ធនាគារ វីង និង អង្គការប៉ាសឺរ៉ែលនុយមេរិកកម្ពុជា សហការពង្រឹងជំនាញ និងបង្កើតឱកាសការងារសម្រាប់យុវជនកម្ពុជា

ភាពជាដៃគូនេះនឹងជួយនិស្សិតទទួលបានបទពិសោធន៍ជាក់ស្តែង ពង្រឹងជំនាញបច្ចេកវិទ្យា និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារ។

ចេញផ្សាយនៅ: Aug 20, 2026

ធនាគារ វីង (ខេមបូឌា) ម.ក គឺជាធនាគារឌីជីថលដែលមានការរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា និងអង្គការប៉ាសឺរ៉ែលនុយមេរិក កម្ពុជា (PNC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមគ្នាបង្កើនសមត្ថភាពឌីជីថល និងបើកផ្លូវអាជីពក្នុងវិស័យបច្ចេកវិទ្យាសម្រាប់យុវជនកម្ពុជា។ 

 

លោក កាំង តាំង នាយកគ្រប់គ្រងការបណ្តុះបណ្តាល និងទំនាក់ទំនងបុគ្គលិកនៃធនាគារ វីង មានប្រសាសន៍ថា៖ «ខណៈបច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអាជីវកម្មឱ្យរីកចម្រើន ធនធានមនុស្សដែលមានសមត្ថភាព គឺជាកត្តាចាំបាច់ក្នុងការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។​កិច្ចសហការនេះនឹងជួយនិស្សិតយកចំណេះដឹងពីការសិក្សា​មកអនុវត្តនិងត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមអាជីពនាពេលអនាគត»។ 

 

តាមរយៈកិច្ចព្រមព្រៀងនេះ និស្សិតរបស់អង្គការ PNC នឹងទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដោយផ្ទាល់ពីអ្នកជំនាញ និងមានអាទិភាពក្នុងការចូលបម្រើការងារនៅធនាគារ វីង តាមរយៈឱកាសការងារសម្រាប់អ្នកមានទេពកោសល្យ។ ការផ្ដល់ឱកាសឱ្យយុវជនបានប្រឡូកក្នុងបរិយាកាសការងារជាក់ស្ដែងនេះ គឺជាគ្រឹះដ៏សំខាន់ក្នុងការរៀបចំខ្លួនពួកគេ ឱ្យក្លាយជាកម្លាំងពលកម្មដ៏មានសក្ដានុពលសម្រាប់សេដ្ឋកិច្ចឌីជីថល។ 

 

លោក ហង្ស ហ៊ីប៊ុនណា នាយកប្រចាំប្រទេសនៃអង្គការ PNC បានលើកឡើងថា៖ «យើងចង់ឃើញយុវជនយើងមិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកដឹកនាំ និងអ្នកដោះស្រាយបញ្ហាតាមរយៈបច្ចេកវិទ្យាឌីជីថល។ ការរួមកម្លាំងជាមួយធនាគារ វីង នឹងជួយឱ្យពួកគេមានចក្ខុវិស័យវែងឆ្ងាយជាងមុន និងមានភាពជឿជាក់ក្នុងការបង្កើតសមិទ្ធផលថ្មីៗសម្រាប់សង្គមជាតិ។» 

 

ការវិនិយោគលើធនធានមនុស្ស គឺជាស្នូលនៃអាទិភាពរបស់ធនាគារ វីង ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈកម្មវិធីអភិវឌ្ឍយុវជនជាច្រើន រួមមាន៖ កម្មវិធីអភិវឌ្ឍបុគ្គលិកកម្មសិក្សា កម្មវិធីអភិវឌ្ឍទេពកោសល្យបច្ចេកវិទ្យាវ័យក្មេង និងកម្មវិធីអភិវឌ្ឍអ្នកដឹកនាំជំនាន់ថ្មី។ ក្នុងនោះ កម្មវិធីអភិវឌ្ឍបុគ្គលិកកម្មសិក្សា សម្រេចបាននូវផ្លែផ្កាយ៉ាងត្រចះត្រចង់ ដោយបានគាំទ្រយុវជនសរុប 803 នាក់ ដែលក្នុងនោះ 296 នាក់បានបញ្ចប់កម្មវិធីដោយជោគជ័យ និង 214 នាក់ត្រូវបានជ្រើសរើសជាបុគ្គលិកផ្លូវការ ខណៈបច្ចុប្បន្នមានយុវជន 266 នាក់ទៀត កំពុងក្រេបជញ្ជក់បទពិសោធន៍ការងារជាក់ស្តែងនៅធនាគារ វីង។ 

 

ភាពជាដៃគូរវាងស្ថាប័នទាំងពីរ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួម ក្នុងការគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងសង្គមឌីជីថលប្រកបដោយបរិយាបន្ន តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យា និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល។ 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ចំណេញកាន់តែច្រើន! ធនាគារ វីង ផ្តល់ជូនសេវាផ្ទេរប្រាក់អន្តរជាតិ ឥតគិតថ្លៃសេវា

ការផ្ទេរ និងទទួលប្រាក់ឆ្លងដែន ឥឡូវនេះកាន់តែងាយស្រួល និងឥតគិតថ្លៃ ជាមួយធនាគារ វីង។

ចេញផ្សាយនៅ: Sep 17, 2026

អានរហ័ស

សេចក្តីជូនដំណឹងស្តីពីការបិទគណនីធនាគារ វីង

ធនាគារ វីង នឹងចាប់ផ្តើមបិទគណនីមួយចំនួន ដើម្បីបន្តរក្សាប្រព័ន្ធធនាគារឱ្យមានសុវត្ថិភាព ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពព័ត៌មាន។

ចេញផ្សាយនៅ: Sep 15, 2026

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026