេ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៅក្នុងសាច់រឿងមួយ វាបានចាក់ឫសនូវទំនុកចិត្តយ៉ាងជ្រាលជ្រៅ លើសពីអ្វីដែលការផ្សព្វផ្សាយលក់ផលិតផលទូទៅអាចធ្វើបាន។ ក្នុងស្មារតីនេះ វប្បធម៌ តន្ត្រី និងការនិទានរឿង បានក្លាយជាស្ពានផ្សាភ្ជាប់ពួកគាត់ទៅនឹងសារដែលយើងចង់បង្ហាញ ខណៈដែលគណនី “សន្សំដើម្បីគោលដៅ” បានដើរតួជាឧបករណ៍ហិរញ្ញវត្ថុជាក់ស្តែង ដែលជួយប្រែក្លាយក្តីស្រមៃរបស់ពួកគេ ឱ្យលេចចេញជាផែនការដែលអាចសម្រេចបានពិតប្រាកដ។
CIR: ប្រែក្លាយភាពលេចធ្លោម៉ាកយីហោឱ្យទៅជាសមិទ្ធផល៖ តើសមិទ្ធផលមួយណាដែលធ្វើឱ្យកញ្ញារំភើបចិត្តបំផុត ចាប់តាំងពីយុទ្ធនាការនេះត្រូវបានប្រកាសជាផ្លូវការ?
វីននីដា៖ សម្រាប់ខ្ញុំ ភាពជោគជ័យមិនមែនវាស់វែងត្រឹមតែលើចំនួននៃការមើលឃើញនោះទេ ប៉ុន្តែវាត្រូវបានវាស់វែងតាមរយៈសកម្មភាព និងការសម្រេចចិត្តរបស់អតិថិជន បន្ទាប់ពីបានឃើញយុទ្ធនាការនេះ។
ជាលទ្ធផលជាក់ស្តែង គណនី «សន្សំដើម្បីគោលដៅ» ជាង 16,000 គណនីត្រូវបានបើកថ្មី ដោយមានសមតុល្យប្រាក់សន្សំសរុបចំនួន 2 លានដុល្លារអាមេរិក។ ចំនួនគណនីដែលបានបើកថ្មីកើនឡើង 14% ខណៈសមតុល្យប្រាក់សន្សំកើនឡើង 70% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លើសពីនេះ យុទ្ធនាការ «ពុះពារ» ទទួលបានការចាប់អារម្មណ៍ (Impressions) ជាង 313 លានដង បានផ្សព្វផ្សាយទៅដល់អ្នកទស្សនាជិត 26 លាននាក់ និងទទួលបានការបញ្ចេញមតិ ព្រមទាំងការចែករំលែក (Engagements) ជាង 38 លានដង នៅលើបណ្តាញសង្គម។ ទោះបីជាតួលេខទាំងនេះពិតជាគួរឱ្យកត់សម្គាល់ ប៉ុន្តែអ្វីដែលសំខាន់ជាងគេនោះ គឺបំណងប្រាថ្នាផ្ទាល់ខ្លួនដែលនៅពីក្រោយតួលេខនីមួយៗ។ មិនថាជាសិស្សដែលត្រៀមចូលរៀនមហាវិទ្យាល័យ សហគ្រិនវ័យក្មេងដែលកំពុងចាប់ផ្តើមអាជីវកម្មដំបូង ឬគ្រួសារដែលប្រាថ្នាចង់បានភាពរឹងមាំផ្នែកហិរញ្ញវត្ថុឡើយ ការដែលអតិថិជនជឿជាក់លើធនាគារ វីង ឱ្យចូលរួមក្នុងដំណើរជីវិតរបស់ពួកគាត់ គឺជាលទ្ធផលដ៏មានអត្ថន័យបំផុតសម្រាប់យើង។
CIR: ជាជំហានបន្ទាប់ទៀត តើធនាគារ វីង នឹងបន្តផ្តល់សេវាកម្ម និងបង្កើតភាពច្នៃប្រឌិតថ្មីៗអ្វីខ្លះសម្រាប់យុវជនជំនាន់ក្រោយ?
វីននីដា៖ ពិតណាស់ ពានរង្វាន់នេះគឺជាសមិទ្ធផលដ៏សំខាន់មួយ ប៉ុន្តែទន្ទឹមគ្នានេះ វាក៏បានភ្ជាប់មកជាមួយនូវការទទួលខុសត្រូវដ៏ធំធេងផងដែរ។ ជ័យលាភីនេះ បានរំលឹកដាស់តឿនយើងឱ្យបន្តយកចិត្តទុកដាក់ស្ដាប់ បន្តរៀនសូត្រ និងខិតខំស្វែងរកដំណោះស្រាយកាន់តែល្អប្រសើរ ដើម្បីបម្រើសេចក្តីត្រូវការរបស់យុវជនជំនាន់ថ្មី ដែលគោលដៅរបស់ពួកគេ កំពុងតែក្លាយជាកម្លាំងចលករជំរុញកម្ពុជាឱ្យឆ្ពោះទៅមុខ។
ធនាគារ វីង នឹងបន្តវិនិយោគលើបច្ចេកវិទ្យា និងអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែសាមញ្ញ ងាយស្រួលប្រើប្រាស់ ហើយឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ។ យើងក៏នឹងបន្តជំរុញទិសដៅយុទ្ធសាស្ត្រ ក្នុងរយៈពេលវែង តាមរយៈការចែករំលែកនូវសាច់រឿងប្រកបដោយអត្ថន័យ បទពិសោធន៍ថ្មីៗ និងដំណោះស្រាយនានាដែលឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏មុតមាំរបស់យុវជនកម្ពុជាជំនាន់ក្រោយផងដែរ។
គោលដៅរបស់យើង គឺការបន្ស៊ីគ្នាយ៉ាងល្អឥតខ្ចោះ រវាងការយល់ដឹងស៊ីជម្រៅពីបរិបទក្នុងស្រុក បច្ចេកវិទ្យាទំនើប និងស្តង់ដាធនាគារអន្តរជាតិ ដើម្បីជ្រោមជ្រែងយុវជនកម្ពុជាក្នុងការបន្តការសិក្សា ការកសាងអាជីវកម្ម ការទទួលបានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ព្រមទាំងការបង្កើតឱកាសថ្មីៗសម្រាប់ខ្លួនឯង និងសហគមន៍របស់ពួកគេទាំងមូល។
ប្រសិនបើថ្ងៃណាមួយ មានយុវជនកម្ពុជាម្នាក់អាចសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យដែលពួកគេធ្លាប់តែគិតថាមិនអាចទៅរួច ហើយពួកគេអាចនិយាយដោយស្មោះចេញពីបេះដូងថា ធនាគារ វីង គឺជាចំណែកតូចមួយនៅពីក្រោយភាពជោគជ័យនោះ នោះមានន័យថា ពួកយើងបានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងពេញលេញ និងមានអត្ថន័យបំផុតហើយ។
អត្ថបទនេះត្រូវបានបកប្រែទាំងស្រុងពីអត្ថបទដើមដែលចុះផ្សាយដោយ Cambodia Investment Review


